មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ​រង​ការ​ចោទ​ថា​រារាំង​ក្រុម​អ្នក​ស្រលាញ់​ធនធាន​ធម្មជាតិ​មិន​ឱ្យ​ចូល​តំបន់​ព្រៃ​ព្រះរការ

រូបភាពថតពីលើអាកាសនៅតំបន់អភិរក្សព្រៃព្រះរការ អំឡុងថ្ងៃទី១៥ ដល់១៧ ខែកក្កដា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

ក្រុមអ្នកស្រលាញ់ធនធានធម្មជាតិជាង២០អង្គ/នាក់ បានឱ្យដឹងថា  មន្ត្រីបរិស្ថានខេត្តព្រះវិហារបានរារាំងពួកគេមិនឱ្យចូលទៅតំបន់ «ព្រៃព្រះរការ» នៅឃុំប្រមេរុ ​  ខណៈបទល្មើសព្រៃឈើក្នុងតំបន់នោះនៅតែបន្តកើតមាន។

ព្រះតេជព្រះគុណ ជ្រូន អួញ មានថេរដីកាឱ្យវីអូឌីដឹងនៅថ្ងៃអាទិត្យថា  ដើមចមដែលនាំឱ្យព្រះអង្គនិងក្រុម         យុវជនជាង២០អង្គ/នាក់ រួមជាមួយសហគមន៍ជនជាតិភាគតិចកួយនៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បាននាំគ្នាចូលទៅក្នុងតំបន់«ព្រៃព្រះរការ»  ដោយសារព្រះអង្គទទួលព័ត៌មានពីប្រជាសហគមន៍ថា បទល្មើសព្រៃឈក្នុងតំបន់នោះនៅតែបន្តកើតមាន។ លើសពីនេះ  ​ចង់សិក្សាពីផលប៉ះពាល់ព្រៃឈើនិងការរស់នៅរបស់ជនជាតិកួយទាំងនោះ។ ប៉ុន្តែត្រូវបានមន្ត្រីបរិស្ថានខេត្តនេះ រារាំងមិនឱ្យចូលតំបន់ព្រៃអភិរក្សនោះទេកាលពីថ្ងៃសុក្រ ក្រោមហេតុផលថា ពួកគាត់មិនមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន ។

ព្រះអង្គមានថេរដីកាថា៖ «អាត្មា ក្រុមយុវជន និងប្រជាសហគមន៍គ្រាន់តែចង់ទៅសិក្សារៀនសូត្រពីផលប៉ះពាល់ព្រៃឈើ ការអភិរក្សព្រៃឈើ  ការរស់នៅរបស់ជនជាតិគួយ ការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់ ។ តើជាការពិតទេ ដូចយុវជន សារព័ត៌មាន និងជនជាតិភាគតិចគួយរស់នៅក្នុងសហគមន៍គាត់បាននិយាយថា នៅក្នុងតំបន់ព្រៃព្រះរការមានការកាប់បំផ្លាញខ្លាំងណាស់នៅក្នុងតំបន់ហ្នឹង ហើយក៏ចង់សិក្សាពីដីធ្លីដែលជនជាតិគួយមានទំនាស់នៅតំបន់ហ្នឹង ប៉ុន្តែមន្ត្រីបរិស្ថានគេអត់ឱ្យចូលទេ»។

យុវតីដែលស្រលាញ់បរិស្ថាន កញ្ញា  ឡាច ធីណា ដែលត្រូវបានមន្ត្រីបរិស្ថានរារាំងមិនឱ្យចូល «ព្រៃព្រះរការ» បង្ហាញការខកចិត្ត ព្រមទាំងរិះគន់មន្ត្រីទាំងនោះថា អនុវត្តតួនាទីរបស់ខ្លួន ផ្ទុយពីច្បាប់ដែលបានចែង  ខណៈពួកគាត់ចុះឃ្លាំមើលព្រៃឈើនៅតំបន់នោះ ស្របតាមច្បាប់តែប៉ុណ្ណោះ ។

ករណីនេះ យុវតីរូបនោះ អំពាវនាវទៅរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ និងបើកឱ្យបានទូលាយដល់ប្រជាពលរដ្ឋទូទៅបានចុះទៅឃ្លាំមើលធនធានធម្មជាតិ ជាពិសេសនៅតំបន់ដែលរងផលប៉ះពាល់ ដោយសារជនល្មើសលួចកាប់បំផ្លាញ  និងដើម្បីទប់ស្កាត់ កុំឱ្យបទល្មើសកើតមានឡើងបន្តទៀតជាដើម ។

យុវតីនោះនិយាយថា៖ «អំពាវនាវដល់រដ្ឋាភិបាលបើកទូលាយដល់ប្រជាពលរដ្ឋ ប្រជាសហគមន៍ និងព្រះសង្ឃបានចុះឃ្លាំមើលព្រៃឈើ ឬធនធានធម្មជាតិនៅទូទាំងប្រទេស ស្របតាមច្បាប់ដែលបានចែង និងដើម្បីការពារព្រៃឈើនៅកម្ពុជាឱ្យបានគង់វង់ កុំឱ្យច្បាប់ចែងមកហើយ មិនអនុវត្ត»។

វីអូឌីមិនអាចសុំការបំភ្លឺពី លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ និងអ្នកនាំពាក្យក្រសួងបរិស្ថាន​ លោក នេត្រ ភក្រ្តា បានទេនៅរសៀលថ្ងៃអាទិត្យនេះ។

អតីតស្ថាបនិកមួយរូបនៃចលនាមាតា​ធម្មជាតិ និងបច្ចុប្បន្នជាមន្ត្រីគម្រោងតស៊ូមតិ នៃគម្រោង​អ្នក​ការពារ​ព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា ចាត់ទុកមន្ត្រីបរិស្ថានរារាំងព្រះសង្គ យុវជន និងសហគមន៍ មិនឱ្យចូលឃ្លាំមើលបរិស្ថានក្នុងតំបន់ «ព្រៃព្រះរការ» ជាការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់ ។

លោក សាន់ ម៉ាឡា ជំរុញទៅអាជ្ញាធរពាក់ព័ន្ធបើកឱ្យទូលាយ និងលើកទឹកចិត្តដល់ក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិទាំងអស់ រួមគ្នាអភិរក្ស និងការពារធនធានធម្មជាតិ ទើបទប់ស្កាត់ឧក្រិដ្ឋកម្មព្រៃឈើ និងអំពើពុករលួយបានប្រសិទ្ធភាពខ្ពស់ ។

លោកបញ្ជាក់ថា៖ «អាជ្ញាធរកំពុងតែលាក់បាំងនូវឧក្រិដ្ឋកម្មព្រៃឈើដែលកំពុងកើតមានឡើងនៅក្នុងដែលជម្រកសត្វព្រៃព្រះរការ។ អាជ្ញាធរគួរតែតម្កល់ប្រយោជន៍ជាតិជាចម្បង ទទួលស្គាល់នូវកំហុស និងការធ្វេសប្រហែសរបស់ខ្លួន ជាពិសេសត្រូវស៊ើបអង្កេតថាតើមានមន្ត្រីណាខ្លះ ដែលពាក់ព័ន្ធការកាប់បំផ្លាញធនធានធម្មជាតិ អាណាធិបតេយ្យនិងដាក់ទោសទណ្ឌដល់ពួកគាត់ និងលើកទឹកចិត្តដល់យុវជនចូលរួមអភិរក្សធនធានធម្មជាតិ អាចទប់ស្កាត់អំពើពុករលួយលើមន្ត្រីមួយចំនួនផងដែរ»។

បើតាម​​សេចក្តីប្រកាសព័ត៌មាន​របស់​ជនជាតិដើមភាគតិច​កួយ ភូមិប្រមេរុ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ កាលពីដើមខែកញ្ញា ឱ្យដឹងថា ​​តា​មរយៈ​ការ​ចុះអង្កេតចំនួន២លើក កាលពីចុងខែកក្កដា និងខែសីហាកន្លងទៅ​​ បាន​រកឃើញ​បទល្មើសព្រៃឈើកើតឡើងចំនួន២៤៩ករណី ក្តារបន្ទះបន្សល់ទុកចោលចំនួន២៨៦សន្លឹក ឈើតាប់ឬឈើដែលគេច្រៀកក្រាស់ៗ ចំនួន៣១៣សន្លឹក​ ប្រទះ​ឃើញ​ រទេះក្របីកំពុងដឹកឈើចំនួន​៣គ្រឿង គោយន្តចំនួន០២គ្រឿងផងដែរ។

​អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២២​​ បានចេញ​របាយការណ៍​ដោយ​បង្ហាញ​​​ថា ក្នុង​ឆ្នាំ​២០២១ ព្រៃឈើ​​​​​​ជាង៦ ០០០​​ហិកតា ​​នៅ​តំបន់ជម្រកសត្វព្រៃ «​ព្រៃឡង់​» និង«​​ព្រៃ​ព្រះ​រការ» ត្រូវបានកាប់បំផ្លាញ​ ដោយ​​មាន​​​​ការ​ទទួល​​​​សំណូក​ និង​ការ​​ប្រព្រឹត្ត​​អំពើ​ពុក​រលួយ​​​របស់​អាជ្ញាធរ​​ពាក់ព័ន្ធ។ ទំហំនៃការបាត់បង់ផ្ទៃដីព្រៃឈើនៅតំបន់ការពារទាំង២នេះ អង្គការលើកលែងទោសអន្តរជាតិ​ អះអាងថា មានទំហំស្មើនឹងទីលានឬតារាងបាល់ទាត់ចំនួនជិត ១ម៉ឺនទីតាំង (៨ ៧៨៤ទីតាំង)។

រាជរដ្ឋាភិបាល​បាន​ដាក់បញ្ចូល​ព្រៃ​ព្រះ​រការដែលមានទំហំជិត១០ម៉ឺនហិកតា ​ជា​តំបន់ដែន​ជម្រក​សត្វ​ព្រៃ​​ កាល​ពី​ឆ្នាំ២០១៦។ ព្រៃអភិរក្សមួយនេះ គ្រប​ដណ្ដប់​លើ​ភូមិសាស្ត្រប្រជុំ​​​​ស្រុកចំនួន៣ រួម​មាន ​​ស្រុក​​​ជាំ​ក្សាន្ត ស្រុក​ត្បែង​មានជ័យ និង​ស្រុក​ឆែប ខេត្ត​ព្រះវិហារ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ