លោក ហ្សេលេនស្គី ថា​ខ្លួន​នឹង​ចាត់​វិធានការ​ឆ្លើយតប​ករណី​រុស្ស៊ី​កាត់​យក​តំបន់​៤​របស់​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskiy ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីតាំង​កង​កម្លាំង​ប្រដាប់​អាវុធ​ក្បែរ​ជួរ​មុខ​ជាមួយ​ក្រុម​បំបែក​ខ្លួន​ដែល​គាំទ្រ​​រុស្ស៊ី​ នៅ​ក្នុង​តំបន់ Donbass ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២១។ (REUTERS)

ស្របពេលដែលប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន គ្រោងនឹងរៀបចំពិធីមួយនៅវិមានក្រឹមឡាំង នៅថ្ងៃសុក្រនេះ ដើម្បី​​ដាក់​​បញ្ចូល​​ជា​​​ផ្លូវការ​​នូវ​​តំបន់ចំនួន​៤​ នៃ​ប្រទេស​​អ៊ុយ​ក្រែន ទៅ​​ជា​​ផ្នែក​មួយរបស់​ខ្លួន ខណៈ​ខាង​ភាគីអ៊ុ​យ​ក្រែនបានលើកឡើងថា ពួកគេនឹងចាត់វិធានការឆ្លើយតបទាក់ទិននឹងករណីនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា៖ «ការប៉ុនប៉ងរបស់មនុស្សម្នាក់នៅក្នុងប្រទេសរុស្ស៊ី ដែលចង់បន្តសង្រ្គាមនេះ នឹង​ធ្វើ​ឱ្យសង្គមរុស្ស៊ីទាំង​មូល ​រួមនឹង​សេដ្ឋកិច្ច ធ្លាក់ដុនដាប»។

ទោះជាយ៉ាងណា លោកថា៖ «ករណីនេះនៅតែអាចបញ្ឈប់បាន។ ប៉ុន្តែដើម្បីបញ្ឈប់វា យើងត្រូវបញ្ឈប់បុគ្គលនោះនៅក្នុងប្រទេសរុស្ស៊ី ដែលចង់បានសង្រ្គាមច្រើនជាងអាយុជីវិត»។

គួរបញ្ជាក់ថា ការ​បោះឆ្នោត​ប្រជាមតិកាត់យកទឹកដីអ៊ុយក្រែន ​​បាន​ចាប់ផ្ដើមធ្វើ​ឡើង​​កាលពី​ថ្ងៃ​ទី២៣ ខែកញ្ញា​ សប្ដាហ៍​មុន​ នៅ​ក្នុង​តំបន់ Luhansk, Kherson, Donetsk និង​តំបន់ Zaporizhzhia ដែលមានទំហំស្មើនឹង១៥ភាគរយនៃទឹកដីអ៊ុយក្រែនទាំងមូល ខណៈអាជ្ញាធរ​ដែល​តែងតាំង​ដោយ​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​តំបន់ទាំង៤​នេះ បានអះអាងថា សំឡេង​​ភាគច្រើន​បាន​បង្ហាញ​ពីការពេញចិត្ត ក្នុងការក្លាយ​​ជាផ្នែកមួយនៃប្រទេសរុស្ស៊ី បន្ទាប់ពីការបោះឆ្នោតនេះបញ្ចប់​ទៅកាលពីថ្ងៃអង្គារ។

ទាក់ទិននឹងករណីនេះ​ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្យាថា នឹងចាត់វិធានការឆ្លើយតបមួយយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រុស្ស៊ីមួយនេះ ដោយរូបលោកក៏បានកោះហៅប្រធានការពារជាតិ និងសន្តិសុខរបស់ខ្លួន សម្រាប់កិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃសុក្រនេះផងដែរ ខណៈការសម្រេចចិត្តជាមូលដ្ឋាននានានឹងត្រូវធ្វើឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ