កម្មករ ១០នាក់ដែលត្រូវបានជួយសង្គ្រោះចេញពីទីតាំងប្រតិបត្តិការឆបោក បាននាំគ្នារត់គេចចេញពីមណ្ឌលមួយកន្លែងដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅបណ្ដោះអាសន្ន ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃពុធកន្លងទៅ។
ស្របពេលមានការចុះបង្រ្កាបរបស់សមត្ថកិច្ច ដែលបានជួយសង្រ្គោះមនុស្សរាប់រយនាក់ចេញពីទីតាំងប្រតិបត្តិការឆបោកនានានៅទូទាំងប្រទេសនោះ មណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅ ត្រូវបានប្រើប្រាស់ជាទីតាំងស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍ ដែលក្នុងនោះរួមមានទាំងជនជាតិចិនដែលរង់ចាំបញ្ជូនចេញពីប្រទេសផងដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា លោក កែវ វ៉ាន់ថន បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៨ទៅ៩យប់ថ្ងៃពុធកន្លងទៅ មានមនុស្ស១០នាក់បានលួចរត់ចេញពីទីតាំងមណ្ឌលចត្តាឡីស័កក្នុងខណ្ឌព្រែកព្នៅនេះ។
លោកថា៖ «ទីតាំងនេះធ្លាប់ជាមណ្ឌលចត្តាឡីស័ក និងព្យាបាលអ្នកជំងឺកូវីដ ដែលបច្ចុប្បន្ន យើងយកមកប្រើប្រាស់ដើម្បីដាក់ជនអន្តោប្រវេសន៍បណ្ដោះអាសន្ន ដូច្នេះ វាមិនសូវជារឹងមាំប៉ុន្មានទេ។ យើងក៏បានផ្សារដែកបិទនៅទីតាំងនោះផងដែរ ប៉ុន្តែពួកគេបានវាយបំបែកដែកនោះ និងបានរត់គេចចេញក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំង»។
ទោះជាយ៉ាងណា លោកបន្តថា ក្នុងចំណោមអ្នកដែលរត់គេចនោះ មាន៥នាក់ត្រូវបាននាំខ្លួនមកវិញបាន។
លោកបានឱ្យដឹងដែរថា ទីតាំងដាក់ជនអន្តោប្រវេសន៍ផ្លូវការ និងបណ្ដោះអាសន្នមួយចំនួនក្នុងប្រទេស បច្ចុប្បន្នកំពុងតែពោរពេញទៅដោយជនបរទេសដែលកំពុងរង់ចាំនីតិវិធីបញ្ជូនចេញពីព្រះរាជាណាចក្រកម្ពុជា។
លោកថា៖ «បច្ចុប្បន្ន យើងកំពុងតែធ្វើយុទ្ធនាការបង្រ្កាបទូទាំងប្រទេស ខណៈអាជ្ញាធរគ្រប់ខេត្តក្រុងទាំងអស់ត្រូវបញ្ជូន [ជនអន្តោប្រវេសន៍] មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍»។
ខណៈទីតាំងដែលត្រូវដាក់មានសភាពតូចចង្អៀត លោកបន្ថែមថា៖ «យើងមិនមានកន្លែងគ្រប់គ្រាន់សម្រាប់ដាក់ពួកគេទេ ព្រោះពួកគេមានចំនួនច្រើនរហូតដល់រាប់ពាន់នាក់»។
ទាក់ទិននឹងករណីនេះ លោក កែវ វ៉ាន់ថន បន្ថែមថា អគ្គនាយកដ្ឋានក៏បានស្នើសុំថវិកាពីកម្មករដែលត្រូវបានជួយសង្គ្រោះទាំងនោះ ដើម្បីទិញជាសំបុត្រយន្តហោះសម្រាប់ពួកគេជិះធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរ។
លោកថា៖ «ពួកគេត្រូវតែបង់ប្រាក់ ដូច្នេះវាអាស្រ័យលើពួកគេ។ ពេលណាពួកគេអាចរកប្រាក់បាន យើងនឹងរៀបចំទិញសំបុត្រយន្តហោះ ដើម្បីឱ្យពួកគេចាកចេញ។ បច្ចុប្បន្ននេះ យើងក៏កំពុងតែចរចាជាមួយស្ថានទូតចិន ដើម្បីទម្លាក់តម្លៃសំបុត្រយន្តហោះមកនៅត្រឹមតែ៥០០ដុល្លារផងដែរ»។
យោងតាមមន្ត្រីនគរបាលសង្កាត់មួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា ករណីរត់គេចចេញពីមណ្ឌលស្នាក់នៅបណ្ដោះអាសន្ននោះ ក៏ធ្លាប់កើតមានឡើងកាលពីពេលកន្លងទៅដែរ។
ជាមួយគ្នានេះ អ្នកដែលត្រូវបានជួយសង្គ្រោះចេញពីទីតាំងប្រតិបត្តិការឆបោក ឱ្យមកនៅក្នុងមណ្ឌលស្នាក់នៅមួយកន្លែងទៀតក្នុងរាជធានីភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ទីតាំងដែលអាជ្ញាធររៀបចំឱ្យពួកគេស្នាក់នៅនេះ គឺមានសភាពលំបាកខ្លាំង។
លោកថា៖ «ដំបូងឡើយ ខ្ញុំគិតថា ខ្ញុំត្រូវបានជួយសង្គ្រោះឱ្យរួចផុតពីការលំបាកហើយ [ចេញពីប្រតិបត្តិការឆបោក] ប៉ុន្តែបន្ទាប់ពីបានមកដល់មណ្ឌលស្នាក់នៅនេះ វាមើលទៅមិនដូចជាអ្វីដែលបានគិតទេ។ បរិយាកាសនៅទីនេះ គឺដូចជាទីតាំងសម្រាប់ដាក់ជនភៀសខ្លួនអ៊ីចឹង»។
មុនពេលមកដល់ទីតាំងនេះ បុរសរូបនោះបានឱ្យដឹងថា រូបលោកត្រូវបានគេបង្ខំឱ្យធ្វើការងារឆបោកតាមប្រព័ន្ធអនឡាញនៅក្នុងខេត្តព្រះសីហនុ អស់រយៈពេលប្រមាណជា៤ខែ មុនពេលដែលខ្លួនអាចស្វែងរកការជួយសង្រ្គោះពីអាជ្ញាធរក្នុងរយៈពេលមួយខែមុន។
លោកបន្តថា អំឡុងពេលស្ថិតនៅទីតាំងការងាររបស់ខ្លួន លោកក៏ធ្លាប់ត្រូវបានគេចាប់ដាក់ខ្នោះអស់រយៈពេល៨ថ្ងៃ និងត្រូវបានឆក់ដោយដំបងអគ្គិសនីមួយលើកផងដែរ។
ទោះជាយ៉ាងណា លោកត្រូវបានអាជ្ញាធរជួយសង្រ្គោះ ហើយនាំទៅកាន់មណ្ឌលមួយនៅរាជធានីភ្នំពេញ ដែលមានសភាពតូចចង្អៀត ពិបាកក្នុងការស្នាក់នៅ ខ្វះអាហារទទួលទាន និងមានមនុស្សច្រើន ខណៈលោកក៏មិនដឹងថាហេតុអ្វីបានជាគេនាំរូបលោកមកទីនេះនោះទេ។
លោកបន្តថា៖ «អាហារនិងបរិយាកាសរស់នៅ គឺពិតជាមានភាពលំបាកខ្លាំងណាស់នៅទីនេះ ដោយក្នុងនោះ យើងក៏ត្រូវបានសត្វល្អិតទិចឬខាំផងដែរ។ មនុស្សដែលត្រូវបានបញ្ជូនមកកាន់ទីនេះ គឺត្រូវបានចាត់ទុកដូចជាឧក្រិដ្ឋជន មិនថាពួកគេមកពីប្រទេសណានោះទេ»។
លោកបន្ថែមថា៖ «អាហារដែលត្រូវបានផ្ដល់ជូនល្អបំផុត គឺមានតែបាយជាមួយពងទា និងសាច់បន្តិចបន្តួចប៉ុណ្ណោះ ខណៈពួកគេឱ្យយើងទទួលទានតែពីរដងក្នុងមួយថ្ងៃប៉ុណ្ណោះ»។
លោកថា៖ «វាពិតជាពិបាកខ្លាំងណាស់ក្នុងការស្នាក់នៅទីនេះ ដែលវាយ៉ាប់ជាងការដែលស្នាក់នៅក្នុងទីតាំងប្រតិបត្តិការឆបោកកាលពីពេលកន្លងទៅទៀត។ ដំបូងឡើយ ខ្ញុំគិតថាអាចគេចចេញពីសុបិន្តអាក្រក់ ប៉ុន្តែអ្វីៗគឺខុសពីការគិតទាំងអស់»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Rescued Scam Workers Break Out of Immigration Center Amid ‘Nightmare’