ពលរដ្ឋ​នៅ​តំបន់អង្គ​រ​នៅ​តែ​បារម្ភ​ពី​ការ​បណ្តេញ​ចេញ​ ​បើ​ទោះ​ជា​រដ្ឋាភិបាល​បញ្ជាក់​ថា​ពុំ​មាន​ការរុះរើ​ និង​ដោះ​ដូរ​លំ​នៅ​ឋាន​

ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងតំបន់អង្គរ ក្នុងខេត្តសៀមរាប កំពុងចូលរួមនៅក្នុងកម្មវិធីជំនួបរវាងរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជាមួយប្រជាពលរដ្ឋនៅឃុំព្រះដាក់ នៅថ្ងៃសុក្រ ទី៧ ខែតុលា ឆ្នាំ២០២២នេះ។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋមួយចំនួន​​ដែលរស់នៅក្នុងតំបន់អង្គរ ក្នុងខេត្តសៀមរាបនៅតែបារម្ភពីការបណ្តេញចេញទាំងបង្ខំ បើទោះបីជារដ្ឋាភិបាល​បាន​បញ្ជាក់​ជា​ថ្មី​ថា ពុំមានការរុះរើ និងឱ្យពួកគេដោះដូរលំនៅឋានទៅកន្លែងថ្មី។

ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ ក្រោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ ជួបជាមួយប្រជាពលរដ្ឋ​រាប់​រយ​នាក់ នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រនេះ។ ក្នុងជំនួបនោះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា មិនបង្ខំឱ្យប្រជាពលរដ្ឋនៅឃុំព្រះដាក់ រុះរើ និង​ដោះដូរលំនៅឋានទៅទីតាំងថ្មីនោះទេ ប៉ុន្តែពលរដ្ឋនៅឃុំនេះ ត្រូវ​គោរពតាមលក្ខខណ្ឌចំនួនរបស់រដ្ឋាភិបាល។

រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា មានប្រសាសន៍ក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅព្រឹកមិញនេះ​ថា រដ្ឋាភិបាលមិនបង្ខំឱ្យពលរដ្ឋ​រស់នៅក្នុងភូមិចំនួន៦ នៃឃុំព្រះដាក់ រុះរើសំណង់ និងដោះដូរលំនៅឋានទៅនៅ​តំបន់អភិវឌ្ឍន៍រុនតាឯកនោះទេ ប៉ុន្តែ​ដីធ្លី​របស់​ពលរដ្ឋទាំងនោះ គឺអាជ្ញាធរមិនអាចចេញបណ្ណ​កម្មសិទ្ធិជូនបានឡើយ ហើយពលរដ្ឋមិនអាចសាងសង់សំណង់ថ្មីៗ និងលក់ដូរដីធ្លីរបស់ពួកគេទៅឱ្យពលរដ្ឋចំណូលថ្មីបានឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។

រដ្ឋមន្ត្រីរូបនេះ បន្តថា បើ​សិន​ពលរដ្ឋមិនគោរពតាមលក្ខខណ្ឌ នឹងមិនអាចទប់ស្កាត់បញ្ហាទាំងនេះបានទេ នឹងធ្វើឱ្យ​ប៉ះពាល់ដល់​ការ​ការពារតំបន់អង្គរ ហើយ​ប្រាសាទបុរាណរបស់ខ្មែរមួយនេះ អាចនឹងត្រូវ​ដកចេញពីបញ្ជីបេតិកភណ្ឌពិភពលោក។ លោក​ថា រដ្ឋាភិបាល​កំពុង​ស្តារបារាយណ៍ខាងកើតអង្គរ ដើម្បីជួយទ្រទ្រង់ប្រាសាទអង្គរវត្ត និងផ្តល់ទឹកសម្រាប់ប្រជាពលរដ្ឋ​ប្រើប្រាស់​ផង​ដែរ។

លោកបន្តថា៖ «អត់មាន​កម្មសិទ្ធិទេណា គេអត់ឱ្យទេណា បងប្អូន។ មានការគ្រប់គ្រង ហើយដាក់នៅក្នុងការតព្វកិច្ចរបស់យើងមុននឹងចុះចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក។ មិនមែនយកដី មិនមែនយកបារាយណ៍ខាងកើតមកចែកពុះជាឡូត៍ហើយដាក់កម្មសិទ្ធិទេ អត់ទេណាបងប្អូន កន្លែងនេះច្បាស់ណា? ច្បាស់ណា? អត់មានទេណា តតំណទៅទៀត អត់មានទេ។ មិនទេ មិនបានជាដាច់ខាត ហ៊ានតែដាក់ចូល ហ៊ានតែចែកគ្នា គេខ្វែងបញ្ជីចេញពីបេតិកភណ្ឌពិភពលោក ហើយពេលនោះកុំនិយាយទេសចរ អត់មានទេទេសចរ»

យ៉ាងណា លោក ជា សុផារ៉ា ក៏ទទូចដល់ប្រជាពលរដ្ឋឱ្យស្ម័គ្រចិត្តដោះដូរទៅនៅទីតាំងថ្មីនៅតំបន់រុនតាឯក និង​កន្លែងផ្សេង​​ទៀត​​ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល ហើយលោកបានព្រមានអាជ្ញាធរភូមិឃុំ មិនឱ្យធ្វើឯកសារទិញលក់ដីជូនពលរដ្ឋផងដែរ។

ពលរដ្ឋរស់នៅឃុំព្រះដាក់ លោក យើម គង់ មានប្រសាសន៍ថា លោកសប្បាយចិត្ត និងពេញចិត្តចំពោះការសម្រេចរបស់រដ្ឋាភិបាល ដែលមិនបង្ខំឱ្យពលរដ្ឋនៅឃុំមួយនេះរុះរើ និងដោះដូរទៅទីតាំងថ្មី ប៉ុន្តែលោកនៅតែព្រួយបារម្ភខ្លាចរដ្ឋាភិបាលប្តូរចិត្តនៅថ្ងៃណាមួយដោយឱ្យពួកគាត់ចេញពីលំនៅឋានវិញ។

លោកបន្ថែមថា៖ «គាត់ថា អត់ឱ្យចាកចេញមែន ប៉ុន្តែយើងបារម្ភខ្លាចអាជ្ញាធរជាតិអប្សរា គាត់មកគាស់​កកាយ​ឱ្យ​ប្រជាពលរដ្ឋក្តៅក្រហាយពីគ្រួសារមួយទៅគ្រួសារមួយ ពីតំបន់មួយទៅតំបន់មួយដូចមុនទៀត។ ពួកយើងខ្ញុំជាអ្នកចូលថ្មីខ្ញុំឯកភាពតើ ប៉ុន្តែយើងរស់នៅនេះច្រើនជំនាន់ហើយ»

ពលរដ្ឋនៅសង្កាត់នគរធំអ្នកស្រី សៅ ដា អះអាងថា ក្នុងជំនួបនៅព្រឹកមិញនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា បានបញ្ជាក់ប្រាប់អ្នកស្រីថា ពលរដ្ឋដែលរស់នៅយូរឆ្នាំ និងមានដើមកំណើតនៅសង្កាត់នេះ អាចរស់បន្តទៀតបាន ប៉ុន្តែត្រូវគោរពលក្ខខណ្ឌរបស់អាជ្ញាធរជាតិអប្សរា ប៉ុន្តែអ្នកស្រី និងពលរដ្ឋផ្សេងទៀត នៅតែបារម្ភពីការប្រែប្រួស និងមានការបណ្តេញ​នៅជាថ្ងៃណាមួយម្តងទៀត ខណៈ​ពួកគាត់កំពុងរស់នៅក្នុងតំបន់អង្គរទៅហើយនោះ។

អ្នកស្រីបន្ថែមថា៖ «ពួកខ្ញុំសប្បាយចិត្តពេលលឺគាត់និយាយថា សង្កាត់នគរធំពលរដ្ឋអាចរស់នៅ ហើយប្រជាពលរដ្ឋអាស្រ័យផលប្រកបរបររកស៊ីនៅហ្នឹងបាន ហើយអាចឱ្យកូនចៅបន្តបាន។ ​លក្ខខណ្ឌរបស់គាត់ គាត់ថា លែង​ឱ្យមាន​អ្នកចំណូល​ចូល​មក​ថ្មី មិន​ឱ្យមានការលក់ដូរទៅឱ្យឈ្មួញ ហើយបើមានការជួសជុល​ត្រូវទៅច្បាប់ ដើម្បីជួសជុល​ត្រូវ​តាមរចនាសម្ព័ន្ធរបស់គាត់»

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃសមាគម​អាដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន ដែលតាម​ដាន​ករណី​នេះ មានប្រសាសន៍ថា ការបង្ហាញការព្រួយបារម្ភណាមួយរបស់ប្រជាពលរដ្ឋ ជា​សិទ្ធិរបស់ពួកគេ ប៉ុន្តែអាជ្ញាធរបានបញ្ជាក់ច្បាស់ហើយថា មិនមានបង្ខំឱ្យចាកចេញនោះទេ។

លោកបន្ថែមថា៖ «ច្បាប់បោះគេ បើគេលើកឡើងថា មិនមានការបង្ខំ មិនមានការបណ្តេញអីហើយ។ អាហ្នឹងយើងតាមដានឃ្លាំមើលបន្តទៅទៀត។ យើងមិនអាចទៅបដិសេធថា និយាយហ្នឹងមិនពិតអី យើងអត់មានទេ អីចឹងយើងរងចាំមើលទាំងអស់គ្នា។ ខ្ញុំមានតែសំណូម​ពរឱ្យដំណើរការហ្នឹង​បានរលូនដោយគ្មានការប្រើហិង្សា និងគ្មានបណ្តេញបន្តទៅទៀត»។

ក្នុងពិធីបើកសន្និសីទ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី៦ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា រដ្ឋាភិបាល មិនទាន់បានគិតគូរដល់ការរុះរើសំណង់ពលរដ្ឋនៅក្នុងឃុំព្រះដាក់នៅឡើយទេ។ លោកថា អាជ្ញាធរគ្រាន់តែសិក្សាពីការ​ស្តារបារាយណ៍ខាងកើត ដែលធ្លាប់មានសមត្ថភាពស្តុកទឹករហូតដល់ ៣០លានម៉ែត្រគូប ដើម្បីទ្រទ្រង់អង្គរ និងអំពីផលប៉ះពាល់លើពលរដ្ឋប៉ុណ្ណោះ។

គួររំលឹកថា រដ្ឋាភិបាលកំពុងរៀងចំតំបន់រមណីយដ្ឋានអង្គរឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅ និងអាស្រ័យផលនៅតំបន់ការពារមួយនេះ ស្ម័គ្រចិត្តដោះដូរលំនៅឋានទៅនៅទីតាំងថ្មី ដែលរៀបចំដោយអាជ្ញាធរនៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ដោយក្នុង១គ្រួសារទទួលបានដីឡូតិ៍២០ម៉ែត្រគុណ៣០ម៉ែត្រ។

បើតាមរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា រហូតមកដល់ទី៧ ខែតុលា​​​នេះ ពលរដ្ឋជាង ៦ ០០០គ្រួសារ​ហើយបាន​ស្ម័គ្រចិត្ត​ដោះ​ដូរ និងទៅចាប់ឆ្នោតយកដីឡូតិ៍នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី។

កាលពីថ្ងៃទី៥ ខែតុលានេះ អាជ្ញាធរឱ្យដឹងថា អ្នកភូមិប្រមាណ ៣ ០០០នាក់ នៅ​ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រមូលផ្តុំតវ៉ាមុខសាលាឃុំទាមទារមិនចាកចេញ ក្រោយទទួលបានព័ត៌មានថា អាជ្ញាធរ​ចង់ឱ្យពួកគេរុះរើ និង​ដោះដូរលំនៅឋានទៅទីតាំងថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ