«បើនិយាយពីជំនឿទុកចិត្តលើអភិបាលខេត្ត[កំពង់ស្ពឺ] ឯកឧត្តម វ៉ី សំណាង គឺគ្មាន! ព្រោះអ្វីក៏ដោយ តាំងពីគាត់បានមកជួបសហគមន៍យើង បានមកសំណេះសំណាលនិយាយពីផលបាត់បង់ ចង់ធ្វើជាកន្លែងបោះតង់ ហើយគាត់មានប្រសាសន៍ធ្វើដូចជា ពាក្យត្រឹមត្រូវ ដូចថា ទសពិធរាជធម៌ មានព្រហ្មវិហារធម៌អ៊ីចឹង។ ប៉ុន្តែការអនុវត្តរបស់លោក លោកអត់មានធ្វើទៅតាមអនុសាសន៍ ទៅតាមការសន្យារបស់គាត់ផង»។
នេះជាការលើកឡើងរបស់ប្រជាសហគមន៍ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដែលរស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ លោក សយ សាត ដែលបានបង្ហាញពីការអស់ជំនឿចិត្តចំពោះមន្រ្តីអាជ្ញាធរខេត្តនេះ ក្នុងការទប់ស្កាត់បទល្មើសការកាប់បំផ្លាញព្រៃសហគមន៍ ខណៈគាត់លើកឡើងថា ជនល្មើសនៅតែបន្តលួចចូលកាប់ព្រៃសហគមន៍ និងបានបំផ្លាញព្រះពុទ្ធរូបថែមទៀតផង។
កំពុងឈរបង្ហាញពីព្រះពុទ្ធរូបប្រក់នាគ ដែលត្រូវបានជនខិលខូចលួចវាយបាក់ព្រះហស្ថស្មាខាងឆ្វេងកន្លងទៅ បុរសមានមាឌល្អិត ពាក់អាវពណ៌ស ខោជើងខ្លីពណ៌ខ្មៅ លោក សយ សាត បានប្រាប់សារព័ត៌មាន វីអូឌី ថា ក្នុងរយៈពេលរដូវកាលភ្ជុំបិណ្ឌកន្លងទៅ មានជនខិលខូចបានលួចកាប់ឈើនៅក្បែរព្រះពុទ្ធរូបបណ្តាលឱ្យបាក់បែកព្រះពុទ្ធរូបចំនួន ៦កន្លែង។
ប្រជាសហគមន៍ព្រៃមេត្តាធម្មជាតិរូបនេះ ឱ្យដឹងទៀតថា លោកគ្មានជំនឿចិត្តចំពោះការចុះមកអនុវត្តច្បាប់ និងវិធានការរបស់អភិបាលខេត្តកំពង់ស្ពឺ ដែលថា នឹងប្រគល់ដីជិត ១ ០០០ហិកតា ឱ្យសហគមន៍ការពារវិញ កាលពីពេលកន្លងទៅនោះទេ។
លោកបន្តថា មន្រ្តីអាជ្ញាធរខេត្ត អមដោយមន្រ្តីអាជ្ញាធរមូលដ្ឋាន ធ្លាប់បានចុះពិនិត្យទីតាំងព្រៃសហគន៍មេត្តាធម្មជាតិម្តងរួចមកហើយ កាលពីថ្ងៃទី០៩ ខែសីហា និងធ្លាប់បានសន្យានៅមុខសហគមន៍ និងសារព័ត៌មានជាច្រើនថា នឹងបោះបង្គោលព្រំដី ធ្វើរបងជូនសហគមន៍ការពារវិញ ប៉ុន្តែមកទល់ពេលនេះគ្មានអ្វីប្រសើរឡើយ។
លោក សយ សាត ថ្លែងថា៖ «ខ្ញុំគ្មានទំនុកចិត្តទាល់តែសោះក្មួយប្រុស! គ្មានទំនុកចិត្ត គ្មានសេចក្តីសង្ឃឹមថា អ្វីដែលបាត់បង់ទៅ[ព្រៃសហគមន៍] វាបានមកយើងវិញ វាបានមកសហគមន៍ការពារវិញ វាអត់មានហ្មង!»។
លោកបន្តថា ថ្មីៗនេះ ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ មានជនខិលខូចបន្តចូលលួចកាប់ឈើប៉ះពាល់ដល់ព្រះពុទ្ធរូបទៀតផង។ ដូច្នេះលោកថា ចំណាត់ការរបស់មន្រ្តីហាក់គ្មានប្រសិទ្ធភាពទេ។
លោក សយ សាត និយាយថា៖ «កាលពីថ្ងៃបិណ្ឌ ១២ បិណ្ឌ ១៣ នេះគឺថា ការបំផ្លិចបំផ្លាញព្រៃសហគមន៍។ ខ្ញុំមិនអាចចោទប្រកាន់ដល់រាជរដ្ឋាភិបាលមានសម្តេចជាប្រមុខទេ ប៉ុន្តែខ្ញុំចោទប្រកាន់ទៅលើក្រុមការងាររបស់ អៀម ម៉ៅ ដែលបានរុករានទន្ទ្រាន[ដីព្រៃ]ទាំងអស់នោះ រួមទាំងអាជ្ញាធរដែនដី[អាជ្ញាធរមូលដ្ឋាន] មិនបានទប់ស្កាត់រាល់ទង្វើនេះគឺ កម្ពុជាក្លាយជារបប ៣ឆ្នាំ ៨ខែ កើតបន្តទៅទៀត ប្រសិនណាបើគ្មានការទប់ស្កាត់»។
ស្រដៀងគ្នាដែរ ប្រជាសហគមន៍រស់នៅភូមិពោធិ៍មាស ឃុំត្រពាំងជោរ ម្នាក់ទៀត អ្នកស្រី ឈួន សុំ រៀបរាប់ថា ព្រៃសហគមន៍ឧត្តមស្រែពស់ជាទីកន្លែងមួយដែលអ្នកស្រី រួមទាំងអ្នកភូមិផ្សេងទៀត ធ្លាប់បានអាស្រ័យផល ដូចជា រកបន្លែ ផ្លែឈើព្រៃ រួមមានផ្សិត ដំឡូងទាន ទំពាំង ផ្លែភ្ញៀវជាដើម និងជាកន្លែងឃ្វាលគោក្របីរបស់អ្នកភូមិតាំងពីឆ្នាំ២០០០មកម្ល៉េះ។
អ្នកស្រីបន្តថា តាំងពីមានទាហានចុះមកទន្ទ្រានដីព្រៃសហគមន៍មក ពួកគេបានបំផ្លិចបំផ្លាញព្រៃឈើធម្មជាតិ ហើយហ៊ានបំផ្លាញរហូតដល់ព្រះពុទ្ធរូបដែលពលរដ្ឋខ្មែរភាគច្រើនគោរពបូជា។ បន្ថែមពីនេះ ក្រុមទាហាននៃកងរថគ្រោះ តែងតែរារាំងសហគមន៍មិនឱ្យចូលរួមការពារដីព្រៃសហគមន៍ទេ ដោយថា ដីព្រៃទាំងនេះរដ្ឋបានប្រគល់ឱ្យគ្រួសារទាហានហើយ។

លោកស្រី ឈួន សុំ ថ្លែងថា៖ «អ្នកស្រុកអ្នកភូមិ ពឹងអាស្រ័យផលព្រៃឈើនេះ តាំងតែពីដើមមកម្ល៉េះក្មួយ […] ខ្ញុំគ្រាន់តែឃើញភ្លាម ខ្ញុំក៏ហូរទឹកភ្នែក សោកស្តាយជាខ្លាំង គ្រាន់តែចឹង ក៏ខ្ញុំនិយាយអត់ចង់ចេញដែរខ្ញុំស្តាយ។ ស្តាយព្រះពុទ្ធរូប ដែលធ្លាប់គោរពបូជារាល់ឆ្នាំ រាល់ខែ ហើយដល់ពេលគេមកបំផ្លាញចឹង ខ្ញុំដូចរន្ធត់ស្លុតស្មារតីណាស់»។
ស្រ្តីវ័យ ៦០ ឆ្នាំរូបនេះ បានបញ្ជាក់ថា អ្នកស្រីក៏ដូចប្រជាសហគមន៍ដទៃទៀត ហាក់គ្មានជំនឿទាល់តែសោះ ចំពោះការអនុវត្តច្បាប់ ឬការការពារថៃរក្សាព្រៃសហគមន៍របស់មន្រ្តីអាជ្ញាធរ ព្រោះកន្លងមកអភិបាលខេត្តធ្លាប់និយាយប្រាប់ពលរដ្ឋថា នឹងជួយទប់ស្កាត់បទល្មើសព្រៃសហគមន៍ជូនប្រជាពលរដ្ឋ ប៉ុន្តែបទល្មើសនៅតែកើតឡើង។ អ្នកស្រីមានការសោកស្តាយជាខ្លាំង ចំពោះបទល្មើសការកាប់ទន្ទ្រានដីព្រៃសហគមន៍ និងការឈូសឆាយ កម្ទេចព្រៃឈើដែលពួកគាត់ខំថែតាំងពីយូរយាណាស់មកហើយ។
អ្នកស្រី ឈួន សុំ បញ្ជាក់ថា៖ «ខ្ញុំតូចចិត្ត ខំថែរក្សាយូរហើយព្រៃឈើ និងដីហ្នឹង។ ពួកខ្ញុំខំថែតាំងពីឆ្នាំ២០០០ដល់ពេលឥឡូវ ដល់គេមកឈួសឆាយ កម្ទេចព្រៃឈើ កម្ទេចដី កម្ទេចព្រះពុទ្ធរូបព្រះអង្គដែលខំថែរក្សាតាំងពីយូរយារមកទៀត ពួកខ្ញុំសង្វេកណាស់»។
មិនខុសគ្នានេះដែរ ប្រជាសហគមន៍រស់នៅភូមិពោធិ៍មាសម្នាក់ទៀត អ្នកស្រី ឃន ខន បានឱ្យដឹងថា បទល្មើសនៅព្រៃមេត្តាធម្មជាតិ នៅតែបន្តកើតមានជាហូរហែ។ ពលរដ្ឋរូបនេះបន្តថា អាជ្ញាធរខេត្តគួរតែចុះបង្ក្រាបឱ្យមានប្រសិទ្ធភាព ជាពិសេសត្រូវចាប់ខ្លួនជនល្មើសដែលបានបំផ្លាញព្រៃសហគមន៍ និងព្រះពុទ្ធរូប មកផ្តន្ទាទោសតាមច្បាប់ ទើបប្រជាសហគមន៍អាចមានជំនឿចិត្តលើអាជ្ញាធរឡើងវិញ។
អ្នកស្រី ឃន ខន ថា៖ «អភិបាលខេត្តចុះមកហ្នឹង នៅតែមានបទល្មើសនៅបំផ្លាញដដែលៗ។ អ៊ីចឹង ខ្ញុំថា អត់ប្រសិទ្ធភាពទេ បើគាត់អត់ឱ្យតាមភូមិឃុំអី មកពិនិត្យ មកហាមឃាត់អីផង ទទេអ៊ីចឹង។ នៅដដែលៗអ៊ីចឹង ខ្ញុំថា អត់ដូចថាអត់យកជាការបានទេ! ដូចអត់មានជំនឿអស់ហើយ»។
អ្នកស្រីបន្តថា អាជ្ញាធរត្រូវកំណត់ដីព្រៃសហគមន៍ឱ្យបានច្បាស់លាស់ ជៀសវាងការបន្តលួចចូលកាប់ទន្ទ្រានដីព្រៃសហគមន៍បន្ថែមទៀត។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា រឿងពលរដ្ឋជឿមិនជឿជាសិទ្ធិរបស់ពលរដ្ឋ ប៉ុន្តែអាជ្ញាធរខេត្តនៅតែព្យាយាមដោះស្រាយ និងអនុវត្តតាមគោលការណ៍របស់ខេត្ត។ លោកបន្តថា បញ្ហារឿងបទល្មើសនេះ អាជ្ញាធរខេត្តព្យាយាមទប់ស្កាត់ និងចាត់វិធានការរហូតមក ដោយឃើញស្ងាត់មួយរយៈ ប៉ុន្តែរដូវភ្ជុំបិណ្ឌប៉ុន្មានថ្ងៃនោះក៏ឃើញខាងសហគមន៍ទូរសព្ទប្រាប់ថា មានជនល្មើសលួចកាប់ឈើ និងបំផ្លាញព្រះពុទ្ធរូបផងដែរ។
លោក វ៉ី សំណាង មានប្រសាសន៍ថា៖ «យើងនៅតែព្យាយាមដោះស្រាយ យើងមិនចោលទេ ហើយគាត់ រឿងជឿមិនជឿ ជារឿងរបស់គាត់[សហគមន៍] ការជឿ និងមិនជឿ ជារឿងរបស់មនុស្ស តែការងាររបស់យើង[អាជ្ញាធរ]ដែលត្រូវអនុវត្ត ត្រូវធ្វើយើងនៅតែធ្វើ ដោយមិនលើកលែង ដោយមិនឈប់ មិនសម្រាក»។
អភិបាលខេត្តរូបនេះបន្ថែមទៀតថា លោកបានចាត់មន្រ្តី តាមដាននិងឃ្លាំមើលបញ្ហាបទល្មើសនៅតំបន់ព្រៃមេត្តាធម្មជាតិជារៀងរាល់ថ្ងៃ និងស្នើឱ្យប្រជាសហគមន៍ចូលរួមសហការជាមួយអាជ្ញាធរខេត្តដើម្បីរាយការណ៍អំពីករណីបទល្មើសព្រៃឈើណាមួយ។
លោកបន្តថា កន្លងមកធ្លាប់មានសហគមន៍រាយការណ៍ប្រាប់ជុំវិញការគំរាមគំហែងលើប្រជាសហគមន៍ពីសំណាក់ក្រុមជនល្មើសដែរ ហើយលោកក៏បានចាត់មន្រ្តីអន្តរាគមន៍បញ្ហាទាំងនេះដែរ។
លោក វ៉ី សំណាង ថ្លែងថា៖ «ចំណាត់ការអាជ្ញាធរខេត្តធ្វើសឹងតែរាល់ថ្ងៃទេ បានដាក់ឱ្យមន្រ្តីចុះទៅមើល តាមដានត្រួតពិនិត្យអី សំខាន់ឱ្យគាត់សហការនៅពេលដែលជួបបទល្មើស ត្រូវឱ្យគាត់រាយការណ៍ជាមួយមន្រ្តីរបស់យើងខ្ញុំបានវាល្អ។ ថ្ងៃមុនគាត់[សហគមន៍] តេមកខ្ញុំផ្ទាល់តើថា ពួកអាអស់ហ្នឹងគំរាមកំហែងអី ខ្ញុំក៏ឱ្យមន្រ្តីចុះទៅមើលចឹងក៏ស្ងាត់ទៅ»។
កាលពីអំឡុងខែឧសភា ឆ្នាំ២០២២នេះ ប្រជាសហគមន៍រកកិច្ចអន្តរាគមន៍ពីកូនប្រុសពៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឱ្យជួយទប់ស្កាត់សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ «ឧត្ដមស្រែពស់ និងព្រៃមេត្តាធម្មជាតិ» ពីសំណាក់ក្រុមទាហានកងទ័ពជើងគោក និងពលរដ្ឋមួយចំនួនស្ថិតនៅឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ក្រោយគ្មានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធ។
ក្នុងញត្តិដែលបានលើកឡើងថា កាលពីឆ្នាំ២០០៣ ផ្ទៃដីព្រៃសហគមន៍ឧត្ដមស្រែពស់ មានទំហំ ២ ៤៣៣ហិកតា ដោយមានពលរដ្ឋអាស្រ័យផលចំនួន ២៥៣គ្រួសារ ហើយនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧ អាជ្ញាធរបានកាត់ឆ្វៀលដីព្រៃសហគមន៍នេះ ទៅឱ្យក្រុមហ៊ុនឯកជន និងក្រុមគ្រួសារទាហាន«ង៧០» អស់ជាច្រើនហិកតា។
ប្រភពដដែលបន្តថា បច្ចុប្បន្ននេះ ដីព្រៃសហគមន៍នេះនៅសល់ប្រហែល ៩០០ហិកតាប៉ុណ្ណោះ និងកំពុងទទួលរងការកាប់ទន្ទ្រាន និងដុតបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុត ខណៈព្រៃសហគមន៍ទាំង២នេះជាប្រភេទតំបន់ព្រៃស្រោង ជាជម្រកសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ជាពិសេសប្រភេទសត្វព្រៃជិតផុតពូជដែលប្រជាពលរដ្ឋ និងព្រះសង្ឃបានការពារជាង២០ឆ្នាំទៅហើយ។
មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃគម្រោងអ្នកការពារព្រៃឈើរបស់សមាគមបណ្តាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា អាជ្ញាធរខេត្តកំពង់ស្ពឺ ហាក់មិនយកចិត្តទុកដាក់ក្នុងការការពារនិងទប់ស្កាត់ព្រៃសហគមន៍មេត្តាធម្មជាតិនោះទេ។ លោកបន្តថា អាជ្ញាធរខេត្តគួរតែពន្លឿនការកំណត់ព្រំដីឱ្យបានច្បាស់លាស់រវាងដីសហគមន៍ និងដីដែលបានប្រគល់ឱ្យទាហាន ដើម្បីបង្ហាញពីប្រសិទ្ធការងារក្នុងការអនុវត្តច្បាប់ និងជាការកសាងទំនុកចិត្តដល់ប្រជាសហគមន៍។
លោក សាន់ ម៉ាឡា មានប្រសាសន៍ថា៖ «ខ្ញុំមើលឃើញថា អាជ្ញាធរខេត្តកំពង់ស្ពឺហាក់បីដូចជា មិនយកចិត្តទុកដាក់ និងធានាអំពីប្រសិទ្ធភាពការងារនៃការគ្រប់គ្រង និងថែរក្សាធនធានព្រៃឈើទេ ត្បិតអាជ្ញាធរខេត្តនេះ បានសន្យាថា នឹងពន្លឿនការងារកំណត់ព្រំដីសិន រវាងដីណាជាដីដែលត្រូវគ្រប់គ្រងដោយសហគមន៍ព្រៃមេត្តាធម្មជាតិ និងដីណាជាកម្មសិទ្ធិរបស់ក្រុមទាហាន ង៧០»។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយ កាត់ដីទំហំជាង ២៦០ហិកតា (២៦២.២៤ហិកតា) ពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីបែងចែកទៅឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន ៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
ក្រោយទទួលបានដីសម្បទានសង្គមកិច្ចនេះ ក្រុមទាហានបានដាក់គ្រឿងចក្រឈូសឆាយ និងប្រើកម្លាំងកម្មករឱ្យចូលទៅកាប់រុករានព្រៃឈើនៅតំបន់នោះ ប៉ុន្តែត្រូវបានអ្នកភូមិរាប់រយនាក់នៅឃុំត្រពាំងជោរ ចេញតវ៉ាប្រឆាំងរហូតមក ដោយពួកគេអះអាងថា ជាព្រៃសហគមន៍ដែលពួកគាត់ខំថែរក្សា ព្រមទាំងស្នើទៅរដ្ឋាភិបាលឱ្យលុបចោលអនុក្រឹត្យដែលផ្តល់ដីឱ្យទាហានដើម្បីរក្សាទុកតំបន់ព្រៃមួយនេះ សម្រាប់ក្មេងជំនាន់ក្រោយ និងជាទីកន្លែងសក្ការៈបូជាផ្នែកពុទ្ធសាសនាផងដែរ៕