លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជា​ទៅ​មន្ត្រី​​ឱ្យ​ត្រៀម​ផ្តល់​ពូជ​ស្រូវ​និង​ដំណាំ​ផ្សេង​ទៀត​​ជូន​ពលរដ្ឋ​​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​

អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ចុះសួរសុខទុក្ខនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។ (អគ្គស្នងការនគរបាលជាតិ)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចុះស្រាវជ្រាវពីការខូចខាត​ផលដំណាំផ្សេងៗ  ហើយត្រូវត្រៀមពូជស្រូវនិងដំណាំផ្សេងទៀត ដើម្បីជួយពលរដ្ឋ​រងគ្រោះដោយ​សារ​ជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា។

តាមរយៈសារជាសំឡេងដែលផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី៨ ខែតុលា លោក​ ហ៊ុន សែន មានប្រសាសន៍ថា  គិតមកដល់ពេលនេះ តាមរបាយការណ៍របស់​ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទីមួយនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម ដែលបានចុះជាប់ទៅនឹងបណ្ដាខេត្តដែលបានលិចលង់ដោយសារជំនន់ទឹកភ្លៀង   មានចំនួន២២ ខេត្ត​ ៩៦ក្រុងនិងស្រុកខណ្ឌ ​ស្មើចំនួន ៧៧០ឃុំ ត្រូវបានលិចលង់   ហើយបណ្តាលឱ្យប្រជាពលរដ្ឋ​ចំនួន៤នាក់ស្លាប់។

ចំណែក ហេដ្ឋានរចនាសម្ព័ន្ធឯណោះវិញ លោកនាយករដ្ឋមន្ត្រីបន្តថា បានធ្វើឱ្យលិចសាលារៀន និងប៉ះពាល់ដល់ដំណាំកសិកម្ម ដូចជា ស្រូវចំនួន ១៥១ ៤១២ហិកតា ត្រូវលិចទឹក និងដំណាំរួម  ផ្សំ មានចំនួន ៤១ ០២៤ ហិកតា។ លោកថា បច្ចុប្បន្នទឹកនៅកន្លែងខ្លះស្រក និងកន្លែងខ្លះទៀតឡើង ដោយសារមានភ្លៀងធ្លាក់​បន្ថែមទៀត ប៉ុន្តែលោកថា អាជ្ញាធរមូលដ្ឋានអាចគ្រប់គ្រងសភាពការណ៍បាន។

ករណីនេះ លោក​ ហ៊ុន សែន  បានបញ្ជាទៅរដ្ឋមន្ត្រីស្តីទីនៃក្រសួងកសិកម្ម និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  លោក អូន ព័ន្ធមុនីរ័ត្ន ​ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ សហការគ្នាដើម្បីគ្រប់គ្រងគ្រោះមហន្តរាយ ហើយចុះវាយតម្លៃពីផលប៉ះពាល់ឱ្យបានឆាប់  ពិសេសការខូចខាត​ដំណាំស្រូវ និងដំណាំផ្សេងទៀត ដើម្បីរាជរដ្ឋាភិបាលត្រៀមផ្តល់គ្រាប់ពូជ​ទៅកាន់ពលរដ្ឋដែលជាក្រុមគោលដៅ សម្រាប់បង្កបង្កើនផលខ្លះឡើងវិញ។

បន្ថែមពីនេះ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កាលពីឆ្នាំ២០០០ កម្ពុជាជួបប្រទះគ្រោះទឹកជំនន់នេះ  ហើយ      រដ្ឋាភិបាលបានដកពិសោធន៍រួចមកហើយ។ កាលណោះខេត្តដែលមានផលប៉ះពាល់​ខ្លាំងជាងគេ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ប៉ុន្តែឆ្នាំនេះ ខេត្តដែលរងគ្រោះខ្លាំងជាងគេ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារទៅវិញ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជាកាតព្វកិច្ចរបស់រដ្ឋាភិបាល។ ចំណែក ការផ្តល់ពូជដំណាំ និងជំនួយផ្សេងទៀតជូនប្រជាពលរដ្ឋនោះ លោកជំរុញទៅរដ្ឋាភិបាលធ្វើឱ្យមានតម្លាភាព  កុំមានការប្រកាន់បក្ខពួក ឬរើសអើងផ្នែកនយោបាយណាមួយ​។

លោកមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាល និងអាជ្ញាធរមានកាតព្វកិច្ចជួយប្រជាពលរដ្ឋ ហើយការផ្តល់ពូជដំណាំជូនប្រជាពលរដ្ឋ ឬជំនួយផ្សេងៗ ដល់ពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង  គឺរដ្ឋាភិបាលត្រូវផ្តល់ឱ្យមានតម្លាភាព ស្មើភាពគ្នា និងកុំឱ្យមានការរើសអើងនិន្នការនយោបាយជាដើម»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុនី ធ្លាប់ប្រាប់វីអូឌីថា ជំនន់ទឹកភ្លៀងដែលរងផលប៉ះពាល់ខ្លាំងនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្ត​​បន្ទាយ​មាន​ជ័យ ​សៀមរាប ឧត្តរមានជ័យ និងកំពង់ធំ។ លោកថា ជំនន់ទឹកភ្លៀងចាប់ពីខែសីហា មកដល់ចុងខែកញ្ញា បណ្តាលឱ្យមនុស្ស១៣នាក់ស្លាប់ ក្នុងនោះ​​ភាគច្រើនជាកុមារ​ដែលមាន​អាយុ​ចាប់ពី៥ឆ្នាំ ដល់១១ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ