សង្គម​ស៊ីវិល​ជិត ១០០​ស្ថាប័ន ទទូច​រដ្ឋាភិបាល​ដោះស្រាយ​«វិវាទ​ដីធ្លី​ដ៏រ៉ាំរ៉ៃ​» នៅ​ព្រលាន​យន្តហោះ​ថ្មីឱ្យ​បាន​ឆាប់​

ការដ្ឋានសាងសង់ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

សង្គមស៊ីវិលជិត ១០០ស្ថាប័ន ជំរុញឱ្យរដ្ឋាភិបាលពន្លឿនការដោះស្រាយជម្លោះដីធ្លីនៅព្រលានយន្តហោះថ្មីឱ្យបានឆាប់ ក្រោយកត់សម្គាល់ថា វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងក្រុមហ៊ុនOCICនិងពលរដ្ឋម្ចាស់ដីមានភាពធ្ងន់ធ្ងរ ក្នុងនោះពលរដ្ឋរងគ្រោះ​ជាច្រើនកំពុងរងការបណេ្តញចេញដោយបង្ខំទាំងមិនទាន់ទទួលបានដំណោះស្រាយសមរម្យខណៈអាជ្ញាធររដ្ឋបានខកខានបំពេញតួនាទីជាអ្នកបម្រើរាស្ត្រហើយថែមទាំងបានបង្កើតនូវបរិយាកាសភ័យខ្លាចដល់ពលរដ្ឋទៅទៀត។

ការជំរុញនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២របស់អង្គការសង្គមស៊ីវិលចំនួន៨៤ស្ថាប័ន នាឱកាសប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ ក្នុងនោះសំណើ «សុំឱ្យពន្លឿនការដោះស្រាយទំនាស់ដីធ្លី នៅតំបន់ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី»។

អង្គការសង្គមស៊ីវិលទាំងជិត ១០០ ស្ថាប័ន នោះរួមមាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស (LICADHO), សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) ជាដើម បានបង្ហាញក្តីបារម្ភ និងជំរុញរដ្ឋាភិបាលកម្ពុជា ផ្តល់ដំណោះស្រាយសមរម្យដើម្បីបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងក្រុមហ៊ុន OCIC និងពលរដ្ឋម្ចាស់ដីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី «អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»។

ការជំរុញនេះ កើតឡើងក្រោយសង្គមស៊ីវិលទាំងនោះកត់សម្គាល់ថា វិវាទដីធ្លីនេះមានភាពធ្ងន់ធ្ងរ ហើយពលរដ្ឋរងផលប៉ះពាល់ជាច្រើនកំពុងជួបទុក្ខសោកដោយទទួលរងនូវការបណេ្តញចេញដោយបង្ខំពីផ្ទះសម្បែងនិងដីធ្លីរបស់ពួកគេ ហើយមិនបានទទួលនូវដំណោះស្រាយសមរម្យនៅឡើយ។

ពួកគេបន្តថា អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺពលរដ្ឋដែលរងផលប៉ះពាល់បានរងសម្ពាធតាមរយៈឡើងតុលាការផងដែរ។ ពលរដ្ឋចំនួន៩នាក់ (ក្នុងនោះមានស្ត្រីចំនួន៤នាក់) ក្នុងចំណោមប្រជាពលរដ្ឋចំនួន ៣០នាក់ ត្រូវបានចាប់ខ្លួនក្នុងការប៉ះទង្គិចគ្នាដោយហិង្សាទ្រង់ទ្រាយធំមួយបានកើតឡើង នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រវាងពលរដ្ឋដែលជាម្ចាស់ដី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលនោះ ហើយកំពុងរងការចោទប្រកាន់ពីបទព្រហ្មទណ្ឌនៅឡើយ។

កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចេញដីកាកោះ ហៅពលរដ្ឋម្ចាស់ដីទាំង៩នាក់ ដែលបច្ចុប្បន្នរស់នៅ ឃុំបឹងខ្យាង និងឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទីខេត្តតាកែវ ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនានិងមានស្ថានទម្ងន់ ទោសញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រឆាំងនឹងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោសឱ្យចូលខ្លួនទៅកាន់សវនាការនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

អង្គការសង្គមស៊ីវិលសងេ្កត និងយល់ឃើញថា ការឆ្លើយតបរបស់អាជ្ញាធររដ្ឋបែបនេះ បង្កើតនូវស្ថានភាពមួយ ដែលធ្វើឱ្យពលរដ្ឋដែលជាជនរងគ្រោះ រស់នៅក្នុងសង្គមមួយដោយភ័យខ្លាច​បាត់បង់សេរីភាព និងសេចក្តីសង្ឃឹមសម្រាប់អនាគតរបស់ពួកគាត់ ដែលផ្ទុយនឹងគោលការណ៍ សិទ្ធិមនុស្សជាសកល និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសគឺផ្ទុយពីគោលការណ៍មន្ត្រីរបស់រដ្ឋជាអ្នកបម្រើរាស្ត្រ។

បើតាមសង្គមស៊ីវិលទាំងនោះ ការតវ៉ារបស់ពលរដ្ឋម្ចាស់ដីកន្លងមកនេះ គឺដោយសារតែសំណងដែលកំណត់ដោយក្រុមហ៊ុន OCIC និងអាជ្ញាធរនោះមិនសមរម្យ និងមិនស្របតាមតម្លៃទីផ្សារ ដែលពួកគាត់អាចស្វែងរកទិញដីទំហំប្រហាក់ប្រហែលគ្នានឹងដីដែលបានបាត់បង់នៅតំបន់ជុំវិញគម្រោងព្រលានយន្តហោះថ្មីនោះបាន និងពុំមានភាពច្បាស់លាស់ចំពោះទំហំ និងទីតាំងដីដែលក្រុមហ៊ុន និងអាជ្ញាធរសន្យានឹងប្រគល់ឱ្យទៅពលរដ្ឋដែលយល់ព្រមដោះដូរដី។

មួយវិញទៀត ពួកគេក៏នៅមិនទាន់មានភាពប្រាកដប្រជាចំពោះដំណោះស្រាយដី និងផ្ទះចំនួន៦៦ខ្នង នៅជាប់ក្រវ៉ាត់ព្រលានយន្តហោះនោះផងដែរ ដែលជាគោលដៅនៃការរុះរើចេញ។

ក្នុងឱកាសប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នេះ ពួកគេស្នើរដ្ឋាភិបាល ក្រុមហ៊ុននិងអ្នកពាក់ព័ន្ធ ធានានូវការគោរពសិទ្ធិលំនៅឋាន សិទ្ធិកាន់កាប់ និងភាពជាម្ចាល់លើសម្បត្តិឯកជនស្របតាមច្បាប់ជាតិ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិឱ្យបានពេញលេញ គ្រប់ទីកន្លែង និងគ្រប់ពលរដ្ឋដែលពាក់ព័ន្ធ ចំពោះករណីទំនាស់ដីធ្លីនៅតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះ។

សង្គមស៊ីវិលទាំង ៨៤​ស្នើថា៖«[១]សូមឱ្យតុលាការទម្លាក់ការចោទប្រកាន់ទៅលើពលរដ្ឋទាំង ៩នាក់ ដែលបានរៀបរាប់ខាងលើ។ [២] សូមឱ្យរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនដោះស្រាយដីស្រែរបស់ពួកគាត់ដែលប៉ះពាល់តាមតម្លៃទីផ្សារ។[៣] ចំពោះដី និងផ្ទះទាំងឡាយណាដែលពួកគាត់យល់ព្រមដោះដូរ សុំឱ្យអាជ្ញាធរ និងក្រុមហ៊ុនចេញប័ណ្ណកម្មសិទ្ធិដោយបញ្ជាក់ទីតាំងច្បាស់លាស់ជាមុន។[៤] សូមឱ្យអាជ្ញាធរ និងក្រុមហ៊ុនដោះស្រាយសំណងតាមតម្លៃទីផ្សារចំពោះដី និងផ្ទះរបស់ពួកគាត់ដែលប៉ះពាល់ចំនួន៦៦ខ្នង នៅជាប់ក្រវ៉ាត់ព្រលានយន្តហោះដែលអាជ្ញាធរកំពុងវាស់វែង និងជាគោលដៅនៃការរុះរើ»។

ក្រៅពីនោះ ពួកគេទទូចឱ្យរដ្ឋាភិបាលជំរុញក្រុមហ៊ុនពន្លឿនការដោះស្រាយបញ្ហាទាំងប៉ុន្មានរបស់ពលរដ្ឋដែលរងប៉ះពាល់ទាំងអស់ឱ្យបានឆាប់។

មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងបន្ថែមលើសេចក្តីថ្លែងការណ៍រួមនេះថា សង្គមស៊ីវិលទាំងជិត ១០០ សង្កេតឃើញថា មានការរំលោភលើសិទ្ធិរបស់ពលរដ្ឋធ្ងន់ធ្ងរតាមរយៈការបណ្តេញចេញពីដីធ្លីនៅនៅទីតាំងព្រលានយន្តហោះថ្មី បើទោះកាលៈទេសៈកាលនោះពួកគេកំពុងរងគ្រោះដោយសារស្ថានភាពកូវីដ-១៩ក៏ដោយ ខណៈមកទល់ពេលនេះ បញ្ហានៅមិនទាន់បញ្ចប់ដោយត្រឹមត្រូវទៅទៀត។

លោកបន្ថែមថា ជាក់ស្តែងកន្លងមកមានការប៉ះទង្គិច ការដាក់សម្ពាធឱ្យពលរដ្ឋម្ចាស់ដីទទួលយកសំណងដែលមិនពេញចិត្ត មិនត្រូវតាមតម្លៃទីផ្សារ ហើយមិនអាចយកថវិកានោះទៅទិញដីនៅជិតព្រលានយន្តហោះថ្មីបានទេ ខណៈមួយម៉ែត្រការ៉េមានតម្លៃចាប់ពី៨០ទៅជាង១០០ដុល្លារ។ ក្រៅពីនោះ មានការគម្រាមកំហែងពេលពួកគេដាក់ញត្តិឱ្យមានការដោះស្រាយដោយយុត្តិធម៌ ខណៈមានការចុះវាស់វែងដីរបស់ពលរដ្ឋទាំងដែលម្ចាស់ដីមិនទាន់យល់ពីដំណើរការដោះដូរជាដើម។

លោក វណ្ណ សូផាត ថា ហេតុនេះទើបសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលបំពេញតួនាទីរបស់ខ្លួនជាអ្នកបម្រើរាស្ត្រ ដោះស្រាយវិវាទមួយនេះឱ្យចប់ដោយយុត្តិធម៌និងឱ្យបានឆាប់ ក្រោយឃើញថាវិវាទនេះរ៉ាំរ៉ៃយូរហើយ។

មន្ត្រីសង្គមស៊ីវិលរូបនេះអះអាងថា បើរដ្ឋមិនដោះស្រាយដោយយុត្តិធម៌ទេ អ្នករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតគឺពលរដ្ឋ ពីព្រោះពួកគេបាត់បង់ដីស្រែចម្ការ ទាំងមិនទទួលសំណងត្រឹមត្រូវ គ្មានលទ្ធភាពរកទីលំនៅ និងទីតាំងរកស៊ីឡើងវិញ សេដ្ឋកិច្ចធ្លាក់ចុះ និងរុញច្រានឱ្យពួកគេមានជីវភាពក្រីក្រថែមទៀត។

លោក វណ្ណ សូផាត ថា៖ «ផលប៉ះពាល់ខ្លាំងបំផុតហ្នឹងគឺថាសិទ្ធិរបស់ពួកគាត់ហ្នឹងគឺនៅលើផ្ទះ នៅលើដីហ្នឹងហើយ។ ចឹងបើសិនជាគាត់បាត់បង់ចំណូល បាត់បង់សេដ្ឋកិច្ចគ្រួសារហ្នឹង ឃើញថាជីវភាពរបស់ពួកគាត់ហ្នឹងគឺកាន់តែក្រីក្រទៅ។ កាន់តែរុញច្រានឱ្យពួកគាត់កាន់តែក្រីក្រទៅៗ វាខុសទៅហ្នឹងគោលការណ៍រដ្ឋាភិបាលដែលថាកាត់បន្ថយភាពក្រីក្រ ហើយនិងគោលការណ៍ថាមន្ត្រីជាអ្នកបម្រើរាស្រ្ត។ ចឹងត្រឡប់ទៅវិញបែរទៅជាមន្ត្រីហើយនិងក្រុមហ៊ុនទៅដាក់សម្ពាធហើយធ្វើឱ្យរាស្រ្តហ្នឹងកាន់តែក្រីក្រទៅទៀត»។

វីអូឌីមិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេនៅថ្ងៃចន្ទនេះ។

រីឯ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនធ្វើអត្ថាធិប្បាយករណីនេះ ដោយថាអ្នកនាំពាក្យក្រសួងដែនដី និងអាជ្ញាធរពាក់ព័ន្ធមានតួនាទីឆ្លើយតបរឿងនេះ។

លោកថា៖ «រឿងហ្នឹង គណៈកម្មការគេ ទី១ គឺឯកឧត្តមឧប ជា សុផារ៉ា ហើយសួរអ្នកនាំពាក្យដែនដីហ្នឹង គេដឹងរឿង។ អ៊ំអត់ដឹងទេ អាហ្នឹងក្មួយ!»។


ចំណែក អភិបាលរងខេត្តកណ្តាល លោក គ្រុយ ម៉ាឡែន លើកឡើងថា អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ សម្របសម្រួល ដោះស្រាយវិវាទដីធ្លីនេះតាមគោលការណ៍ណែនាំរបស់អន្តរក្រសួង។ លោកបន្តថា ស្ថាប័នពាក់ព័ន្ធបានវាយតម្លៃម៉ត់ចត់ណាស់មុននឹងសម្រេចដោះដូរដីផ្តល់សំណងដល់ពលរដ្ឋ។

លោក គ្រុយ ម៉ាឡែនច្រានចោលនូវការដែលលើកឡើងថាអាជ្ញាធររដ្ឋបង្កើតបរិយាកាសភ័យខ្លាច គម្រាមកំហែង ប្រើប្រាស់តុលាការដាក់សម្ពាធ បង្ខំឱ្យពលរដ្ឋចាកចេញទាំងសំណងមិនសមរម្យ។

លោកថា តាមពិតពលរដ្ឋស្ទើរទាំងអស់ហើយដែលពេញចិត្តនូវការវាយតម្លៃដោះដូររបស់អាជ្ញាធររដ្ឋដោយឡែកនៅសល់ចំនួនតិចតួចប៉ុណ្ណោះដែលជឿតាមការញុះញង់ទាមទារតម្លៃខ្ពស់ និងមិនព្រមរុះរើចេញ។

យ៉ាងណា អភិបាលរងខេត្តកណ្តាលរូបនេះថាលោកមិនចាំទេតួលេខថាប៉ុន្មានគ្រួសារបានទូទាត់ដោះស្រាយរួច និងប៉ុន្មានគ្រួសារនៅសេសសល់។
លោកថា៖ «រដ្ឋគ្មានទៅដេញប្រជាពលរដ្ឋចោលដោយមិនមានសំណងទេ។ ដោយឡែកការទារសំណងដែលលើសពីអ្វីដែលបានសិក្សាបានវាយតម្លៃដោយក្រុមហ៊ុនឯករាជ្យត្រឹមត្រូវនោះគឺយើងមិនអាចផ្តល់ជូនបានទេពីព្រោះប្រជាពលរដ្ឋភាគច្រើនណាស់ស្ទើរតែទាំងអស់ទៅហើយគាត់ឯកភាពតាមអ្វីដែលសិក្សាហើយ។ […] អាជ្ញាធរគឺគ្មានចង់ធ្វើការចាប់ចងបងប្អូនប្រជាពលរដ្ឋណាម្នាក់ទេមិនមានការបំភិតបំភ័យគំរាមកំហែងណាមួយទេគឺស្នើសំណូមពរហើយសំណូមពរទៀត ឱ្យមកទទួលការដោះស្រាយទូទាត់ឱ្យបានឆាប់កាន់តែល្អដើម្បីឱ្យការអភិវឌ្ឍ យើងនេះបានទទួលផលទាំងអស់គ្នា»។


ពលរដ្ឋមួយរូបរស់នៅទីតាំងវិវាទដីធ្លីនៅព្រលានយន្តហោះថ្មី ក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនិងសំឡេងដោយ បារម្ភពីសុវត្ថិភាពថា លោកនិងគ្រួសារបានបង្ខំចិត្តទទួលយកសំណង ៨ដុល្លារក្នុងមួយម៉ែត្រការ៉េទាំងមិនអស់ចិត្ត ដោយសារសម្ពាធនានា និងបារម្ភពីសុវត្ថិភាពគ្រួសារ ខណៈលោកបានតស៊ូមតិអស់រយៈពេលប្រមាណ ៣ឆ្នាំហើយ តែមើលមិនឃើញពន្លឺដំណោះស្រាយដោយយុត្តិធម៌ទាល់តែសោះ។

លោកថា ថវិកាតិចតួចដែលទទួលយកទាំងបង្ខំចិត្តនេះ លោកមិនអាចទិញដីនៅទីតាំងជិតផ្ទះចាស់ដែលរុះរើបានទេ ព្រោះគេលក់ក្នុងតម្លៃខ្ពស់លើសលប់។ ដូច្នេះលោកបានទៅទិញដីមានតម្លៃ១០ដុល្លារក្នុងមួយម៉ែត្រការ៉េនៅស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីផ្ទះចាស់។

លោកថា៖ «ខ្ញុំអត់សប្បាយចិត្តទេក្នុងការទទួលយក! ខ្ញុំមិនសប្បាយចិត្តពេញទំហឹង តែខ្ញុំត្រូវបង្ខំចិត្តទទួលយកសំណងនេះព្រោះតែមានសម្ពាធ ខ្ញុំត្រូវតែធ្វើដើម្បីគ្រួសារ ខ្ញុំមិនអាចនៅត្រាំត្រែងបាន។ អារម្មណ៍ពិត ខ្ញុំមិនសប្បាយចិត្តទេ តែអ្នកផ្ទះប្រឈមនឹងភាគីពាក់ព័ន្ធ បញ្ហាសុវត្ថិភាពជាដើម ក្រោយតវ៉ា ៣-៤ឆ្នាំហ្នឹង យើងចាកចេញទាំងមិនអាចទទួលយកបាន»។

សង្គមស៊ីវិលទាំងនោះអះអាងថា តាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ«ការបណ្តេញចេញដោយបង្ខំ» ត្រូវបានអនុញ្ញាតតែនៅក្នុងកាលៈទេសៈជាក់លាក់និងមានកំណត់អប្បបរមា ហើយត្រូវតែមានយុត្តិធម៌ពេញលេញដែលអនុញ្ញាតដោយច្បាប់ និងត្រូវគោរពតាមវិធានសិទ្ធិមនុស្សអន្តរជាតិ និងការដោះស្រាយតាមផ្លូវច្បាប់ពេញលេញត្រូវតែមានចំពោះអ្នករងផលប៉ះពាល់។

ចំណែក គោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្ដីពីធុរកិច្ចនិងសិទ្ធិមនុស្ស បានផ្ដល់ការណែនាំដល់រដ្ឋទាំងឡាយឱ្យធានាចំពោះគណនេយ្យភាពសាជីវកម្ម ដែលកំពុងប្រតិតបត្តិការក្នុងរដ្ឋរបស់ខ្លួន ដោយផ្តោតទៅលើសសរស្ដម្ភសំខាន់ៗចំនួនបីគឺ ការការពារ ការគោរព និងដំណោះស្រាយ។ សសរស្តម្ភទាំងបីនេះ អំពាវនាវឱ្យមានគណនេយ្យភាពសាជីវកម្ម ក្នុងនោះរដ្ឋ និងវិស័យឯកជន ត្រូវផ្ដល់ជូនជនរងគ្រោះពីការបំពានលើ«សិទ្ធិមនុស្សដោយធុរកិច្ច»នូវលទ្ធភាពក្នុងការទទួលបានដំណោះស្រាយដោយប្រសិទ្ធភាព។

ក្រៅពីនោះ ពួកគេគូសបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាបានធានាដល់ពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិពេញលេញ ពិសេសយោងមាត្រា៤៤ ចែងថា ជនណាក៏ដោយ ទោះជាបុគ្គលក្តី ជាសមូហភាពក្តី មានសិទ្ធិជាម្ចាស់កម្មសិទ្ធិជាដើម។ កម្មសិទ្ធិឯកជនស្របច្បាប់ ស្ថិតនៅក្រោមការគាំពារនៃច្បាប់ ហើយដែលនឹងដកហូតកម្មសិទ្ធិពីជនណាមួយនោះ លុះ ត្រាតែប្រយោជន៍សាធារណៈត្រូវបានធ្វើ ក្នុងករណីដែលច្បាប់បានបញ្ញត្តិទុក ហើយត្រូវផ្ដល់សំណងជាមុនដោយសមរម្យ និងយុត្តិធម៌។

ចំណែក មាត្រា ២២ នៃច្បាប់អស្សាមិករណ៍ចែងថា ប្រាក់សំណងដែលត្រូវផ្ដល់ឱ្យម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិ ត្រូវគិតតាមតម្លៃទីផ្សារ ឬ ថ្លៃជំនួសនៅកាលបរិច្ឆេទនៃការចេញសេចក្តី ប្រកាសស្តីអំពីគម្រោងអស្សាមិករណ៍។ ពិសេសជាងនេះទៅទៀត សំណងត្រូវទូទាត់ជាសាច់ប្រាក់ ជាទ្រព្យ ឬ ជាសិទ្ធិជំនួសទៅតាមភាពជាក់ស្ដែងដោយមានការយល់ព្រមពីម្ចាស់អចលនវត្ថុ និង/ឬ ម្ចាស់កម្មសិទ្ធិនិងពីគណៈកម្មការអស្សាមិករណ៍ (មាត្រា២៤នៃច្បាប់ដដែល)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ