កូដករ​បន្ត​​យក​​សម្ភារៈ​​ទៅ​​ចម្អិន​​​អាហារ​​នៅ​មុខ​​ក្រុមហ៊ុន​ណាហ្គា ដើម្បី​ទាមទារ​រក​​ដំណោះ​ស្រាយ​​ការងារ

កូដករ​បន្ត​​យក​​សម្ភារៈ​​ទៅ​​ចម្អិន​​​អាហារ​​នៅ​មុខ​​ក្រុមហ៊ុន​ណាហ្គា ដើម្បី​ទាមទារ​រក​​ដំណោះ​ស្រាយ​​ការងារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករ​​​ណាហ្គាវើលដ៍ នៅថ្ងៃសុក្រនេះ បន្ត​នាំគ្នា​យក​​ចង្ក្រានចានឆ្នាំង ទៅ​ចម្អិន​អាហារ​សម្រាប់​បរិភោគ​​នៅ​​​មុខ​​​ក្រុ​​ម​ហ៊ុន​ ដោយ​ពួកគេ​​​ចាត់ទុកថា ​នេះ​ជា​សកម្មភាព​តស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​​ឱ្យ​ថៅកែ​​ក្រុម​ហ៊ុន និងអាជ្ញាធររដ្ឋ​ រក​​ដំណោះស្រាយវិវាទ​​​ការ​ងារដោយ​តម្លាភាព។

ការបន្ត​ចេញតស៊ូមតិតាមរយៈ​ការចម្អិនអាហារបរិភោគ​នៅពីមុខក្រុមហ៊ុន​ល្បែងដ៏ធំ​នៅចំ​កណ្តាល​រាជធានីភ្នំពេញ​នេះ ធ្វើឡើង​ក្រោយពួកគេអះអាង​ថា អាជ្ញា​ធរ​រដ្ឋ​​បានខកខាន​អនុវត្តភារកិច្ចរបស់ខ្លួន ក្នុង​ការ​​ហៅ​ថៅកែក្រុមហ៊ុន​ឱ្យចេញមុខដោះស្រាយវិវាទ​តាម​ច្បាប់ការងារកម្ពុជា ខណៈពួកគេ​តវ៉ា​ដោយ​សន្តិវិធី​ជាង ៩ខែ​មកហើយ។

សមាជិក​​សហជីព​បុគ្គលិក​កម្មករ​ខ្មែរ​ នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ កញ្ញា ពៅ រស្មី ប្រាប់ វីអូឌី នៅថ្ងៃទី៣០ ខែកញ្ញានេះថា ថៅកែណាហ្គា អាង​អំណាច​ទឹកលុយ​បានរំលោភ​លើ​ច្បាប់ការងារកម្ពុជា ដោយ​បញ្ឈប់បុគ្គលិក-កម្មករខ្មែររាប់រយនាក់​តាមតែអំពើចិត្ត ហើយគ្រាន់តែហៅ​ពួកគេឱ្យទៅ​​ទទួលសំណងតិចតួច ដើម្បី​បញ្ចប់​រឿង ដែលករណីនេះ ពួកគេចាត់ទុកថា នេះជារឿងមិន​អាចទទួលយកបាន។ ចំណែកក្រសួងការងារ កញ្ញា ពៅ រស្មី ថា ​បានខកខាន​បំពេញតួនាទី​របស់ខ្លួន ក្នុងការ​បង្ខំឱ្យថៅកែ​ចេញមុខដោះស្រាយ​វិវាទ​ទៅតាមច្បាប់ថែមទៀត។

កញ្ញា បន្តថា ក្រុមកូដករ​មិនមានការ​គុំកួនលើ​​ថៅកែ ឬអាជ្ញាធរឡើយ ពោលគឺ ពួកគេចេញតវ៉ា​ដើម្បីទាមទារ​នូវដំណោះស្រាយ​ដែលអាចទទួលយកបាន។ កញ្ញា រស្មី បន្ថែម​ថា បច្ចុប្បន្ន​នៅសល់​បុគ្គលិកជាង ១០០នាក់ប៉ុណ្ណោះ ដែលទាមទារ​ចូលធ្វើការវិញតាមច្បាប់ និងកិច្ចសន្យាការងារ ខណៈបុគ្គលិក​ដែលគ្មាន​ឈ្មោះកាត់​ចំនួនជាង ៣០០នាក់ទៀត​ ស្ម័គ្រចិត្តដោះដូរឈ្មោះឱ្យពួកគេ។

កញ្ញា ពៅ រស្មី ថា៖ «យើងត្រូវការ​សិទ្ធិសេរីភាពការងារ យើង​ជាបុគ្គលិក-កម្មករ យើងមិនមែនជា​ទាសករ​​ដែល​ឱ្យ​ថៅកែ​ដេ​ញ​ចេញ​តាម​តែ​អំពើចិត្ត។ ពួកយើង​មើលឃើញថា បើសិនជាថៅកែណាហ្គាវើលដ៍មួយ​អាចរំលាយសហជីពឯករាជ្យ​នៅក្នុងណាហ្គាវើលដ៍បាន អីចឹង​និយោជក​ផ្សេង​ទៀត​នឹង​យក​គម្រូ​អាក្រក់​​តាមថៅកែណាហ្គាវើលដ៍។ ចឹងយើង​មិនចង់ឱ្យបុគ្គលិក-កម្មករខ្មែរក្លាយ​ជាទាសករទេ»។

កញ្ញា ពៅ រស្មី បញ្ជាក់​ថា ពួកគាត់នឹងមិន​ឈប់ធ្វើកូដកម្មទេ បើគ្មានដំណោះស្រាយតាមច្បាប់ការងារនោះ។

កូដករណាហ្គារូបនេះ ទទូចឱ្យរដ្ឋាភិបាល​បំពេញតួនាទីជាអ្នកបម្រើរាស្ត្រ ដោះស្រាយវិវាទការងារតាមច្បាប់ដោយយុត្តិធម៌ ដោយថា ការព្រងើយ​កន្តើយ​របស់​អាជ្ញាធររដ្ឋ ជាការផាត់ចោល​នូវការរងទុក្ខរបស់​កូដករ ព្រមទាំង​លម្អៀងទៅថៅកែមាន​លុយវាល់លាន។

ក្នុងពេលប្រមូលផ្តុំតវ៉ានេះដែរ កូដករណាហ្គាមួយរូបទៀត កញ្ញា ម៉ម សុវឌ្ឍិន បានអះអាងថា ម៉ោងជាង ៥រសៀល​​នេះ កូន​ប្រុស​ថៅកែណាហ្គាវើលដ៍​​ឈ្មោះ «ហ័ង» បានបោកទូរសព្ទ័កូដករម្នាក់ ព្រមទាំងបញ្ជាឱ្យ​​សន្តិសុខលើកសែងកូដករដូចសត្វធាតុ។

កញ្ញាបន្ត​ថា មុនឈានដល់សកម្មភាពនេះ ពួកគាត់ដែលជាកូដករបានអង្គុយនៅច្រករថយន្តភ្ញៀវចេញចូល ដែលស្ថិតនៅចំហៀងផ្នែក​ខាងក្រោយ​ជិត​រដ្ឋ​សភា ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៅកែចេញ​មក​ដោះស្រាយវិវាទការងារ ពេលនោះស្រាប់តែ​កូន​ប្រុស​​ថៅកែក្រុម​ហ៊ុន​​ បានចេញមកពីខាងក្នុងអាគារមក រួចចាប់យកទូរស័ព្ទរបស់កូដករ បោកទៅលើថ្នល់ទាំងកម្រោល​តែម្តង។

កញ្ញាថា៖«មិនមានកូដកររងរបួសទេ តែពេលគេលើកសែងកូដករឱ្យចេញ រូបភាពគេមើលងាយកម្មករខ្មែរ រូបភាពដូចសត្វធាតុអឹចឹង»

វីអូឌី មិនអាច​សុំការ​បញ្ជាក់ពី​តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការតវ៉ារបស់កូដករនេះបានទេ​ នៅថ្ងៃសុក្រនេះ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើង​ជាង ១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះ​បានបញ្ឈប់​​បុគ្គលិកចំនួន ១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង ៨ ០០០នាក់ ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិ​ហិរញ្ញវត្ថុដោយសារ​តែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គលិក​​ដែល​ចេញ​ធ្វើកូដកម្ម​ជាង ៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ​ដោយសារថៅកែ​មានចេតនារំលាយ​សហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ