តុលាការ​កំពូល​មិន​ដោះលែង​កញ្ញា សេង ធារី ក្រោម​ហេតុផល​បារម្ភ​ខ្លាច​បង្ក​អសន្តិសុខ​សង្គម

កញ្ញា សេង ធារី ឈរថ្លែងនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តុលាការកំពូល​ សម្រេច​​​តម្កល់​​សាលដីកា​​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ ទុកជា​បានការ​​ ដោយ​​​​មិន​​​ដោះលែ​ង​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព ក្រោម​ហេតុ​ផល​ថា រក្សាជន​ជាប់ចោទទុកជូនតុលាការ និងបារម្ភខ្លាចកញ្ញា​​បង្ក​ចលាចល​ ឬអសន្តិសុខក្នុងសង្គម។

ការសម្រេចនេះ បន្ទាប់​ពីតុលាការកំពូល​បាន​បើក​សវនាការ លើ​បណ្ដឹង​សាទុក្ខ​របស់​លោក ជូង ជូងី មេធាវី​ការ​ពារ​ក្ដី​ឱ្យ​កញ្ញា សេង ធារី ដែល​មិន​សុខ​ចិត្តចំពោះសេចក្ដីសម្រេច​របស់​សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ កាលពីថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ២០២២ ដែល​មិន​ដោះលែងកូនក្ដីរបស់ខ្លួន​។

ប្រធាន​ក្រុមប្រឹក្សា​ជំនុំ​ជម្រះ​តុលាការកំពូល លោក គង់ ស្រ៊ីម បាន​ប្រកាស​សាលដីកា​សម្រេចមិន​ដោះលែង​កញ្ញា សេង ធារី ដោយ​ថា ការសម្រេច​របស់សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ ជារឿងត្រឹមត្រូវ។

លោក​បញ្ជាក់​ថា ការ​មិនដោះលែងនេះ ដោយសារ​បារម្ភខ្លាច​កញ្ញា សេង ធារី បង្ក​ចលាចលដែល​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​សង្គម និង​​ដើម្បីរក្សាជន​ជាប់ចោទ​ទុក​ជូន​តុលាការ។ មួយវិញទៀត លោកបញ្ជាក់​ថា បើទោះជា​សាលក្រម​​របស់តុលាការ​ជាន់ទាប នៅ​មិនទាន់ចូលជាស្ថាពរ ប៉ុន្តែការ​ឃុំខ្លួន កញ្ញា សេង ធារី មិនបានធ្វើឡើង​​ផ្ទុយពីមាត្រា៣៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌនោះទេ។

ចំពោះការអះអាង​ដែលថា កញ្ញា សេង ធារី ​​មិនរត់គេចខ្លួនទៅក្រៅប្រទេសនោះ ប្រធានក្រុមប្រឹក្សាជំនុំ​ជម្រះឆ្លើយ​តប​ថា មេធាវីជនជាប់ចោទ​​មិនមានអ្វី​សម្រាប់ធានាឡើយ។

មេធាវីការពារក្ដីឱ្យ កញ្ញា ​សេង ធារី គឺលោក ជូង ជូងី បង្ហាញការសោក​ស្ដាយ​ចំពោះការ​សម្រេចរប​ស់​តុលាការ​កំពូល ខណៈ​សវនាការបណ្ដឹងសាទុក្ខនាថ្ងៃនេះ មន្ត្រីពន្ធនាគារមិនបានយក​កញ្ញា​​​មក​ចូល​រួមនោះ​ទេ។

លោក ជូង ជូងី ថ្លែងថា៖ «ការសម្រេចរបស់តុលាការកំពូល មិនយុត្តិធម៌សម្រាប់កញ្ញា សេង ធារី​។ កញ្ញា សេង ធារី គាត់អះ​អាង​ថា គាត់​មិន​រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ទេ ដូច្នេះ​កាល​ដែល​សំអាង​ថា ទុក​ជូន​តុលាការចាត់ការតាមនីតិវិធីហ្នឹង មិន​មែន​ជាសំអាងត្រឹមត្រូវទេ ហើយ​កញ្ញា ​សេង ធារី មិន​ដែល​រត់​គេច​ចេញ​ពី​តុលាការ​ទេ ឱ្យ​តែ​តុលាការកោះ​ហៅ​គាត់​មក​តតាំង​​ជានិច្ច​ ដូច្នេះការ​សំអាងថា ដើម្បីរក្សា​ជ​ន​ត្រូវចោទទុកជូនតុលាការចាត់​ការ​តាម​នីតិវិធី គឺ​ជាសំ​អាងមួយដែលមិនអាចទទួលយកបានទេ។ សំអាងតុលាការកំពួលមួយទៀត ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ ដូច្នេះក្នុងន័យថា តុលាការកំពូល​សន្មតថា បើដោះលែងកញ្ញា សេង ធារី នឹងធ្វើឱ្យមានភាពវឹកវឹរដល់សង្គម សំអាង​បែប​នេះ សន្មតថា កញ្ញា សេង ធារី នឹង​ប្រព្រឹត្ត​បទល្មើស​ដូច្នេះ ក៏មិនអាចទទួលបានដែរ»។

កញ្ញា សេង ធារី ដែលមានសញ្ជាតិអាមេរិកាំង និងជាមេធាវីអន្តរជាតិមួយផងនោះ ត្រូវបានលោក រស់ ពិសិដ្ឋ ចៅក្រុមជំនុំជម្រះ​នៃសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទា​​ទោស​​ដាក់​​​​ពន្ធនាគារ ៦ឆ្នាំ ខណៈថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្ស​​សង្រ្គោះ​​ជាតិដែលត្រូវ​​បាន​​តុ​​លាការរំលាយ ចំនួន​ ៥០នាក់ផ្សេងទៀត ត្រូវបាន​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​​​​ចន្លោះ​ពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ក្រោម​​​​បទ​​ចោទ​​​​ប្រកាន់ «ញុះញង់ និង​រួម​​​គំ​​និត​​ក្បត់ជាតិ» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុ​​​ភូមិ​និវត្តន៍​ថ្ងៃ​«៩វិច្ឆិកា»របស់​​​លោ​​ក ​សម រង្ស៊ី។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ថា ការ​សម្រេចយ៉ាងណានោះ ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម។ ប៉ុន្តែ​​ប្រសិន​​​ជា ​​កញ្ញា សេង ធារី អាចបង្ក​ឱ្យ​មាន​ចលនា​សង្គម​បាន​មែន​នោះ លោកថា តុលាការ​ហាក់​​ដូច​ជា​វាយតម្លៃទៅលើសមត្ថភាព​របស់​សមត្ថកិច្ច​ទាប។

លោក ស៊ឹង សែនករុណា ថា៖ «ខ្ញុំយល់ថា កញ្ញា សេង ធារី មិនអាចមានឥទ្ធិពលអី​ដែល​ទៅធ្វើឱ្យមានការបង្កភាពវឹក​វរ​ចលាចល​សង្គម​អី​ទេ គ្រាន់​តែ​គាត់​ធ្វើ​ការ​អនុវត្តនៅសិទ្ធិសេរីភាពជាមូលដ្ឋាន​របស់​គាត់ក្នុង​ការ​បញ្ចេញ​មតិ​ ទាមទារតវ៉ាដោយសន្តិវិធីតាមច្បាប់របស់កម្ពុជា ក៏ដូចជាច្បាប់សិទ្ធិ​មនុស្ស​អន្តរជាតិ។ អ៊ីចឹងខ្ញុំយល់ថា មិនមែនដោយសារ​បញ្ហាហ្នឹង​ទេ ខ្ញុំយល់ថា រឿង​នេះ គឺ​ជា​ហេតុផល​នៃ​ការធ្វើទុក្ខបុកម្នេញទៅលើ កញ្ញា សេង ធារី ច្រើន​ជាង​​នៃរូបភា​ព​ដែល​ធ្វើឱ្យប៉ះពាល់សណ្ដាប់​ធ្នាប់​សាធារណៈ»។

កាល​ពីថ្ងៃទី​១៥ ខែ​​មិថុនា ឆ្នាំ២០២២ ​​​កញ្ញា សេង ធារី ត្រូវ​បានសមត្ថកិច្ចរាជធានីភ្នំពេញ​ ​បញ្ជូន​ចេញ​ពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅឃុំនៅពន្ធនា​គារ​ខេត្ត​ព្រះវិ​ហារ​ ក្រោយពី​សាលា​ដំបូង​រាជធានីភ្នំពេញ ផ្ដន្ទាទោស​កញ្ញាបាន​មួយថ្ងៃ។

ទាក់​ទិន​​រឿង​​នេះដែរ​ មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី គឺលោក ជូង ជូងី ក៏បានដាក់លិខិតទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំផ្ទេរកូនក្ដីពីពន្ធនាគារខេត្តព្រះវិហារ មកពន្ធនាគារព្រៃស នៅ​រាជធានីភ្នំពេញវិញ​ ដោយថា ការឃុំខ្លួននៅខេត្តដែលមានចម្ងាយឆ្ងាយ មានការលំបាកច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ