តុលាការសម្រេចឃុំខ្លួនយុវជនតវ៉ាបញ្ហាវៀតណាមនៅកម្ពុជា តែថាពាក់ព័ន្ធបទចោទលួចលក់អចលនវត្ថុរបស់អ្នកដទៃ

លោក ធែល ធីលែន យុវជនតវ៉ាបញ្ហាវៀតណាមនៅកម្ពុជា ដោយ​ស្នើ​​ឱ្យរាជរដ្ឋាភិបាល​លុបចោល​​​ការ​​បង្កើត​អគារ​សិក្សា​​ភាសា​​វៀត​​ណាម​​នៅ​​សាកល​វិទ្យាល័យភូ​មិន្ទ​ភ្នំពេញ និងបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស។ (ហ៊ាន រង្សី)

សាលាដំបូងខេត្តកណ្តាល សម្រេច​ឃុំខ្លួនយុវជន​​ ធែល ធីលែន ពាក់​ព័ន្ធ​នឹង​បទ​ចោទ លួច​លក់​អចលន​វត្ថុរបស់​​អ្នក​ដទៃដែល​មិន​មែន​ជា​របស់​ខ្លួន។

ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីលោក ធែល ធីលែន ដែល​ជាយុ​វជន​លេច​ធ្លោមួយរូ​ប​ក្នុង​ចំណោម​យុវជនមួយ​ចំនួន​ទៀត ដែ​ល​តែងតែចេញមុខតវ៉ា និងដាក់ញត្តិទៅក្រសួងនានា ស្នើសុំធ្វើបាតុកម្ម និងទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងដីកាបង្គាប់ឱ្យឃុំខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ចុះថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាល​ពី​អំឡុង​ឆ្នាំ​២០១៦ ឈ្មោះ ធែល ធីលែន បានលួចលក់អចលនវត្ថុរបស់អ្នកដទៃដែលមិនមែនជារបស់ខ្លួន ដែលប្រព្រឹត្តនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ករណី​នេះ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក ប្លុង វិសាល សម្រេច​បង្គាប់ឱ្យឃុំខ្លួន លោក ធែល ធីលែន ជា​បណ្តោះអាសន្ននៅពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ​ខេត្ត​កណ្តាល ដោយ​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវតាម​ច្បាប់ ហើយ​ប្រធាន​ពន្ធនាគារខេត្តកណ្តាល ត្រូ​​វ​ទទួល ​​និ​ង​​ឃុំខ្លួន​ជននេះ រហូតដល់មានបទបញ្ជាថ្មីសម្រេច​ផ្សេង​ពី​នេះ។

អ្នកស្រី លី ធីតា ដែល​ជាភរិយារបស់លោក ធែល ធីលែន មានប្រសាសន៍នៅថ្ងៃទី០៥ ខែតុលានេះ​​ថា កាល​ពី​ឆ្នាំ២០១៦ លោក ផៃ ធែល ដែ​ល​ជា​ឪពុករបស់លោក ធែល ធីលែន បាន​ធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លីមួយកន្លែង​ស្ថិត​នៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សា​ច់កណ្តាល ខេត្តកណ្តាល ដោយមានទទឹង១៦ម៉ែត្រកន្លះ និង​បណ្តោយ៤៣ម៉ែត្រមួយចំហៀង និង​៤៥ម៉ែត្រមួយចំហៀង ដោយ​មានអាជ្ញាធរភូមិឃុំធ្វើជាលិខិតផ្ទេរ​សិទ្ធិ​ជាលាយលក្ខ​អក្សរ ឱ្យកូន​គាត់​យក​ទៅ​ដាក់​បញ្ចាំ​នៅ​អ្នក​រកស៊ីចងការប្រាក់ឯកជន ដើម្បី​យក​ប្រាក់នោះ​ទិញ​រថយន្ត​រត់​ឈ្នួល។

ចំណែក ទាក់ទង​នឹង​ការចោទប្រកាន់ថា ស្វាមីគាត់លួចលក់​អលចន​វត្ថុរបស់អ្នកដទៃ​ដែលមិនមែនជារបស់ខ្លួន អ្នកស្រីអះអាងថា ជារឿង​​មិនពិតនោះទេ ព្រោះស្វាមីគាត់​មិន​ដែល​មាន​គំនិតទុច្ចរិតលួចអចលវត្ថុអ្នកដទៃលក់នោះ​ឡើយ។

អ្នកស្រីប​ន្ត​ថា តុលាការ​ចោទ​ប្រកាន់​ និង​ចាប់ខ្លួន​ស្វាមីគាត់​​ដាក់ពន្ធនាគារបណ្តោះអាសន្ន ទំនង​ជា​កើត​ចេញ​ពីស្វាមី​គាត់​ចេញ​មុខតវ៉ា និង​ដាក់ញត្តិទៅក្រសួងនានា ស្នើ​សុំ​ធ្វើ​បាតុកម្ម​ និងទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់​​​ការ​ចេញ​​បណ្ណ​ស្នាក់​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​បរទេស និងលុបគម្រោង​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

ចំណែក លោក ផៃ ធែល ដែល​ជាឪពុកបង្កើតរបស់លោក ធែល ធីលែន បាន​លើក​ឡើង​ថា កាល​ពីអំឡុង​ឆ្នាំ២០១៦ គាត់​បាន​ធ្វើលិខិតផ្ទេរកម្មសិទ្ធិដីធ្លីជាលាយលក្ខអក្សរ​ជូន​ទៅ​កូន​ប្រុស​របស់​គាត់ ដោយ​មាន​អាជ្ញាធរ​ភូមិ​​ឃុំដឹ​ង​ឮ ដើម្បី​យក​ប្លង់​នោះ​ដាក់​បញ្ចាំឱ្យអ្នកចងការ​ប្រាក់ ​ដើម្បីបានប្រាក់​ ១៦ ០០០ដុល្លារ ​យក​ទៅ​ទិញរថយន្ត​​រ​ត់​​ឈ្នួល។

លោកបន្ត​ថា កូនប្រុសរបស់គាត់ មិនបានលួចចលនវត្ថុអ្នកដទៃលក់ ដូចការចោទប្រកាន់របស់តុលាការឡើយ ដែលករណីនេះ​ លោក​​អំពាវនាវ​ទៅ​តុលាការ ធ្វើកា​រ​ស្រាវ​ជ្រាវ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ និង​បង្ហាញ​​ភស្តុតាងឱ្យបានច្បាស់​លាស់ ព្រមទាំង​ទម្លាក់​ការ​ចោទ​ប្រកាន់ទៅលើកូនរបស់គាត់។

លោកថា៖ «ខ្ញុំមិន​ចោទ​ប្រកាន់​ទៅ​លើ​តុលាការ​ទាំង​អស់​ទេ មាន​តុលាការខ្លះអាក្រក់ មាន​តុលាការ​ខ្លះ​ល្អដែ​រ តែ​សុំ​ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់ដោយគ្មានលក្ខខណ្ឌ ហើយ​ណាមួយកូនខ្ញុំ មាន​ចៅៗតូចណាស់ សុំ​ដោះលែង​កូន​ខ្ញុំ​មកវិញមក។ ហើយ​ចាប់ដាក់គុកនេះ​ វារួមផ្សំជាមួយការតវ៉ារឿងភាសាវៀតណាម ដែល​យកមកដាក់នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ វាតវ៉ារឿងហ្នឹងដែរ»។

វីអូឌី មិនអាចសុំការឆ្លើយតបជុំវិញករណីនេះពី​ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល លោក ប្លុង វិសាល បានទេនៅរសៀលថ្ងៃពុធនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មា​ន​ប្រសាសន៍​ថា បើ​សិន​ជាលោក ផៃ ធែល ដែលជាឪពុករបស់លោក ធែល ធីលែន ពិតជាផ្ទេរសិទ្ធិកាន់កាប់ដីធ្លីជាលាយលក្ខអក្សរទៅឱ្យកូនរបស់លោក ដើម្បី​ឱ្យកូនយកទ្រព្យនោះទៅដាក់បញ្ចាំមែន​នោះ ម្ចាស់បំណុលមិនមានសិទ្ធិរឹបអូស ឬយកមក​ធ្វើជាកម្ម​សិទ្ធិ​បាន​ឡើយ​​ ដរាបណាមិនមានការសម្រេចពីតុលាការ។

ប៉ុន្តែលោក អំ សំអាត បង្ហាញជាចម្ងល់ថា ចាប់​តាំ​ង​ពីតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជាង១ឆ្នាំហើយ មិនឃើញ​មាន​ការចាប់ខ្លួន លោក ធែល​ ធីលែន នោះទេ តែបែរជាមកចាប់ខ្លួន នៅអំឡុងពេលដែលលោកចេញតវ៉ាដាក់​ញ្ញត្តិ​នៅតាម​ក្រសួង​ស្ថាប័នពាក់ព័ន្ធទៅវិញ។

លោកមានប្រសាសន៍ថា៖ «រឿងនេះគេមើលទៅ គេ​គិត​ថា វាទាក់ទងនឹងភាពសកម្មរបស់​គាត់​​ដែល​ចូល​រួម ជាមួយ​ក្រុម​យុវជន​នៅ​ក្នុង​សង្គម​នេះ ច្រើន​ជាង​រឿងរ៉ាវ​កាល​ពី​មុន ពីព្រោះបើសិនជារឿងហ្នឹងវាអីចឹង​មែន  ម៉េច​ក៏​នីតិវីធី​អនុវត្ត​មុនពេលដែលគាត់ចេញមុខតវ៉ា[ទាមទាររឿងអយុត្តិធម៌សង្គម]នេះ»។

លោក អំ សំអាត បន្ថែមថា បើសិនជាការចាប់ខ្លួន លោក ធែល​ ធីលែន ដោយ​សារ​តែ​យុវជ​នរូ​បនោះ​ចេញ​តវ៉ាទាម​ទារ​រឿង​អយុត្តិធម៌​សង្គម នោះអាជ្ញាធរអនុវត្តផ្ទុយពីគោលការណ៍ច្បាប់ ព្រោះយុវជនរូបនោះ​ចេញ​តវ៉ា ឬដាក់​ញត្តិ​នៅតា​ម​ក្រសួងនានា ធ្វើឡើងទៅតាមនីតិវិធីច្បាប់។

មាត្រា​​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ​ មាន​​សិទ្ធិ​ចូល​រួមយ៉ាងសកម្មក្នុងជីវភាព​នយោ​បាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយ​របស់​ប្រជា​ពលរដ្ឋ ត្រូវ​បានទទួល​ការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

ចំណែកមាត្រា៣៧ នៃរដ្ឋធម្មនុញ្ញ ចែងថា សិទ្ធិធ្វើកូដកម្មនិងធ្វើបាតុកម្មដោយសន្តិវិធី ត្រូវយកមកអនុវត្តនៅក្នុងក្របខណ្ឌនៃច្បាប់ ខណៈមាត្រា៤១ ​ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបជុំ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ