គណបក្សឆន្ទៈខ្មែរ​សម្រេច​​ដាក់បេក្ខជនឈរឈ្មោះ​ជាមួយ​គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោត​​ឆ្នាំ​​២០២៣

លោក គង់ មុនីកា ក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សឆន្ទៈខ្មែរ សម្រេច​មិនដាក់បញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ជ្រើសតាំងតំណាងរាស្រ្តដែ​​ល​​​​​​​​ប​​​​ម្រើ​​ឱ្យការបោះ​ឆ្នោតរដ្ឋ​សភា នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទេ គឺ​គណបក្ស​ក្រៅរដ្ឋា​ភិ​បាល​​មួយនេះ សម្រេចជ្រកក្រោមឆ័ត្រតែមួយ​ជាមួយនឹងគណបក្សភ្លើងទៀន ខណៈ​​គណ​បក្ស​​​​កាន់​​​អំណាចចាត់ទុក​ការរួមកម្លាំងគ្នា​នេះថា នឹងមិនធ្វើឱ្យគណបក្ស​​ប្រជាជនកម្ពុ​​​ជា ត្រូវ​​ព្រឺ​ខ្នង​​​ណា​​​មួយ​នោះឡើយ។

លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ បានឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​​នេះ​​ថា គណបក្ស​របស់​ខ្លួន បាន​សម្រេចជាគោលការណ៍ហើយ គឺមិនដាក់បញ្ជីបេក្ខភាពសម្រាប់ឈរឈ្មោះបោះឆ្នោតទេ នៅថ្ងៃខាងមុខនេះ ដោយបេក្ខភាពទាំងអស់នឹងត្រូវមកឈរឱ្យតែគណបក្សភ្លើងទៀនតែមួយជាមួយគ្នា។ លោកបន្តថា នៅចំពោះមុខនេះ ការ​សម្រេច​រំលាយគណបក្សឆន្ទៈខ្មែរ ឬទុកគណបក្សនេះឱ្យនៅចាំផ្ទះ ឬក៏ត្រូវរួបរួមគ្នាជាមួយគណបក្សភ្លើងទៀនឬយ៉ាងណានោះ គឺ​កំពុងស្ថិតនៅក្នុងការ​​ពិនិត្យ និងពិគ្រោះយោ​​បល់​​បន្ត​ទៀតនៅឡើយ។

លោកបន្តថា៖ «យើងសម្លឹង​ទៅរកការរួមគ្នា​​​ជាគណបក្សតែមួយ ក៏ប៉ុន្តែ​​ទៅតាមស្ថានការណ៍ជាក់​​ស្តែ​​ង​ ​​​ដូចដែលសេច​ក្តី​​ថ្លែ​ងការណ៍​របស់គណបក្សឆន្ទៈខ្មែរអីចឹង​​។ យើង​ត្រូវ​ការ​ពេល​វេលា​ដើម្បី​ជជែក​​​គ្នា​​​ទៀ​​ត​​​​​ហើយ តែពី​​ពេ​ល​​នេះ​​ទៅ​​យើងនៅក្រោមស្លាកគណបក្សភ្លើងទៀនតែមួយ អីចឹង មាន​ន័យថា​​​យើង​​​​​មិនទាន់ច្រ​​បាច់​បញ្ចូលគ្នាតែមួយឡើយទេ»។

រដ្ឋាភិបាល បាន​ដាក់​ចេញ​គោលការណ៍រួចហើយថា ការ​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រា​​ប់​​​​នីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ២០២៣។

លោកនាយករដ្ឋមន្រ្តី ហ៊ុ​​ន សែន ធ្លាប់ថ្លែងជាសាធារណៈរួចហើយ​ថា ក្រោយឆ្នាំ២០២៣​ទៅ រដ្ឋាភិ​បាល​របស់​លោក​នឹង​លែង​មាន​ការរិះគន់ថា ជារដ្ឋាភិបាលឯកបក្ស ដូចមុនទៀតហើយ។ ក្នុងន័យ​នេះ ទំនង​លោក​មើល​ឃើ​​ញ​​ថា តាមរយៈការចូលរួមពីបក្សនយោបាយដទៃ ក្នុង​ការបោះឆ្នោតនេះ កៅអីរដ្ឋសភានឹងត្រូវធ្លាក់​​ទៅគណបក្សផ្សេងខ្លះ។

ការសម្រេច​ឈាន​ជើង​ចូល​រួម​កម្លាំង​តែមួយ​របស់គណបក្សឆន្ទៈខ្មែរ និង​គណបក្សភ្លើងទៀននេះ ស្រប​ពេល​សម្ព័ន្ធ​គណបក្សនយោបាយទាំង៤ កំពុ​ង​តែធ្វើយុទ្ធនាការតស៊ូមតិ ជំរុញ​ឱ្យ​ស្ថាប័ន គ.ជ.ប និង​ស្ថាប័ន​សំខាន់ៗដទៃទៀត របស់រដ្ឋាភិបាល កែលម្អប្រព័ន្ធបោះឆ្នោត និងលំហសេរីភាពខាង​នយោបាយ។

ដោយឡែក សេចក្តីប្រកាសព័ត៌មានរបស់គណបក្សភ្លើងទៀន ដែលចេញនៅថ្ងៃទី​៤ ខែតុលា​នេះ​​ឯណេះ​វិញ ក៏​មិន​ខុសគ្នា​ពី​អ្វីដែល​ជា​ជំហរ​របស់​មេដឹកនាំ​គណ​បក្ស​ឆន្ទៈ​​ខ្មែ​រ​ដែរ​ទេ។ តាម​រយៈ​សេចក្តី​​ថ្លែង​​​ការ​ណ៍​​របស់​ខ្លួន គណបក្សចាស់វង្សាមួយនេះ បាន​បង្ហាញការ​​ស្វាគមន៍​ចំពោះ​គណបក្ស​ឆន្ទៈ​ខ្មែរ ដែលជាបក្សសម្ព័ន្ធ​អ្នកប្រ​​​ជា​​​​​​ធិបតេយ្យជាមួយគ្នា ក្នុងការស​​ម្រេច​​ចិត្តមិនដាក់បញ្ជីបេក្ខ​ជន​ឈរឈ្មោះបោះឆ្នោតជ្រើសតាំ​ង​​តំ​​ណា​ងរាស្រ្ត ហើយចូលរួមជាមួយគណបក្សភ្លើងទៀន ជាគណបក្សតែមួយ ចាប់ពី​​ពេល​​នេះ​​​ទៅ​។

បន្ថែមលើសេចក្តីថ្លែងការណ៍នេះ លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន មាន​ជំនឿ​​ថា ​​ការ​រួម​កម្លាំង​គ្នា​ឡើង​វិញ​នេះ នឹង​មិនមានទំនាស់ផលប្រយោជន៍ណាមួយកើតឡើង​ទេ ព្រោះ​​អ្នក​​​នយោបាយទាំងអស់ គឺសុទ្ធតែតម្កល់ផលប្រយោជន៍ជាតិជាធំដូចគ្នា។ មួយវិញ​ទៀត លោក​ថា​  ការ​តែង​​​តាំ​​ង និង​ការផ្តល់ឋានៈបែបណានោះ គឺ​ជាការសម្រេចតាមលក្ខខន្តិកៈ ដូច​មាន​ចែង​​​របស់​​គណ​​បក្ស​​​​ភ្លើងទៀន។

លោកបន្តថា៖ «ការចូលរួ​ម​នេះ មាន​ន័យ​ថា មក​ធ្វើ​សកម្ម​ភាព​នៅក្រោម​ស្លាក​គណបក្ស​ភ្លើង​ទៀន​តែមួយ អីចឹង​បេក្ខជន​តំណាង​រាស្រ្ត​ក៏ដោយ​ គឺយើង​ឈរ​នៅ​ក្នុង​តំណាង​រាស្រ្ត​របស់​គណបក្ស​ភ្លើង​ទៀន​តែមួយ​នេះ​ឯង »។

បើទោះជា​បែប​ណា សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនក​ម្ពុជា លោក សុខ ឥសាន បានចំអក​​ឱ្យ​​​កា​​​រ​​​រួមកម្លាំងគ្នានេះថា គ្រាន់តែជាការ​លំអរផ្នែកប្រជាធិបតេយ្យ ដែលជួយឱ្យបក្សប្រ​​ជាជនក​​ម្ពុ​​ជា បាន​កាន់អំណាចតទៅទៀតទេ។ មិនតែប៉ុណ្ណោះ លោកថា កម្លាំង​ដែល​មាន​ការ​គាំទ្រ​ស្តួច​ស្តើង​នៅ​​​តាម​​​មូល​​ដ្ឋាន​​​​របស់បក្ស​​ន​​យោ​​​បាយទាំងពីរ នៅតែជាកម្លាំងដែលមិនអាចជាការ​គំរាម​កំហែង ចំពោះ​​​ភាព​​ជោគជ័យ​​ក្នុង​​ពេ​​ល​​​​បន្ត​​បន្ទាប់ទៀត របស់​គណ​បក្សកាន់អំណាច​​បាន​​ដ​​ដែល​​។

លោកបន្តថា៖ «ការបញ្ចូលគ្នារវាងគណបក្សទាំងពីរហ្នឹង វាជាសិទ្ធិនយោបាយរបស់គាត់​ទេ ឱ្យ​តែ​មេ​​ដឹក​​នាំ​​គណបក្សទាំងពីរមានឆន្ទៈដូចគ្នា។ ខ្ញុំព្រួយបារម្ភតែចូលហើយចេញៗ ដូចកន្លងទៅយើង​​ឮ​​​ថា​​​​គណបក្សបួន ឬប្រាំហ្នឹង ប្រុងបញ្ចូល​គ្នាតែ​ទី​បំផុត​​ចង់​សម្ព័ន្ធភាពមាន​តែ២បក្ស នេះ​​គឺជាចំ​​ណុ​ច​​​ទី១ ហើយចំណុចទី២ក្មួយលើកថា​ជាគណបក្សតូចៗ បើជាគណបក្សតូចៗចូលគ្នាពីរ វា​នៅ​តែ​​​តូច​​​ដដែល។ វាអត់ខ្លាំងទេ!»។

តាមរយៈសេចក្តីប្រកាស​ព័ត៌មាននៅថ្ងៃនេះ របស់គណបក្សភ្លើងទៀន ដែល​បើកផ្លូវឱ្យមាន​​ការ​​រួម​​ក​​ម្លាំង​​គ្នាពីអ្នកនយោបាយ នៃគណបក្សឆន្ទៈខ្មែរ គណបក្សចាស់វង្សាមួយនេះ ក៏សម្រេចតែងតាំង​​លោក គ​​ង់ គាំ ក្នុងពេលតែមួយ ​​ជាឧត្តមទីប្រឹក្សានៃគណបក្សភ្លើងទៀនផងដែរ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ