ធនាគារពិភពលោក​ ថា​​​​គោល​ដៅ​​លុប​​បំបាត់​​ភាព​ក្រីក្រ​នៅ​ត្រឹម​ឆ្នាំ​២០៣០ ទំន​ង​ជា​មិនអាចសម្រេចបានឡើយ

FILE PHOTO: World Bank President David Malpass responds to a question from a reporter during an opening press conference at the IMF and World Bank’s 2019 Annual Fall Meetings of finance ministers and bank governors, in Washington, U.S., October 17, 2019. REUTERS/Mike Theiler/File Photo

ធនាគារពិភពលោក បានលើកឡើង​នៅក្នុងរបាយ​ការណ៍​ថ្មីមួយ​ដែលចេញផ្សាយ កាលពីថ្ងៃពុធម្សិលមិញថា ដោយ​សារបញ្ហាជំងឺកូវីដ-១៩ និងសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ពិភពលោក​ទំនង​ជា​មិនអា​ចស​ម្រេច​បាន​នូវគោលដៅរយៈពេលវែង ក្នុងការលុបបំបាត់ភាពក្រីក្រនៅ​​ត្រឹម​ឆ្នាំ​២០៣០​ឡើយ។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បាន​​ស្រង់របាយការណ៍នោះមកចុះផ្សាយ​​បន្តថា ការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្អាក់ដល់ការកាត់បន្ថយភាពក្រីក្រ ដែលមនុស្សជាង ៧១លាននាក់ នៅរស់នៅក្នុងភាពក្រីក្រក្នុងឆ្នាំ២០២០ ដែល​នោះ​មាន​ន័យ​ថាមនុស្ស ៧១៩លាននាក់ ឬប្រហែល ៩,៣% នៃចំនួនប្រជាជននៅលើពិភពលោក កំពុងរស់នៅដោយទទួលបានប្រាក់ចំណូលជាមធ្យមត្រឹមតែ ២,១៥​​ដុល្លារក្នុងមួយថ្ងៃ ហើយសង្រ្គាមដែលកំពុងអូសបន្លាយ បានកាត់បន្ថយកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិន ហើយតម្លៃខ្ពស់នៃម្ហូប​អាហារ និងថាមពល បានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយភាពក្រីក្រ។

របាយការណ៍បន្តថា ប្រជាជនប្រមាណ ៥៧៤លាននាក់ ឬប្រហែល ៧% នៃចំនួនប្រជាជនលើពិភពលោក នឹងនៅតែទទួលបានប្រាក់ចំណូលជាមធ្យម ២,១៥ដុល្លារ​ក្នុងមួយថ្ងៃនៅឆ្នាំ២០៣០ ដែលភាគច្រើននៅអាហ្វ្រិក។

ប្រធានធនាគារពិភពលោក លោក ដេវីដ ម៉ាលផាស (David Malpass) បាននិយាយថា របាយការណ៍ ស្តីពី ភាពក្រីក្របានបង្ហាញថា មនុស្សរាប់សិបលាននាក់ កំពុងព្រឈមនឹងភាពក្រីក្រ ហើយ​​បាន​អំពាវនាវ​ឱ្យមា​ន​ការ​ផ្លាស់ប្តូរគោលនយោបាយសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងជួយដល់កិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់ភាពក្រីក្រ។

លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការកាត់បន្ថយភាពក្រីក្រ គឺដើរទន្ទឹមគ្នានឹងស្ថានភាពសេដ្ឋកិច្ចពិភពលោក»។

លោកបន្ថែមថា អតិផរណា ការធ្លាក់ចុះនៃរូបិយបណ្ណ និងវិបត្តិជាសកល ជាហេតុធ្វើឱ្យមាន
អត្រានៃភាពក្រីក្រកាន់តែច្រើនឡើង។

លោកអ៊ីនដឺមីត ហ្គីល (Indermit Gill) ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក បាននិយាយ​ថា ការ​បរាជ័យក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ​ នឹងមានផលប៉ះពាល់យ៉ាង​​ខ្លាំង​ដល់​សមត្ថភាពរបស់ពិភពលោកទាំងមូល ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងមានជនទេសន្តប្រវេសន៍កាន់តែច្រើនឡើង។

ភាពបរាជ័យនេះ ក៏នឹងកំណត់កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនផងដែរ ដោយសារតែអត្រានៃភាពក្រីក្រ នឹងរារាំងប្រទេសកំពុងអភិវឌ្ឍន៍ដែលមានប្រជាជនច្រើន ពីការក្លាយជាអ្នកប្រើប្រាស់ទំនិញធំជាងនៅលើទីផ្សារពិភពលោក។

លោកមានប្រសាសន៍ថា៖ «ប្រសិនបើអ្នកខ្វល់ខ្វាយអំពីវិបុលភាពក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មិនយូរមិនឆាប់ អ្នកចង់ឱ្យប្រទេសទាំងនោះមានទីផ្សារធំ ដូចជា ប្រទេសឥណ្ឌា និងប្រទេសចិនជាដើម។ អ្នកក៏ចង់ឱ្យប្រទេសទាំងនោះរីកចម្រើនផងដែរ ដើម្បីក្លាយជាប្រភពនៃតម្រូវការ មិនត្រឹមតែផ្គត់ផ្គង់ប៉ុណ្ណោះទេ»។

ដើម្បីផ្លាស់ប្តូរទិសដៅ ធនាគារពិភពលោក បាននិយាយថា ប្រទេសនានាគួរតែជំរុញកិច្ចសហប្រតិបត្តិការ ចៀសវាងឧបត្ថម្ភធនទូលំទូលាយ ផ្តោតលើកំណើនរយៈពេលវែង និងដាក់ចេញនូវវិធានការ ដូចជា ពន្ធលើអចលនទ្រព្យ និងពន្ធកាបូន ដែលអាចជួយបង្កើនប្រាក់ចំណូលដោយមិនប៉ះពាល់ដល់ប្រជាជនដែលក្រីក្របំផុត។

របាយការណ៍បន្តថា ការកាត់បន្ថយភាពក្រីក្រ បានថយចុះរួចទៅហើយក្នុងរយៈពេល ៥​ឆ្នាំ ដោយ​សារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយប្រជាជនក្រីក្របំផុតជួបការលំបាកខ្លាំងក្នុងការចំណាយប្រចាំថ្ងៃ។ ធនាគារពិភពលោក បន្តទៀតថា ប្រជាជនក្រីក្របំផុតចំនួន ៤០% បានបាត់បង់ប្រាក់ចំណូលជាមធ្យម ៤% ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាការបាត់បង់ទ្វេដងបើធៀបអ្នកមានបំផុត២០% ។

របាយការណ៍ បានបង្ហាញថា ការចំណាយរបស់រដ្ឋាភិបាល និងជំនួយសង្គ្រោះបន្ទាន់ បានជួយកាត់បន្ថយភាពក្រីក្រ ប៉ុន្តែការងើបឡើងវិញនៃសេដ្ឋកិច្ចមិនស្មើគ្នាទេ ដោយប្រទេសកំពុងអភិវឌ្ឍន៍​ដែលមានធនធានតិចជាង មានការចំណាយតិចជាង និងទទួលបានផលតិចជាង។

របាយការណ៍បន្តថា បច្ចុប្បន្ននេះ នៅក្នុងអនុតំបន់សាហារ៉ាអាហ្រ្វិកមានភាពក្រីក្រច្រើនជាងគេ ដែលមានអត្រាភាពក្រីក្រប្រហែល ៣៥% គឺស្មើនឹង៦០%នៃប្រជាជនទាំងអស់ក្នុងពិភពលោកដែលស្ថិតក្នុងភាពក្រីក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ