អ្នកនាំពាក្យរដ្ឋសភា លើកឡើងថា ខ្លួនកំពុងរៀបចំនូវការឆ្លើយតប ទៅតំណាងគណបក្សនយោបាយទាំង៤វិញនៅពេលនេះ ទាក់ទងសំណើសុំជួបលោក ហេង សំរិន ដែលផ្តោតលើការកែលម្អប្រព័ន្ធ នៃការបោះឆ្នោត និងលំហសេរីភាពខាងនយោបាយ។
ប្រាប់ វីអូឌី នៅព្រឹកថ្ងៃចន្ទនេះ លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ឱ្យដឹងថា ពេលនេះខាងរដ្ឋសភាកំពុងតែព្រាងលិខិតឆ្លើយតបទៅតំណាងគណបក្សនយោបាយវិញហើយ ប៉ុន្តែលោកបញ្ជាក់ដោយខ្លីថា មិនទាន់ដឹងពីពេលវេលាជាក់លាក់ ក្នុងការបញ្ជូនសារឆ្លើយតបវិញ នៅថ្ងៃណាឱ្យបានច្បាស់លាស់នៅឡើយទេ ព្រោះកំពុងស្ថិតនៅក្នុងដំណើរការនៅឡើយ។
លោកបន្តថា៖ «បាទទទួលរួចហើយ ឥឡូវនេះកំពុងតែរៀបចំឆ្លើយហើយ»។
ការដាក់លិខិតសុំជួបជាថ្មីទៀត នៅថ្ងៃទី១៩ ខែកញ្ញា កន្លងទៅនេះ នៅបន្ទាប់ពីលិខិតលើកទី១ ដែលបក្សនយោបាយទាំង៤ ដាក់ចូលទៅរដ្ឋសភា កាលពីថ្ងៃទី២៥ ខែសីហា ត្រូវបរាជ័យ ដោយស្ថាប័នកំពូលមួយនេះ បដិសេធកាលពីថ្ងៃទី ១៧ សីហា ចំពោះការសុំជួបនេះ។ លិខិតឆ្លើយតបរបស់រដ្ឋសភានៅពេលនោះ សំអាងហេតុថា បទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា គឺពុំមានចែងអំពីបទបែបបទ និងនីតិវិធី នៃការជួបពិភាក្សារវាងរដ្ឋសភា និងគណបក្សនយោបាយ ដែលគ្មានអាសនៈនៅក្នុងរដ្ឋសភាឡើយ។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ឱ្យដឹងថា នៅចំពោះមុខនេះ លោកពិតជាមានភាពស្ទាក់ស្ទើរក្នុងការកំណត់ថាតើអ្វីដែលរដ្ឋសភាឆ្លើយតបនេះ មានភាពវិជ្ជមានកម្រិតណា។ បើទោះបែបណា អ្នកនយោបាយរូបនេះ នៅតែមានសុទិដ្ឋិនិយម ចំពោះឥរិយាបថរបស់រដ្ឋសភាថា ពិតជាមានចិត្តទូលាយ និងបំពេញនូវតួនាទីរបស់ខ្លួន ប្រកបដោយភាពវិជ្ជមាន ទៅតាមសំណើររបស់តំណាងគណបក្សនយោបាយនេះ។
លោកបន្តថា៖ «ខ្ញុំពុំទាន់អាចឆ្លើយថាយ៉ាងណានៅឡើយទេ ដោយសារថាយើងនៅរងចាំមើលការឆ្លើយ និងខ្លឹមសារនៃលិខិតរបស់រដ្ឋសភាសិន។ តែទោះជាយ៉ាងណា ខ្ញុំនៅតែមានការរំពឹងថា សភាគួរដើរតួនាទី និងបំពេញមុខងាររបស់ខ្លួន ជាពិសេសមុខងារតំណាងឱ្យបានខ្ជាប់ខ្ជួនតាមរយៈការជួបជាមួយគណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋធម្មតាដែលមានបំណងចង់បង្ហាញនូវក្តីបារម្ភ និងការយល់ឃើញរបស់ខ្លួនហ្នឹង គឺថាសភាគួរតែបំពេញមុខងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ »។
គណបក្សនយោបាយទាំង៤ ដែលទាមទារឱ្យមានកែលម្អប្រព័ន្ធបោះឆ្នោត និងសិទ្ធិសេរីភាពខាងនយោបាយ នៅមុនការបោះឆ្នោតជាតិខាងមុខនេះ រួមមាន គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន ក្នុងពេលកន្លងទៅ តំណាងគណបក្សនយោបាយទាំង៤ ឱ្យដឹងថា ដោយសារមើលឃើញពីបញ្ហាដែលកើតចេញពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ មានបញ្ហាមិនប្រក្រតី ទើបគណបក្សទាំង៤ ស្នើឱ្យមានការកែលម្អប្រព័ន្ធបោះឆ្នោត ជាពិសេសលំហសេរីភាពសេរីខាងនយោបាយ ឱ្យបានប្រសើរជាងនេះ។ លិខិតសុំកិច្ចអន្តរាគមន៍ និងការពិគ្រោះយោបល់ ក្នុងទិសដៅប្រហាក់ប្រហែលគ្នានេះ សម្ព័ន្ធគណបក្សនយោបាយទាំង៤ ក៏បានជួបក្រសួងមហាផ្ទៃ និងស្ថាប័នជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ ជ.គ.ប រួចហើយដែរ។
សម្រាប់លោក កន សាវាង្ស មន្រ្តីសម្របសម្រួលផ្នែកជាន់ខ្ពស់ នៃអង្គការខុមហ្រ្វែល យល់ឃើញថា ការព្យាយាមបិទផ្លូវពីសំណាក់រដ្ឋសភា ចំពោះការស្នើសុំជួបម្តងហើយម្តងទៀត ពីតំណាងគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលនេះ វាឆ្លុះបញ្ចាំងឱ្យឃើញពីការមិនទទួលខុសត្រូវរបស់រដ្ឋសភា។ ជាងនេះទៀត លោកថា ការបដិសេធណាមួយ គួរមានហេតុផលច្បាស់លាស់ជាងនេះ និងសមរម្យ បើមិនដូច្នេះទេមានន័យថា ជាការឆកល្វែងក្នុងការបំពេញតួនាទី និងភារកិច្ចដូចមានបញ្ញត្តិនៅក្នុងច្បាប់ ព្រោះគណបក្សនយោបាយ ក៏ជាផ្នែកមួយដែលតំណាងឱ្យពលរដ្ឋដែរ។
លោកបន្តថា៖ «អ៊ីចឹងគណបក្សនយោបាយហ្នឹងក៏ជាពលរដ្ឋដែរ ហើយពួកគាត់នៅក្នុងផ្លូវច្បាប់ គឺថាមិនមានកន្លែងណាដែលចែងថា តំណាងគណបក្សនយោបាយមិនបានចរចា ឬក៏មិនទទួលនូវបញ្ហារបស់ប្រជាពលរដ្ឋ ឬក៏គណបក្សនយោបាយហ្នឹង គឺថាអត់មានចែងទេ។ អ៊ីចឹងសំណើទាំងឡាយត្រូវបានដោះស្រាយដោយរដ្ឋតាមរយៈស្ថាប័ន៣ហ្នឹង គឺនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ អ៊ីចឹងការស្នើសុំនេះធ្វើឡើងតាមតំណាងរាស្រ្តហើយ មានន័យថា សភាគួរមានការឆ្លើយតប ទោះបីថានៅក្នុងកម្រិតណាក៏ដោយ គួរតែមានការឆ្លើយតប»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ ពីអង្គការរដ្ឋ។
ចំណែក លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ និងជាភាគីមួយតំណាងឱ្យសម្ព័ន្ធគណបក្សនយោបាយទាំង៤ បញ្ជាក់ថា ប្រសិនបើសំណើរសុំជួបលើកនេះ ត្រូវបានរដ្ឋសភាច្រានចោលជាថ្មីទៀត ពួកគេនឹងរកមធ្យោបាយផ្សេងទៀត ធ្វើយ៉ាងណាជំរុញកិច្ចការនេះ ឱ្យបានដល់គោលដៅ។បន្ថែមពីលើនេះ លោកថា បើមិនមានការកែលម្អប្រព័ន្ធបោះឆ្នោតឱ្យបានប្រសើរទេ នោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលគ្រោងរៀបចំ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នៅតែមិនអាចជឿទុកចិត្តបានពីសាធារណជន ដូចការបោះឆ្នោតអាណត្តិមុនៗដែរ៕