ក្រសួង​ជំរុញ​ឱ្យ​ពលរដ្ឋ​បង្កើន​ការ​​ថែទាំ​​សុខភាព​ក្នុង​រដូវ​ជំនន់​ទឹក​ភ្លៀង​ដើម្បី​កាត់​បន្ថយ​​ផល​​ប៉ះពាល់​ដល់​អាយុ​ជីវិត​

ស្ត្រីម្នាក់អង្គុយលើដំបូលផ្ទះក្រោយមានជំនន់ទឹកភ្លៀងខ្លាំង នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

ក្រសួងសុខាភិបាលបានបន្តក្រើនរម្លឹកទៅដល់ប្រជាពលរដ្ឋ ពិសេសអ្នកដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន ដោយត្រូវចូលរួមការពារសុខភាពនិងសុវត្ថិភាព ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព និងអាយុជីវិត។

ក្នុងសេចក្តីក្រើនរម្លឹករបស់ក្រសួងសុខាភិបាលបានឱ្យដឹងនៅថ្ងៃអាទិត្យ ទី៩ ខែតុលា​ថា បច្ចុប្បន្ន​ ​ជំនន់ទឹកភ្លៀងដែលកំពុងជន់លិចនៅតំបន់មួយចំនួនក្នុងបណ្តាខេត្តក្នុងប្រទេសកម្ពុជា។ ករណីនេះ ប្រជាពលរដ្ឋដែលរងគ្រោះ ឬអ្នកដែលងាយរងគ្រោះ មិនត្រូវចូលទៅក្នុងផ្ទះចាស់ ឬអាគារទ្រុឌទ្រោម ព្រោះអាចស្រុតបាក់បែកបង្កឱ្យមានគ្រោះថ្នាក់។

បន្ថែមពីនេះ មិនត្រូវប៉ះពាល់គ្រឿងប្រើប្រាស់អគ្គិសនីដោយដៃសើម ឬកំពុងឈរនៅក្នុងទឹកនៅពេលធ្វើដំណើរដោយ​ទូក ឬកាណូតនៅពេលយប់ត្រូវមានភ្លើងបំភ្លឺ  ត្រូវសម្រាន្តក្នុងមុងគ្រប់ពេល ដើម្បីការពារជំងឺគ្រុនចាញ់ ជំគ្រុនឈីក និងជំងឺផ្សេងទៀត។

ចំណែកស្ត្រីដែលមានផ្ទៃពោះ ត្រូវតាមដាន និងពិនិត្យផ្ទៃពោះតាមកាលកំណត់របស់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ បើស្ត្រីជិតដល់ថ្ងៃសម្រាលកូនត្រូវរកកន្លែងស្នាក់នៅជិតមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ជាមួយគ្នានេះ ត្រូវនាំកូនទៅចាក់ថ្នាំបង្ការតាមការកំណត់របស់គ្រូពេទ្យ និងផ្តល់អាហារជូនពួកគេឱ្យបានត្រឹមត្រូវ។

ម្យ៉ាងទៀត ត្រូវប្រុងប្រយ័ត្នចំពោះកុមារី និងក្មេងស្រី នៅទីទួលសុវត្ថិភាពក្រែងមានអំពើហិង្សាផ្លូវភេទ និងត្រូវជួយមនុស្សចាស់ក្នុងគ្រួសារ ឬមនុស្សចាស់នៅជិតខាង។ ត្រូវផ្តល់ការគាំទ្រដល់សមាជិកគ្រួសារ ឬកុមារពិការ ដូចជា ឈើច្រត់ រទេះរុញ ឬថ្នាំពេទ្យដែលពួកគាត់កំពុងប្រើប្រាស់ជាប្រចាំមួយចំនួន ដែលជាតម្រូវការចាំបាច់របស់ពួកគាត់។

បន្ថែមពីនេះ ត្រូវធ្វើអនាម័យខ្លួនប្រាណឱ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ បោកសម្លៀកបំពាក់ឱ្យបានស្អាត ជៀសវាងនូវជំងឺសើរស្បែក ពងទឹក កមរមាស់ និងប្រុងប្រយ័ត្នពស់ចឹក ឬសត្វអសិរពិសផ្សេងៗ ដោយពិនិត្យឱ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព។ លើសពីនេះ ​ត្រូវបរិភោគទឹកស្អាតដោយប្រើធុងចម្រុះ ដាំទឹកឱ្យពុះ ឬប្រើប្រាស់ទឹកដែលប្រើថ្នាំក្លរីន  ឬក្លរ៉ាមីន (ថ្នាំក្លរីន ឬក្លរ៉ាមីនពីរគ្រាប់អាចលាយទឹក២០លីត្រ)។

ក្រសួងបន្តថា រីឯ អាហារដែលត្រូវបរិភោគ ត្រូវលាងសម្អាតបន្លែ សាច់ និងចម្អិនឱ្យបានឆ្អិនល្អ កុំឱ្យរុយរោម ហើយចាន ឆ្នាំង ស្លាបព្រា កំាំបិត ជ្រុញ និងសម្ភារៈផ្សេងទៀត ត្រូវលាងនឹងសាប៊ូឱ្យបានញឹកញាប់ មុន និងក្រោយបរិភោគអាហារ   ដើម្បីកាត់បន្ថយឱ្យបានជាអតិបរិមានូវផលប៉ះពាល់សុខភាព និងអាយុជីវិត ។

ក្រសួងសុខាភិបាលបញ្ជាក់ថា នៅពេលទឹកស្រកវិញ ប្រជាពលរដ្ឋត្រូវបន្តបរិភោគចំណីអាហារ ទឹកស្អាត និងអនាម័យខ្លួនឱ្យបានស្អាតជានិច្ច ដើម្បីជៀសវាងកើតមានឡើងដោយសារមូសខាំ បង្កឱ្យមានជំងឺគ្រុនឈាម  គ្រុនចាញ់ និងត្រូវបន្តសម្រាន្តក្នុងមុងគ្រប់ពេល។  ត្រូវអនាម័យជុំវិញផ្ទះ ក្នុងផ្ទះ ត្រូវពិនិត្យផ្ទះក្រែងមានបាក់ស្រុតនាំឱ្យមានគ្រោះថ្នាក់  ហើយត្រូវប្រុងប្រយ័ត្ន ក្រែងមានសត្វពស់ ឬសត្វផ្សេងៗ ទើបទប់ស្កាត់កុំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតជាដើម។

ក្រសួងសុខាភិបាលក៏បានអំពាវនាវទៅប្រជាពលរដ្ឋដែលមានបញ្ហាសុខភាព ឬមានជំងឺ ឬសង្ស័យមានបញ្ហាសុខភាពណាមួយ ត្រូវស្វែងរកពិគ្រោះពិនិត្យ និងព្យាបាលជំងឺជាបន្ទាន់នៅប៉ុស្តិ៍សុខភាពក្បែរទីទួលសុវត្ថិភាព ឬមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមលេខ ១១៥ដោយឥតគិតថ្លៃ ឬទំនាក់ទំនងមកក្រសួងសុខភិបាលតាមលេខ ០១២ ៤៨៨ ៩៨១ ឬ០១២ ៨៣៦៨៦៨ ឬតាមទំព័រហ្វេសប៊ុកនិងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ