លោក ហ៊ុន​​ សែន ​ប​ង្ហាញ​​​កា​រ​​​យកចិ​ត្ត​​ទុក​ដាក់​​​លើ​ជ​​នក្រី​ក្រ តែ​បន្ត​បិទ​ខ្ទប់​បក្សប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ប្រភពរូបភាព៖ (ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន )

លោកនាយករ​ដ្ឋ​ម​ន្រ្តី​ ហ៊ុន​ សែ​ន​ និង​ជា​មេ​ដឹ​ក​នាំ​ប​ក្ស​កា​ន់​អំណា​ច​​ ស​ម្អា​ង​ថា ​​​នឹ​​ង​​ផ្តល់​​ប​​​ណ្ណ​​​​​​​​​​​ក្រីក្រ​​​ជូន​​ព​​​​​ល​​រ​ដ្ឋ​​​​ប្រមា​​ណ​ជា១​០​ម៉ឺ​នគ្រួ​សារបន្ថែ​មទៀត ​ដើ​ម្បី​ជួយសម្រួ​លប​ញ្ហា​ជីវ​ភា​ព​របស់​ពួ​កគេ ខណៈ​ប​​ន្តបិ​ទ​ខ្ទ​ប់គណប​ក្សប្រ​ឆាំង​ពីស​ង្វៀន​ន​យោ​បា​យ​​ចំ​ពេលការបោះ​ឆ្នោ​តជា​តិឆ្នាំ​២​០​២៣ជិ​ត​ម​​ក​ដល់​​។

​​ក្នុង​ពិ​ធីចែកស​ញ្ញាប​ត្រ ឱ្យនិស្សិត​ដែ​ល​ធ្វើ​ឡើង​ក្នុង​រា​ជ​ធា​នីភ្នំ​ពេ​ញ ​នាថ្ងៃ​ច​ន្ទនេះ​ លោក ​​ហ៊ុន ​​សែន ​​ថ្លែង​ថា​លោ​កនឹ​ង​ផ្តល់​បណ្ណ​ក្រីក្របន្ថែមទៀតទៀតនេះ​ដើ​ម្បីជួយសម្រួ​លជីវ​ភា​ព​របស់ពលរដ្ឋដែលរងផលប៉ះពាល់ពីជំ​ងឺ​កូវីដ-១៩ ដោយថា បើទោះបីជម្រើសនេះ មានការរិះគន់ថា លោកបានព្យាយាម​​កេ​​ង​ចំណេ​ញ​នយោបាយមុ​ន​រដូ​វបោះ​ឆ្នោត​មក​​​ដ​ល់​ក្តី​។​

​បន្ថែ​ម​ពី​នេះ លោកបានថ្លែងសារបែបឌឺដងទៅកាន់​អតីត​ដៃ​គូប្រកួតដែ​លមានសក្តានុពល គឺមេដឹកនាំគណបក្សសង្គ្រោះជាតិដែលតុលាការបានរំលាយ ចេញពី​ឆាកនយោបាយ ចាប់ពីចុងឆ្នាំ២០១៧ថា ការផ្តល់បណ្ណក្រីក្រជូនពលរដ្ឋ ជាការជួយមនុស្ស​​ក្នុងសមាជិក​គ្រួ​សា​រ​ទាំ​ង​មូ​ល មិ​ន​មែន​​ផ្តល់ប្រាក់​ត្រឹម​​៤ម៉ឺនរៀល​ក្នុងមួយ​ខែស​ម្រាប់ម​នុស្សចា​ស់ដូចការសន្យាកន្លងទៅនោះទេ​​​។

​លោក​នាយករដ្ឋមន្រ្តី ថ្លែងថា៖​ «ពួកអ្នកឯងភូត ចាស់ៗប្រាក់ខែ៤ម៉ឺនរៀលក្នុង១ខែ។ ខ្ញុំមិនមែន​គិ​តត្រឹមតែមនុស្សចាស់ទេ ​​ចុះបើ​​បានតែចាស់ ចុះអាក្មេងនៅក្នុងផ្ទះនោះ​វាយ៉ាងម៉េច? ខ្ញុំគិតមួយកញ្ចប់ អ្នកក្រីក្រនោះឥឡូ​វ​ជិត៧​០​ម៉ឺន​គ្រួសារ​ឥឡូ​វបើថែ​ម១​០ម៉ឺ​ន​គ្រួសារទៀ​តក៏វាអ​ត់ទា​ស់ខុស​អីដែរ»។

អ្នកនាំពាក្យក្រសួងសង្គមកិច្ចអតីតយុទ្ធជន និ​ង យុ​វនីតិសម្បទា លោក តូច ចា​ន់នី ​លើក​ឡើងថា ​ពលរដ្ឋដែ​​លទទួលបានបណ្ណក្រីក្រ​ ទទួ​លបានប្រាក់​ប្រចាំ​ខែក្នុងមួយគ្រួសារ​​ ចន្លោះ​​​​ពីជាង​​​១០​ម៉ឺ​ន ទៅ​៦​០ម៉ឺនរៀល ​​​​អា​​ស្រ័​យលើ​ចំនួនស​មាជិកគ្រួសារច្រើន ឬតិច ហើយថា​ បច្ចុប្បន្នរដ្ឋាភិបាល ​​នៅតែប​ន្តបើ​កជូន​ពួកគេជិត៧០ម៉ឺនគ្រួសារ។

គណបក្សស​ង្គ្រោះ​ជាតិ ដែលដឹ​កនាំដោយ លោក កឹម សុខា ​និ​ងលោ​ក សម រង្ស៊ី មុនតុលាការរំលាយ បានដាក់ចេញកម្មវិធីនយោបាយចំនួ​ន៧ចំនុ​ច ក្នុងនោះ​មានទាំងផ្តល់ប្រាក់ដល់ចាស់ៗចាប់ពីអាយុ៦០ឆ្នាំឡើង​ នឹងទទួលបានប្រាក់៤ម៉ឺនរៀលក្នុងមួយខែ​ បើគណ​បក្សនេះឈ្នះឆ្នោតបានឡើងកាន់អំណាច។

ក្រៅ​ពីនេះលោក ហ៊ុន សែន ​បានព្រមានវិធានការ ចំពោះសកម្មជននយោបាយ ដែលគាំទ្រលោក សម រង្ស៊ី ក្នុងការប្រើយុទ្ធសាស្ត្រចាស់ បំផុសកុំឱ្យ​ពលរដ្ឋសងបំណុលត្រឡប់ទៅធនាគារវិញផងដែរ ដើម្បីកុំឱ្យពួកគេយកបញ្ហានេះទាក់ទាញសន្លឹកឆ្នោត ។

លោក ហ៊ុន សែន ថា៖ «ឥឡូវអ្នកឯងចង់ធ្វើបដិវត្តន៍តាំងពីហ្នឹង[ឥឡូវ]​ចង់ធ្វើបដិវត្តន៍? និយាយគ្នាត្រង់ៗ លើកមុនខ្ញុំព្រ​មានម្តងហើយ ស្ងាត់!
តែឥឡូវនេះ គេដើរខ្សឹប ហើយអាមុខសញ្ញាដើរខ្សឹបគេដឹងមុខតើ! ជំពាក់លុយគេ ប្រញាប់រកលុយសង ប្រយ័ត្នគេរឹបអូស ដល់​គេរឹបអូសថា អយុត្តិធម៌ណាស់រុះផ្ទះ ចុះហ្អែងខ្ចីលុយគេទៅ ហ្អែងគិតម៉េចដែរ?»។

ស្ថាបនិកគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ លោក សម រង្ស៊ី ដែលគាត់កំពុងនិរទេសខ្លួន មុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ធ្លាប់ចេញសារនយោបាយអំពាវនាវបញ្ហានេះ តែត្រូវលោក ហ៊ុន សែន អះអាងថាលោកបានចេញវិធានការទប់ស្កាត់បានម្តងរួចមកហើយ។

ចំណែកលោក កឹម សុខា វិញត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយជាង៥ឆ្នាំមកហើយ ចាប់ពីថ្ងៃដែលសមត្ថកិច្ចឆ្មក់ចូលចាប់ខ្លួនទាំងយប់ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ចោទថា គប់គិតជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល ក្រោយគណបក្សប្រឆាំងនេះ​ហក់ឡើងប្រជាប្រិយ​ភាពជិតទាន់​គណបក្ស​កាន់អំណាចដែរនោះ ដែលការណ៍នេះ ត្រូវបានគេមើលឃើញថា ជាសំណុំរឿងនយោបាយ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា បដិសេធការលើកឡើងនេះ ដោយសម្អាងថាគណបក្សគ្មានគោលការណ៍នេះទេ ហើយថាក៏គ្មាន​សកម្មជនណាដើរ​ប្រាប់អ្នកជាប់បំណុលកុំឱ្យសងប្រាក់ដែលជំពាក់ទៅធនាគារវិញដែរ។

លោក ថាច់ សេដ្ឋា បញ្ជាក់ថា៖ «យើងអត់មានផលប្រយោជន៍ស្អីទៅធ្វើបែបហ្នឹង អ្វីដែលយើងគិតគឺធ្វើបែបម៉េច​ឱ្យគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុ​ហ្នឹងឱ្យបានច្បាស់លាស់​ នៅពេលយើងដឹកនាំរដ្ឋាភិបាល ដើម្បីបញ្ចុះការប្រាក់ទាំងធនាគារ ទាំ​ងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបន្ធូរបន្ថយ​ដល់ជីវភាពប្រជាពលរដ្ឋ។ យើងមិនអាចតម្លើងខ្ពស់បែបហ្នឹងទេ ដ​ល់ពេលពលរដ្ឋអត់មានលុយសងទៅរឹបអូសយកផ្ទះសម្បែងដីធ្លីអត់ត្រឹមត្រូវទេ»។

សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា ថា សារនយោបាយរបស់មេដឹកនាំ ជាការវាយបំបាក់ស្មារតីក្រុមអ្នកន​យោបាយប្រ​ឆាំង ហើយបានញែក​ពលរដ្ឋឱ្យជា​ពីរក្រុមផ្សេងគ្នា រវាងអ្នកគាំទ្ររដ្ឋាភិបាល និងក្រុមអ្នកមាននិន្នាការផ្ទុយ ដែលបញ្ហានេះនឹង​ជំរុញឱ្យមានភាពផុយស្រួយ​នៃការបែកបាក់ជាតិ ខណៈវិបត្តិនយោបាយមិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះ។

ជាការយល់ឃើញលោកថា មេដឹកនាំក្នុងសង្គមប្រជាធិបតេយ្យគួរប្រើសារនយោបាយជំរុញឱ្យពលរដ្ឋចេះរួមរស់ជាមួយគ្នា ប្រកបដោយសុខដុមរមនា ក្រោមដំបូលរដ្ឋធម្មនុញ្ញ ចៀសវាងផ្ញើសារជំរុញឱ្យជាតិបន្តបែកបាក់គ្មានទីបញ្ចប់ បើមិនដូច្នោះទេលោកថា ថ្នាក់ដឹកនាំនឹងបាត់បង់ការគាំទ្រ។

លោក ឯម សុវណ្ណរ៉ា ថា៖ «ក្នុងក្របខណ្ឌជាថ្នាក់ដឹកនាំយើងគួរតែមាន សារមួយចំនួនដែលអាចបង្រួបបង្រួម​ប្រជាពលរដ្ឋ​ ព្រោះនិន្នាការនយោបាយ​ជាសេរីភាពក្នុងរដ្ឋធម្មនុញ្ញ ដែលផ្តល់សិទ្ធិឱ្យពលរដ្ឋ មានសិទ្ធិជ្រើសរើសគណបក្សនយោបាយ​ដែលខ្លួនស្រឡាញ់ មិនរើសអើងទេ បើកាលណាយើង​យកចំនុចនេះ​មកប្រកាសជាសាធារណៈ ហើយជាថ្នាក់ដឹកនាំទៀត ធ្វើឱ្យអំណាចគាំទ្រពីពលរដ្ឋហ្នឹង ក៏មិនខ្លាំងដែរវាកាន់តែ​ថយទៅវិញទេ»។

យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គម របស់ រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០ បំណុលជាមធ្យមក្នុងមួយគ្រួសារបានកើនឡើង ៨៥ភាគរយ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ពោលគឺកើនពី ៩,៦លានរៀល ដល់១៧,៧លានរៀល ។

ប្រភពដដែលសម្អាងថា សម្រាប់ប្រជាជនកម្ពុជានៅតាមទីជនបទ ការជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺជាហានិភ័យដ៏ធំមួយ​ដែលផ្សារភ្ជាប់ទៅនឹង​ការបាត់បង់ដីធ្លី ផ្ទះសម្បែង ។

ដោយឡែកពាក់ព័ន្ធនឹងបញ្ហានយោបាយវិញ កំពុងរអិលកាន់តែជិតទៅរកវិធានការដាក់ទណ្ឌ​កម្ម​​ទាំងវិស័យសេដ្ឋកិច្ចនិងនយោបាយ បើស្ថានការណ៍មិន​ត្រូវបានកែលម្អ​ទាន់ពេល ក្រោយពីសហរដ្ឋអាមេរិកដាក់កម្ពុជាក្នុងបញ្ជីខ្មៅនៃការជួញដូរមនុស្ស ស្របពេលដែលកម្ពុជាមិនទាន់រើខ្លួនរួចពីបញ្ជីប្រផេះ ឬប្រទេសតាម​ដានការលាងលុយកខ្វក់ពីក្រុមហិរញ្ញវត្ថុអន្តរជាតិ រួមទាំងការធ្វើច្បាប់មួយចំនួន របស់តំណាងរាស្ត្រ អាមេរិក ដើម្បីត្រៀមឆ្លើយតប​ទៅនឹងការធ្លាក់ចុះ​ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែលបានកើតឡើងវិញជាង ៥ឆ្នាំមកនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ