សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​រក​ឃើញ​​សព​យោធា​ម្នាក់​ទៀត​ដែល​ស្លាប់​ដោយ​សារ​លង់​ទឹក​អំឡុង​ពេល​ជួយ​ជីវិត​ក្មេង​២​នាក់​

សាកសពយោធាការពារព្រំដែនមួយរូប ដែលអាជ្ញាធរខេត្តឧត្តរមានជ័យអះអាងថា បានរកឃើញនៅថ្ងៃសៅរ៍នេះ ខណៈក្រុមជួយសង្គ្រោះកំពុងរុករកសាកសពយោធាម្នាក់ទៀត ដែលពួកគេលង់ទឹកអំឡុងពេលជួយក្មេងពីរនាក់ លង់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល។ (រូបភាព ហ្វេសប៊ុក)

សមត្ថកិច្ចបានរកឃើញសាកសពយោធាម្នាក់ទៀតកាលពីល្ងាចម្សិលមិញ បន្ទាប់ពីមន្ត្រីយោធារូបនោះត្រូវបានទឹកគួចទៅកន្លែង​ជ្រៅ នៅអំឡុងពេលចុះជួយសង្គ្រោះក្មេង២នាក់ឱ្យរួចផុតពីសេចក្តីស្លាប់ ដោយការលង់ទឹកកាលពីចុងខែកញ្ញា នៅចំណុចអាងទឹកទំនប់អូរអង្គ្រង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក ហួត សុធី បានប្រាប់វីអូឌីនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២​ថា កាលពី​ល្ងាចម្សិលមិញ​ ក្រុមការងារជំនាញបានចុះ​រកឃើញសាកសពយោធាម្នាក់ទៀត ក្នុងចំណោមយោធាពីរនាក់ ដែលលង់ទឹកស្លាប់ ​អំឡុងពេលពួកគេចុះជួយក្មេង២នាក់ ដែលបានរអិលជើងធ្លាក់ទឹកនៅចំណុចអាងទឹកទំនប់អូរអង្គ្រង ភូមិគោកមន ឃុំគោកមន ស្រុកបន្ទាយអំពិល ។

លោកបញ្ជាក់ថា«យើងបានរកឃើញសាកសពយោធាម្នាក់ទៀតហើយ។ យើងក៏បានប្រគល់សាកសពឱ្យទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី»

ស្នងការរូបនេះបញ្ជាក់ថា  ហេតុការណ៍យោធាពីរស្លាប់នេះ បានកើតឡើងបន្ទាប់ពីពួកគេ  បានចុះទៅជួយសង្គ្រោះកុមារពីរនាក់បងប្អូន កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឱ្យរួចផុតពីសេចក្តីស្លាប់ ប៉ុន្តែយោធា ២នាក់ ដែលចុះជួយនោះ ត្រូវបានទឹកគួចទៅកន្លែងជ្រៅ និងហូរខ្លាំង ទើបបណ្ដាលឱ្យលង់ស្លាប់នៅកន្លែងកើតហេតុតែម្តង។

លោក ហួត សុធី មានប្រសាសន៍បន្ថែមថា នេះជាបទពិសោធន៍មួយដែលធ្វើឱ្យកងកម្លាំងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលចុះជួយសង្គ្រោះប្រជាពលរដ្ឋ និងក្មេងៗ ពេលលង់ទឹក ត្រូវមានអាវពោងការពារសុវត្ថិភាព និងសម្ភារៈសំខាន់ៗមួយចំនួនទៀត​ ដើម្បីបញ្ជៀសកុំឱ្យមានរឿងបែបនេះកើតឡើងបន្តទៀត ។

គួរបញ្ជាក់ថា យោធាទាំងពីររូប ដែលស្លាប់បាត់បង់ជីវិតដោយសារ​ជួយសង្គ្រោះក្មេង២នាក់ឱ្យរួចពីសេចក្តីស្លាប់នោះ  គឺជាកងទ័ព នៃកងពលតូចថ្មើរជើង លេខ ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ ឈរជើងនៅភូមិសាស្ត្រ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ក្រោយលង់ទឹកកាលពីថ្ងៃទី៣០ ខែកញ្ញា សាកសពយោធាម្នាក់ឈ្មោះ វ៉ាន់ ថុល ភេទ ប្រុស អាយុ ២០ឆ្នាំ ត្រូវបានក្រុមជួយសង្គ្រោះរកឃើញមុនដំបូងនៅម៉ោងប្រមាណ១១ ថ្ងៃត្រង់ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២២៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ