បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយផ្តើមចេញពីវិវាទដីធ្លីសមូហភាពជាមួយក្រុមហ៊ុនចិនមួយនោះ ប្រធានសហគមន៍ដីធ្លីនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម សាង ប្ដេជ្ញាចិត្តថា លោកនៅតែបន្តធ្វើការដើម្បីបម្រើសហគមន៍បន្តទៀត ទោះបីជាខ្លួនត្រូវប្រឈមបញ្ហាគ្រួសារ និងសុវត្ថិភាពផ្ទាល់ខ្លួនក្តី។
«មុនបាត់បង់ដីសហគមន៍ក៏ត្រូវតែ[តវ៉ា] [តវ៉ា]ទៅលែងរួច ដំណោះស្រាយទៅលែងរួចហើយ អាហ្នឹងចាំឈប់។
នេះជាការបញ្ជាក់របស់លោក សែម សាង។ ក្រោយរងបណ្ដឹងជាបន្តបន្ទាប់ សកម្មជនដីធ្លីរូបនេះ ត្រូវបានអាជ្ញាធរឃាត់ខ្លួននៅចុងឆ្នាំ២០១៩ ហើយសាលាដំបូងខេត្តត្បូងឃ្មុំ ផ្ដន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយប្រើប្រាស់អាវុធ» ប៉ុន្តែត្រូវបានលោកប្តឹងឧទ្ធរណ៍ជំទាស់ការសម្រេចនេះ ក្រោយមកសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានសម្រេចផ្តន្ទាទោសលោកមកនៅត្រឹមចំនួន ២ឆ្នាំវិញ ក្រោមបទចោទដដែលនេះ។
លោក សែម សាង អាយុ ៤១ឆ្នាំ ដែលសកម្មក្នុងការទាមទារដីសហគមន៍អះអាងថា ត្រូវបានក្រុមហ៊ុនចិនរំលោភយក មានទីតាំងនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និយាយថា រាល់សកម្មភាពរបស់លោក គឺស្របច្បាប់។
លោក សាង ថ្លែងថា៖ «អត់មានអីឱ្យភ័យខ្លាច វាជារឿងសាមញ្ញ ខ្ញុំដឹងថាទង្វើដែលយើងធ្វើស្របច្បាប់»។
នៅចុងឆ្នាំ២០២១ អង្គការលីកាដូ បានចេញផ្សាយរបាយការណ៍មួយថា រយៈពេលពីរឆ្នាំចុងក្រោយ អំឡុងពេលរីករាលដាលនៃជំងឺកូវីដ-១៩ ប្រជាពលរដ្ឋជាង៥ ០០០ គ្រួសាររងនូវការរំលោភបំពានដីធ្លី និងលំនៅដ្ឋាន។ របាយការណ៍នោះបន្តថា សមាជិកសហគមន៍ និងសកម្មជនដីធ្លីចំនួន ២១នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ១០នាក់កំពុងជាប់ពន្ធនាគារ។
បើតាមអនុប្រធានសហគមន៍ស្រែប្រាំង ឱ្យដឹងថា អ្នកភូមិចំនួន៣២នាក់បានរងបណ្ដឹងទាក់ទិន នឹងវិវាទដីធ្លីនៅភូមិស្រែប្រាំងនេះ ដែលប្ដឹងដោយក្រុមហ៊ុនចិនឈ្មោះ ហាម៉ីនីវីន អ៊ិនវេសមេននិងមន្រ្តីរដ្ឋាភិបាល ក្នុងនោះមានបុរសចំនួន៣នាក់ជាប់ពន្ធនាគារ។
លោក សែម សាង ចាត់ទុកការកាត់ទោសលោក និងសកម្មជនដីធ្លីផ្សេងទៀតដែលតវ៉ាទាមទារដីសហគមន៍ពីក្រុមហ៊ុនចិន ឱ្យជាប់ពន្ធនាគារគឺជារឿងអយុត្តិធម៌។
លោក សាង និយាយថា៖ «ការតស៊ូរបស់យើងគឺតស៊ូរកដំណោះស្រាយអត់មានរកអំពើហិង្សាអីទេ»។
យោងតាមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដីព្រៃលិចទឹករបស់សហគមន៍ស្រែប្រាំង និងសហគមន៍បុស្សស្នោទំហំ ៥៨០ហិកតារបស់ប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ មានជម្លោះជាមួយក្រុមហ៊ុនចិនឈ្មោះ ហាម៉ីនីវីន អ៊ិនវេសមេន ចាប់តាំងពីឆ្នាំ២០១៤។
ក្នុងការចេញមុខតវ៉ាទាមទារដីធ្លីសហគមន៍ត្រឡប់មកវិញជាច្រើនឆ្នាំមកនេះ គ្រួសារលោកតែងរងការគំរាមកំហែង និងការទិញទឹកចិត្តឱ្យបញ្ឈប់ការងារសហគមន៍នេះ តែត្រូវបានលោកសែម សាង បដិសេធ។
អ្នកស្រី ឈឿន សុខ ជាភរិយា លោក សែម សាង ប្រាប់ថា នាងធ្លាប់ទទួលការគំរាមកុំឱ្យប្ដីតវ៉ារឿងដីធ្លីនោះបន្តទៀត។
អ្នកស្រី សុខ និយាយថា៖ «មានគេគំរាមប្រាប់កុំឱ្យប្ដីធ្វើចឹង ប្រាប់តៗគ្នាតាមអ្នកស្រុក កុំឱ្យតវ៉ាដីធ្លីប្រយ័ត្នគេចាប់ដាក់គុក»។

ដោយឡែក លោក សែម សាង ក៏ត្រូវរងការគំរាមកំហែងដោយមិនចំពោះមុខ ឱ្យបញ្ឈប់សកម្មភាពតវ៉ារឿងដីធ្លី ហើយមន្រ្តីរដ្ឋាភិបាលខ្លះ ធ្លាប់ជូនថវិកាមួយចំនួនធំ និងនាំលោកទៅមើលឡានទំនើបៗដើម្បីលួងចិត្តជាថ្នូរនឹងការឈប់ទាមទារដីធ្លីបន្តទៀត។ តែយ៉ាងណា សំណើទាំងនោះត្រូវបានបដិសេធ ដោយលោកយល់ថា ដីសហគមន៍សម្រាប់បង្កបង្កើនផលមានសារៈសំខាន់ចំពោះគ្រួសារ និងសហគមន៍ទាំងមូល។
លោក សាង និយាយថា៖ «ចង់បានដី បើខ្ញុំបានដី៤ហិកតានោះមក បង្កបង្កើនផល សម្រាប់កូនរៀនសូត្របានចេះដឹង…ខ្ញុំដឹងថាប្រឈមបញ្ហាផ្សេងៗ ប៉ុន្តែបើយើងមិនធ្វើវានឹងបាត់បង់»។
កើតក្នុងគ្រួសារកសិករ លោក សែម សាង រស់នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ មានមុខរបរជាកសិករធ្វើស្រែចម្ការ និងដើរស៊ីឈ្នួលគេជាដើម។

(វ៉ា សុភានុត)
នៅឆ្នាំ២០១៣ លោក សែម សាង ដាក់ពាក្យជាសមាជិកសហគមន៍ស្រែប្រាំង មួយឆ្នាំបន្ទាប់ លោកត្រូវបានពលរដ្ឋបោះឆ្នោតឱ្យក្លាយជាប្រធានសហគមន៍ស្រែប្រាំងម្នាក់ក្នុងចំណោមប្រធានទាំ ង១១រូប ដែលសកម្មក្នុងការតវ៉ាទាមទារដីសហគមន៍ពីក្រុមហ៊ុនចិន។
ជិត២០ឆ្នាំមុន លោក សាង បានរៀបការជាមួយនារីម្នាក់ ព្រមទាំងមានកូនចំនួន៣នាក់ ក្នុងនោះមានកូនស្រី អាយុ២ឆ្នាំ និងអាយុ១៤ឆ្នាំកំពុងរៀនថ្នាក់ទី៩ ខណៈកូនប្រុសអាយុ១៧ឆ្នាំ បង្ខំចិត្តឈប់រៀនត្រឹមថ្នាក់ទី៩ ដោយសារបញ្ហាជីវភាពក្នុងគ្រួសារអំឡុងពេលលោកនៅក្នុងពន្ធនាគារ។
លោក សាង និយាយថា៖ « [ចេញពីពន្ធនាគារពីរថ្ងៃ ប្រពន្ធប្រាប់] គាត់(កូនប្រុស)សូមឈប់រៀន។ មិនដឹងធ្វើម៉េច មានតែអន់ចិត្តដោយសារតែ យើងនៅក្នុងនោះ(ពន្ធនាគារ)អត់បានរកលុយឱ្យគាត់រៀនសូត្រ»។
ដោយចាត់ទុកការចាប់ និងឃុំខ្លួនលោកជារឿងអយុត្តិធម៌ ក្រោយចេញពីពន្ធនាគារនៅចុងឆ្នាំ២០២១ លោក សែម សាង បានដាក់ពាក្យប្ដឹងទម្លាក់បទចោទទៅកាន់តុលាការកំពូល។ នៅដើម ខែឧសភា ឆ្នាំ២០២២ តុលាការកំពូលក្រុងភ្នំពេញ សម្រេចឱ្យលោក សែម សាង និងប្អូនប្រុសឈ្មោះ សែម ចំណាន រួមទាំងសកម្មជនដីធ្លីពីររូបទៀត ឱ្យរួចផុតពីការចោទប្រកាន់របស់តុលាការខេត្តត្បូងឃ្មុំ។
អនុប្រធានសហគមន៍ស្រែប្រាំង លោក ថា លីដា វ័យ ២៨ឆ្នាំ ដែលកំពុងរងបណ្ដឹងនៅតុលាការក្រោមបទចោទ «ប្រឆាំងអ្នករាជការសាធារណៈ»ដែលប្ដឹងដោយមន្រ្តីរាជការខេត្តត្បូងឃ្មុំ ប្រាប់ថា លោក សាង ជាមនុស្សនិយាយត្រង់ទៅត្រង់មក ហើយប្រជាសហគមន៍មានការគោរពនិងស្រលាញ់គាត់ច្រើន។
អនុប្រធានសហគមន៍ស្រែប្រាំងរូបនេះ បង្ហាញការសោកស្ដាយចំពោះការជាប់ពន្ធនាគាររបស់លោក សែម សាង ទាំងពុំមានកំហុស បណ្ដាលឱ្យប្រពន្ធ និងកូនរស់នៅប្រឈមជីវភាពខ្វះខាត។
លោក លីដា និយាយថា៖ «មានអារម្មថា សោកស្ដាយ ហើយអាណិតដល់ក្រុមគ្រួសាររបស់គាត់ ព្រោះកាលគាត់ជាប់ពន្ធនាគារប្រពន្ធរបស់គាត់នៅមានផ្ទៃពោះពីរខែ។ ពេលហ្នឹងយើងមើលគ្រួសារគាត់កាន់តែលំបាកទៅៗ អត់មានមេគ្រួសាររកថវិកាមកផ្គត់ផ្គង់គ្រួសារទេ»។
ទោះជាបែបនេះក្ដី លោក លីដា នៅតែចង់ឃើញលោក សាង បន្តធ្វើការងារសហគមន៍ទៀត ដោយសារមានការគាំទ្រច្រើនពីប្រជាសហគមន៍។
លោក លីដា និយាយថា៖ «នៅជឿលើគាត់ដែរ ចឹងខ្ញុំនៅតែចង់់ឱ្យគាត់បន្តជាប្រធានសម្រាប់ដឹកនាំសមាជិកយើងបន្តទៀត ហើយអ្វីដែលកើតឡើងយើងមើលទៅសុទ្ធតែអយុត្តិធម៌»។
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និយាយថា ការប្ដេជ្ញាចិត្ត ការលះបង់ប្រកបដោយឆន្ទៈមោះមុតរបស់ លោក សែម សាង នេះ ជាវីរភាពមួយដ៏អស្ចារ្យ។
លោក សាវឿន និយាយថា៖ «គាត់រងនូវអំពើនៃភាពឈឺចាប់។ រងនូវអយុត្តិធម៌យ៉ាងណាក៏ដោយ ប៉ុន្តែការលះបង់ដ៏ធំធេងនេះគឺយើងសូមកោតសរសើរ។ ស្នើឱ្យមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋក្នុងការបន្តលើកទឹកចិត្តឱ្យការងារសង្គមគាត់កាន់តែខ្លាំងក្លាជាងមុនទៀត»៕