លោក បៃឌិន ថា​ការ​គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ​របស់​លោក ពូទីន គឺ​ជា​ហានិភ័យ​ធំ​បំផុត​ចាប់​តាំង​ពី​វិបត្តិ​មីស៊ីល​គុយបា

លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក។ (ហ្វេសប៊ុក៖ President Joe Biden)

ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការគំរាមកំហែងដ៏ធំបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបា ខណៈមេដឹកនាំយោធារបស់រុស្ស៊ីបានប្រឈមមុខនឹងប្រតិកម្មផ្នែកការទូតជាសាធារណៈយ៉ាងខ្លាំងក្លា ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី៧ ខែតុលា ឆ្នាំ២០២២នេះ បានស្រង់សម្តី​លោក Biden មកចុះផ្សាយថា​ សហរដ្ឋអាមេរិកកំពុង «ព្យាយាមឈ្វេងយល់» ពីជំហររបស់លោក ពូទីន ចំពោះសង្គ្រាមនៅអ៊ុយក្រែន ដោយព្រមានថា លោក ពូទីន «មិននិយាយលេងទេ» នៅពេលដែលលោកនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ឬអាវុធជីវសាស្ត្រ ឬគីមី ពីព្រោះយោធារបស់រុស្ស៊ីកំពុងតែទទួលរងនូវបរាជ័យយ៉ាងដុនដាប។

លោក Biden បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា៖ «ជាលើកដំបូង ចាប់តាំងពីវិបត្តិមីស៊ីល​គុយបា យើង​មាន​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ»។

លោកបន្តថា៖ «យើងមិនបានប្រឈមមុខនឹងសង្រ្គាមលោក ចាប់តាំងពីរដ្ឋបាលរបស់លោក ចន កេណេឌី [John Kennedy] និងវិបត្តិមីស៊ីលគុយបា»។

នៅក្នុងវិបត្តិឆ្នាំ១៩៦២ សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់ប្រធានាធិបតី John Kennedy និងសហភាពសូវៀត ក្រោមរដ្ឋបាលរបស់លោក នីគីតា គ្រូសឆេវ (Nikita Khrushchev) បានហៀបនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរទៅហើយ ជុំវិញការបញ្ជូនមីស៊ីលរបស់សហភាពសូវៀតទៅក្នុងប្រទេសគុយបា។

លោក Biden និយាយថា៖ «ខ្ញុំសង្ឃឹមថានឹងមិនមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងមិនមានសង្រ្គាមលោកកើតឡើង»។

លោក ពូទីន បានព្រមានថា លោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ រួ​ម​ទាំងអាវុធនុយក្លេអ៊ែរ ដើម្បីទាមទារយកទឹកដីរុស្ស៊ីមកវិញ រួមទាំងតំបន់ទាំង៤ របស់អ៊ុយក្រែន ដែលរុស្ស៊ីទើបតែដាក់បញ្ចូលជាទឹកដីរបស់ខ្លួន។

នៅក្នុងសុន្ទរកថាទៅកាន់វិទ្យាស្ថានឡូវី (Lowy) របស់ប្រទេសអូស្ត្រាលី លោក Zelenskiy បាននិយាយថា អង្គការ​ណាតូ (NATO) គួរតែចាត់វិធានការរារាំងរុស្ស៊ីកុំឱ្យប្រើប្រាស់អាវុធ​​នុយ​ក្លេអ៊ែរ។

ទោះយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ពេស្កូវ (Dmitry Peskov) បានថ្កោលទោស​ការលើកឡើងរបស់លោក Zelenskiy ថាជា «ការអំពាវនាវឱ្យចាប់ផ្តើមសង្គ្រាមលោក ដែលនឹងមានផលវិបាកធ្ងន់ធ្ងរដែលមិនអាចទាយទុកជាមុនបាន»។ នេះបើយោងតាមទីភ្នាក់​​ងារ​​​សារព័ត៌មាន RIA៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ