កម្ពុជា​ផ្ញើ​សារ​រំលែក​ទុក្ខភាគី​ថៃ​ចំពោះ​ហេតុការណ៍​បាញ់​ប្រហារ​បណ្តាល​ឱ្យ​មនុស្ស​ជាង​៣០​នាក់​ស្លាប់​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងសន្និសីទ «ចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២» កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ (រូបថត៖ ហ្វេសប៊ុកនាយករដ្ឋមន្រ្តី ហ៊ុន សែន)

នាយករដ្ឋមន្ត្រី​កម្ពុជា ​ បានផ្ញើសារលិខិតមួយជូនទៅនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អ៊ូឆា ដើម្បីចូលរួមរំលែកទុក្ខសោកចំពោះហេតុការណ៍បាញ់ប្រហារនៅមជ្ឈមណ្ឌលថែទាំកុមារភាគឦសាន ប្រទេសថៃ បណ្តាលឱ្យកុមារ និងមនុស្សចាស់ជាង៣០នាក់ ស្លាប់កាលពីពេលថ្មីៗនេះ។

សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​បានលើកឡើង​ថា លោកមានការតក់ស្លុត​ និងក្តីសោកសៅយ៉ាងក្រៃលែង នៅពេលបានដឹងអំពីករណីបាញ់ប្រហារដ៏អាក្រក់ នៅឯមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង ក្នុងខេត្តណងប៊ូឡាំភូ ភាគឦសានប្រទេសថៃ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២។ ហេតុការណ៍បាញ់ប្រហារនេះ បានឆក់យកជីវិតមនុស្សរាប់សិបនាក់ ដែលភាគច្រើនជាកុមារ និងបាន​ធ្វើ​ឱ្យ​​មនុស្សជាច្រើន​នាក់ផ្សេង​ទៀតទទួលរង​របួសផងដែរ។

សារលិខិតបន្តថា៖ ​«ក្នុងឱកាសដ៏សោកសៅបំផុតនេះ ក្នុងនាមឱ្យរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះ ឯកឧត្តម ប្រាយុទ្ធ ចាន់អ៊ូចា រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រថៃ  ​ ជាពិសេសក្រុមគ្រួសារនៃសព និង​ជនរងគ្រោះ។ កម្ពុជា​ឈរ​នៅជាមួយ​ថៃ ក្នុងពេលដ៏សោកសៅ​ចំពោះ​ឧប្បត្តិហេតុ​សម្លាប់មនុស្សយ៉ាង​រង្គាល​នេះ និងសូមបួងសួងឱ្យអ្នកដែលរងរបួសទាំងឡាយ​​​ឆាប់​ជា​សះស្បើយឡើងវិញ»។

យោងតាមតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងសប្តាហ៍នេះ បានស្រង់សម្តីរបស់អ្នកនាំពាក្យ​នគរបាលជាតិថៃ បា​​ន​​​​​​​​​​​និយាយ​ថា យ៉ាងហោចណាស់មាន​មនុស្ស ៣៤នាក់​​ស្លាប់ ​នៅក្នុង​​ការបាញ់សម្លាប់​រង្គាល​នៅ មណ្ឌលថែទាំកុមារមួយកន្លែង​ ក្នុង​ខេត្តភាគឦសាន​នៃប្រទេសថៃ កាលពី​​ថ្ងៃព្រហស្បតិ៍​ទី៦ ខែតុលា ប៉ុន្តែតួលេខក្រោយមកបញ្ជាក់ថាមានអ្នកស្លាប់រហូតដល់៣៨នាក់។ ​ នគរបាល​បាននិយាយ​នៅ​ក្នុងសេចក្តីថ្លែងការណ៍មួយ​ថា ជនរងគ្រោះភាគច្រើនលើសលុបជា​​កុមារ​ ហើយ​ខ្មាន់កាំភ្លើង​គឺជាអតីត​មន្ត្រីនគរបាល ប៉ុន្តែហេតុផលពិតប្រាកដជុំវិញហេតុការណ៍បាញ់ប្រហារនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយ។ ​

អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយ​ថា នាយករដ្ឋមន្ត្រីថៃ បាន​ជូនដំណឹងដល់ភ្នាក់ងារ​ទាំងអស់​​ឱ្យចាត់វិធានការ និងចាប់ខ្លួនជនល្មើស។

យោង​តាមកា​រ​ចេញផ្សាយ​របស់ទីភ្នាក់ងារសារព័ត៌មាន CNA បានឱ្យដឹងថា ខ្មាន់កាំភ្លើងមានឈ្មោះថា ផាន់យ៉ា កាំរ៉ាប់ (Panya Kamrab) អាយុ ៣៤ឆ្នាំ បានរត់គេចខ្លួន បន្ទាប់ពីបាញ់ប្រហារដោយជិះរថយន្តភីកអាប់ពណ៌ស។ ទោះបីយ៉ាងណា យោងតាម​ការិយាល័យស៊ើប​អង្កេត​កណ្តាលរបស់ថៃ បានបញ្ជាក់ថា ខ្មាន់កាំភ្លើង​បាន​សម្លាប់ប្រពន្ធ កូន បន្ទាប់មក​សម្លាប់ខ្លួនឯង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ