តុលា​ការ​​​បន្ត​​​បើក​​​សវនាការ​​​សំណុំ​រឿង​ ​​​​«រួមគំនិតក្បត់​»​​​​ ​​ជុំវិញ​​​ការ​វិលត្រឡប់​​​លោកស្រី មូរ សុខហួរ​​​

លោកស្រី មូរ​ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះ​ជាតិ​

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បន្តបើកសវនាការលើសំណុំរឿង «រួមគំនិតក្បត់» ដែលមានជនជាប់ចោទជាសកម្មជនគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយ ជុំវិញគម្រោង​ការវិលត្រឡប់លោកស្រី មូរ សុខហួរ កាលពីដើមឆ្នាំ​២០២១។

ក្នុងសវនាការ នាព្រឹកនេះ តុលាការបន្តសួរសាកសួរជនត្រូវចោទ ដែលជា​អតីត​ចៅសង្កាត់ព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក ខាន់ ប៊ុនផេង និងអតីតចៅសង្កាត់រងទី២ នៃសង្កាត់ចតុមុខ រាជាធានីភ្នំពេញ លោក វឿង  សំណាង។

មេធាវីការពារក្ដីឱ្យលោក ខាន់ ប៊ុនផេង គឺលោក សំ សុគង់ បានសួរទៅកូនក្ដីរបស់ខ្លួន ពាក់ព័ន្ធនឹងទំនាក់ទំនងជាមួយឈ្មោះ សេង សុខឡេង និងទំនាក់ទំនងជាមួយថ្នាក់ដឹកនាំគណបក្សសង្រោះជាតិដែលត្រូវតុលាការរំលាយនៅក្រៅប្រទេស និងសួរថាតើ​ធ្លាប់​ទទួល​បញ្ជាពីថ្នាក់ដឹកនាំនៅក្រៅប្រទេស ដើម្បីឱ្យទៅទទួលលោកស្រី មូរ សុខហូរ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឬយ៉ាងណា។

ឆ្លើយតបនឹងសំណួរមេធាវីការពារសិទ្ធិរបស់ខ្លួន លោក ខាន់ ប៊ុនផេង បានប្រាប់​អង្គសវនាការថា  លោកមានទំនាក់ទនងជាមួយឈ្មោះ សេង សុខឡេង ចាប់តាំងពីជាប់ជាចៅសង្កាត់ ហើយបុគ្គលរូបនេះ ក៏តែងតែ​​ខលទៅគាត់និយាយរឿងនយោបាយ និងដំណើរវិលត្រឡប់លោកស្រី មូរ សុខហួរ ប៉ុន្តែលោកមិនបានឆ្លើយអ្វីទេ ហើយក៏មិនមានគំនិត​កៀងគរប្រជាពលរដ្ឋ ដើម្បីទៅទទួលដែរ។  លោកបន្តថា មូលហេតុដែលលោកមិនឆ្លើយតប ដោយ​សារ​លោកដឹងថា​ឈ្មោះ សេង សុខឡេង មានសតិនិងស្មារតីមិនប្រក្រតី ហើយអ្នកភូមិនៅទីនោះក៏បានដឹងគ្រប់គ្នាដែរ។

លោកស្នើទៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឱ្យពិចារណាឡើងវិញ និងចាត់ទុកការយកសម្ដីឈ្មោះ សេង សុខឡេង ដែលសតិមិនប្រក្រតីមកភ្ជាប់ ដើម្បីចោទប្រកាន់ និងចាប់ឃុំខ្លួនលោកថា ជារឿងអយុត្តិធម៌។

ចំពោះទំនាក់ទំនងជាមួយថ្នាក់ដឹកនាំនៅក្រៅប្រទេសវិញ លោក ខាន់ ប៊ុនផេង អះអាងថា មិនមាននោះទេ ហើយក៏មិនដែលទទួលបញ្ជាអ្វីដែរ ដោយថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិរំលាយមក រូបលោកគិតដែលរកចំណូល ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ និងមើលថែចៅ។

ក្រោយពីមានការលើកឡើងបែបនេះ លោក សំ សុគង់ មេធាវីការពារឱ្យលោក ខាន់ ប៊ុនផេង ក៏បានស្នើទៅប្រធានក្រុមប្រឹក្សា ពិនិត្យលិខិតបញ្ជាក់របស់​ចៅសង្កាត់​ព្រះសេ្ដច និង​លិខិត​មេ​ភូមិ ព្រមទាំ​ង​សាក្សី បន្ទាប់សមាជិកក្រុមប្រឹក្សាបានសួរបញ្ជាក់ទៅលោក ខាន់ ប៊ុនផេង មានអ្វីជាសំអាងដែលថា ឈ្មោះ សេង សុខឡេង មានសតិប្រក្រតីនោះ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះលោកស្រី អ៊ុក រ៉េតគន្ធា បានឱ្យក្រឡាបញ្ជីអានសំអាងហេតុដែលចៅក្រមស៊ើបសួរ ដោះលែងឈ្មោះ សេង សុខឡេង ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយភ្ជាប់ជាមួយលិខិតបញ្ជាក់ពីសង្កាត់ព្រះស្ដេច ព្រមទាំងលិខិតមេភូមិ និងសាក្សី។

បើតាមលិខិតរបស់​ចៅក្រមស៊ើបសួរ លោក ស៊ិន សុវណ្ណរ័ត្ន ដែលក្រឡាបញ្ជីបានអាន បញ្ជាក់ថា ការដោះលែងឈ្មោះ សេង សុខឡេង មិនប៉ះពាល់ដល់នីតិវិធីតុលាការទេ។ លិខិតដដែលថា ការដោះលែងនេះ ដោយសារ ឈ្មោះ សេង សុខឡេង មានសតិមិនប្រក្រតី។

ចៅក្រមដដែលថា មូលហេតុ​ដែលលើកឡើងបែបនេះ ក្រោយពីចៅក្រមបានទទួលលិខិតបញ្ជាក់​ពីចៅសង្កាត់ថា ឈ្មោះ សេង សុខឡេង មានសតិមិនល្អ ឬ មិនប្រក្រតី​ជាច្រើនឆ្នាំហើយ ខណៈកន្លងមក អាជ្ញាធរមូលដ្ឋាន ក៏ធ្លាប់ហៅបុគ្គលរូបនេះទៅអប់រំ និងណែនាំដែរ ប៉ុន្តែគាត់ស្ដាប់បានមួយថ្ងៃ ហើយត្រឡប់មកវិញដដែល។

ក្រោយពីបញ្ចប់ការសួរដេញលោក ខាន់ ប៊ុនផេង  ចៅក្រមជម្រះ និងតំណាងអយ្យការលោក សេង ហៀង ក៏បានបន្តសួរទៅអតីតចៅសង្កាត់រងទី២ នៃសង្កាត់ចតុមុខ លោក វឿង  សំណាង ថាតើធ្លាប់ប្រើប្រាស់បណ្ដាញសង្គមអ្វីខ្លះ? ហើយធ្លាប់មានទំនាក់ទំនង និងទទួលបញ្ជាពីថ្នាក់ដឹកនាំបក្សប្រឆាំងដែលកំពុងនៅក្រៅប្រទេស ដើម្បីទៅទទួលលោកស្រី មូរ សុខហួរ ដែរឬទេ? ព្រមទាំងលើកយក​អាខោនហ្វេសប៊ុកឈ្មោះ «វឿង សំណាង សង្គ្រោះជាតិ រាជធានីភ្នំពេញ» ជាភស្តុតាង​ដាក់បន្ទុក ខណៈអាខោន​នោះ បាន​បង្ហោះ​សារ​​អំពី​ការ​ដឹកនាំ​របស់ ​លោក ហ៊ុន សែន បច្ចុប្បន្ន និងរឿងដំណើរវិលត្រឡប់របស់លោកស្រី មូរ សុខហួរ ជាដើម។

ឈរនៅរង្វង់ក្រចកសេះ ក្នុងទឹកមុខមាំ លោក វឿង  សំណាង បានលើកឡើងថា បន្ទាប់ពីគណបក្ស​សង្គ្រោះជាតិត្រូវតុលាការរំលាយនោះ  រូបលោកក៏បានដាក់លិខិតមួយទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីបញ្ជាក់ថា លោកឈប់ធ្វើសកម្មភាពនយោបាយបន្តទៀត។ លោកបន្តថា ក្រោយពីដាក់លិខិតទៅ ACU ហើយ នៅឆ្នាំ២០១៧ រូបលោកក៏បានចាក​​ចេញពី​កម្ពុជា ទៅ​ធ្វើជាពលករនៅថៃ ដើម្បី​រកចំណូល​​មកដោះស្រាយបញ្ហាជីវភាពគ្រួសារ ហើយការទៅធ្វើពលករ​​​នៅថៃនាពេលនោះ មិនមែនទៅតាមសកម្មជនបក្សប្រឆាំងនោះទេ។

អំឡុងធ្វើជាពលករ​នៅថៃនោះ រូបលោកគ្មានពេលវេលាសម្រាប់លេងហ្វេសប៊ុក និងទាក់ទង ឬ​​ក៏ទទួលបញ្ជាពីថ្នាក់ដឹកនាំនៅក្រៅប្រទេសឡើយ ដោយមួយថ្ងៃៗ គិតតែធ្វើការ និងថែមម៉ោង ដើម្បីបានចំណូលច្រើន ខណៈគ្រួសាររបស់លោកមានជីវភាពខ្វះខាតខ្លាំង រកបាន​ព្រឹកខ្វះល្ងាច។

លោក វឿង សំណាង អះអាងក្នុងសវនាការថា លោកមិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់​ឡើយ ហើយថា អាខោនហ្វេសប៊ុកឈ្មោះ «វឿង សំណាង សង្គ្រោះ​ជាតិ រាជធានីភ្នំពេញ» នោះមិនមែនជារបស់លោកឡើយ។ លោកបញ្ជាក់ថា ហ្វេសប៊ុកដែលលោកប្រើគឺមានតែមួយប៉ុណ្ណោះ ដោយសរសេរឈ្មោះ​ជាអក្សរឡាតាំងថា « Voeung Samnang»។

ក្រោយពីសួរដេញដោល លោក ខាន់ ប៊ុនផេង និងលោក វឿង សំណាង ពេលមួយព្រឹកមិញ ប្រធានក្រុមប្រឹក្សាជនុំជម្រះលោកស្រី អ៊ុក រ៉េតគន្ធា បានផ្អាក ហើយប្រកាសបន្តសវនាការ នៅថ្ងៃទី១៣ ខែតុលា ខាងមុខបន្តទៀត។

មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីដំណើរការសវនាការនេះ កត់សម្គាល់ថា ត្បិតលោក ខាន់ ប៊ុនផេង មិនបានឆ្លើយឆ្លងជាមួយ ឈ្មោះ សេង សុខឡេង ក្ដី ប៉ុន្តែតុលាការបែរជាយកសម្ដីឈ្មោះ សេង សុខឡេង មកដាក់ថា លោក ខាន់ ប៊ុន​ផេង ជាអ្នកនិយាយទៅវិញ។  មួយវិញទៀត លោកថា ឈ្មោះ សេង សុខឡេង ត្រូវបានតុលាការ​ដោះលែងឱ្យនៅក្រៅឃុំ ដោយសំអាងថា មានសតិមិនប្រក្រតី ប៉ុន្តែបែរជាបន្តឃុំខ្លួនលោក ខាន់ ប៊ុនផេង ដែលមិនបាននិយាយអ្វីទៅវិញ។

លោកថា៖ «ដូច្នេះ បើសិនជាលោកមានសតិមិនល្អ លោក ខាន់ ប៊ុនផេង ក៏មិនអាចជាប់ពន្ធ​នាគារ​បាន​ដែរ ដោយសារ​អ្នកនោះ​មាន​សតិ​មិន​ល្អ ហេតុអីបានជាតុលាការសម្រេចយកខ្លឹមសារ ឬការនិយាយរបស់ឈ្មោះ សេង សុខឡេង ជាភស្តុតាងពិតប្រាកដ ដើម្បីចោទប្រកាន់មកគាត់។ ចំណុចនេះ ដែលជាចំណុចគួរឱ្យសង្ស័យដែលតាមការគិតរបស់មេធាវី ស្នើសុំឱ្យធ្វើកោសល្យ​វិច្ឆ័យ​ឯក​សារ​អស់​នេះ ខ្ញុំ​គិត​ថា សមហេតុផល ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ»។

ចំពោះការចោទប្រកាន់លើលោក វឿង សំណាង វិញ លោក សុខសាន្ត ថា សមត្ថកិច្ចយកភស្ដុតាងមកដាក់បន្ទុកឱ្យតែបាន ដើម្បីចាប់ខ្លួនយកទៅឃុំ ទោះបីជាអង្គហេតុ និងរឿងខ្លះមិនសមហេតុផលក៏ដោយ។

លោកថា៖ «ចំណុចហ្នឹង វាជារឿងនយោបាយ ដែលមិនគួរយកតុលាការសព្វថ្ងៃយកមកកាត់ទោសរឿងនយោបាយទេ គួរតែដោះស្រាយតាមផ្លូវនយោបាយទៅ វាល្អសម្រាប់សង្គមជាតិ។ កាល​ណាយើងយកតុលាការមួយដែលឯករាជ្យ ហើយជាស្ថាប័នមួយរកយុត្តិធម៌ជូនពលរដ្ឋបែរជាយកស្ថាប័ននឹងទៅបម្រើឱ្យនយោបាយធ្វើឱ្យប៉ះពាល់សិទ្ធិប្រជាពលរដ្ឋហើយ នឹងប៉ះពាល់​កិត្តិយសបុគ្គលហើយអនាគតគេលែងមានជំនឿ ទៅលើយុត្តិធម៌»។

បើតាមតំណាងអយ្យការ សំណុំ​រឿង​ «រួម​គំនិត​ក្បត់» ដែល​មាន​ជន​ជាប់​​ចោទ៣៩​នាក់​នេះ ត្រូវ​​បាន​បំបែក​ជា​២សំណុំរឿង ក្នុង​​នោះ សំណុំរឿងទី១ មាន​ជន​ជាប់​​ចោទចំនួន​២នាក់​ រួម​​មាន ​កញ្ញា សៅ ឧសភា និង​​​លោក អៀ ចាន់ណា កំពុងស្ថិតក្នុងដំណាក់កាល​ចៅក្រមស៊ើប និងសំណុំរឿង​ទី២ មាន​ជនជាប់ចោទជាង ៣០នាក់ ប៉ុន្តែមាន​វត្តមាន​ក្នុង​បន្ទប់​សវនាការតែ ៣​នាក់​ទេ​ ក្នុងនោះ​មាន​លោក គង់ ម៉ាស់, លោក ខាន់ ប៊ុន​ផេង និង​លោក វឿង សំណាង ដោយ​អ្នកទាំងនេះកំពុង​ជាប់នៅពន្ធនាគារព្រៃស ខណៈថ្នាក់ដឹកនាំនិង​សកម្មជនផ្សេងទៀត​នៅ​ក្រៅប្រទេស ហើយខ្លះ​ទៀត​នៅ​កម្ពុជា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ