លោក ហ៊ុន សែន ឱ្យ​គ្រួសារ​ដាក់​ធាតុ​នៅ​ដី​ផ្ទះ​ក្រោយ​មរណ​ភាព

ចេតិយមួយ​​ដែល​​​ភរិយា​​​របស់​​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សាងសង់​​ទុក​ជាមុន ជូនស្វាមីក្រោយពេលមរណភាព​​ មានទីតាំងនៅ​ក្នុងវត្ត​មុនី​សុវណ្ណ (​ហៅ វត្តចំពុះក្អែក​) រាជធានី​ភ្នំពេញ។ (រូបថត៖ មុិច ដារ៉ា / ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០២២)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ភរិយារបស់លោក​បាន​ជ្រើសរើស​ទីតាំងដី​មួយទំហំ ៣៥គុណ២៥ម៉ែត្រ ក្នុងវត្តមុនីសុវណ្ណ (ហៅវត្តជំពុះក្អែក)ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើជា​ចេតិយជូនលោកក្រោយ​​ទទួល​មរណភាពទៅ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ​កាលពី​ចុង​សប្តាហ៍កន្លងទៅលោក ហ៊ុន សែន បានលើកឡើងថា ភរិយា​​​របស់​លោក​​បានលួចសាងសង់ចេតិយមួយ​​ទុកជូនសម្រាប់លោក ដែលករណីនេះកើតឡើងបន្ទាប់ពី លោក ហ៊ុន ណេង ដែលជាបងប្រុស​របស់លោក​បានស្លាប់ដោយគាំងបេះដូងភ្លាមៗ ​កាលពី​ខែ​ឧសភា ឆ្នាំ២០២២កន្លងទៅ។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រីថា រូបលោកនឹងមិនទុកធាតុរបស់ខ្លួននៅចេតិយក្នុងវត្តឡើយ ដោយចង់រៀបចំនៅដីផ្ទះរបស់លោកជំនួសវិញ។

លោក ហ៊ុន សែន ថា៖ «យោង​លើអបិយ​ជំនឿ ខ្ញុំ​អត់ហ៊ាន​ដាច់ខាតហើយ។ តែមិនស្រួល បារមីយើង ព្រលឹងយើង ពេលទៅដល់ហ្នឹង[ចេតិយក្នុងវត្ត] ខ្មោចព្រលឹងយើង គឺត្រូវបានគេជាន់កនៅហ្នឹង។ បារមីមិនដល់ កុំលេង។ ខ្ញុំអត់លេងទេ»។

លោក​បន្ត​ថា​៖ «​ប្រពន្ធ​ខ្ញុំ​ គាត់ទៅលួចធ្វើចេតិយ​នៅក្នុងវត្តចំពុះក្អែក។ ខ្ញុំថា ខ្ញុំមិនទៅនៅវត្តទេ។ អត់ទៅទេ សុំទោស មិនទៅទេ»។

ទាក់ទិននឹងករណីនេះ លោកបន្ថែមថា វិធីមួយដែលងាយស្រួលសម្រាប់លោកគឺការសាងសង់ទីតាំង មួយនៅផ្ទះរបស់លោកក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកថា៖ «ប្រពន្ធរបស់ខ្ញុំបាននិយាយថា គាត់បានធ្វើរួច [ចេតិយ] នៅវត្តចំពុះក្អែកហើយ ដោយខ្ញុំថា សុំទោស ខ្ញុំអត់ទៅនៅដាច់ខាតគឺមិនទៅនៅ ព្រោះយើងមិនដឹងថាវត្តហ្នឹង មានអីខ្លះនៅហ្នឹង»។

លោកបន្តថា៖ «ខ្មោចយើងទៅ ស្រាប់តែមានពួកយូកូម (ក្រុមបងធំ)។ ខ្ញុំអត់ទៅនៅទេ សុំនិយាយគ្នាឱ្យច្បាស់អ៊ីចឹងតែម្ដងថា ខ្ញុំមិនទៅនៅវត្តទេ។ ដល់អ៊ីចឹងទៅ ឥឡូវប្រពន្ធខ្ញុំក៏ប្រគល់អាហ្នឹង [ចេតិយ] ឱ្យបងរបស់ខ្ញុំ [លោក ហ៊ុន សាន]»។

លោកថា៖ «ខ្ញុំធ្វើក្បែរផ្ទះខ្ញុំ ហើយថ្ងៃមុនប្រាប់ចៅ ព្រោះចៅច្បងនឹងទទួលបានមរតកផ្ទះរបស់ខ្ញុំ ដែលខ្ញុំកំពុងនៅរាល់ថ្ងៃនៅតាខ្មៅ ដោយនឹងទទួលមរតកផ្ទះហ្នឹង»។

ជាមួយគ្នានេះ លោក ហ៊ុន សែន ក៏បានក្រើនរំលឹកដល់ចៅកុំឱ្យលក់កន្លែង [ផ្ទះ] ហ្នឹង ដោយថា បើសិនជាលក់ គឺនឹងលក់ខ្មោចតាដែលរស់នៅទីនោះដូចគ្នា។

គួរបញ្ជាក់ថា នៅក្នុងវត្តមុន្នីសុវណ្ណកាលពី​ថ្ងៃ​អង្គារកន្លងទៅ ចេតិយខាងលើនេះនៅតែបន្តសាងសង់ជាមួយនឹងរចនាបថបន្ថែមទៀត រួម​ទាំង​ការ​ដំឡើង​ភ្លើង​បំភ្លឺ​ផង​ដែរ។

ទាក់ទិននឹងករណីនេះ ចៅសង្កាត់ព្រែកថ្មីលោក លីវ វណ្ណថេង ក៏បានឱ្យដឹងថា ទីតាំង​នេះ [វត្តមុនីសុវណ្ណ ហៅចំពុះក្អែក] ទទួលបានការចាប់អារម្មណ៍​ដោយ​សារតែ​មានសោភណ្ឌភាព និងត្រូវបានរៀបចំល្អ។

លោក​ថា​៖ «​ជាក់ស្ដែង គឺមិន​មាន​ជាបារមីអី​ពិសេស​ទេ [ប៉ុន្តែ​] បរិវេណ​វត្ត​មាន​ទំហំ​ធំ​ជាមួយ​នឹង​ទេសភាព និង​ដើមឈើ​ដ៏​ស្រស់​ស្អាត រួមនឹងស្រះមួយផងដែរ»៕

បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Hun Sen Declines Ornate Stupa, Wants to Stay at Home After Death

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ