តុលាការ​សម្រេច​ឱ្យ​ លោក សុន ឆ័យ​ ​ផ្តល់​សំណង​ជំងឺ​ចិត្ត ​ដល់​បក្សប្រជាជន​ ៧៥ម៉ឺនដុល្លារ​ ក្នុង​សំណុំរឿង​បរិហារកេរិ៍្ត​

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃសុក្រនេះ បានសម្រេចឱ្យ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បង់ប្រាក់សងជំងឺចិត្តដល់គណបក្សប្រជាជនកម្ពុជាចំនួន ៣ពាន់លានរៀល ឬស្មើប្រមាណ ៧៥ ម៉ឺនដុល្លារ។

ការប្រកាសសាលក្រមនេះធ្វើឡើងក្នុងថ្ងៃតែមួយក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជាប្រឆាំងលោក សុន ឆ័យ កាលពីព្រឹកមិញ ករណីអនុប្រធានគណបក្សភ្លើងទៀនរូបនេះ បាននិយាយរិះគន់បក្សកាន់ អំណាចអំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ បានប្រកាសសាលក្រមផ្ដន្ទាទោសនិងពិន័យលោក សុន ឆ័យ ឱ្យបង់ថវិកាចូលរដ្ឋចំនួន ៨ លានរៀល និងបង់សំណងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជាចំនួន ៣ ពាន់លានរៀលស្មើនឹងប្រមាណ ៧៥ ម៉ឺនដុលា្ល​ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ»។

ក្នុងសេចក្ដីសន្និដ្ឋានចុងក្រោយ បន្ទាប់ពីបិទបញ្ចប់សវនាការ នាព្រឹកមិញនេះ លោក គី តិច មេធាវីការពារក្តីឱ្យគណបក្សប្រជាជនកម្ពុជា បានស្នើទៅចៅក្រមឱ្យផ្ដន្ទាទោស លោក សុន ឆ័យ និងទាមទារសំណងជំងឺចិត្ត ៤ ពាន់លានរៀល។

ប្រាប់អ្នកសារព័ត៌មាន នៅមុខសាលាដំបូងរាធានីភ្នំពេញ លោក ជូង ជូងី មេធាវីការពារក្ដីឱ្យ លោក សុន ឆ័យ​ ចាត់ទុកការសម្រេចរបស់តុលាការជារឿងអយុត្តិធម៌ ហើយលោកនឹងពិភាក្សាជាមួយកូនក្ដីប្ដឹងឧទ្ធរណ៍។

លោកថា៖«ខ្ញុំយល់ថា អយុត្តិធម៌សម្រាប់គាត់  ហើយខ្ញុំនឹងជួបគាត់ ដើម្បីពិភាក្សាគ្នាប្រើសិទ្ធិប្ដឹងឧទ្ធរណ៍ ។ រឿងនឹងជារឿងនយោបាយ ហើយខ្ញុំមើលរឿងនឹងចរិតចង់ផ្ដាច់កុំឱ្យគាត់មកធ្វើនយោបាយ»។

ចំណែកបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ដែលប្ដឹង លោក សុន ឆ័យ ចៅក្រមជំនុំជម្រះ លោក ហម ម៉េងសែ សម្រេចផ្ដន្ទាទោសនិងពិន័យជាប្រាក់ចំនួន៩ លានរៀល ចូលរដ្ឋ ក្រោមបទចោទប្រកាន់ «បរិហារកេរ្តិ៍ជាសាធារណៈ» ដូចគ្នា។

ការប្រកាសសាលក្រមនេះ ធ្វើឡើងបន្ទាប់ពីតុលាការបានបើកសវនាការលើបណ្ដឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងមក។

លោក ជូង ជូងី មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ បញ្ជាក់ប្រាប់វីអូឌីបន្ថែមថា តុលាការពិន័យ៩ លានរៀលចូលរដ្ឋ ប៉ុន្តែមិនបង្គាប់ឱ្យសុំទោសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះទេ។

មន្រ្តីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក លោក យី សុខសាន្ត ដែលឃ្លាំមើលពីដំណើរការសវនាការនេះ កត់សម្គាល់ថាការកាត់សេចក្ដីរបស់តុលាការ  ពាក់ព័ន្ធនឹងបណ្ដឹងគ.ជ.ប ដែលបង្គាប់ឱ្យលោក សុន ឆ័យ បង់ថវិកាចំនួន ៩ លានរៀនចូលរដ្ឋនោះ ជារឿងអយុត្តិធម៌ ដោយសារ គ.ជ.ប ជាអាជ្ញាកណ្ដាលក្នុងការដោះស្រាយវិវាទរបស់គណបក្សនយោបាយ។

លោកថា៖«ចំណុចទី២ ខ្ញុំមើលឃើញគូប្រកួតប្រជែងរវាងបក្សប្រជាជន និងបក្សភ្លើងទៀនគឺជាគូប្រកួតប្រជែងមួយបែរជាប្ដឹងផ្ដល់មកតុលាការវាជារឿងអយុត្តិធម៌ ដែលការប្រកួតប្រជែងនេះ រៀបចំដោយគ.ជ.ប ដូច្នេះ គ.ជ.ប ត្រូវតែទទួលខុសត្រូវលើបណ្ដឹងជាច្រើនរបស់គណបក្សនយោបាយដែលប្ដឹងទៅគ.ជ.ប ត្រូវតែបំភ្លឺ ត្រូវតែដោះស្រាយមិនអាចប្ដឹងមកតុលាការទេ។ ចំណុចមួយទៀតដែលគណបក្សប្រជាជនជាអ្នកប្រកួតប្រជែងជាមួយគណបក្សផ្សេងទៀត នៅពេលវោហាស័ព្ទដូចគ្នា ប៉ុន្តែយើងមានការកត់សម្គាល់ឃើញខាងតុលាការដូចជាគណបក្សនយោបាយជ្រើសរើសយកតែគណបក្សប្រជាជនមួយទេយកមកដោះស្រាយតាមផ្លូវច្បាប់ ប៉ុន្តែវោហាស័ព្ទជាច្រើនរបស់មន្ត្រីគណបក្សប្រជាជនដែលនិយាយនៅក្នុងការឃោសនាអត់បានយកមកប្ដឹងផ្ដល់គ្នាតាមផ្លូវតុលាការទេ»។

លោកថា៖«ចំណុចមួយទៀត ដែលខ្ញុំមើលឃើញមួយទៀតនៅពេលដែលគូវិវាទរវាងបក្សនយោបាយ និងបក្សនយោបាយហើយប្រសិនបើគេរកឃើញថា បើចៅក្រម និងព្រះរាជអាជ្ញារដែលជាសមាជិកគណបក្សនយោបាយ អាហ្នឹងវាជារឿងមួយអយុត្តិធម៌សម្រាប់ភាគីម្ខាងទៀត»។

ថ្លែងក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិលើកទី៥១ ដែលធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ  លោក វិទិត មុនតាប៊ន (VititMuntarbhorn) បានបង្ហាញជា​ការព្រួយបារម្ភអំពីការគាបសង្កត់​ផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា។ លោក​បន្តថា លំហ​សិទ្ធិមនុស្ស​ ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​ ​កាន់តែ​រួម​តូច ដែលកើតឡើងបន្ទាប់ពី​មានការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ដោយលោក​បានចាត់ទុកការរំលាយនេះ ត្រូវបានធ្វើឡើងដោយ​អ​​​​​យុត្តិធម៌។

អ្នក​រាយការណ៍​ពិសេស UN ដដែលបន្តថា ការកាត់ទោសទ្រង់ទ្រាយធំ​លើក្រុមបក្សប្រឆាំងដែលកំពុងបន្តធ្វើឡើងគឺ បាន និងកំពុងរារាំងដល់​ការចូលរួម​របស់ពួកគេ​នៅក្នុងការបោះឆ្នោត​ជាតិ នៅឆ្នាំក្រោយ ខណៈលោកក៏បានជំរុញឱ្យរដ្ឋាភិបាលទម្លាក់ការចោទប្រកាន់នានា និងបញ្ចប់ការគំរាមកំហែង​លើប្រជា​ពលរដ្ឋដែល​ប្រឆាំងលើការគ្រប់គ្រងរបស់ពួកគេផងដែរ។

អ្នករាយ​ការណ៍​ពិសេស​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​​របស់​អង្គ​ការសហប្រជាជាតិប្រចាំកម្ពុជា បាន​លើកឡើង​ពី​កា​រ​ព្រួយ​បារម្ភ​អំពី​ការ​បោះឆ្នោតជាតិ​នា​ពេលខាងមុខ​របស់កម្ពុជា ដោយក្នុងនោះ លោក​ក៏បាន​រំលឹកពី​ការរំលាយ​គណបក្សប្រឆាំងដោយអយុត្តិធម៌ និងការកាត់ទោស​ទ្រង់ទ្រាយធំ​លើក្រុម​បក្សប្រឆាំង​ដែលកំពុង​បន្តធ្វើផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ