ពលរដ្ឋ​នៅ​ភូមិ​ព្រែកតាគង់​ទាមទារ​អាជ្ញាធរ​ផ្តល់​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ ព្រោះ​បារម្ភ​ពីការ​ «បណ្តេញចេញ»​

សមាជិកសហគមន៍ព្រែកតាគង់៦០ម៉ែត្រកំពុងជុំគ្នាដាក់សំណើសុំចុះបញ្ជីដីធ្លី នៅសង្កាត់ចាក់អង្រែលើ នៅថ្ងៃ៧ ខែតុលា ឆ្នាំ២០២២។ រូបភាព៖(សហគមន៍ព្រែកតាគង់60ម៉ែត្រ)

ពលរដ្ឋ៦៥គ្រួសារនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទាមទារអាជ្ញាធរ ផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ពួកគាត់ឱ្យបានឆាប់ ដោយថាពួកគាត់បានរស់នៅលើដីនោះជាច្រើនឆ្នាំមកហើយ និងបារម្ភពីការ«បណ្តេញចេញ» ក្រោមហេតុផលអភិវឌ្ឍន៍ បន្ទាប់ពីមើលឃើញថាសហគមន៍ខ្លះបានរងគ្រោះនូវរឿងស្រដៀងៗគ្នានេះ។

ពលរដ្ឋរស់នៅភូមិព្រែកតាគង់ ក្នុងសង្កាត់ចាក់អង្រែលើ អ្នកស្រី ឡាយ ស្រីម៉េត ប្រាប់VOD នៅថ្ងៃទី៧ ខែតុលា នេះថា សហគមន៍របស់គាត់មានឈ្មោះថា «សហគមន៍ ៦០ម៉ែត្រ»។ អ្នកស្រីថា ភូមិនេះមានពលរដ្ឋចំនួន ៦៥ គ្រួសារ ដែលនៅមិនទាន់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីនៅឡើយ ខណៈពួកគាត់បានរស់នៅលើដីនេះជាច្រើនឆ្នាំមកហើយ ពោលគឺពលរដ្ឋខ្លះតាំងទីលំនៅតាំងពីឆ្នាំ១៩៨០មកម៉្លេះ។

អ្នកស្រីបន្តថា ពលរដ្ឋមួយគ្រួសារៗមានទំហំដីផ្ទះសម្បែងប្រមាណ៤០ម៉ែត្រការ៉េ។

ស្ត្រីវ័យ ៣៩ឆ្នាំ ដែលមានកូន៤នាក់ក្នុងបន្ទុករូបនេះប្រាប់ថា ការដែលពលរដ្ឋព្យាយាមទាមទារឱ្យអាជ្ញាធរចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធឱ្យបានឆាប់ ដើម្បីបានបណ្ណកម្មសិទ្ធិដីធ្លីនោះ គឺដោយសារពួកគាត់បារម្ភពីការបណ្តេញណាមួយកើតឡើងដូចសហគមន៍មួយចំនួនកន្លងមក បើសិនជាពួកគាត់គ្មានបណ្ណកម្មសិទ្ធិដីធ្លីជាសម្អាងនោះ។

អ្នកស្រី ឡាយ ស្រីម៉េត បន្ថែមថា ភូមិខ្លះដែលនៅជាប់នឹងសហគមន៍គាត់ត្រូវបានគេវាស់វែងចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ តែភូមិខ្លះត្រូវបានគេបដិសេធ។ ដូច្នេះទើបពួកគាត់បារម្ភពីការបដិសេធដែរ ខណៈមកទល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានព័ត៌មានអ្វីសោះពីអាជ្ញាធររដ្ឋ។

អ្នកស្រី ឡាយ ស្រីម៉េត ថា៖ «ពួកយើងភ័យខ្លាចក្នុងការបណ្តេញចេញដោយការអភិវឌ្ឍផ្សេងៗព្រោះអីឃើញសហគមន៍គេផ្សេងៗជួបនឹងគ្រោះថ្នាក់អ៊ីចឹង។ ពួកយើងចេះតែភ័យខ្លាចថាជួបគ្រោះថ្នាក់ដូចគេអីចឹងដែរ ទើបពួកយើងសុំឱ្យចេញប្លង់កម្មសិទ្ធិឱ្យពួកយើងទាំង ៦៥គ្រួសារនេះផងព្រោះពួកយើងរស់នៅ[ទីតាំងនេះ]យូរហើយ តែមិនទាន់ទទួលបានប្លង់កម្មសិទ្ធិនៅឡើយ»។

យ៉ាងណា អ្នកស្រី ឡាយ សាម៉េត ថានៅថ្ងៃសុក្រនេះ ពលរដ្ឋមិនបានជួបចៅសង្កាត់ឡើយ ខណៈមន្ត្រីផ្សេងៗនៅសាលាសង្កាត់បានប្រាប់ឱ្យពលរដ្ឋត្រលប់ទៅផ្ទះវិញសិន ដោយថាទោះនៅក៏មិនបានជួបចៅសង្កាត់ដែរ។

បើតាមប្រភពដដែល ពលរដ្ឋសហគមន៍៦០ម៉ែត្រ នឹងបន្តជួបជុំនៅសាលាសង្កាត់ជាថ្មីទៀត ទាល់តែទទួលបានដំណោះស្រាយ។

ចៅសង្កាត់ចាក់អង្រែលើ លោក កែវ សាវឿន បានអនុញ្ញាតឱ្យអ្នកសារព័ត៌មាន VOD លើកជាសំណួរ។ យ៉ាងណា ក្រោយស្តាប់សំណួរ លោកបានបដិសេធឆ្លើយតប ដោយថាលោកកំពុងជាប់ប្រជុំ។

លោកថា៖ «បាទ មាន[សំណួរ]អី? [តើលោកចៅសង្កាត់នឹងឆ្លើយតបបែបណាទៅកាន់ពលរដ្ឋទាមទារបណ្ណកម្មសិទ្ធិដីធ្លីនៅភូមិព្រែកតាគង់?] កំពុងជាប់ប្រជុំៗ»។

មន្ត្រីសម្របសម្រួលគម្រោងកំណែទម្រង់ដីធ្លី នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថាកន្លងមកពលរដ្ឋជាច្រើនគ្រួសារនៅភូមិព្រែកតាគង់បានទទួលបណ្ណកម្មសិទ្ធិដីធ្លីហើយ។ យ៉ាងណា លោកថា បើសិនពលរដ្ឋដទៃទៀតនៅទីតាំងនោះដែលរស់នៅជាយូរមកហើយ នៅមិនទាន់ទទួលបានបណ្ណកម្មសិទ្ធិ អាជ្ញាធរគួរពន្លឿនពិនិត្យលើករណីរបស់ពួកគេ។

លោកថា ការផ្តល់កម្មសិទ្ធិនឹងធ្វើឱ្យពលរដ្ឋមានទំនុកចិត្តជាងមុន។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ពលរដ្ឋខ្លះមានដីកម្មសិទ្ធិហើយដូចជានៅទីតាំងព្រលានយន្តហោះថ្មីជាដើម នៅតែរងការបណ្តេញចេញដោយបង្ខំ ចុះទម្រាំអ្នកមិនទាន់មានទៀត ពួកគាត់កាន់តែភ័យព្រួយមិនខាន។

លោក វណ្ណ សូផាត ថា៖ «ឧទាហរណ៍ ដូចនៅព្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងខេត្តតាកែវអ៊ីចឹង គឺថាកន្លែងនោះប្រជាពលរដ្ឋគាត់មានបណ្ណកម្មសិទ្ធិហើយ បើទោះបីយ៉ាងណាក៏នៅតែអាជ្ញាធរនិងក្រុមហ៊ុនហ្នឹងអាចទៅដកហូតយកដីរបស់ពួកគាត់បានដោយមិនបានផ្តល់សំណងសមរម្យដែលអាចឱ្យគាត់ទទួលយកបាន។ ចុះទម្រាំដីប្រជាពលរដ្ឋដែលគាត់មិនទាន់មានបណ្ណ គាត់កាន់តែមានការព្រួយបារម្ភថែមទៀត»។

លោកបន្តថា៖ «កន្លងមកឃើញថាអាជ្ញាធរតែងតែមានហេតុផលផ្សេងៗ រវល់អីចេះ រវល់អីចុះហ្នឹងហើយមិនព្រមពន្លឿននូវការផ្តល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែអាហ្នឹងវាអាស្រ័យនឹងស្ថាប័នដែលមានសមត្ថកិច្ច វាទាល់តែមានការអន្តរាគមន៍តាំងពីថ្នាក់ភូមិឃុំអីទៅ ឡើងទៅថ្នាក់ខណ្ឌ ហើយនិងមកដល់ក្រសួងដែនដី»។

មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ កឋាខណ្ឌទី២ចែងថា សេចក្តីស្នើទាំងឡាយណារបស់ប្រជាពលរដ្ឋ ត្រូវ​បានទទួ​ល​ការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ