រាជរដ្ឋាភិបាល​នឹង​ប្រារព្ធ​ខួប​យាងសោយ​ទិវង្គត​និង​ប្រសូត​របស់​​ព្រះ​បាទ​ នរោត្តម​ ​សីហនុ​ ​នៅ​ថ្ងៃ​ទី​១៥​ខែ​តុលា

អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ យាងពីប្រទេសចិនមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១១ (រូបភាព៖ បញ្ញា ឆព័ណ្ណ)

ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសថានឹងយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃរៀបចំពិធីបុណ្យថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ នៃការយាងសោយទិវង្គត និងខួប១០០ឆ្នាំ នៃការប្រសូតរបស់ព្រះអង្គ។

ថ្លែងពី​ខេត្តសៀមរាប ​ក្នុងឱកាស​ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ជិត ៣ពាន់គ្រួសារបន្ថែមទៀត​នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន មានប្រសាសន៍ថា រាជរដ្ឋាភិបាល​ត្រូវរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះអង្គគម្រប់ខួប១០ឆ្នាំនៃការយាងសោយទិវង្គត និងជាខួប​ ១០០ឆ្នាំ នៃការ​ប្រសូត្ររបស់អតីតព្រះមហាវរក្សត្រខ្មែរ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ។

លោកបន្តថា ថ្ងៃទី១៥​​ តុលា ខាងមុខ​ ប្រជាពលរដ្ឋ​​ក៏នឹងត្រូវចូលរួមជាមួយព្រះរាជពិធីបុណ្យនោះឱ្យបានគ្រប់ៗគ្នា ដើម្បីរម្លឹកដល់ស្នាព្រះហស្ថ និងវីរភាពរបស់សម្ដេច ព្រះនរោត្តម សីហនុ ​ផងដែរ។ ​

ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ទ្រង់ប្រសូត្រនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២។ ព្រះអង្គ ជារាជបុត្រារបស់ ​​ព្រះបាទ នរោត្តម  សុរាម្រិត និងព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈនារីរ័ត្នសេរីវឌ្ឍនា។

ព្រះ​បាទ នរោត្តម សីហនុ បានឡើង​គ្រងរាជសម្បត្តិ​បន្ត​ពី​ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស នៅ​ឆ្នាំ១៩៤១ ក្នុងពេល​ព្រះអង្គ​មាន​ព្រះជន្មាយុ ១៨​ព្រះ​វស្សា ស្របពេល​កម្ពុជា​​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង​នៅ​ឡើយ។ នៅ​ឆ្នាំ​១៩៥៥ ព្រះអង្គ​បាន​បង្កើត​គណបក្ស​មួយមានឈ្មោះថា ​គណបក្ស​សង្គម​រាស្ត្រ​និយម។ ក្នុង​ឆ្នាំ ១៩៥៥ ព្រះបាទ នរោត្តម សីហនុ បាន​ដាក់​រាជ​ថ្វាយ​ព្រះ​បិតា ​គឺ​ព្រះបាទ សុរាម្រិត ដើម្បី​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី។ បន្ទាប់​ពី​បិតា​ព្រះអង្គ​សោយទិវង្គត​ក្នុង​ឆ្នាំ​១៩៦០ សម្តេច សីហនុ ក៏បាន​យល់​ព្រម​កាន់​តំណែង​ជា​ព្រះប្រមុខរដ្ឋ រហូតដល់មានរដ្ឋប្រហារព្រះអង្គនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ពីសំណាក់ក្រុម លោក លន់ នល់។

យ៉ាងណា ក្នុង​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​១៩៩៣ សម្ដេច​ព្រះ​នរោត្តម សីហនុ ត្រូវ​បាន​រដ្ឋសភា​ជាតិ​ ​ ជ្រើស​តាំង​ព្រះអង្គ​ជា​ព្រះមហាក្សត្រ​នៃ​ប្រទេស​កម្ពុជាជា​ថ្មី​ម្ដង​ទៀត រហូត​ដល់​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤ នៅ​ពេល​ដែល​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ គឺ​ព្រះ​បរម​នាថ នរោត្តម សីហមុនី ឡើង​ស្នងរាជ្យ​បន្ត។

​សម្តេចព្រះនរោត្តម សីហនុ បានយាងសោយព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ​ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា ហើយព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញដើម្បីរៀបចំព្រះរាជពិធីបុណ្យតាមប្រពៃណីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ