បទយកការណ៍​៖ ​ពលរដ្ឋ​​មាន​​ទំនាស់​​ដីធ្លី​​ជាង​១០​ឆ្នាំ​​ជា​មួយ​​ក្រុម​ហ៊ុន​​ស្ករ​អំពៅ​ឧកញ៉ា​ លី​ ​យ៉ុង​ផាត់​ ​​​បន្ត​​​រក​​យុត្តិធម៌​ ខណៈ​​មិន​ទាន់​​ទទួល​​បាន​​សំណង​​​

ទិដ្ឋភាពកុមារជិះម៉ូតូតាមផ្លូវជាប់ ចម្ការអំពៅ ក្រុមហ៊ុនស្ករអំពៅរបស់ លោក លី យ៉ុងផាត់ ស្ថិតក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

ចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រាប់រយហិកតា មានពណ៌ខៀវស្រងាត់ លាតសន្ធឹងដាច់កន្ទុយភ្នែក ក្នុងទឹកដីតំបន់ហ៊ុមព័ទ្ធដោយភ្នំ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បានបង្ហាញពីជីវភាពរីក​ចម្រើនរបស់អ្នកភូមិដែលរស់នៅក្បែរនោះ ប៉ុន្តែផ្ទុយទៅវិញ ជាងមួយទសវត្សរ៍មកនេះ ពលរដ្ឋមួយចំនួនអះអាងថា កំពុងរស់នៅទាំងមាន​វិបត្តិផ្លូវចិត្ត ដោយសារបាត់បង់ដីធ្លី​ទាំងអយុត្តិធម៌​ និងមិនទាន់ទទួលបានសំណង។

នៅខាងក្រោយចម្ការអំពៅប្រមាណ១០០ម៉ែត្រ ផ្ទះរបស់អ្នកស្រី មុំ សុភី ដែលអះអាងថា ជាតំណាង​ពលរដ្ឋរងគ្រោះ​ស្ថិតនៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ជាទីតាំង​ដែលអ្នកភូមិបាត់បង់ដី​មកប្រជុំគ្នា និងជាកន្លែង​ដែលអាជ្ញាធរមូលដ្ឋាន​តែងតែ​តាមឃ្លាំមើល​ពួកគេផងដែរ។

អង្គុយលើគ្រែឈើក្រោមផ្ទះ អ្នកស្រី មុំ សុភី បានរៀបរាប់ថា រាល់ពេល​​ប្រជាពលរដ្ឋដែល​មានទំនាស់ដីធ្លីចេញពីភូមិ រកកិច្ចអន្តរាគមន៍ពីមន្រ្តីស្រុក-ខេត្ត ឬស្ថាប័នជាតិ គឺតែង​មានអាជ្ញាធរមូលដ្ឋាន​មកចាំស្ទាក់ផ្លូវមិនឱ្យចេញ ដោយពួកគេនិយាយថា បញ្ជាមេអត់ឱ្យទៅ

អ្នកស្រី មុំ សុភី ថ្លែងថា ៖«ពេលខ្ញុំទៅ គឺ [អាជ្ញាធរ] ត្រូវដេកយាមផ្ទះខ្ញុំ គាត់គន់មើល។ បើថាថ្ងៃហ្នឹង ខ្ញុំត្រូវចេញ [រកការអន្តរាគមន៍] យប់ហ្នឹងគាត់ [អាជ្ញាធរ] មកតាំងល្ងាច។ គាត់ [អាជ្ញាធរ] អត់ដេកទេមួយយប់ហ្នឹង អត់បានដេកទេអាជ្ញាធរ»។

តំណាងពលរដ្ឋឃុំរស្មីសាមគ្គី រូបនេះបានឱ្យដឹងថា ក្នុងឃុំនេះ មានប្រជាពលរដ្ឋចំនួន១៤៧គ្រួសារ ដែលមិនទាន់ទទួលបានសំណង។ ក្នុងនោះមាន​ភូមិចំនួន​៣ គឺភូមិពាមរស់ ៦៦គ្រួសារ ភូមិពស់វែក ៣២គ្រួសារ និងភូមិដកពរ ៤៩គ្រួសារ ដែលមានដីស្រែចម្ការសរុបចំនួន ៤៨៣ហិកតា ត្រូវបានគ្រឿងចក្រ​របស់​ក្រុមហ៊ុន លោក លី យ៉ុងផាត់ ឈូសឆាយយកដីដាំអំពៅតាំងពីឆ្នាំ២០១១មក។

ប្រជាពលរដ្ឋរាប់រយគ្រួសារដែលបាត់បង់ដីធ្លីដោយសារការវិនិយោគដាំអំពៅពីសំណាក់ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ក្នុងខេត្តកំពង់ស្ពឺ អះអាងថា ជាង​១០ឆ្នាំមកនេះ ពួកគេនៅតែក្រាញ់ននៀលតស៊ូរកដំណោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធចាប់ពីមន្រ្តីមូលដ្ឋាន ស្រុក-ខេត្ត រហូតស្ថាប័នជាតិ ដោយក្តីរំពឹងថា នឹង​ទទួលបានយុត្តិធម៌ ទោះបីមានការហាមឃាត់ដំណើរពីអាជ្ញាធរមូលដ្ឋានច្រើនលើកច្រើនសារក៏ដោយ។

អ្នកស្រី មុំ សុភី អង្គុយផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូឌី ក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (សុត បាន)

អ្នកស្រី មុំ សុភី ប្រាប់ថា ការស្វែងរកដំណោះស្រាយពីអាជ្ញាធរជាង១០ឆ្នាំមកនេះ ​គឺមិនទទួលបានលទ្ធផលទាល់តែសោះ តែត្រូវ​អាជ្ញាធរ​រារាំងអ្នកភូមិមិនឱ្យចេញរកដំណោះស្រាយ​ទៅវិញ។

អ្នកស្រី មុំ សុភី និយាយថា ៖«ការដោះស្រាយគឺគ្មានទេ មានតែការលើកដាក់គ្នា»

អ្នកស្រីរម្លឹកថា កាលពីយប់ថ្ងៃទី៦ ខែកញ្ញា ​ឆ្នាំ២០២២ កន្លងទៅមានមេភូមិ- មេឃុំ និងកងកម្លាំង៤នាក់ រួមជាមួយប្រជាការពារភូមិ១រូបផង បាន​មក​ស្ទាក់ឡានរបស់គាត់មិនឱ្យចេញពីភូមិ។ អ្នកស្រីថា ក្នុងពេលនោះ ពលរដ្ឋរងគ្រោះចំនួន២៦ ឡាន គឺមកពីឃុំចំនួន ៣ផ្សេងទៀត​ដែល​បាត់​បង់ដីក្នុង​ចម្ការ​អំពៅ​ដែរ​នោះ គឺមាន ឃុំអមលាំង ឃុំត្រពាំងជោរ និងឃុំរស្មីសាមគ្គី បានប្រមូលគ្នាក្នុងគោលដៅ​ដាក់លិខិតរកកិច្ចអន្តរាគមន៍​ពីខុទ្ធកាល័យនាយករដ្ឋមន្រ្តី ក្រសួង​មហាផ្ទៃ ក្រសួងដែនដី​ និងក្រសួងយុត្តិធម៌ ក្នុងរាជធានីភ្នំពេញ។

អ្នកស្រី មុំ សុភី បន្តថា៖ «ខាង [ឃុំ] ត្រពាំងជោ និង [ឃុំ] អមលាំង គេគ្នាច្រើន គេនាំគ្នាដេកននៀលនៅថ្នល់ ថ្នល់ជាតិហ្នឹង ផ្លូវ៤៤ហ្នឹង ដល់អីចឹងអាជ្ញាធរគេឱ្យមក ព្រោះអីស្ទះចរាចរណ៍»

អ្នកស្រី មុំ សុភី បានបាត់បង់ដីចំនួន ៥ហិកតា ដែលគាត់កាន់កាប់តាំងពីឆ្នាំ២០០០។ អ្នកស្រីថា ក្រុមហ៊ុនបានសន្យាដោះដូរដីចំនួន ២ហិកតា​ផ្តល់​ឱ្យពលរដ្ឋដែលបាត់បង់ដីដោយសារការដាំអំពៅនេះ ប៉ុន្តែ​ដីដែលក្រុមហ៊ុនសន្យាឱ្យនោះជាដីមានម្ចាស់រួចទៅហើយ។ ដូច្នេះ ​អ្នកភូមិមិន​អាច​អាស្រ័យ​ផលបានទេ។

អ្នកស្រី មុំ សុភី ថា ៖ «ដីហ្នឹង ដីពលរដ្ឋដូចគ្នា ខ្ញុំមិចអាចទទួលយកបាន។ សំណងហ្នឹងមិនមែនក្រុមហ៊ុនកាត់ដី នៅក្នុងក្រុមហ៊ុនឱ្យខ្ញុំឯណា! យកដីពលរដ្ឋឱ្យពលរដ្ឋដូចគ្នា»។

អង្គុយលើគ្រែឈើ បង់ករក្រមា អ្នកស្រី យឿន សាំ វ័យ ៦៩ឆ្នាំ ប្រាប់ថា គាត់មានដី​ស្រែចំនួន ៤ហិកតាដែលបានកាន់កាប់​ក្នុងឆ្នាំ១៩៩៧ ហើយថា បាន​ផ្តល់ទិន្នផលស្រូវប្រមាណ ៣តោន​ក្នុងមួយឆ្នាំ សម្រាប់ក្រុមគ្រួសាររបស់គាត់ទុកបរិភោគផង និងលក់ចេញខ្លះ​ដើម្បីដោះស្រាយជីវភាពផងដែរ។

សម្បុរខ្មៅស្រអែម ស្រ្តីវ័យចំណាស់​រូបនេះ ថ្លែងទាំងសំឡេងស្រាលៗថា បច្ចុប្បន្ននេះ គាត់ពិបាកចិត្តព្រោះគាត់មិនមានដីធ្វើស្រែទៀតទេ ហើយដីស្រែរបស់​គ្រួសារគាត់ដែលមានសមាជិក ៧នាក់ សរុបមានផ្ទៃដីប្រមាណ ៣០ហិកតា ត្រូវបានបាត់បង់ទាំងស្រុង​។

អ្នកស្រី យឿន សាំ ថ្លែងថា ៖ «ខ្ញុំរាល់ថ្ងៃនេះ ខ្ញុំប្រាប់ត្រង់មានជំងឺផ្លូវចិត្ត ឈឺជាៗ ដោយសារខ្ញុំបាត់បង់ទឹកដីអស់មួយពូជហ្នឹងពេក»

អ្នកស្រីបន្តថា ក្រោយពេលបាត់បង់ដី កូនៗរបស់គាត់បានចាកចេញធ្វើជាកម្មករសំណង់ នៅតាមការដ្ឋានានា និងស៊ីឈ្មួលធ្វើដំណាប់ស្វាយ ដើម្បីរកចំណូលទ្រទ្រង់ជីវភាព ហើយពួកគេក៏ធ្លាប់ចំណាកស្រុកនាពេលកន្លងមកដែរ។

អ្នកស្រី យឿន សាំ អង្គុយផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានវីអូឌីជុំវិញបញ្ហាជម្លោះដិធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ឧកញ៉ា លី យ៉ុងផាត់ ក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (សុត បាន)

អ្នកស្រីមានប្រសាសន៍ទៀតថា គាត់តែងតែ​ចូលរួមជាមួយពលរដ្ឋរងគ្រោះផ្សេងទៀត ដើម្បីដាក់លិខិតរកដំណោះស្រាយពីអាជ្ញាធរខេត្តកំពង់ស្ពឺ រហូត​ដល់រាជធានីភ្នំពេញ​ ប៉ុន្តែដំណោះស្រាយនៅពុំទាន់មាននៅឡើយ។ ​

អ្នកស្រី យឿន សាំ និយាយថា៖ «គេថាឱ្យដើរទៅ ដើរងាប់ខ្លួនក៏មិនបានដែរ អាជ្ញាធរឃុំយើង»

ពលរដ្ឋបាត់បង់ដីមួយរូបទៀត លោក សៀក ស៊ុន វ័យ ៦៦ឆ្នាំ ដែលពិការជើងខាងស្តាំផងនោះនិយាយថា លោកបាត់បង់ដី ៣ហិកតា ដែល​មេភូមិ​បានសម្រេចឱ្យកាន់កាប់ចាប់ពីឆ្នាំ១៩៩៥មក។ លោកថា ដីនោះគឺលោកមិនបានអាស្រ័យផលអ្វីនោះទេ ដោយគា្រន់តែជួល​កម្មករ​លើកដី​ធ្វើជា​ព្រំប្រទល់​ទុកចោលលុះក្នុងឆ្នាំ២០១១ ក៏មានគ្រឿងចក្រឈូសឆាយយកតែម្តង។

លោកឱ្យដឹងថា ពេលក្រុមអ្នកភូមិចេញតវ៉ាម្តងៗគឺតែងតែមានអាជ្ញាធរតាមចាំឃាត់ជានិច្ច។

លោក សៀក ស៊ុន ថ្លែងថា៖ «ទាល់តែទៅតវ៉ា បានគាត់ [អាជ្ញាធរ] មុខទៅឃាត់ជាឡាន។ គាត់ [អាជ្ញាធរ] ថាបាច់ទៅទេ ឃាត់ដំណើរយើងអត់ឱ្យចេញទៅ យើងទៅក្រសួងនេះ ក្រសួងនេះ អត់ឱ្យទៅយើងទៅ»។

ទោះជាយ៉ាងណាក្តី បុរសវ័យ ៦៦ ឆ្នាំ រូបនេះ ជំរុញទៅរដ្ឋាភិបាល និងភាគីក្រុមហ៊ុនគប្បី​​ផ្តល់សំណងសមរម្យមួយដល់ពួកគាត់។

ពលរដ្ឋរស់នៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សៀក ស៊ុន អង្គុយផ្តល់បទសម្ភាសន៍អំពីបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅ ដោយមិនទាន់មានសំណងកាលពី ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (សុត បាន)

លោក សៀក ស៊ុន និយាយថា៖ «បើចិត្តខ្ញុំចង់ទាមទារឱ្យរដ្ឋាភិបាល ឬក្រុមហ៊ុនលោក [លី យ៉ុងផាត់] ដោះស្រាយតាមតម្លៃទីផ្សារ មិនចាំបាច់ថា កំណត់ដី ៣ហិកតាហ្នឹង ១០ម៉ឺន បានខ្ញុំយកមែនអីចឹងទេ។ ខ្ញុំថា ឱ្យថាសមស្រប តុល្យភាព យកដីខ្ញុំប៉ុណ្ណឺង ហើយឱ្យលុយខ្ញុំមក ខ្ញុំអាច​ទៅទិញ​បានវិញនៅក្នុងតំបន់ហ្នឹងដែរ»។

វីអូឌី នៅមិនទាន់រកការឆ្លើយតបពីតំណាងក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ បាននៅឡើយទេនៅថ្ងៃនេះ។

ទោះបីជាយ៉ាងនេះក្តី មេឃុំរស្មីសាមគ្គី លោក យឿង ភឿន ច្រានចោលការចោទប្រកាន់របស់ពលរដ្ឋរងគ្រោះដោយថា ការដាក់កងកម្លាំងក្នុង​ពេលដែល​ពល​រដ្ឋ​នាំគ្នា​ដាក់ញត្តិផ្សេងៗ នាពេលកន្លងមកនោះ គឺដើម្បីការពារសន្តិសុខ សុវត្ថិភាពរបស់ពួកគេតែប៉ុណ្ណោះ។

លោក យឿង ភឿន ថា៖ «ធម្មតាសមត្ថកិច្ចគេមិនឱ្យទៅ ឧទាហរណ៍ថា ទៅអុកឡុក អីទៅ ទៅណេះទៅនោះអីចឹង។ អ្នកហ្នឹងវា ច្រើន​លើក​ច្រើន​សារ​ពេក​ទៅហើយ យើងគ្រាន់តែឃាត់កុំឱ្យគាត់លើកគ្នា ចេះតែភូតកុហក ខ្លាចវាគ្រោះថ្នាក់ចរាចរណ៍អីផ្សេងតាមផ្លូវ»។

មេឃុំរូបនេះ បន្ថែមថា ក្នុងឃុំរបស់លោក មានគ្រួសារជាង ២០គ្រួសារទេ ដែលមិនទាន់ទទួលដំណោះស្រាយ ហើយថា​អាជ្ញាធរព្យាយាម​ដោះស្រាយ​ច្រើន​លើក​ច្រើនសាររួចមកហើយ ចំណែកសកម្មភាពរបស់ក្រុមពលរដ្ឋតវ៉ាសព្វថ្ងៃនេះ លោកចាត់ទុកថា ជារឿងនយោបាយ។

លោក យឿង ភឿន ថា៖ «បើមែនទែន គាត់យកអាហ្នឹងធ្វើអាជីវកម្មរបស់គាត់វិញទេ។ ខាងក្រុមហ៊ុនខាងអីហ្នឹងដោះស្រាយជូនគាត់ប្រមាណ ២សារ​រួច​ហើយ​​ដើម្បីបញ្ចប់រឿង។ និយាយរួមខ្ញុំអត់ថាម៉េចទេ ប្រជាពលរដ្ឋរបស់ខ្ញុំ គាត់នៅខាងគណបក្សស្អីទេ គាត់មានការញុះញង់បំផុសបំផុល»។

យ៉ាងណាក្តី មន្រ្តីសម្របសម្រួលនៃសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រដ្ឋ ថាវី ដែលឃ្លាំមើលទំនាស់ដីធ្លីនេះ បានសង្កេតឃើញថា កន្លង​មក​អាជ្ញាធរ​មូលដ្ឋាន​ពិត​ជា​បានរារាំង ដល់​ការចេញចំណើររកដំណោះ​ស្រាយ​របស់ពលរដ្ឋរងគ្រោះដីធ្លីជាមួយក្រុមហ៊ុនលោក លី យ៉ុងផាត់ ពិតមែន។ លោកថា សកម្មភាព​នេះ ជាការរឹតត្បិតសេរីភាពរបស់ពលរដ្ឋ។

លោក រដ្ឋ ថាវី ថា៖ «យើងមើលអាហ្នឹង វាទាក់ទងនឹងការរឹតត្បិតសេរីភាព​ជាមូលដ្ឋានរបស់ពួកគាត់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់មានបញ្ហា អាជ្ញាធរ​គួរតែមាន​ការបើកទូលាយឱ្យគាត់ធ្វើការតវ៉ាទាមទារតាមផ្លូវច្បាប់ ព្រោះពួកគាត់ធ្វើការតវ៉ាទាមទារតាមផ្លូវច្បាប់ »។

លោក រដ្ឋ ថាវី ជំរុញទៅរដ្ឋាភិបាលត្រូវមានយន្តការដោះស្រាយទំនាស់ដីនេះប្រកបដោយតម្លាភាពនិងឱ្យបានឆាប់រហ័ស ដោយថា ការអូស​បន្លាយ​ពេល​យូរ​បែបនេះ នឹងធ្វើឱ្យប៉ះពាល់ជីវភាពពលរដ្ឋដែលរងផលប៉ះពាល់និងបង្កឱ្យមានបញ្ហាផ្លូវចិត្តចំពោះពួកគេផងដែរ។

លោក រដ្ឋ ថាវី ថា៖ «បើអត់ដីធ្វើស្រែចម្ការ​គាត់ពិបាកនឹងរស់ ធ្វើឱ្យជីវភាពគាត់វា​អត់ដើរទៅមុខបានលឿន ហើយបញ្ហា​វិបត្តិផ្លូវចិត្ត​របស់គាត់ចេះ​តែកើតមាន»។

លោក លី យ៉ុងផាត់ គឺម្ចាស់ក្រុមហ៊ុនស្ករសរភ្នំពេញ (Phnom Penh Sugar Company) និងជា សមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាច។ ពលរដ្ឋ​មានជម្លោះដីធ្លីជាមួយក្រុមហ៊ុននេះ​ នាពេលកន្លងមកធ្លាប់បានធ្វើយុទ្ធការ ​«ស្ករសរប្រឡាក់ឈាម ឬស្ករឈាម» ដើម្បីប្រឆាំង​ការលក់​ចេញស្ករ​អំពៅ​នេះ​ថែមទៀតផង។

ធនាគារ ANZ មានមូលដ្ឋាននៅទីក្រុងមែនប៊ន (Melbourne) ប្រទេសអូស្រា្តលី ដែលបានផ្តល់កម្ចី ៤០លានដុល្លារ ដល់ក្រុមហ៊ុន លោក លី យ៉ុងផាត់ ក្នុងឆ្នាំ២០១១ ធ្លាប់បានទទួលស្គាល់កំហុសរបស់ខ្លួន ករណីរំលោភសិទ្ធិមនុស្ស ក្រោយពីមានការប្តឹងតវ៉ាពីប្រជាពលរដ្ឋ ជាច្រើនឆ្នាំ​កន្លង​មក​ចំពោះក្រុមហ៊ុន​ស្ករ​អំពៅនេះ។ ធនាគារនេះបានចេញសងដោយ​យកថវិការចំណេញពីកម្ចីនេះ ផ្តល់ឱ្យពលរដ្ឋដែលបាត់បង់ដី តែយ៉ាងណាមិនបានពេញលេញគ្រប់គ្នា​នោះទេ។

ទោះជាបែបនេះក្តី ក្រុមប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលបានយុត្តិធម៌ លើកឡើងថា ពួកគេនៅតែតស៊ូរហូតទទួលបានដំណោះស្រាយ។

អ្នកស្រី មុំ សុភី ថា គាត់ គ្រោងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នកំពូលៗម្តងទៀត មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់។

អ្នកស្រី មុំ សុភី និយាយថា ៖ «សម្រាប់ខ្ញុំអត់ដែលអស់សង្ឃឹមទេ។ ខ្ញុំជឿជាក់ថា​ នៅលើលោកនេះមានថ្ងៃណាមួយមានយុត្តិធម៌ សម្រាប់ពួកខ្ញុំ និងសម្រាប់ពលរដ្ឋគ្រួសាររងគ្រោះដទៃទៀត»។

ចំណែកអ្នកស្រី យឿន សាំ វិញដែលមានវ័យកាន់តែចាស់ទៅហើយនោះរំពឹងថា ការតស៊ូរបស់គាត់ជាមួយអ្នកភូមិជាង១០ឆ្នាំនេះ នឹងទទួល​បាន​យុត្តិធម៌​ថ្ងៃណា​មួយមិនខាន។

អ្នកស្រី យឿន សាំ និយាយថា៖ «សង្ឃឹមនោះ សង្ឃឹមហើយ ចេះតែផ្សងព្រេងទៅណា»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ