តុលាការ​សម្រេច​ឱ្យ​លោក សុន ឆ័យ ផ្ដល់​សំណង​ជំងឺចិត្ត​ដល់​បក្សប្រជាជន ៧៥ម៉ឺនដុល្លារ ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ បានសម្រេចឱ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន «៣ពាន់លានរៀល» ឬស្មើប្រមាណ «៧៥ម៉ឺនដុល្លារ»

ការប្រកាសសាលក្រមនេះធ្វើឡើងក្នុងថ្ងៃតែមួយ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាប្រឆាំងលោក សុន ឆ័យ កាលពីព្រឹកមិញ ករណីអនុប្រធានគណបក្សភ្លើងទៀនរូបនេះបាននិយាយរិះគន់បក្សកាន់អំណាច ​អំពីការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។

ក្រៅពីការ​​សម្រេចឱ្យលោក សុន ឆ័យ ផ្តល់សំណងជំងឺចិត្តប្រមាណ ៧៥ម៉ឺនដុលា្លរ ដល់​គណបក្សប្រជាជនកម្ពុជា ចៅក្រមជំនុំជម្រះ លោក ហម ម៉េងសែ ក៏បានប្រកាសពិន័យជាប្រាក់ដល់លោក សុន ឆ័យ ចំនួន៨លានរៀលចូលថវិការដ្ឋ។ បន្ថែមពីលើនេះ លោក សុន ឆ័យ ក៏ត្រូវ​បានតុលាការតម្រូវឱ្យបង់ប្រាក់ពិន័យចំនួន៩លានរៀនបន្ថែមទៀតចូលថវិការដ្ឋ ក្នុងបណ្ដឹងបរិហារកេរិ៍្តរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ដែលតុលាការបានបើក​សវនាការជំនុំជម្រះកាលពីសប្តាហ៍មុន។

ស្ថាប័នជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យបណ្តឹងទៅកាន់ស្ថាប័នអយ្យការ កាលពីថ្ងៃទី១៧ ខែ​មិថុនា ឆ្នាំ២០២២ ដោយប្តឹងលោក សុន ឆ័យ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងទាម​ទារ​ឱ្យចេញលិខិត​​សុំទោសជាសាធារណៈ ក្រោយលោក សុន ឆ័យ ថ្លែងរិះគន់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅ ថាមានភាពមិនប្រក្រតី។ ការចេញមុខប្ដឹងជាលើកដំបូងរបស់ គ.ជ.ប ដែលគេចាត់ទុកថាជា​ស្ថាប័នដើរតួជាអាជ្ញាកណ្តាល និងពុំធ្លាប់មាននៅក្នុងប្រវត្តិនយោបាយនៅកម្ពុជានេះ ធ្វើឡើង​ក្រោយ​ពី​គណបក្សប្រជាជនកម្ពុជា ដែលតំណាងដោយលោក​មេធាវី គី តិច ក៏បាន​ដាក់​បណ្តឹងក្នុងបទ​ចោទ​ដូច​គ្នា​នេះ​ដែរ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ