ការសុខចិត្តរណបប្រទេសជិតខាង ដើម្បីក្រាញអំណាចនៅក្នុងប្រវត្តិសាស្រ្តនៃមេដឹកនាំខ្មែរដោយមិនយកពហុគំនិតធ្វើជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេស ជាដើមចមធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងតជំនាន់ និងបង្កឱ្យមានជម្លោះផ្ទៃក្នុងគ្មានទីបញ្ចប់ បើអ្នកនយោបាយសម័យទំនើបនេះ មិនពិចារណាកែលម្អ។
ប៉ុន្មានសប្តាហ៍មកនេះ ស្នាមរបួសពីការបាត់បង់ទឹកដីទៅប្រទេសជាតិខាង ហាក់បានរើឡើងវិញ ក្រោយពីយុវជនមួយក្រុមដើរដាក់ញត្តិតាមស្ថាប័នជាតិ និងជូនដំណឹងពីគម្រោងធ្វើបាតុកម្មនៅក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងលុបគម្រោងបង្កើតអគារសិក្សាភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ប៉ុន្តែជាការឆ្លើយតបសមត្ថកិច្ចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី៤ ខែកញ្ញា បានចាប់ឃុំខ្លួនយុវជន ធែល ធីលែន ដែលបង្ហាញមុខញឹកញាប់តាមបណ្តាញសារព័ត៌មាន ក្នុងការជំទាស់នឹងការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ចំពោះការឆ្លើយតបទៅនឹងការផ្តាំផ្ញើរបស់មេដឹកនំាវៀតណាម ឱ្យយកចិត្តទុក្ខដាក់ពលរដ្ឋខ្លួនដែលរស់នៅលើទឹកដីកម្ពុជា។
យុវជន អ៊ំ ឈុម ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែត្រូវបានដោះលែងវិញ ឱ្យដឹងថា រូបភាពតវ៉ាដោយសន្តិវិធីជំទាស់នឹងមេដឹកនាំកម្ពុជា ទទួលយកសំណើរបស់មេដឹកនាំវៀតណាម អាចនឹងជាន់ដានប្រវត្តិសាស្ត្រ ដូចដែលប្រទេសជិតខាងធ្លាប់លេងល្បែងនេះ រហូតច្បាមយកទឹកដីកម្ពុជាក្រោម និងកោះត្រល់របស់កម្ពុជាទៅគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន។
លោកថា៖«ការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល គឺធ្ងន់ទៅលើជនអន្តោប្រវេសន៍ហ្នឹង [វៀតណាម]ខ្លាំងពេក ដែលធ្វើឱ្យយើងបារម្ភខ្លាចថាទៅថ្ងៃមុខទៅ គេសុំច្រើនជាងនឹងរួមទាំងការស្នើសុំកាត់ទឹកដី ក៏ដូចជាកាត់អ្វីផ្សេងៗឱ្យគេទាំងអស់»។
ចំណាត់ការចាប់ខ្លួនអ្នករិះគន់ពីលំហូរជនជាតិវៀតណាមខុសច្បាប់មករស់នៅលើទឹកដីកម្ពុជា រួមទាំងការរិះគន់ពីការបោះបង្គោលព្រំដែនជាមួយវៀតណាមនាសម័យទំនើបនេះ មិនមែនកើតមានឡើងតែចំពោះយុវជនមួយក្រុមនេះទេ កន្លងទៅអតីតតំណាងរាស្ត្រគណបក្សប្រឆាំង រួមមានលោក អ៊ុំ សំអាន និងលោក ហុង សុខហួរ ក៏ត្រូវរដ្ឋាភិបាលប្តឹងរហូតជាប់ពន្ធនាគារច្រើនឆ្នាំ រួមទាំងសមាជិកឃ្លាំមើលកម្ពុជាលោក រ៉ុង ឈុន ជាដើម។ ចំណែកបុគ្គលមួយចំនួនទៀតដែលតាមដានបញ្ហាព្រំដែននេះក៏ត្រូវនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីគេចចេញពីការតាមចាប់ខ្លួននេះផងដែរក្នុងនោះមានទាំងលោក ម៉ែន ណាត ជាដើម។
សំណួរនៅត្រង់ថា តើមានអ្វីអាចព្យាបាលរបួសផ្លូវចិត្តពលរដ្ឋពីការបាត់បង់ទឹកដីក្រៅពីការចាប់ឃុំខ្លួនទេ?
សាស្ត្រាចារ្យប្រវត្តិសាស្ត្រនិងអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមើលឃើញប្រហាក់ប្រហែលគ្នាថា ថ្នាំព្យាបាលជំងឺផ្លូវចិត្ត ចំពោះកម្ពុជាដែលបានបាត់បង់ទឹកដីទៅប្រទេសជិតខាង ពិតជាមានបើប្រព័ន្ធដឹកនាំរដ្ឋ មិនជាប់ចំណងប្រទេសជិតខាង ហើយប្រើទាំងយន្តការជាតិ និងអន្តរជាតិ ដើម្បីជម្រះមន្ទិលការកំនត់ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសនិងប្រទេសនោះទេ។
សាស្ត្រាចារ្យប្រវត្តិសាស្ត្រលោក វង់ សុធារ៉ា លើកឡើងថា មូលហេតុចម្បងដែលកម្ពុជាបាត់បង់ទឹកដីទៅប្រទេសជិតខាង ពីអតីតកាលនោះគឺដោយសារតែខ្សែរាជវង្សានុវង្ស ដែលម្ខាងនិយមខាងសៀម និងម្ខាងនិយមខាងយួន។
លោកបានគូសបញ្ជាក់ថា តួយ៉ាងដូចជាព្រះមហាក្សត្រ ធម្មរាជា ជំនាន់ចតុមុខជាដើម បានចងសម្ព័ន្ធមិត្តជាមួយអយុធ្យា ឬថៃ តែសម្ព័ន្ធមិត្តនោះព្រះមហាក្សត្រខ្មែរ បានប្រគល់ខេត្តជាច្រើនរួមទាំងសួយសារអាករ ឬប្រាក់ពន្ធឱ្យគេរាល់ឆ្នាំ ឱ្យទៅអយុធ្យា ដើម្បីសុំជំនួយក្នុងការផ្តួលរំលំដៃគូប្រកួតប្រជែងពីរទៀត ដែលមានព្រះបាទ ស្រី រាជា និងព្រះអង្គម្ចាស់ ស្រី សុរិយោទ័យដែលត្រូវជាក្មួយបង្កើត។
តាមរយៈសម្ព័ន្ធមិត្តនេះ ព្រះមហាក្សត្រខ្មែរ ធម្មរាជា បានឈ្នះក្មួយបង្កើតរបស់ខ្លួន ហើយឡើងសោយរាជ្យ នៅអំឡុងឆ្នាំ១៤០៥ ។
មួយវិញទៀត លោកថា ការបាត់បង់ទឹកដីមួយផ្នែកទៀត ទៅប្រទេសឡាវ មានខេត្តចំប៉ាសាក់ ខេត្តអាតាពើ ជាប់ខេត្តរតនគិរី ជាដើមដោយសារតែខ្មែរជាប់ដៃប្រយុទ្ធគ្នា គ្មានកម្លាំងដាក់ពង្រាយនៅទីតាំងនោះ ដែលធ្វើឱ្យខេត្តមួយចំនួនត្រូវបានឡាវគ្រប់គ្រងរហូតមកដល់បច្ចុប្បន្ន។
ចំណែកការបាត់បង់ទឹកដីទៅប្រទេសវៀតណាមវិញប្រហាក់ប្រហែលគ្នានេះដែរ គឺព្រះមហាក្សត្រខ្មែរបានទៅពឹងពាក់យួន ដើម្បីថែរក្សាអំណាច នៅអំឡុងសតវត្សរ៍ទី១៩ ដែលមានព្រះអង្គចន្ទ និងព្រះអង្គមី។
លោកមើលឃើញថា បញ្ហាព្រំដែនសម្រាប់ការដឹកនាំ នាសម័យទំនើបនេះ បានក្លាយជាចំនុចសា្លប់រស់របស់មេដឹកនាំគណបក្សនយោបាយដែលពួកគេអាចកើនប្រជាប្រិយ ឬក៏អាចបាត់បង់កេរ្តិ៍ឈ្មោះពីឆាកនយោបាយ ដែលបញ្ហានេះហើយ ជំរុញឱ្យអ្នករិះគន់បញ្ហាព្រំដែនប្រឈមនឹងការជាប់ពន្ធនាគារ។
ប៉ុន្តែលោកថា ការបាត់បង់ទឹកដីអាចព្យាបាលរបួសចិត្តពលរដ្ឋបានតាមរយៈការអភិវឌ្ឍនៅតំបន់សេដ្ឋកិច្ចតាមព្រំដែនបង្កើនប្រាក់ចំណូលដល់ពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន និងពង្រឹងគុណភាពវិស័យអប់រំ ដើម្បីឱ្យពលរដ្ឋយល់ដឹងពីប្រវត្តិសាស្ត្រ និងវប្បធម៌របស់ខ្លួន។
លោកថា៖«បើយើងទៅមើលនៅអឺរ៉ុបវិញមានចម្រុះជាតិសាសន៍ ប៉ុន្តែដោយសារវិស័យអប់រំរបស់គេមួយៗ ខ្លាំងគេមិនភ័យទេចំពោះអាណិកជនទាំងឡាយនៅប្រទេសគេហ្នឹង សំខាន់ឱ្យមនុស្សចាស់ៗដែលនៅក្រៅប្រទេសហ្នឹងគោរពច្បាប់របស់គេទៅ ចំណែកកូនៗរបស់ពួកគេអាចក្លាយជាពលរដ្ឋរបស់ប្រទេសដែលគេកើតហ្នឹងបានទាំងស្រុង»។
សមាជិកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត លើកឡើងថា ភាពចម្រូងចម្រាសនៃការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម នាសម័យទំនើបនេះ មកពីបញ្ហាធំពីរ ក្នុងនោះគឺទី១ ការបោះបង្គោលនេះ មិនបានអនុលោមទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងទី២រដ្ឋាភិបាលមិនបានបង្កើតក្រុមការងារចម្រុះបក្ស ដែលអាចផ្តល់ជំនឿដល់ពលរដ្ឋគ្រប់និន្នាការ។
ក្នុងន័យនេះលោកអះអាងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសដែលចែងពីបូរណភាពទឹកដីកម្ពុជា តម្រូវឱ្យលុបចោលសន្ធិសញ្ញាព្រំដែនដែលបក្សកាន់អំណាចធ្វើជាមួយវៀតណាម អំឡុងវៀតណាមចូលលុកលុយត្រួតត្រាកម្ពុជា ។
ប៉ុន្តែ លោកថា ក្រោយកម្ពុជាបង្កើតបានរដ្ឋធម្មនុញ្ញ សន្ធិសញ្ញាព្រំដែនអំឡុងទសវត្សរ៍៨០ដែលលោកថាសន្ធិសញ្ញាខុសច្បាប់នោះ ត្រូវភាគីកម្ពុជានិងវៀតណាម ធ្វើឱ្យរស់ឡើងវិញតាមរយៈសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលការណ៍នេះជំរុញឱ្យមានមន្ទិលសង្ស័យពីការបាត់បង់ប្រយោជន៍របស់កម្ពុជា រហូតបច្ចុប្បន្ន។
បញ្ហានេះលោកគិតថា ស្នាមរបួសនៃការបាត់បង់ទឹកដីទៅប្រទេសជិតខាងពីអតីតកាល និងមន្ទិលសង្ស័យលើការកំនត់ខ្សែបន្ទាត់ព្រំដែននាសម័យទំនើបនេះ អាចព្យាបាលបានទាំងយន្តការជាតិ និងអន្តរជាតិ បើអ្នកនយោបាយមិនជាប់ជំពាក់នឹងផលប្រយោជន៍នយោបាយ។
ដំណោះស្រាយនេះលោកថា ទី១ យន្តការក្នុងស្រុក រដ្ឋាភិបាលត្រូវប្រើប្រាស់យន្តការសភា ឱ្យបដិសេធការបោះបង្គោល ចំណែកយន្តការបន្ទាប់ត្រូវប្តឹងបញ្ហានេះទៅអង្គការសហប្រជាជាតិឬសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីឱ្យគេកោះហៅភាគីវៀតណាមទៅសាកសួរក្នុងនាមប្រទេសដែលបានចុះហត្ថលេខាទទួលបូរណភាពទឹកដីកម្ពុជាក្នុងកិច្ចព្រមព្រៀងសន្តិភាពីក្រុងប៉ារីសដែរនោះ។
លោកថា៖«រឿងខ្លះដូចជារឿងសមុទ្រកោះត្រល់អីហ្នឹង ហើយនឹងរឿងខ្លះទៀតដែលធ្វើឱ្យបាត់បង្គោលព្រំដែនសម័យបារាំងអីហ្នឹងយើងអាចប្តឹងផ្តល់ទៅតុលាការអន្តរជាតិទីក្រុងឡាអេបាន ដូចជាកម្ពុជាធ្លាប់ប្តឹងឱ្យសើរើនៅសាលក្រមឆ្នាំ១៩៦២នៅឆ្នាំ២០០៨រឿងប្រាសាទព្រះវិហារនោះ»។
លោកយល់ថា បើកាលណាមានការសម្រេចបែបណាពីស្ថាប័នអន្តរជាតិ មន្សិលសង្ស័យទាំងប៉ុន្មាននឹងត្រូវបានលាងជំរះសម្រាប់រដ្ឋាភិបាល ប៉ុន្តែសំណួរនៅត្រង់ថា រដ្ឋាភិបាលហ៊ានប្រើប្រាស់យន្តការនេះឬក៏អត់?។
អ្នកស្រាវជ្រាវភូមិសាស្ត្រនយោបាយលោក វណ្ណ ប៊ុនណា លើកឡើងថា បើផ្អែកលើប្រវត្តិសាស្ត្រ ការបន្តរួមតូចទឹកដីកម្ពុជាមកពីកត្តាធំ៣ ដែលទី១មកពីមេដឹកនាំកម្ពុជាពឹងពាក់បរទេសដើម្បីរក្សាអំណាចបង្កជម្លោះផ្ទៃក្នុង ទី២យុទ្ធសាស្រ្តសង្គ្រាមរបស់ប្រទេសថៃ និងវៀតណាម ដើម្បីពង្រីកទឹកដី និងទី៣កម្ពុជាជ្រកក្រោមឥទ្ធិពលប្រទេសជិតខាង ដូច្នេះហើយ មេដឹកនាំកម្ពុជា នឹងមិនហ៊ានជំទាស់ទៅនឹងការចង់បានរបស់ប្រទេសដែលមានឥទ្ធិពលលើខ្លួននោះទេ។
លោកមើលឃើញថា ការបាត់បង់ទឹកដី ដែលកំពុងបង្កើនកម្តៅរវាងខ្មែរ និងខ្មែរ នាបច្ចុប្បន្ន អាចមកពីអ្នកនយោបាយ មិនជឿទុកចិត្តគ្នា ទៅលើយន្តការកំណត់ខ្សែ បន្ទាត់ព្រំដែន ដែលការណ៍នេះក្លាយជាទីលានចំនុចស្លាប់រស់នៅទីលានប្រកួតការបោះឆ្នោត ដែលម្ខាងខ្លាចខ្លួនក្លាយជាជនក្បត់ជាតិធ្វើឱ្យបាត់បង់ទឹកដីនិង ម្ខាងទៀតចង់បង្ហាញថាខ្លួនស្នេហាជាតិ ដើម្បីទាក់ទាញប្រជាប្រិយភាព ។
អ្នកជំនាញផ្នែកភូមិសាស្រ្តនយោបាយរូបនេះយល់ថា ថ្នាំព្យាបាលជំងឺផ្លូវចិត្តពីការបាត់បង់ទឹកដីទៅប្រទេសជាតិខាងនេះ វាចំាបាច់ណាស់អ្នករិះគន់ត្រូវមានមូលដ្ឋានស្រាវជ្រាវបែបវិទ្យាសាស្ត្រ ហើយរដ្ឋាភិបាលត្រូវពិចារណាឡើងវិញ ពីតម្លាភាពនៃការបោះបង្គោលព្រំដែននេះ បើពុំនោះទេជំងឺនៃការបាត់បង់ទឹកដីនេះ នឹងបន្សល់ទុកដល់មនុស្សច្រើនជំនាន់ទៀត ។
លោកថា៖«រដ្ឋាភិបាលត្រូវតែបង្ហាញតម្លាភាពពីដំណោះស្រាយបញ្ហាព្រំដែនជាមួយបណ្តាប្រទេសជិតខាង មានការចូលរួមពីគ្រប់អ្នកជំនាញគ្រប់ស្រទាប់វណ្ណៈតាំងពីអ្នកសារព័ត៌មានសង្គមស៊ីវិលអ្នកជំនាញកិច្ចការព្រំដែន ដើម្បីពិនិត្យលើការដោះស្រាយបញ្ហាព្រំដែនជាមួយវៀតណាម ថៃ ឡាវ អីជាដើម»។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណរ៉ា លើកឡើងថា មានបញ្ហាធំ៤ ដែលអ្នកនយោបាយសម័យទំនើបនេះ មិនអាចព្យាបាលជំងឺផ្លូវចិត្តពលរដ្ឋ ដែលតាមដានសង្គមបាន ។
បើតាមអ្នកជំនាញរូបនេះ បញ្ហាទី១ការបាត់បង់ទឹកដីកម្ពុជាក្រោមទៅប្រទេសវៀតណាម លោកថាអ្នកនយោបាយកំពុងគ្រប់គ្រងអំណាច មិនដែលបង្ហាញឆន្ទៈទាមទារបញ្ហានេះទេ ។
ទីពីរការផ្តល់ឯកសារស្នាក់នៅស្របច្បាប់ដល់លំហូរជនបទេស ពិសេសជនជាតិដែលមានព្រំប្រទល់ជាប់កម្ពុជា រដ្ឋាភិបាលមិនបានប្រកាសឱ្យពលរដ្ឋដឹងពីគុណសម្បត្តិនិងគុណប្រយោជន៍ជនបរទេសទាំងនោះ តាមច្បាប់កម្ពុជា សម្រាប់ការស្នាក់នៅស្របច្បាប់នោះទេ ខណៈជនបរទេសទាំងនោះបច្ចុប្បន្នកំពុងមានឥទ្ធិពលខ្លាំងជាងមុន។
មួយវិញទៀតលោកថា កត្តាប្រវត្តិសាស្ត្រដែលធ្លាប់ចាត់ទុកប្រទេសវៀតណាម និងថៃ ជាសត្រូវសួរពូជ ដែលជាប់ពាក់ព័ន្ធនឹងការធ្វើទារុណកម្មពលរដ្ឋខ្មែរ ដោយសារសង្គ្រាមឈ្លានពានទឹកដី ពាក់ព័ន្ធយកក្បាលខ្មែរ ដាំតែអុងជាដើមនោះ អ្នកនយោបាយមិនបានលាងជំរះបញ្ហានេះដល់ពលរដ្ឋខ្មែរទេ។
បន្ថែមពីនេះលោកមើលឃើញថា ការបាត់បង់ទឹកដីទៅប្រទេសជិតខាង តែប្រទេសដែលបានដីរួចខ្លួន តែពលរដ្ឋខ្មែរដែលរិះគន់បញ្ហាព្រំដែន បែរជារដ្ឋាភិបាលខ្លួនចាប់ដាក់គុក លោកថាមកពីកត្តាធំពីរដែរ។
កត្តាទី១ភាពវ័យឆ្លាតរបស់ប្រទេសជិតខាងតាមរយៈឥទ្ធិពលនយោបាយ ដើម្បីបញ្ឆេះកំហឹងខ្មែរនិងខ្មែរ បាត់បង់នូវស្មារតីបង្រួបបង្រួមជាតិ និងមួយទៀត កូនខ្មែរភាគច្រើនមិនបានដឹង ពីប្រវត្តិសាស្ត្រពិតនៃដើមចមនាំឱ្យខ្មែរបាត់បង់ទឹកដីនោះទេ។
លោកថា៖«ប្រទេសជិតខាងកម្ពុជាហ្នឹងគេមានឥទ្ធិពលគេពូកែជាងយើង គេប្រើឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់គេ ធ្វើឱ្យកម្ពុជាយើងមានការឈ្លោះគ្នាទាស់គ្នាឯង ដល់អ៊ីចឹងមិនបានចាប់អារម្មណ៍ទៅលើសត្រូវខាងក្រៅទេ»។
បញ្ហានេះលោក បារម្ភថា កម្ពុជានឹងប្រឈមមុខដាក់គ្នាគ្មានទីបញ្ជប់តជំនាន់ បើអ្នកនយោបាយនៅតែលង់លក់ក្រោមឥទ្ធិពលអំណាច មិនពង្រឹងស្មារតីជាតិឡើងវិញទេនោះ៕