តំណាង​ពលរដ្ឋ​​មាន​​ជម្លោះ​​ដីធ្លី​ស្នើ​​សាលា​ឧទ្ធរណ៍​​ព្រះសីហនុ​​ទម្លាក់​ចោល​​ការ​​ចោទ​​ប្រកាន់

ពលរដ្ឋសហគមន៍មានជម្លោះដោយសារដីធ្លីជាច្រើនក្រុមមកពីស្រុកស្រែអំបិល ស្រុកបូទុមសាគរ ស្រុកថ្មបាំង ខេត្តកោះកុង បានប្រមូលផ្តុំគ្នានៅ មុខ​សាលាឧទ្ធរណ៍ព្រះសីហនុ ដើម្បីគាំទ្រ​អ្នក​ស្រី ដេត ហួរ តវ៉ាក្តីជាមួយលោក​ឧកញ៉ា ហេង ហ៊ុយ តាមបណ្តឹងពីបទចោទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុក សហគមន៍ដីធ្លីភូមិព្រលាន ២៤៣ គ្រួសារ ខេត្តកោះកុង)

តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លីម្នាក់ បានស្នើទៅ​​សាលា​ឧទ្ធរណ៍​​ព្រះសីហនុ ផ្តល់​​យុត្តិធម៌ ដោយ​ទម្លាក់​​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​ខ្លួន ក្រោយ​ចាញ់​ក្តី​ឧកញ៉ា​មួយរូប​នៅ​​​សាលាដំបូង​ខេត្ត​កោះ​កុង។

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ​២០២២ ព្រះរាជអាជ្ញា​នៃ​មហាអយ្យការអមសាលាឧទ្ធ​រណ៍​ព្រះ​សីហនុ ​លោក ខៀវ ផល្លា បានចេញ​ដីកាកោះហៅ​តំណាងពលរដ្ឋ​មាន​ជម្លោះដីធ្លីម្នាក់ គឺអ្នកស្រី ដេត ហួរ រស់​​នៅ​សហគមន៍១៩៧ ក្នុង​ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ឱ្យចូលសវនាការនៅថ្ងៃទី៤ ខែតុលានេះ។

បើតាមដីកានេះ អ្នកស្រី ដេត ហួរ ត្រូវ​បាន​ចោទ​ពីបទ «បរិហារបង្កាច់កេរ្តិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តាម​មាត្រា៣​១១ មាត្រា​៣១២ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ទៅតាមបណ្តឹងរបស់​លោក​ឧកញ៉ា ហេង ហ៊ុយ ដែលជាគូវិវាទ​រឿង​ជម្លោះ​​ដីធ្លី។

តំណា​ង​ប្រជាពលរដ្ឋ អ្នកស្រី ដេត ហួរ ប្រាប់ វីអូឌី​ ថា នៅក្នុងសវនាការ​នា​​ព្រឹកមិញនេះ តុលាការបាន​ចោទសួរអ្នកស្រី​ជុំវិញរឿង​ដែលអ្នកស្រី​បានផុសលើ​ហ្វេសប៊ុក ដោយថា លោក ហេង ហ៊ុយ បានប្លន់ដីប្រជាពលរដ្ឋចំនួន ​១៩៧​គ្រួសារ នៅ​ឃុំ​ជីខលើ និង​គោលបំណង​នៃ​ការផុសនេះផងដែរ។

អ្នកស្រី ដេត ហួរ ឱ្យដឹង​ថា តុលាការ​បាន​និយាយ​ទៅ​អ្នក​ស្រី​ថា ពាក្យ​សម្តី​ដែល​​អ្នក​ស្រីផុសនោះ គឺខុសច្បាប់​ ធ្វើឱ្យខូចឈ្មោះ​ ​ឬកិត្តិ​យស​របស់​លោក​ ហេង ហ៊ុយ ប៉ុន្តែ​អ្នក​ស្រី​បា​ន​ឆ្លើយ​តប​ទៅកាន់​តុលាការវិញថា អ្វីដែលអ្នកស្រី​បាន​ផុសនោះ គឺមានគោលបំណង​​ចង់ឱ្យថ្នាក់ដឹកនាំបានដឹង និងជួយ​ដោះស្រាយ​ជម្លោះដីធ្លីនេះ​​ជូនពលរដ្ឋ ដោយ​សារក្រុមហ៊ុនរបស់​លោក ហេង ហ៊ុយ បានរំលោភយក​ដីធ្លី​​របស់​ពលរដ្ឋពិតប្រាកដមែន។

តំណាងពលរដ្ឋរូបនេះ បន្តថា តុលាការ​បាន​​សួរ​សំនួរ​ជា​ច្រើន​ទៀត​ទៅកាន់អ្នកស្រី ហើយនៅក្នុងសវនាការ​នោះ អ្នកស្រីបានស្នើដល់​តុលាការ ឱ្យ​ទម្លាក់​បទ​ចោទ​​ប្រកាន់​លើ​អ្នក​ស្រី និង​ជួយ​ដោះស្រាយបញ្ចប់​ជម្លោះដីធ្លី​ជូន​ពលរដ្ឋទាំង ១៩៧គ្រួសារ​ផង​ដែរ។

អ្នកស្រី ដេត ហួរ បន្ថែមថា៖ «តុលាការគាត់សួរខ្ញុំថា យើងផុសនេះ​គោលបំណង​​យើងចង់បានដី ប៉ុន្តែរឿងនេះ​មិនមែនរឿងដីទេ​ ជារឿង​ខុស​ច្បាប់ ដែលយើង​ផុសចោទ​ថា គេបានប្លន់ដីអីចឹង។ តែខ្ញុំឆ្លើយថា ខ្ញុំមិន​យល់​ពី​ច្បាប់អីទេ។ ខ្ញុំគ្រាន់តែដឹងថា លោក ហេង ហ៊ុយ បាន​រំលោភ​យក​ដី​ខ្ញុំពិត​ប្រាកដមែន ហើយខ្ញុំគ្រាន់តែផុស​សម្តែងមតិ​តាម​បណ្តាញ​សង្គម​ជា​សាធារណៈ ដើម្បី​ចង់​​បាន​​ដំណោះស្រាយ​ដីធ្លី​តែប៉ុណ្ណោះ។ ខ្ញុំគ្មាន​គោល​បំណង​ធ្វើឱ្យខូចឈ្មោះ ឬកិត្តិយស​អ្នក​ណា​នោះ​ទេ»

វីអូឌី មិនអាចសុំការឆ្លើយ​តប​ពី​​ព្រះរាជអាជ្ញានៃ​មហាអយ្យការអមសាលាឧទ្ទរណ៍​ព្រះសីហនុ​ លោក ខៀវ ផល្លា បានទេ នៅថ្ងៃអង្គារនេះ។ ប៉ុន្តែបើតាមអ្នកស្រី ដេត ហួរ សាលា​ឧទ្ធរ​ណ៍​ព្រះសីហនុ នឹងប្រកាសសាលដីកាសំណុំរឿង​នេះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

គួរបញ្ជាក់ថា អំឡុងពេលតុលាការ​​​​បើកសវនាការ​លើសំណុំរឿងអ្នកស្រី ដេត ហួរ នៅព្រឹកថ្ងៃអង្គារ​នេះ ក៏​មានប្រជា​ពលរដ្ឋ​មានវិវាទដីធ្លីជាង ៣០០នាក់ មកពី​សហគមន៍​​ចំនួន​៧ នៃស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកថ្មបាំង ខេត្ត​កោះកុង បាន​ប្រមូល​ផ្តុំ​គ្នា​​នៅ​មុខ​សាលាឧទ្ធរណ៍​ព្រះសីហនុ​នេះ​ផងដែរ ដើម្បី​គាំទ្រ និង​លើកទឹកចិត្ត​អ្នកស្រី ដេត ហួរ ហើយទាមទារ​​ទៅតុលាការ​​​ឱ្យ​ទម្លាក់​ចោល​ការ​ចោទប្រកាន់ និងកាត់ក្តីដោយ​ឈរ​លើគោលការណ៍​យុត្តិធម៌​ផងដែរ។

តំណាង​ពលរដ្ឋសហគមន៍១៧៥ នៅឃុំជីខក្រោមស្រុកស្រែអំបិល អ្នកស្រី ផាវ ញ៉ើង ដែលចូលរួម​ប្រមូលផ្តុំ​មុខ​​សាលា​ឧទ្ធរណ៍​​ព្រះសីហនុ​ នៅព្រឹកនេះ បាន​និយាយ​ថា ការដែលពលរដ្ឋ​​ទៅ​គាំទ្រ​អ្នក​ស្រី ដេត ហួរ ដោយយល់ឃើញ​ថា ការ​​កាត់ក្តី​របស់​​សាលាដំបូង​​ខេត្ត​កោះកុង មិនបានផ្តល់យុត្តិធម៌​សម្រាប់អ្នកស្រី ដេត ហួរ ឡើយ។ អ្នកស្រីចង់ឃើញ​តុលា​ការ​ជាន់​ខ្ពស់​នៅ​​ខេត្តព្រះសីហនុ ផ្តល់​យុត្តិធម៌​ជូន​អ្នកស្រី ដេត ហួរ ឡើងវិញ។

តំណាងពលរដ្ឋរូបនេះ បន្តថា លោក​ឧកញ៉ា ហេង ហ៊ុយ ជាបុគ្គល​មានលុយមានអំណាចម្នាក់ បានរំលោភយកដីធ្លីពលរដ្ឋជាច្រើនករណី និង​បានប្តឹងតំណាង​ពលរដ្ឋជាច្រើននាក់ទៅតុលាការផងដែរ ក្រោយពួកគេតវ៉ាទាមទារយកដីធ្លីមកវិញ។

អ្នកស្រី ផាវ ញ៉ើង​ បន្ត​ថា អ្នកស្រីក៏កំពុង​ជាប់បណ្តឹងនៅតុលាការ ក្រោយមាន​ជម្លោះដីធ្លីជាមួយលោក​ឧកញ៉ា ហេង ហ៊ុយ ផង​ដែរ។

អ្នកស្រី ផាវ ញ៉ើង​ បន្ថែមថា៖ «មិនថា តែលោក ហេង ហ៊ុយ នោះទេ ជនណាក៏ដោយឱ្យតែបុគ្គលនោះ ជាអ្នកមានលុយមានអំណាចមាន​បក្សពួកជា​មន្ត្រីអាជ្ញាធរ មាន​សាច់ញាតិ​ជា​​អាជ្ញាធរ គឺតុលាការខេត្តកោះកុង មិនដែលចាត់ការ​លើបណ្តឹង​ពួកយើងជា​ពលរដ្ឋរងគ្រោះដីធ្លី​ទេ ប៉ុន្តែ​ចាត់ការលឿន បើពួក​ទាំងនោះប្តឹងមកលើពួកយើង​ជាជនរងគ្រោះ។ អីចឹង​ហើយ​យើង​សង្ឃឹមថា តុលាការសាលាឧទ្ធរណ៍​ព្រះសីហនុនេះ នឹងផ្តល់យុត្តិធម៌ជូនប្អូនស្រី ដេត ហួរ»

តំណាង​ពលរដ្ឋសហគមន៍៨៤៣ នៅឃុំកណ្តោល ស្រុកបូទុមសាគរ លោក ឈឹម សាផាន មានប្រសាសន៍ថា លោក​មក​គាំទ្រ​អ្នក​ស្រី ដេត ហួរ ដោយសារ​លោក​មើលឃើញថា អ្នកស្រី ដេត ហួរ និង​ពលរដ្ឋកោះកុងផ្សេងទៀត កំពុង​រង​ភាពអយុត្តិ​ធម៌​ក្រោម​ជម្លោះ​ដីធ្លីនេះ។

លោក ឈឹម សាផាន ឱ្យដឹងថា ពលរដ្ឋនៅខេត្ត​​កោះកុង​​រាប់​រយ​គ្រួសារ កំពុង​បាត់​បង់​ដីធ្លីដោយ​សារ​អ្នក​មាន​លុយ​មានអំណាច ​រំលោភ​យក​អស់​ដោយមិន​បាន​ដោះស្រាយសំណង និងត្រូវបានអាជ្ញាធរប្តឹងតំណាងពលរដ្ឋ​ទៅតុលាការ ក្រោយដើរ​តវ៉ា​ទាម​ទារ​ដីធ្លីរបស់ខ្លួន។ លោកថា សហគមន៍របស់លោក​មានតំណាង​ពលរដ្ឋ៩នាក់ កំពុងជាប់បណ្តឹងនៅតុលាការ ក្រោយ​ដើរ​តវ៉ា​ទាមទារដំណោះស្រាយដីធ្លី​ជាមួយក្រុមហ៊ុនរបស់លោក​ឧកញ៉ា លី យ៉ុង​ផាត់ សមាជិកព្រឹទ្ធ​សភា​មកពី​​គណបក្សប្រជាជន​កម្ពុជា។

លោក ឈឹម សាផាន បន្ថែមថា៖ «ខ្ញុំឃើញភាពអយុត្តិធម៌ច្រើន​ណាស់នៅខេត្តកោះកុង។ អ្នកមានលុយ​មានអំណាច​បានយកដីប្រជាពល​រដ្ឋ​ហើយ​ប្តឹង​ពលរដ្ឋ​ទៅតុលាការ​ថែមទៀត វាអយុត្តិធម៌បំផុត។ ខ្ញុំមើលឃើញ​ត្រង់ចំណុចហ្នឹងហើយ បានជាយើង​មកគាំទ្រអ្នកស្រី ដេត ហួរ ដើម្បីគាំទ្រ​គ្នា​ទៅវិញ​ទៅមក​ដើម្បីលើក​ទឹក​ចិត្ត។ ហើយមួយទៀតយើង​ឃ្លាំមើលថាតើ តុលាការខេត្តព្រះសីហនុនេះ កាត់​ក្តី​ដោយ​​ឯករាជ​ឬក្រោម​បញ្ជា​អ្ន​កណា​មួយ?»

មន្ត្រីស​ម្រប​សម្រួល​សហគម​ន៍ នៅ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញ៉ិល ភាព ដែលឃ្លាំមើលរឿងនេះ​មានប្រសាសន៍​ថា ករណីតុលាការ​ខេត្តកោះកុង​​ សម្រេច​ឱ្យ​អ្នក​ស្រី ដេត ហួរ ចាញ់ក្តីលោក​ឧកញ៉ា ហេង ហ៊ុយ ជារឿងមិនត្រឹមត្រូវ និង​មានភាព​លម្អៀងទៅខាងលោក ហេង ហ៊ុយ។

លោក ញ៉ិល ភាព បន្តថា ដើមចមដែលធ្វើឱ្យកើត​មានជម្លោះរវាងអ្នកស្រី ដេត ហួរ និងឧកញ៉ា ហេង ហ៊ុយ គឺពាក់ព័ន្ធរឿងជម្លោះ​ដីធ្លី ហើយ​​តុលាការ​ខេត្តកោះកុង កាត់ក្តីដោយ​មិនបានចុះសិក្សាស្រាវ​ជ្រាវ​ឱ្យបានច្បាស់លាស់ ដោយ​​មាន​ការចូលរួម​ពីគ្រប់ភាគីពាក់ព័ន្ធជុំវិញរឿងនេះឡើយ។

លោក ញ៉ិល ភាព បន្ថែមថា៖ «អីចឹង មុននឹង​ជំនុំជម្រះ​​ប្រកបដោយតម្លាភាព យុត្តិធម៌ និងស្មើ​ភាព​គ្នា​ចំពោះមុ​ខ​ច្បាប់​ ត្រូវ​តែ​ស៊ើប​អង្កេត​ថា តើវា​មាន​បញ្ហា​ដីធ្លី​ពិតប្រាកដឬអត់? មានការរំលោភហ្នឹងពិត​ប្រាកដអត់? អត់​អាច​ចោទ​​ប្រកាន់ ហើយ​មក​​ចេញ​​សាលក្រម​ចោទ​​ប្រកាន់​មក​ផ្តន្ទាទោស​​អីចឹង​បាន​ទេ។ មិន​មែន​អាង​ខ្លួន​ជា​​តុលាការ​ចេះតែធ្វើៗ កាត់ក្តីដោយ​មានភាពលម្អៀងទៅរក​​អ្នកមានអំណាច ទៅរកអ្នកមាន​ឥទ្ធិ​ពល​​អ្នកនៅក្នុងជួរ​រដ្ឋាភិបាល​បានទេ»

បើតាមលោក ញ៉ិល ភាព គឺកន្លងមក​រដ្ឋាភិបាល ឬអាជ្ញាធរ និង​អ្នក​មាន​លុយ​​មាន​អំណាច ​តែង​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការប្តឹង​​ប្រឆាំ​ង​ពលរដ្ឋ​តវ៉ា​ដីធ្លី និងសកម្មជនផ្សេងៗទៀត ដែលលោកថា ករណីនេះ​បានរំលោភសិទ្ធិធ្ងន់ធ្ងររបស់ប្រជាពលរដ្ឋ។

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ សាលាដំបូងខេត្តកោះកុង បានសម្រេចឱ្យអ្នកស្រី ដេត ហួរ តំណាង​ពលរដ្ឋ​សហគមន៍​១៩៧ នៅ​ភូមិតានី ឃុំជីខលើ ស្រុក​ស្រែអំបិល ចាញ់​ក្តី​ឧកញ៉ា ហេង ហ៊ុយ ដោយ​ផ្ដន្ទាទោស​​អ្នកស្រីឱ្យជាប់ព​ន្ធនាគាររយៈ​ពេល​១ឆ្នាំ និង​ពិន័យ​ជាប្រាក់ចំនួន​២លានរៀល ប៉ុន្តែពុំ​មាន​ការ​ឃុំខ្លួន​នោះទេ​។

វីអូឌី មិនអាចសុំការបញ្ជាក់​ពីលោកឧកញ៉ា ហេង ហ៊ុយ បានទេ​ជុំវិញរឿងនេះ។ ប៉ុន្តែលោកធ្លាប់ប្រាប់ វីអូឌី កាលពីអំឡុងឆ្នាំ២០២១ ថា​ក្រុមហ៊ុន​របស់លោក​មិនបានរំលោភយកដី​របស់ពលរដ្ឋនោះទេ ហើយ​លោកក៏​មាន​ប័ណ្ណក​ម្មសិទ្ធិត្រឹមត្រូវ​តាមផ្លូវ​ច្បាប់​លើដី​នោះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ