នាយករដ្ឋ​មន្ត្រី​គុយបា​នឹង​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា​រយៈពេល​៣​ថ្ងៃ​

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) ក្នុងពិធីសម្ពោធវេទិកាធុរកិច្ចវៀតណាម-គុយបា ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២។ (Twitter (Manuel Marrero Cruz)

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស​ (Manuel Marrero Cruz) នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ថ្ងៃ ក្នុងសប្តាហ៍ក្រោយ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង​ ព្រមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែប្រសើរឡើង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១ ខែតុលា បានឱ្យដឹងថា ទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីគុយបារូបនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី​៤ដល់ថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២២  ដែលជាការធ្វើឡើងតបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី​កម្ពុជា។ ​

ប្រភពដដែលបន្តថា អំឡុងពេលទស្សនកិច្ចនេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ ​បន្ថែមពីនេះ នាយករដ្ឋមន្ត្រីគុយបា នឹងចូលជួបសម្តែងការគួរសមជាមួយ លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបញ្ជាក់ថា ​នាយករដ្ឋមន្រ្តីគុយបា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងជួបពិភាក្សាទ្វេភាគីជាមួយ ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀត ក្នុងវិស័យ កីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។

ក្រសួងការបរទេសកម្ពុជាបន្តថា លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស ក៏នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមាន   ឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចរបស់​នាយករដ្ឋមន្រ្តីគុយបា នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនង យូរអង្វែង និងប្រកបដោយមិត្តភាពរវាងកម្ពុជា និងគុយបា ក៏ដូចជានឹងគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍កាន់តែប្រសើរសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគុយបានេះ ធ្វើឡើងក្រោយពេលលោក ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចក្នុងប្រទេសដែលរងទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិកមួយនេះកាលពីថ្ងៃទី ២៤ និង២៥ ខែកញ្ញា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ