ក.ប.ប ច្រាន​​ចោល​ការ​ចោទ​ប្រកាន់​​ដែល​​ថា ​​មន្ត្រី​របស់​​ខ្លួន​​ចុះ​ជំរិត​ទារ​ប្រាក់​ពី​ដេប៉ូលក់​ប្រេង​ជា​ប្រចាំ

មន្រ្តីស៊ើបអង្កេត​ នៃ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប​.ប.) ចុះត្រួតពិនិត្យស្ថានីយដេប៉ូប្រេងឥន្ធនៈ នៅខេត្តកំពង់ធំ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។ (រូបភាព ហ្វេបប៊ុក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ)

នាយកដ្ឋាន​ជំនាញ​របស់​ក្រសួងពាណិជ្ជកម្ម ច្រាន​ចោល​ការ​ចោទ​ប្រកាន់ដែល​​ថា មន្ត្រីរបស់​ខ្លួន​បាន​​ចុះទៅ​ជំរិតទារប្រាក់​ពី​ដេប៉ូ​លក់​ប្រេង​​របស់​​ពលរដ្ឋ​ជា​​ប្រចាំ ដោយថា មន្ត្រីរបស់ខ្លួន​បាន​អនុវត្តត្រឹមត្រូវ​តាមនីតិវិធីច្បាប់ និងបទប្បញ្ញត្តិជាធរមាន​។

ការបដិសេធនេះ ធ្វើឡើង​តាម​ រយៈលិខិតបំភ្លឺ​ ចុះថ្ងៃទី​៣ ខែតុលា របស់ អគ្គនាយកដ្ឋាន​ការពារអ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និងបង្ក្រាប​ការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម និងបន្ទាប់ពី​មានគណនី TikTok មួយ បាន​បង្ហោះវីដេអូផ្សព្វផ្សាយ​កាលពីពេលថ្មីៗនេះ​ ដោយរៀបរាប់​ចោទក្រុមមន្ត្រី​ក្រសួង​ពាណិជ្ជកម្មថា បាន​ចុះជំរិតទារប្រាក់​ពីដេប៉ូលក់ប្រេង​របស់ពួកគាត់​ជាប្រចាំ។

ក្នុងលិខិត​នោះ ក.ប.ប បានលើកឡើងថា គណនី TikTok មួយនោះ បានផ្សព្វផ្សាយព័ត៌មាន ដោយប្រើប្រាស់រូបភាព និងពាក្យ​សំដីចោទ​ប្រកាន់មក​លើមន្ត្រី​របស់ខ្លួន ដែលប្រាស់ចាកពីការពិត។ ក.ប.ប បាន​គូសបញ្ជាក់ថា មន្ត្រីជំនាញរបស់ខ្លួន​បានអនុវត្តការងារ​​ត្រឹមត្រូវ​តាមនីតិវិធីច្បាប់ និងបទប្បញ្ញត្តិ​ជាធរមាន។

ប្រភពដដែលបន្ថែមថា ក្រោយពី​ទទួលបានព័ត៌មាននេះ និងបន្ទាប់ពីមានការ​បញ្ជាពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​បាន​ចាត់មន្ត្រី​ចុះស្រាវជ្រាវ​ករណីនេះ ដើម្បីស្វែងរក​ការបំភ្លឺពីមន្ត្រីដែល​បានចុះអនុវត្តផ្ទាល់ និងម្ចាស់ដេប៉ូលក់ប្រេង​ផងដែរ។

ស្ថាប័ននេះបន្តថា ភាគីមន្ត្រីដែល​បានចុះអនុវត្តច្បាប់ និងម្ចាស់ដេប៉ូលក់​រាយប្រេងឥន្ធនៈ សុទ្ធតែបាន​បង្ហាញ​ឯកសារ​របស់​មន្ត្រីអនុវត្តច្បាប់​បានបំពេញ​ពេលចុះ​ត្រួតពិនិត្យ​នៅដេប៉ូប្រេង​ឥន្ធនៈ និងបានរកឃើញ​ការធ្វើអាជីវកម្ម​មិនស្មោះត្រង់ (មិនគ្រប់លីត្រ) ជូនអ្នកប្រើប្រាស់ ក្នុងនោះ ភាពមិនអនុលោម ត្រូវបាន​រក​ឃើញ​​ចំនួន​ ២លើក គឺនៅខែឧសភា ឆ្នាំ២០២២ មួយលើក និងនៅខែសីហា ឆ្នាំ២០២២.មួយលើក និងបានធ្វើការព្រមាន និងពិន័យអន្តរការណ៍​ចំពោះម្ចាស់​ដេប៉ូ ដោយមានវិក័យបត្រ និងបង្កាន់​ដៃបង់ប្រាក់​ពិន័យអន្តរការណ៍ត្រឹមត្រូវ។

ក.ប.ប អះអាងថា៖ «យោង​តាមការសារភាព​របស់ម្ចាស់ដេប៉ូ ការបង្ហោះវីដេអូ​កន្លងមកនេះ គឺដោយសារតែ​​មានការមិនសប្បាយចិត្ត​ចំពោះសមត្ថកិច្ច ដែល​បាន​ចុះត្រួតពិនិត្យ និងអនុវត្តច្បាប់​ដោយធ្វើការពិន័យ​​អន្តរការណ៍ចំនួន ២លើក កន្លងមក ចំពោះដេប៉ូរបស់ខ្លួន​ដែលបានបំពានច្បាប់​ស្ដីពីកិច្ចការពារ​អ្នក​ប្រើប្រាស់​​»។

អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវដល់ធុរជន​ដែលប្រកបអាជីវកម្មនៅកម្ពុជា រកស៊ីដោយសុចរិត ស្មោះត្រង់ ដើម្បីរួចផុតពីការប្រឈម​ចំពោះ​មុខច្បាប់​ជា​ធរមាន។

ក.ប.ប បន្តថា៖ «មិនត្រូវផ្សព្វផ្សាយ​ព័ត៌មានមិនពិត ចោទប្រកាន់​ចំពោះសមត្ថកិច្ច​ដែលជាអ្នក​អនុវត្តច្បាប់​ដោយ​គ្មានភស្តុតាង ដែលនឹងនាំ​ដល់ការទទួល​ខុសត្រូវចំពោះ​មុខច្បាប់​ផងដែរ​»។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម ក៏បានប្រាប់ឱ្យអ្នក​ប្រកបអាជីវកម្មនានា ផ្តល់កិច្ចសហការ​ជាមួយសមត្ថកិច្ចនៅរាល់ពេល​សមត្ថកិច្ចចុះត្រួតពិនិត្យ សំដៅ​ការពារផលប្រយោជន៍​របស់អ្នកប្រើប្រាស់ និងជំរុញឱ្យ​ការធ្វើអាជីវកម្មប្រកប​ដោយសមធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ