យោធា​​ការពារ​​ព្រំដែន​​២​នាក់​​បាន​​ស្លាប់​​អំឡុង​​ពេល​​​ជួយ​​សង្រ្គោះ​​ក្មេង​​២​នាក់​​ពី​ការ​​លង់​​ទឹក​

សាកសពយោធាការពារព្រំដែនមួយរូប ដែលអាជ្ញាធរខេត្តឧត្តរមានជ័យអះអាងថា បានរកឃើញនៅថ្ងៃសៅរ៍នេះ ខណៈក្រុមជួយសង្គ្រោះកំពុងរុករកសាកសពយោធាម្នាក់ទៀត ដែលពួកគេលង់ទឹកអំឡុងពេលជួយក្មេងពីរនាក់ លង់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។ (រូបភាព ហ្វេសប៊ុក)

មន្ត្រីរដ្ឋបាល​​ខេត្តឧត្តរមានជ័យ អះអាងថា សាកសព​យោធាម្នាក់​ត្រូវបាន​រកឃើញ ខណៈ​ក្រុមការងារ​ជួយសង្គ្រោះ​កំពុង​រុករក​សព​យោធាម្នាក់​ទៀត​​បាន​លង់​ទឹក អំឡុង​ពេល​ពួកគេ​ចុះជួយ​ក្មេង​ពីរនាក់​ដែល​បានរអិលជើង​ធ្លាក់ទឹកនៅ​ចំណុចអាងទឹក​ទំនប់​អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។

អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ ប្រាប់ វីអូឌី ថា ហេតុការណ៍យោធា​ស្លាប់នេះបានកើតឡើងបន្ទាប់ពីយោធាទាំង ២រូប បានចុះទៅជួយ​កុមារពីនាក់​បងប្អូន កាលពីរសៀលម្សិលមិញ។ លោកបញ្ជាក់ថា កុមារពីរនាក់​បងប្អូន​ត្រូវជួយសង្គ្រោះ ប៉ុន្តែយោធា ២នាក់ ដែល​ចុះជួយនោះ ត្រូវបាន​ទឹកគួច​ទៅកន្លែងជ្រៅ​ទើបបណ្ដាល​ឱ្យលង់ ដោយសារ​ទឹកហូរខ្លាំង។

លោក ឌី រ៉ាដូ ថ្លែងថា៖ «កូនក្មេងហ្នឹងពីរនាក់បងប្អូន​ នៅលេងបង្ហៀរទឹក ហើយអាប្អូនក៏រអិលជើងធ្លាក់ ហើយអាបងឃើញក៏ទៅតាមចាប់។ អ៊ីចឹង កងពល ៤២ ​ដែលគាត់ទៅលេងនោះដែរ ក៏គាត់ទៅជួយ​ ទៅជួយគាត់បានរុញក្មេងនឹងទៅដល់ច្រាំងហើយ ដោយសារទឹកខ្លាំងក៏បុកគាត់ចូល​ទៅ​ជ្រៅទៅ ហើយដោយសារសម្លៀកបំពាក់គាត់ជាយោធា អ៊ីចឹងធ្វើឱ្យទឹកដក់ធ្ងន់ គាត់ពិបាកហែលបញ្រ្ចាស់មកវិញ។ អ៊ីចឹងធ្វើឱ្យទាហានពីររូបលង់»

លោក រ៉ាដូ បន្តថា គិតចាប់តាំងពីរសៀលម្សិលមិញរហូតដល់ល្ងាចថ្ងៃសៅរ៍នេះ សមត្ថកិច្ច និងក្រុមការងារជួយសង្គ្រោះបានរកឃើញ​សពយោធាមួយរូប ដែលមានអាយុ ២៤ឆ្នាំ។ ចំណែកយោធាមួយរូបទៀត មិនទាន់ឃើញសាកសពនៅឡើយ ប៉ុន្តែក្រុមការងារកំពុងស្វែងរកបន្តទៀត។ លោកបន្តថា យោធា​ទាំងពីររូប​ដែលជួយសង្គ្រោះក្មេងមកពីកងទ័ពនៃកងពលតូចថ្មើរជើង លេខ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់។

លោក ឌី រ៉ាដូ បន្តថា«រកមិនទាន់ឃើញទេ តាំងពីម្សិលមិញ។ យើងប្រើកម្លាំងចម្រុះស្រុកផង មានកម្លាំងឃុំ។ យើងរួមគ្នា ដើម្បីស្វែង​រកសព​ពួកគាត់ហ្នឹង»។

អ្នកនាំពាក្យសាលាខេត្តរូបនេះបញ្ជាក់ថា បច្ចុប្បន្ននៅខេត្តឧត្ដរមានជ័យមិនមានទឹកជំនន់ទេ ហើយទឹកជន់ដោយទឹកភ្លៀងនោះ បានស្រក​ចុះបណ្តើរៗ​ទៅវិញហើយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ