ពលរដ្ឋ​មាន​វិវាទ​ដីធ្លីជាង​៣០០នាក់ ​ប្រមូលផ្ដុំ​​មុខ​​សាលាឧទ្ធរណ៍​ព្រះសីហនុ ខណៈ​តំណាង​ម្នាក់​ចូល​សវនាការ​នៅថ្ងៃនេះ

ប្រជាពលរដ្ឋមានវិវាទដីធ្លីមកពីស្រុកចំនួន៣ នៃខេត្តកោះកុង កំពុងប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ទរណ៍ព្រះសីហនុ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋមានវិវាទដីធ្លីជាង ៣០០នាក់ មកពីស្រុកចំនួន៣ នៃខេត្តកោះកុង បានប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ទរណ៍​ព្រះសីហនុ ខណៈ​តំណាង​ពលរដ្ឋ​ម្នាក់​ចូលសវនា​ការ​ នៅ​ថ្ងៃអង្គារ​នេះ។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២២ ព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ទរណ៍ព្រះសីហនុ លោក ខៀវ ផល្លា បានចេញ​ដីកា​កោះហៅតំ​ណាង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ម្នាក់​ គឺ​អ្នក​ស្រី ដេត ហួរ នៅសហគមន៍១៩៧ ក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្ត​កោះកុង ឱ្យចូលសវនាការនៅថ្ងៃទី៤ ខែតុលានេះ។

បើតាមដីកានេះ គឺ​អ្នក​ស្រី ដេត ហួរ ត្រូវ​បាន​ចោទ​ពី​បទ​ «បរិហារ​បង្កាច់​កេរ្តិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ» តាម​មាត្រា៣១១ មាត្រា​៣១២ និង​មាត្រា​៣០៥ នៃក្រមព្រហ្មទណ្ឌ ទៅតាមបណ្តឹងរបស់លោក​ឧកញ៉ា ហេង ហ៊ុយ ដែល​ជា​គូរវិវាទរឿង​​ដីធ្លី។

មន្ត្រីស​ម្រប​សម្រួល​សហគម​ន៍នៅសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ញ៉ិល ភាព ដែលឃ្លាំមើលរឿងនេះ បានឱ្យ​ដឹង​ថា ពលរដ្ឋមានវិវាទដីធ្លីជាង៣០០នាក់មកពីសហគមន៍ចំនួន៧ នៃស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃនេះ បានប្រមូលផ្តុំគ្នាមុខសាលាឧទ្ទរណ៍ព្រះសីហនុ ដើម្បីគាំទ្រអ្នកស្រី ដេត ហួរ ចូលសវនាការ និង​ជាការ​ចូល​រួម​ធ្វើ​យុទ្ធនា​ការ​តស៊ូ​មតិទា​មទា​រទៅ​តុលាការ​ឱ្យ​​ទម្លាក់ចោលការចោទប្រកាន់ និង​កាត់​ក្ដីដោយ​ឈរ​លើ​គោលការណ៍​យុត្តិធម៌​ជូន​អ្នក​ស្រី ដេត ហួរ ។

កាលពី​ថ្ងៃទី​២​០ ខែ​កក្កដា ឆ្នាំ២០២២ សាលាដំបូងខេត្តកោះកុង បានសម្រេចឱ្យអ្នកស្រី ដេត ហួរ តំណាង​ពលរដ្ឋ​សហគមន៍​​​១៩៧ នៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ចាញ់​ក្តី​លោក​ឧកញ៉ា ហេង ហ៊ុយ ដោយ​ផ្ដន្ទា​ទោស​​​​​អ្នកស្រី​ឱ្យជាប់ពន្ធនាគាររយៈពេល​១ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន២លានរៀល ប៉ុន្តែពុំឃុំខ្លួននោះទេ។

តំណាង​ប្រជាពលរដ្ឋ អ្នកស្រី ដេត ហួរ បាន​ចាត់​ទុក​​ការ​​សម្រេច​​​របស់​តុលាការនេះថា ​ជា​រឿង​​អយុត្តិធម៌ ដោយថា អ្នកស្រីមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។ ​អ្នកស្រី​បន្ត​ថា លោក ហេង ហ៊ុយ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ «ហេង ហ៊ុយ អាគ្រី​​ខាល់ឈ័​រ​គ្រុប» បាន​គប់​គិត​គ្នាជាមួយ​អាជ្ញាធរ ​ក្លែង​ឯកសារ​រំលោភ​យក​​ដីធ្លីរបស់ប្រជាពលរដ្ឋចំនួន ១៩៧​គ្រួសារ នៅ​ភូមិតានី ឃុំជីខលើ ​ស្រុកស្រែអំបិល ខេត្តកោះកុង តាំងពីឆ្នាំ២០០៧ និង​បានប្តឹងតំណាងពលរដ្ឋ​ទៅតុលាការ​យ៉ាងអយុត្តិធម៌ថែមទៀត ក្រោយពួកគាត់នាំគ្នា​តវ៉ា និង​ប្តឹងករណីនេះ​ទៅ​ក្រសួងមហាផ្ទៃឱ្យជួយដោះស្រាយ។

យ៉ាងណា លោកឧកញ៉ា ហេង ហ៊ុយ ធ្លាប់ប្រាប់ វីអូឌី កាលពីអំឡុងឆ្នាំ២០២១​ ថាក្រុមហ៊ុនរបស់លោកមិន​បានរំលោភយកដីរបស់​ពលរដ្ឋនោះទេ។ លោកថា លោកមានបណ្ណកម្មសិទ្ធិ​ត្រឹមត្រូវតាមច្បាប់លើដីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ