ពលរដ្ឋ​​ប្រមាណ ៣ពាន់​​នាក់​​​នៅ​​ខេត្ត​សៀមរាប​ តវ៉ា​មុខ​សាលា​ឃុំ​មួយ ​ក្រោយ​ឮថា ​អាជ្ញាធរ​ឱ្យ​ចាកចេញ​ពី​​លំនៅ​ឋាន

ពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងនាំគ្នាតវ៉ា នៅមុខសាលាឃុំព្រះដាក់ មិនសុខចិត្តករណី​អាជ្ញាធរជាតិអប្សរា ឱ្យ​ពួកគាត់ចាក​ចេញពី​លំនៅដ្ឋាន​ដើម្បីដោះដូរដី​នៅរុនតាឯក កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (រូបភាព៖ ហ្វេសប៊ុកប្រជាពលរដ្ឋ)

ប្រជា​ពលរដ្ឋប្រមាណ ៣ ០០០​នាក់ នៅ​ឃុំ​ព្រះដាក់​ ស្រុក​បន្ទាយ​ស្រី ខេត្តសៀមរាប បានប្រមូលផ្តុំតវ៉ា​នៅ​មុខសាលាឃុំ​កាលពីថ្ងៃពុធ​ ក្រោយ​ពួកគាត់​បានទទួល​ព័ត៌​មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យពួកគាត់ចាក​​ចេញ​​ពីលំនៅឋាន​​ទៅ​នៅទីតាំង​​​ថ្មី​ក្នុងតំបន់រុនតាឯក។

លោក ជា វីរៈ ជាប្រជាពលរដ្ឋ​រស់​នៅភូ​មិ​ថ្នល់​​ទទឹង ឃុំព្រះដាក់ ប្រាប់វីអូឌី​ថា ពលរដ្ឋ​នៅ​ឃុំព្រះដាក់​ បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅ​មុខសាលា​ឃុំ កាលពីថ្ងៃម្សិលមិញ ដើម្បីទាមទារសុំមិនចាកចេញពីលំនៅឋាន ឬដោះដូរទៅកន្លែងថ្មី។ លោក​បន្តថា ថ្មីៗនេះ អាជ្ញាធរ​ជាតិ​អប្សរា បានមក​សម្រប​សម្រួល​ឱ្យប្រជាពលរដ្ឋនៅភូមិមួយចំនួន ក្នុងឃុំនេះ​ឱ្យ​ដោះ​ដូរ​ទៅ​នៅ​ទីតាំងថ្មី​ក្នុង​តំបន់​រុនតាឯក ក្រោមហេតុផល​ថា តំបន់ដែលពលរដ្ឋកំពុងរស់នៅ​បច្ចុប្បន្ន​ ជាតំបន់រមណីយដ្ឋានអង្គរ។

លោក ជា វីរៈ បន្ថែមថា៖ «យើងមិន​ព្រម​ចាក​ចេញ​ ដោយ​សារយើងរស់នៅកន្លែងភូមិ​ចាស់នេះ​យូរឆ្នាំហើយ​ ហើយ​យើង​មិន​ចង់ចាកចេញ​​ដោយ​បារម្ភ​ពី​ផល​ប៉ះពាល់​សេដ្ឋកិច្ចគ្រួ​សារ។ យើង​ទៅ​នៅ​កន្លែង​ថ្មី​ថា តើ​មុខ​របរ​យើង យើង​ត្រូវ​ធ្វើអី រក​ស៊ីអី។ យើង​នៅភូមិ​ចាស់​នេះ​យើង​អត់​ការ​ងារ​ធ្វើ តែយើ​ង​មានស្រែចម្ការធ្វើ។ អីចឹង​ហើយយើង​សុំរស់នៅភូមិចាស់​ យើងមិនព្រមរុះរើផ្ទះទៅកន្លែង​ថ្មី»

ពលរដ្ឋរស់នៅ​ឃុំព្រះដាក់​ម្នាក់​ទៀត លោក និន ណន និយាយ​ថា គ្រួសារ​លោក​បាន​រស់​នៅ​ភូមិ​ចាស់​នេះ៣ជំនាន់​មក​ហើយ និង​មិន​អាច​ដោះដូរទៅកន្លែងថ្មីបានឡើយ ខណៈលោកថា ការដោះស្រាយរបស់អាជ្ញាធរជុំវិញរឿងនេះពុំមានតម្លាភាព។

លោក​បន្តថា ការ​ដោះដូរ​ទៅ​កន្លែង​ថ្មី​នៅ​តំបន់​រុនតាឯកនោះ គឺអាជ្ញាធរផ្តល់ដីឡូតិ៍ត្រឹម​តែ​២០ម៉ែត្រគុណ៣០ម៉ែត្រប៉ុណ្ណោះ ទោះដី​អ្នក​ភូមិ​មាន​ទំហំ​ប៉ុណ្ណា​ក៏ដោយ។ លោក​ថា គ្រួសារលោកមានដីលំនៅឋានទំហំ៣០ម៉ែត្រគុណ២០០ម៉ែត្រ និងដី​ស្រែ​ទំហំ​ ៥ហិកតា សម្រាប់បង្កបង្កើនផលចិញ្ចឹមគ្រួសារជារៀងរាល់ឆ្នាំ។

ពលរដ្ឋរូបនេះ បន្ត​ថា ការ​ដែល​អាជ្ញាធរ​ឱ្យ​គាត់​ដោះ​ដូរ ដោយ​ផ្តល់ដីឡូតិ៍មកវិញត្រឹមតែ២០ម៉ែត្រគុណ៣០ម៉ែត្រនៅតំបន់រុន​តាឯកនោះ គឺលោកមិនអាចទទួលយកបានឡើយ។

លោកបន្ថែមថា៖ «ខ្ញុំមិនមែនជាមន្ត្រីរាជការដល់ខែបើកប្រាក់ខែនោះទេ។ ខ្ញុំជាកសិករសុទ្ធសាត ខ្ញុំ​អាស្រ័យផ​ល​តដូន​តាច្រើន​ជំនាន់​មកហើយ​ រស់ដោយពឹងកសិកម្មសុទ្ធ ហើយ​អាជ្ញាធរឱ្យយើងដោះដូរទៅកន្លែងថ្មី គឺដីយើងមានប៉ុន្មានហិកតាក៏គេឱ្យដោះដូរឱ្យយើងវិញ​ ត្រឹមតែក្បាល២០ម៉ែត្រគុណ៣០ម៉ែត្រដែរ អីចឹងឱ្យពួកខ្ញុំទទួលយកម៉េច​កើត។ ខ្ញុំអាស្រ័យ​ផលរបៀប​ម៉េច។ ពួកខ្ញុំ​មិន​ទាមទារ​អ្វី​ទេ ពួកខ្ញុំទាមទារ​សុំ​រស់​នៅក្នុង​ភូមិ​ឃុំដដែល។ ពួកខ្ញុំអត់ចាកចេញពីលំនៅឋានរបស់ពួកខ្ញុំទេ។ ខ្ញុំសុំអង្វរ​ដល់​សម្តេច​[ហ៊ុន សែន]​សុំលោកពិចារណាឡើងវិញ ស្រណោះដល់​ប្រជាពលរដ្ឋ​មិនមែនតិច​គ្រួសារ​ទេ បើគិត​ក្នុង​ឃុំ​ព្រះដាក់​ទាំង​មូល ចូលខ្ទង់​ម៉ឺន​នាក់​ហើយ»

មេឃុំព្រះដាក់ លោក ភិន ថោង ប្រាប់វីអូឌីថា ពលរដ្ឋប្រមាណ ៣ ០០០​នាក់ បាន​ប្រមូលផ្តុំនៅមុខសាលាឃុំ ក្រោយ​អាជ្ញាធរ​ជាតិ​អប្សរា ចុះមកសាកសួរយោបល់​ពលរដ្ឋអំពីការស្ម័គ្រ​ចិត្ត​ដោះដូរ​ទីលំនៅ ទៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។

មេឃុំរូបនេះ បញ្ជាក់ថា អាជ្ញាធរមិនទាន់បានកំណត់ឱ្យពលរដ្ឋចាកចេញ​ពីលំនៅឋាននៅឡើយទេ ដោយគ្រាន់តែមកស៊ើបសួរ​ប៉ុណ្ណោះ ហើយ​លោក​ក៏មិនទាន់អាចបញ្ជាក់បានថា ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ត្រូវដោះដូរទៅកន្លែងថ្មីយ៉ាងណាដែរ ដោយ​រងចាំការសម្រេចពីថ្នាក់លើសិន។ បើតាមមេឃុំរូបនេះ នៅឃុំព្រះដាក់ មានពលរដ្ឋរស់នៅ​ចំនួន ២ ២១១គ្រួសារ ឬស្មើ​នឹង​៩ ៦២១​នាក់។

លោកបន្ថែមថា៖ «ខ្ញុំអត់ដឹងរឿងនេះ​ច្បាស់ទេ រងចាំមើលថ្នាក់លើសម្រេច ប៉ុន្តែ​អាជ្ញាធរ​យើ​ង​ចុះ​ព្រឹក​មិញ​នេះ គ្រាន់​តែ​ចុះស្រង់​ព័ត៌មាន និង​សួរមតិយោបល់បងប្អូនប្រជាពលរដ្ឋទេ។ អត់ទាន់ដឹង​ថា គេឱ្យពួកគាត់ចាកចេញឬក៏អត់ទេ។ ខ្ញុំអត់​ទាន់មាន​ចំលើយពិត​ប្រាកដ​ទេ»

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា​លោក ឡុង កុសល សុំមិន​ឆ្លើយ​តប​ពាក់​ព័ន្ធ​រឿងនេះទេ ដោយ​លោកបង្វែរឱ្យទៅសួរ​ក្រសួងរៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់​វិញ ប៉ុន្តែលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី មិនលើកទូរស័ព្ទ។

មន្ត្រី​ឃ្លាំមើលការរំ​លោភសិ​ទ្ធិម​នុស្សអា​ដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន ដែល​តាម​ដាន​ករណីនេះ បានទទូចដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​សម្រប​សម្រួល​ដោះ​ស្រាយ​រឿង​នេះ​ដោយ​សន្តិវិធី​ជូន​ពលរដ្ឋ ដោយលោក​បារម្ភ​ខ្លាច​មាន​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ ដែលអាចឈានទៅ​កើតមានអំពើ​ហិង្សាណាមួយ​ជាដើម។

លោកបន្ថែមថា៖ «ប្រសិនជាពុំមានការប្រជុំសម្របសម្រួលដោះស្រាយរឿងនេះទេ ខ្ញុំបា​រម្ភ​ថា បើ​ថ្ងៃទី៧​ ខែតុលានេះ​ អត់បាន​ប្រជុំ​ដោះ​ស្រាយ​ជូន​ពួកគាត់ទេ វាអាចឱ្យ​ពួកគាត់តវ៉ាកាន់តែខ្លាំងថែមទៀត ព្រោះដូចថា​អាជ្ញាធរកុហកគាត់។ ខ្ញុំគិតថាអាជ្ញាធរ​គួ​រតែសម្របសម្រួលកុំឱ្យពលរដ្ឋមានបញ្ហាថ្នាំងថ្នាក់បន្តទៅទៀត»

គួររំលឹកថា រដ្ឋាភិបាល​កំពុង​រៀងចំ​តំប​ន់​រមណីយដ្ឋានអង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផល​នៅ​តំបន់ការពារមួយនេះ​ ស្ម័គ្រចិត្តដោះដូរលំនៅឋាន​ទៅនៅ​ទីតាំង​ថ្មី ដែល​រៀបចំ​ដោយ​អាជ្ញាធរ​នៅ​តំបន់អភិវឌ្ឍន៍​រុន​តាឯក ស្រុកបន្ទាយស្រី ដោយ​ក្នុង​១គ្រួសារ​ទទួល​បាន​ដីឡូតិ៍​២០ម៉ែត្រ​គុណ​៣០​ម៉ែត្រ ដែល​គិត​មក​ដល់​ដើមខែ​តុលានេះ​ មាន​ប្រមាណជិត ៣ ០០០គ្រួសារ។ នេះបើតាមរបាយការណ៍​តួលេខ​ដែលរដ្ឋាភិបាលបានប្រកាសពីចំនួនពលរដ្ឋនៅតំបន់រុនតាឯក ដែលទទួលបានប័ណ្ណក្រីក្រ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា កាលពីថ្ងៃទី៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានឈប់​ផ្តល់​សំណង​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ បើពលរដ្ឋ​ទាំង​នោះ​ជឿតាម​ការញុះញង់របស់​អ្នកនយោបាយ ហើយមិនព្រមចាកចេញ ដើម្បី​ចង់​ទាម​ទារ​ថ្លៃសំណង​ខ្ពស់​ជាង​អ្វីដែលរដ្ឋាភិបាល​បាន​កំណត់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ថ្មីៗនេះ លោកបានទទួលព័ត៌មានថា មានមនុស្សមួយចំនួនបានទៅឃោសនាប្រាប់​ប្រជាពលរដ្ឋដែលរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប កុំអាល​ចាក​ចេញ ដើម្បី​តថ្លៃសំណង​ឱ្យ​បាន​ច្រើន​ជាមុន ឬបានដីច្រើនជាងមុនជាដើម។

លោកបាន​ផ្តាំទៅប្រជាពលរដ្ឋនៅ​តំបន់រមណីយដ្ឋានអង្គរ កុំជឿតាមការឃោសនាទាំងនោះ ព្រោះរដ្ឋាភិបាល​បានកំណត់ពី​សំណង​​​​ទៅឱ្យប្រជា​ពលរដ្ឋ​រួចទៅហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ