អ្នក​​រាយការណ៍​​ពិសេស UN លើក​ឡើង​ពី​ការ​គាប​សង្កត់​ផ្នែក​នយោបាយ​នៅ​កម្ពុជា​​ក្នុង​សម័យ​ប្រ​ជុំ​​នៅ​​ទី​ក្រុង​​ហ្សឺណែវ

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក Vitit Muntarbhorn ថ្លែងនៅក្រុមប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ (Screenshot)

អ្នករាយ​ការណ៍​ពិសេស​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​របស់​អង្គ​ការសហប្រជាជាតិប្រចាំកម្ពុជា បាន​លើកឡើង​ពី​កា​រ​ព្រួយ​បារម្ភ​អំពី​ការ​បោះឆ្នោតជាតិ​នា​ពេលខាងមុខ​របស់កម្ពុជា ដោយក្នុងនោះ លោក​ក៏បាន​រំលឹកពី​ការរំលាយ​គណបក្សប្រឆាំងដោយអយុត្តិធម៌ និងការកាត់ទោស​ទ្រង់ទ្រាយធំ​លើក្រុម​បក្សប្រឆាំង​ដែលកំពុង​បន្តធ្វើផងដែរ។

ថ្លែងក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៥១ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធ ម្សិលមិញ​នេះ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) បានបង្ហាញជា​ការព្រួយបារម្ភអំពីការគាបសង្កត់​ផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោក​បន្តថា លំហ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ ​កាន់តែ​រួម​តូច ដែលកើតឡើងបន្ទាប់ពី​មានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដោយលោក​បានចាត់ទុកការរំលាយនេះ ត្រូវបានធ្វើឡើងដោយ​អ​​​​​យុត្តិធម៌។

អ្នក​រាយការណ៍​ពិសេស UN ដដែលបន្តថា ការកាត់ទោសទ្រង់ទ្រាយធំ​លើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើឡើងគឺ បាន និងកំពុងរារាំងដល់​ការចូលរួម​របស់ពួកគេ​នៅក្នុងការបោះឆ្នោត​ជាតិ នៅឆ្នាំក្រោយ ខណៈលោកក៏បានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែង​លើប្រជា​ពលរដ្ឋដែល​ប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេផងដែរ។

ជាមួយគ្នានេះ លោក វិទិត មុនតាប៊ន ថ្លែងថា រដ្ឋាភិបាល​កម្ពុជា គួរតែ​ពង្រីក​ពីការ​ផ្ដោតសំខាន់​តែលើ​សន្តិភាព​តែ​មួយ​មុខទៅ​ជា «សន្តិភាព ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ»។

ទោះជាយ៉ាងណា តំណាង​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ ​លោក អាន សុខខឿន បានឆ្លើយតបថា ការលើកឡើងដោយអ្នក​រាយការណ៍​ពិសេសរូបនេះ គឺជាការយល់ឃើញដោយផ្ទាល់ខ្លួន និងខ្វះភស្តុតាងជាក់លាក់ ដែលធ្វើឱ្យប៉ះពាល់ដល់របាយការណ៍។

តំណាង​កម្ពុជា ក៏បានលើកឡើងពីភាពបរាជ័យរបស់លោក វិទិត មុនតាប៊ន ក្នុងការផ្ដល់ភស្តុតាងវេជ្ជសាស្ត្រ ដែលបញ្ជាក់ពីជំងឺអូទីស្សឹម ក្នុងសំណុំរឿង​អ្នកទោសនយោបាយមួយរូប ដែល​លោក​បាន​លើកឡើង​ផង​​ដែរ ដែលករណីនេះអាចនឹងសំដៅលើកូនប្រុសរបស់អតីតមន្រ្តីគណបក្សប្រឆាំងមួយរូប ដែល​ត្រូវបានចាប់ខ្លួនពីបទញុះញង់និងជេរប្រមាថមន្រ្តីសាធារណៈ។

គួរបញ្ជាក់ថា កូនប្រុស​អតីត​សកម្មជន​បក្ស​ប្រឆាំង ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដែលមានអាយុត្រឹម១៦ឆ្នាំ នៅពេលចាប់ខ្លួន ត្រូវ​បាន​​​សាលាដំបូង​រាជធានី​ភ្នំពេញ ​​ចោទប្រកាន់​ក្រោម​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» និង​បទ «ប្រមាថ​ចំពោះ​អ្នក​រាជការ​សាធារណៈ» បន្ទាប់ពី​យុវជន​រូប​នេះ​បាន​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល​លើ​បណ្ដាញ​សង្គម Facebook និង Telegram។

ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅពេលនោះ ក៏បានចេញ​​សេចក្ដីថ្លែងការណ៍​មួយ ដោយ​ចាត់ទុក​ការចាប់ឃុំខ្លួន​និងចោទប្រកាន់​យុវជនរូប​នេះ ថាជាការអាម៉ាស់មួយនៅក្នុងយុទ្ធនាការបន្តបន្ទាប់របស់អាជ្ញាធរដើម្បីបំភិតបំភ័យ និងគំរាមកំហែងលើសង្គមស៊ីវិល និងសកម្មជនបក្ស​ប្រឆាំងផងដែរ។

ក្នុងសម័យប្រជុំដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ តំណាងសហរដ្ឋអាមេរិក ក៏បានលើកឡើងពីការព្រួយ​​បារម្ភជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មលើសហជីព និងរបាយការណ៍ជនរងគ្រោះនៃការជួញដូរមនុស្សរាប់ពាន់នាក់ រួមទាំងប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញផងដែរ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Briefs: Khmer Will Party Quickly Removed From State Council, CNRP Was ‘Unfairly Disbanded,’ UN Envoy Says

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ