នាយក​រដ្ឋ​មន្ត្រី​​​​​​​​​​​ប្រាប់​​​ពលរ​ដ្ឋ​​​​​​​​នៅ​ឃុំព្រះដាក់ រក្សា​​ភាព​​​ស្ងៀម​​ស្ងាត់​​ ខណៈ​​រដ្ឋាភិបាល​​មិន​​ទាន់​​គិត​​ពី​​ការ​​រុះ​រើ​​​សំណង់​​​​​​​​​​​​​​​​នៅ​ទីនោះ​ទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ (រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ​បានអំពាវ​​នាវ​​​​​​​​​​​​​​​​ដល់ពលរដ្ឋ​នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប រក្សាភាពស្ងប់ស្ងាត់សិន ពាក់ព័ន្ធ​ការប្រតិកម្ម​ទៅនឹង​​ការរុះរើសំណង់​​ដែល​នៅ​​ជាប់​​រមណីយដ្ឋាន​អង្គរ ខណៈ​រាជរដ្ឋាភិបាល​នៅ​មិនទាន់​បាន​គិតគូរ​ដល់​ការរុះរើ​សំណង់​របស់​ពួកគេនៅ​ឡើយ​នោះ​។

ការអំពាវនាវនេះ ធ្វើឡើង​ក្រោយពី​ប្រជាពលរដ្ឋប្រមាណ ៣ ០០០នាក់ រស់​​នៅឃុំព្រះដាក់ កាលពីថ្ងៃពុធ​ម្សិលមិញ​​​​​​​ ​បានប្រមូលផ្តុំគ្នាតវ៉ា​នៅសាលាឃុំ ​ក្រោយ​ពួកគាត់​បានទទួល​ព័ត៌​មាន​ថា អាជ្ញាធរ​ជាតិ​អប្សរា ឱ្យពួកគាត់ចាក​​ចេញ​​​ពីលំនៅឋាន​​​ទៅ​នៅទីតាំង​​​ថ្មី​​ក្នុងតំបន់រុនតាឯក។

លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» នៅថ្ងៃទី០៦ ខែតុលានេះ ថា តាមពិត​រដ្ឋាភិបាល​មិនទាន់បាន​គិតគូរដល់​ការរុះរើសំណង់ពលរដ្ឋនៅក្នុងឃុំព្រះដាក់​នៅឡើយទេ ក្នុងនោះ​រដ្ឋគ្រាន់តែកំពុងសិក្សា​អំពីហេដ្ឋារចនាសម្ព័ន្ធ ការស្តារ​បារាយណ៍​ខាងកើត ដែលធ្លាប់មាន​សមត្ថភាពស្តុកទឹករហូតដល់ ៣០លានម៉ែត្រគូប ដើម្បីទ្រទ្រង់អង្គរ និងអំពីផលប៉ះពាល់លើ​​​​ពលរដ្ឋ។

បែបនេះក្តី លោកថា គម្រោងនេះនឹង​មិនមានការទាញ​ពលរដ្ឋពីឃុំព្រះដាក់​ចេញទាំងអស់នោះដែរ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា រដ្ឋាភិបាល​មានការគិតគូរ​ដោយម៉ត់ចត់ និងមិនទទឹង​ទិសឡើយ​លើករណីនេះ ដូច្នេះ​លោកបាន​ប្រាប់ឱ្យ​ពលរដ្ឋ​នៅឃុំព្រះដាក់ រក្សាភាព​ស្ងប់ស្ងាត់​សិន។

លោក ហ៊ុន សែន ថា៖ «យើងក៏បានដឹងដែរថា ឃុំព្រះដាក់​ត្រូវបានកសាង​ប្រមាណជា ៣០០-៤០០ឆ្នាំរួចមកហើយ ហើយ​​​​​ឃុំនេះ​ស្ថិត​នៅជាឃុំមួយ​ដែល​ទាក់​ទង​​នឹង​ផ្នែករដ្ឋបាលដែនដីរបស់យើងទៀតផង។ ប៉ុន្តែហេតុដូចម្តេចបានជា​ប្រជាជនចាប់ផ្តើមព្រួយបារម្ភអំពីរឿងនេះ? ខ្ញុំ​សូមបញ្ជូនសារ​ទៅ​ប្រជាជន​នៅទីនោះ សូមស្ងប់ស្ងាត់ យើងគិតគូរដោយ​ម៉ត់ចត់»។

បែបនេះក្តី ប្រមុខរដ្ឋាភិបាលរូបនេះថា លោកបានជជែកជាមួយអភិបាលខេត្តសៀមរាប​ពីបញ្ហានេះ និងសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា ទៅជួបពន្យល់​ពលរដ្ឋដោយផ្ទាល់នៅថ្ងៃទី០៧ ខែតុលា ស្អែកនេះ។

ប្រជាពលរដ្ឋរស់នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប លោក តូ ជីវ៉ា ​ប្រាប់ វីអូឌី នៅថ្ងៃទី០៦ ខែតុលានេះថា៖ «ទោះបីសម្តេច​ [ហ៊ុន សែន] គាត់​អត់ទាន់​បាន​ប្រកាសថា រុះរើ ប៉ុន្តែម្សិលមិញជាក់ស្តែង​អាជ្ញាធរថ្នាក់ក្រោម​គាត់ចុះមក ការនិយាយស្តីរបស់គាត់ផ្សេង ហើយ​ដល់ពេល​សម្តេចគាត់និយាយ​មកផ្សេង​។ ដល់ពេលចឹង​វាពិបាកដែរ ព្រោះប្រជាពលរដ្ឋឱ្យតែឮថា បញ្ហា​ចឹងកើតឡើង ពីមាត់មួយ​ទៅមាត់មួយ ផ្អើល!»។

បុរសវ័យ ៣០ឆ្នាំ រូបនេះ បន្តថា កាលពីថ្ងៃម្សិលមិញ អាជ្ញាធរជាច្រើន​នាក់ មាន​​ខ្លះស្លៀកពាក់ឯកសណ្ឋាន និងខ្លះទៀត​ស្លៀកពាក់​ស៊ីវិល បានជិះ​រថយន្ត​ជាច្រើនគ្រឿង ចុះទៅតាមផ្ទះរបស់ពលរដ្ឋមួយចំនួន ដោយ​បានលួងលោមពលរដ្ឋឱ្យរុះរើសំណង់​ទៅកាន់ទីតាំងថ្មីនៅ​​ឃុំរុនតាឯក ព្រមទាំង​ប្រើពាក្យពេចន៍​ថា «បើពលរដ្ឋមិនព្រមទៅ មុននិងក្រោយក៏គង់តែត្រូវផ្តិតមេដៃចាក​ចេញដដែល​ទេ»។

ករណីនេះ លោក តូ ជីវ៉ា បញ្ជាក់ថា រូបគាត់ក៏ដូចជា ពលរដ្ឋផ្សេងទៀតក្នុងឃុំព្រះដាក់ ប្រកាន់ជំហរមិនចាក​ចេញនោះទេ បើសិនជារដ្ឋាភិបាល​ឱ្យ​ពួកគាត់រុះរើ​ទៅកាន់​កន្លែងថ្មីមែននោះ។

លោក តូ ជីវ៉ា ថា៖ «ពួកគាត់​[ពលរដ្ឋ]​ក៏ដូចជាខ្ញុំ គឺ​ប្តេជ្ញាចិត្ត​ហើយ ទោះជាលទ្ធផលចុងក្រោយយ៉ាងណា ក៏ប្រជាជនទាំងមូលនៅក្នុងឃុំគឺ តស៊ូ តវ៉ា​លុះ​ដល់​លទ្ធផល​ចុងក្រោយ។ ព្រោះយើងដឹង​ស្រាប់ហើយថា កាលពីមុន​យើងធ្លាប់​មានសង្គ្រាម ចឹងហើយ​យើងជម្លៀស​ទៅនៅ​កន្លែងមួយៗ​មិនមែន​ស្រួល​ឯណា ចឹងពួកគាត់ច្បាស់​ជាមាន​គំនិតមួយថា បើយើងផ្លាស់ប្តូរ​ទៅកន្លែងថ្មី ចឹងអ្វីៗ​គឺថ្មីទាំងអស់»។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក ខេត្តសៀមរាប លោក សួស ណារិន ដែល​បានចុះឃ្លាំមើលករណីនេះ លើកឡើងថា បើទោះនាយករដ្ឋមន្ត្រី​មិនបានប្រកាសពីការតម្រូវ​​ឱ្យពលរដ្ឋរុះរើ ប៉ុន្តែពលរដ្ឋអះអាងថា អាជ្ញាធរដែលចុះផ្ទាល់ដល់លំនៅឋានរបស់ពួកគាត់ បានប្រើពាក្យពេចន៍​ដែល​ធ្វើឱ្យពលរដ្ឋមានក្តីបារម្ភ។

លោក សួស ណារិន ថ្លែងថា៖ «យើងចង់​ឱ្យមានដំណោះ​ស្រាយជាក់លាក់ កុំយកអាបញ្ហា UNESCO ហ្នឹងមកដាក់ជា​សម្ពាធឱ្យ​ពលរដ្ឋត្រូវ​តែគោរព​តាម​។ ព្រោះ​ជួនកាល UNESCO គេជាអង្គការ​ធំពិភពលោក គេមិនបានមកវាស់ថា ត្រង់នេះត្រូវចេញ ត្រង់នោះត្រូវចេញអីទេ គេមើលតែក្នុងផែនទីទេ។ ចឹង​ដំណោះស្រាយ​នៅលើ​យើង​ដែលជាអ្នកនៅនឹងដីផ្ទាល់ហ្នឹង ថាតើកន្លែងណាត្រូវកំណត់ឱ្យគាត់ត្រូវចាកចេញ កន្លែងណាដែលត្រូវទុក កំណត់ឱ្យច្បាស់ ដើម្បី​កុំឱ្យគាត់មានការភាន់ច្រលំ»។

គួររំលឹកថា រដ្ឋាភិបាល​កំពុង​រៀងចំ​តំប​ន់​​រមណីយដ្ឋានអង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផល​នៅ​តំបន់ការពារមួយនេះ​ ស្ម័គ្រចិត្ត​ដោះដូរលំនៅឋាន​ទៅនៅ​ទីតាំង​ថ្មី ដែល​រៀបចំ​ដោយ​​អាជ្ញាធរ​នៅ​តំបន់អភិវឌ្ឍន៍​រុន​តាឯក ស្រុកបន្ទាយស្រី ដោយ​ក្នុង​១គ្រួសារ​ទទួល​បាន​ ​ដីឡូតិ៍​២០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ