របាយ​ការណ៍៖ ការ​ទុក​ចន្លោះ​ប្រហោង​ក្នុង​ច្បាប់ឱ្យ​មន្ត្រី​សាធារណៈ​អាច​ចូលរួម​ឃោសនា​បោះឆ្នោត​​ឱ្យ​បក្ស​នយោបាយ​ជា​ភាព​អវិជ្ជមាន​ធ្ងន់ធ្ងរ

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)

ស្ថាប័នក្រៅ​រដ្ឋាភិបាល​ដែលធ្វើការពាក់ព័ន្ធ​ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា រកឃើញ​ថា​ ការទុកចន្លោះ​ប្រហោង​ក្នុងច្បាប់ ដែល​អាចឱ្យមន្ត្រី​សាធារណៈ​កម្លាំង​ប្រដាប់អាវុធ និងមន្ត្រី​តុលាការ ចូលរួម​សកម្ម​ការឃោសនា​បោះឆ្នោត​ជាមួយ​បក្សនយោបាយ និង​ប្រឆាំងលើបក្សដទៃ​ដោយសេរី គឺជា​រូបភាព​អវិជ្ជមា​ន​យ៉ាងធ្ងន់ធ្ងរ ខណៈ​ពួកគេ​ទទួលប្រាក់ខែ​ពីរាស្ត្រ តែខកខាន​បម្រើ​សេវា​ដោយ​​អព្យាក្រឹត្យ។

ការរកឃើញនេះ​ត្រូវបានលើកឡើងតាមរយៈ​ របាយការណ៍សង្ខេប​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២​ កម្រាស់ជាង ៧ទំព័រ របស់ គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​​ដោយសេរី​និង​​យុត្តិធ​ម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ចេញផ្សាយ​​កាល​ពីថ្ងៃទី២៧ ខែកញ្ញា​នេះ។

ខុមហ្រ្វែល បានរកឃើញថា ការធ្វើវិសោធនកម្ម​ច្បាប់បោះឆ្នោត​ឃុំ សង្កាត់ សម្រាប់ឆ្នាំ២០១៧ និង​​ការធ្វើវិសោធនកម្ម​ជាបន្តបន្ទាប់ ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០១៧ មានភាព​អវិជ្ជមានច្រើន​​ជាង​​វិជ្ជមាន។

ក្នុងនោះ ខុមហ្រ្វែល ថា ការផ្លាស់ប្ដូរ​ដែលមានភាព​វិជ្ជមាន ឬភាពប្រសើរជាងមុន មានដូចជា កំណែទម្រង់​​ប្រព័ន្ធចុះ​ឈ្មោះបោះឆ្នោត និង​ការរៀបចំ​បញ្ជី​ឈ្មោះបោះឆ្នោត​ថ្មី ការចាត់ចែង​ដាក់​ស្លាកសញ្ញា​​របស់​គណបក្ស​នយោបាយ​នៅតាម​ទីសាធារណៈជាដើម ដែលសុទ្ធតែ​មាន​ចែងច្បាស់លាស់​ក្នុង​ច្បាប់​បោះ​ឆ្នោត។

ទោះជាយ៉ាងនេះក្តី ស្ថាប័នក្រៅរដ្ឋាភិបាល​ដែលធ្វើការ​ពាក់ព័ន្ធ​ការបោះឆ្នោតដោយសេរី និងយុត្តិធម៌​នៅកម្ពុជា​មួយនេះ​ក៏រកឃើញ​នូវការផ្លាស់ប្ដូរ​ដែលមាន​ភាពអវិជ្ជមាន​ធ្ងន់ធ្ងរ រួមមាន ច្បាប់បោះឆ្នោតឃុំ សង្កាត់ មិនបាន​ចែងបើកទូលាយ​ដល់​សកម្មភាពឃោសនាបោះឆ្នោត។ ក្នុងនោះ មាន​ការរឹតត្បិត​​សិទ្ធិសេរីភាព ឬ​ការកំណត់​ព្រំដែន​តូចចង្អៀត​នៃ​ការចូលរួម​របស់​អង្គការសង្គមស៊ីវិល​នៅ​ក្នុង​រដូវកាល​ឃោសនាបោះឆ្នោត និង​ការ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ដង្ហែក្បួន​ឃោសនា​​បោះឆ្នោត​​របស់បក្ស​នយោបាយ​ដែល​ចូលរួមប្រកួតប្រជែង​ផងដែរ។

ក្រៅពីនោះ ខុមហ្វ្រែល​ ថា ការទុកចន្លោះ​ប្រហោងក្នុងច្បាប់ ដែលជា​ឱកាសឱ្យ​មន្ត្រីសាធារណៈ កម្លាំង​ប្រដាប់អាវុធ និងមន្ត្រីតុលាការជាដើម ចូលរួម​សកម្មឃោសនា​បោះឆ្នោត​ជាមួយបក្សនយោបាយ និងប្រឆាំង​លើបក្សដទៃ​ដោយសេរី គឺជា«​រូបភាពអវិជ្ជមាន​​យ៉ាងធ្ងន់ធ្ងរ​»។

ខុមហ្វ្រែល បញ្ជាក់ថា៖ «ការផ្លាស់ប្ដូរ​ដែល​មានភាព​អវិជ្ជមានធ្ងន់ធ្ងររួមមាន៖ […]​ការទុកចន្លោះ​​ប្រហោងក្នុង​​ច្បាប់ ដែល​​អនុញ្ញាត​ឱ្យមន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ​ យោធិន និងមន្ត្រីតុលាការ មានសិទ្ធិ​ចូលរួម​សកម្មភាពការឃោសនាបោះឆ្នោត​ជាមួយ​គណបក្សនយោបាយ​នៅក្រៅម៉ោង​ធ្វើការ ឬដាក់​ច្បាប់​ឈប់​សម្រាកមួយ​រយៈពេល​នៃ​ការឃោសនាបោះឆ្នោត ដើម្បីផ្តល់​លទ្ធភាព​ឱ្យ​ពួកគេ​​ប្រើប្រាស់​ពេលវេលា​ចូលរួមឃោសនាបោះឆ្នោត ដើម្បីគាំទ្រ និង​ប្រឆាំង​គណបក្ស​​នយោបាយ​​ដទៃដោយ​សេរី»។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ថ្លែង​បន្ថែម​លើ​របាយការណ៍​នេះ​ថា មន្ត្រីរាជការ កងកម្លាំង ជាពិសេស​មន្ត្រីតុលាការ ជាអ្នកទទួល​បៀវត្សពីពលរដ្ឋ ដែលចាំបាច់​ត្រូវបម្រើសេវា​ដល់គ្រប់បក្សនយោបាយ​ដោយអព្យាក្រឹត្យ មិនប្រកាន់បក្ខពួក។

លោកថា បុគ្គលជា​មន្ត្រីរាជការ​គឺមានអំណាច​ជាប់ខ្លួន តែកាលណា​មានសកម្មភាព​ចូលរួមឃោសនា​បក្ស​ បើទោះក្រៅ​ម៉ោង​ឬដាក់ច្បាប់ការងារ​ដើម្បីទៅធ្វើក្តី នោះ​ចៀសមិនផុតទេ​ ដែលត្រូវធ្វើ​កិច្ចការផ្សេងៗ​​សម្រាប់បក្ស ខណៈច្បាប់បោះឆ្នោត​បានបើកផ្លូវ និងមិនបាន​ហាមមន្ត្រីសាធារណៈ​ទាំងនោះរឿង​សកម្មភាព​នេះ។

មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា បើមន្ត្រីរាជការទាំងនោះ​ធ្វើសកម្មភាពឃោសនា​ឱ្យបក្សមួយ ប្រឆាំង​បក្សផ្សេង​​ជាជាង​ដាក់​ខ្លួនជាកណ្តាល នោះវានឹង​ប៉ះពាល់​ដល់តួនាទី​ក្នុងនាម​អ្នកដោះស្រាយ​បញ្ហា​នានារបស់ពលរដ្ឋ ជាពិសេស​ជាហានិភ័យ​សម្រាប់បក្សដទៃ បើទោះមន្ត្រីទាំងនោះ​អះអាងថា ពួកគេ​នឹងបំពេញ​តួនាទីការងារ​ដោយមិន​លម្អៀងក៏ដោយ។

លោក កន សាវាង្ស ថា៖ «តែងតែ​មានការលើកឡើងថា [មន្ត្រីសាធារណៈ] គាត់ហ្នឹងគឺ​ជាប្រជាពលរដ្ឋដែរ ចឹងគាត់​មានសិទ្ធិ​ក្នុងការ​គាំទ្រ​គណបក្ស​នយោ​បាយ។ តាមពិត​ ការលើកឡើង​នូវចំណុចនេះ ខ្ញុំសូម​គូសបញ្ជាក់​មកវិញថា វាអត់ត្រឹមត្រូវទេ ដោយសារ​តែមន្ត្រីរាជការ​អាចអនុវត្ត​នយោបាយ​ដូច​ប្រជា​ពលរដ្ឋ​ធម្មតាចឹង ប៉ុន្តែត្រឹមតែ​លក្ខណៈនៃ​ការចូលរួមបោះឆ្នោតទេ។ គាត់​អាចមាន​តួនាទី មានសិទ្ធិ​ក្នុងការជ្រើសរើស​គណបក្សនយោបាយ​ដែល​គាត់​ស្រឡាញ់ តាមរយៈការ​បោះឆ្នោត។ ប៉ុន្តែ​គាត់មិនអាច​នឹង​ទទួលសិទ្ធិ​រហូត​ទៅដល់​ធ្វើសកម្មភាព​ក្នុងនាម​គាត់ជា​មន្រ្តីរាជការ​ដែល​ទទួលប្រាក់បៀវត្ស​ពីការ​បង់ពន្ធ​របស់ប្រជាពលរដ្ឋ ហើយយក​មកប្រឆាំង មកគាំ​ទ្រគណបក្សនយោបាយផ្សេង វាអត់ត្រឹមត្រូវ។ នេះជា​ចំណុចមួយ​ដែលច្បាប់​គួរតែ​ពិចារណា​នៅក្នុង​ការវិសោធនកម្ម​កន្លែងហ្នឹងឡើងវិញ»។

អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា នីតិវិធី​មានចែង​សម្រាប់​តំណែង​មន្ត្រីរាជការ​រដ្ឋថា តើអាច​ចូលរួម​ការឃោសនា​បានក្នុងកម្រិតណា ដូចជា​ ការព្យួរការងារ ធ្វើនៅម៉ោង​សម្រាក និងចុងសប្តាហ៍ជាដើម។

យ៉ាងណា លោកថា បើមាន​ចំណុចណាមួយ​ដែលឃើញថា​ មិនប្រក្រតី ឬចាត់ទុកថា អវិជ្ជមានធ្ងន់ធ្ងរ ជន ឬស្ថាប័ននោះ​អាចដាក់ពាក្យបណ្តឹង​មក គជប បាន។

លោក ហង្ស ពុទ្ធា ថ្លែងថា ៖ «ការលើកឡើងថា វាមាន​ផលអវិជ្ជមាន​ត្រង់ដែលថា ឃើញអ៊ីចេះ ឃើញអ៊ីចុះហ្នឹង ចឹងសម្រាប់ គជប គឺថា សុំឱ្យ​មានការ​ប្តឹង​នៅក្នុង​អំឡុងពេល​នៃព្រឹត្តិការណ៍នីមួយៗ​​ទៅតាម​ប្រតិទិន​​ដែលបាន​គ្រោងទុក ហើយការ​ដែលយក​បញ្ហាហ្នឹងយកមក​លើកពីក្រោយ​មក​ យើង​​មិនដឹង​កម្រិត​ពិតក្នុងកម្រិតណានោះទេ។ ចឹង គជប សុំឱ្យមាន​ការដាក់ពាក្យបណ្តឹង​ជាលាយលក្ខណ៍អក្សរមក។ [មន្ត្រីរាជការ​ឃោសនា​ឱ្យបក្ស​នយោបាយ​បែប​នេះ អាច​ប៉ះពាល់​ដល់អព្យាក្រឹត្យភាពការងារសេវាសាធារណៈទេ?] បាទ គឺច្បាប់ៗ​ចែង​យ៉ាងហ្នឹង! ទាំង គជប ទាំង​ប្រជាពលរដ្ឋទូទៅ​ ទាំង​មន្ត្រី​រាជការ​គឺ​ត្រូវគោរព​តាមច្បាប់​ដែលមាន​ជាធរមាន​»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើង​ថា ច្បាប់ស្តីពី​ការបោះឆ្នោត​​បានបញ្ជាក់ច្បាស់លាស់អស់​ហើយថា មន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច តុលាការ មាន​អព្យាក្រឹត្យភាព​ក្នុងរយៈពេល​យុទ្ធនាការនៃ​ការឃោសនាបោះឆ្នោត ពោលគឺមិន​យកការងារស្នូល​មកលូកឡំនឹងការ​ឃោសនា។ ក្នុងនោះ លោកថា ពួកគេ​អាចធ្វើសកម្មភាពឃោសនា​បាននាពេលក្រៅ​ម៉ោង មិនស្លៀកពាក់​​ឯកសណ្ឋាន និងមិន​យក​អាវុធ​តាម​នៅពេល​ឃោសនា​។

យ៉ាងណា លោកទទួលស្គាល់ថា ពិតជាមាន​ផលប៉ះពាល់ដល់​សេវាសាធារណៈ នៅពេលរដូវកាល​​ឃោសនា​ម្តងៗ ដោយសារកម្លាំងប្រចាំការ​ថយចុះ។

លោក សុខ ឥសាន ថា៖ «ម៉េចក៏​គាត់ថា គេខុស? យោធា​ក៏ដោយ ប៉ូលីស ប៉េអឹម មន្ត្រីតុលាការ មន្ត្រីរាជការក៏ដោយ គេឱ្យត្រូវក្រៅម៉ោង​ការងារស្នូល។ [តើអាច​ប៉ះពាល់ដល់​កិច្ចការសាធារណៈទេ បើមន្ត្រីរាជការព្យួរការងារ​ដើម្បីទៅឃោសនាបោះឆ្នោត?] មិនប៉ះពាល់​យ៉ាងម៉េច! អាហ្នឹងវា​ប៉ះពាល់ហើយ […] ការងារ​យើងធម្មតា​យើងធ្វើ ១០នាក់ ដល់យើងទុកតែ ៥នាក់ អាហ្នឹង​វាប៉ះពាល់​ហើយ។ ក៏ប៉ុន្តែគេសុំច្បាប់ ដូចយើង​សុំសម្រាក​ប្រចាំឆ្នាំអ៊ីចឹងណា។ យើង​សុំចឹង​ទៅ រឿងអីមិនឱ្យ​គេ? អង្គភាពមួយៗ​គេអនុញ្ញាត។ ឧទាហរណ៍ តាមក្រសួង រដ្ឋមន្ត្រីជា​អ្នកអនុញ្ញាត មានទាស់ខុសអី ហើយបើអង្គភាព​ទ័ព អង្គភាព​ប៉េអឹម ប៉ូលីសអី គេប្តូរ​វេនគ្នា​»។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា យល់​ថា បើមន្ត្រីសាធារណៈ​ទៅហែហម និង​ឃោសនា​​នយោបាយឱ្យបក្សទៅហើយ នោះភាព​អព្យាក្រឹត្យ​នឹង​មិនមាន​ពេញលេញទេ ដោយ​ហេតុថា ​គេនឹង​លម្អៀងទៅរក​បក្ខពួក។ លោកថា បើមាន​ក្តីក្តាំអ្វីមួយ​រវាងបក្សនយោបាយ​ដូចជា​ ករណី​នៅ​​តុលាការ នោះទំនាស់​ផលប្រយោជន៍​នឹងកើតឡើង ហើយ​ភាពយុត្តិធម៌នឹង​ខកខាន។

លោក ថាច់ សេដ្ឋា ថា៖ «វាប៉ះពាល់ច្រើន! ឧទាហរណ៍ថា​ ប្រព័ន្ធតុលាការមួយ ប្រជាពលរដ្ឋ​​ពឹង​ផ្អែក​ទៅលើ​ប្រព័ន្ធតុលាការ​ដែល​ជា​យុត្តាធិការ ដើម្បីផ្តល់​យុត្តិធម៌​។ ហើយចុះ​​បើកន្លែង​ហ្នឹង​​អត់មាន​អព្យាក្រឹតហើយ ទៅពឹងអ្នកណា​ទៅកើត? អាហ្នឹងគ្រាន់តែនិយាយ​ពីចំណុចមួយទេ មិន​និយាយ​ដល់​មន្ត្រី​មុខងារ​សាធារណៈមួយចំនួន ដែលលូកលាន់​តែរឿងកិច្ចការនយោបាយផង។ ជាពិសេស​តុលាការ​ហ្នឹង​ដែល​យើងមើលឃើញ ហើយ​ដែលធ្វើឱ្យ​មិនអាច​រក្សានូវ​អព្យាក្រឹត​របស់​ខ្លួនបាន។ ឧទាហរណ៍​ តុលាការ​ដែល​ប្តឹង ស៊ុន ឆ័យ ជំនុំជម្រះ ស៊ើបសួរ​អីហ្នឹង មាន [អ្នកនាំពាក្យ​អយ្យការ] ប្លង់ សុផល ហ្នឹង សុទ្ធទៅ​ហែបក្ស​[កាន់អំណាច]ហ្នឹង ហើយ​ទៅប្តឹង​គេ ហើយ​ទៅ​​កាត់ក្តីគេ វាអត់​ត្រូវតាហ្មង​ហ្នឹង»។

មន្ត្រីបក្សក្រៅរដ្ឋាភិបាលរូបនេះ​យល់ថា ដើម្បីធានា​នូវការបោះឆ្នោតដោយសេរី និងយុត្តិធម៌បាន វាលុះ​​ណាតែ​​ប្រមុខថ្នាក់ដឹកនាំ​និង គជប កែសម្រួល និង​ធ្វើវិសោធនកម្ម​នានា​ដើម្បីបញ្ឈប់​ទង្វើ​ចាក​​អព្យាក្រឹត្យភាព​របស់មន្ត្រីសាធារណៈ​នេះ។

តាមរបាយការណ៍សង្ខេប ខុមហ្វ្រែល អះអាងថា ខ្លួនបាន​រកឃើញនូវចំណុច ២ ដែលមើលឃើញ​ថា មានភាពអវិជ្ជមានខ្លាំង និងមិនធ្លាប់មានពីមុនមក។ ក្នុងនោះ ចំណុចទី១ គឺ​តំណែង​តំណាងជាប់ឆ្នោត រួមទាំង​ឆន្ទៈ​របស់​ម្ចាស់ឆ្នោត​មិនត្រូវ​បានធានា ព្រោះថា ច្បាប់​បោះឆ្នោត​បានប្បញ្ញត្តិ​ឱ្យ​មាន​ការបែងចែក​អាសនៈដែលជា​លទ្ធផល​ពីការបោះឆ្នោត​នៃ​គណបក្សនយោបាយ​ដែលត្រូវ​បានតុលាការរំលាយ យកទៅបែងចែក​ឱ្យគណបក្សផ្សេងទៀត ដែល​មិនមែន​ជាជំហរ ឬបំណង​នៃឆន្ទៈរបស់​ម្ចាស់ឆ្នោត។ រីឯ ចំណែកទី ២ ការប្រើប្រាស់បណ្ដឹង​ទៅតុលាការ​ក្នុងបទល្មើស​ព្រហ្មទណ្ឌ ជាមួយ​សកម្មភាព​ដែល​អ្នកបាន​ប្រព្រឹត្តមិនបាន​បំពេញ​គ្រប់​លក្ខខណ្ឌ​នៃនីពិវិធី​បោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ