ពលរដ្ឋ៧០គ្រួសារនៅភ្នំក្រោមខេត្តសៀមរាប ទាមទារបណ្ណកម្មសិទ្ធិដីធ្លី ខណៈកំពុងមានជម្លោះជាមួយទាហាន

ផ្ទះពលរដ្ឋមួយគ្រួសារក្នុងចំណោមប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប ដែលពួកគេបានទាមទារឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ផ្តល់​បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈពួកគេអះអាងថាដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋ៧០គ្រួសារ រស់នៅភូមិភ្នំក្រោម សង្កាត់​សៀមរាប ក្រុងសៀមរាប បានទាមទារឱ្យ​អាជ្ញាធរ​ខេត្តសៀមរាប ផ្តល់​បណ្ណ​​កម្មសិទ្ធិដីធ្លី ខណៈពួកគេ​អះអាងថា ដីនោះកំពុងមានជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំ​តំបន់នោះ។

លោក គ្រំ វេត រស់នៅភូមិភ្នំក្រោម សង្កាត់សៀមរាប ប្រាប់វីអូឌីនៅចន្ទនេះថា ដើមឡើយ ប្រជា​ពលរដ្ឋជាង១០០គ្រួសារ បាន​​​រស់​នៅលើដីជាង១០ហិកតា នៅតំបន់​​ជើង​ភ្នំ​ក្រោម ក្នុងសង្កាត់សៀម​រាប ក្រុងសៀមរាប បន្តពីដូនតា​មក ប៉ុន្តែនៅពេល​កើត​មាន​​សង្គ្រាម​ក្នុង​​សម័យ​ប៉ុលពត​​ ប្រជា​ព​លរដ្ឋ​នៅតំបន់​នោះត្រូវបានជម្លៀស​ចេញទៅនៅ​កន្លែងផ្សេង។

លោក​បន្តថា ​ក្រោយមក ​នៅអំឡុងឆ្នាំ១៩៩២ ប្រជាពលរដ្ឋបាន​ស្នើចូលទៅ​រស់​នៅ​កន្លែងភូមិចាស់ខ្លួនវិញ ប៉ុន្តែត្រូវ​បាន​អាជ្ញាធរបដិសេធ ក្រោមហេតុផលថា ដីនៅ​តំបន់នោះ​មានគ្រាប់មីន​ច្រើន និង​ជាប់ពាក់ព័ន្ធជាមួយទាហាន។

ពលរដ្ឋ​រូបនេះបន្តថា ក្រោយមក នៅឆ្នាំ២០១៤ ក្រុមទាហានបានដាក់ស្លាកលក់ដីនៅតំបន់នោះ ដែលធ្វើឱ្យអ្នកភូមិមិនសប្បាយ​ចិត្ត និងបានប្តឹងករណីនេះទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយ ហើយពួកគាត់បាននាំគ្នាចូលទៅសង់លំនៅឋាន និងរស់នៅលើដីរបស់ពួកគាត់រៀងៗខ្លួនវិញ ដោយបង្កើតបានជាជម្លោះជាមួយទាហាននៅទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះ តាំងពីពេលនោះរហូតមកដល់បច្ចុប្បន្ននេះ។

លោក គ្រំ វេត ឱ្យដឹងទៀត​​ថា មកដល់បច្ចុប្បន្ននេះ នៅសល់ប្រជាពលរដ្ឋចំនួន៧០គ្រួសារ​ប៉ុណ្ណោះដែល​កំពុងរស់នៅជាក់ស្តែងលើដីជម្លោះទំហំជិត៤ហិកតា​នេះ និងកំពុង​​ទាមទារបណ្ណកម្មសិទ្ធិ ខណៈពលរដ្ឋផ្សេងទៀតទទួលយកការដោះដូរលំនៅឋានតាមការដោះស្រាយរបស់អាជ្ញាធរ និងដីមួយចំនួនធំត្រូវបានទាហានលក់ដូរឱ្យឈ្មួញ។

លោកបន្ថែមថា៖ «អាជ្ញាធរគាត់បោះស្លាកថា ដីយើងមានបញ្ហា មិនអាចដោះស្រាយឱ្យបានទេ ប៉ុន្តែ​គាត់យកដីយើងទៅលក់ អ៊ីចឹងហើយបានជាពួកយើងសម្រេចចិត្តចូលទៅរស់នៅលើដីយើងវិញ។ ហើយក្រោយមក ខាងសាលាខេត្តហ្នឹងគាត់ឱ្យ​មន្ត្រីចុះមកស៊ើបអង្កេតថាមានអ្នកលក់អ្នកទិញដូចយើងនិយាយមែនអត់! ដល់ក្រុមការងារគាត់ចុះរកឃើញថាមានមែន  អ៊ីចឹងហើយរឿងហ្នឹងក៏ស្ងាត់ទៅវិញ។ ក្រោយ​មក ​ខាង​ខេត្តហ្នឹងចុះមកដោះស្រាយឱ្យយើងដោះដូរទៅកន្លែងផ្សេង ដោយទទួលបានដី៧ម៉ែត្រគុណ២០ម៉ែត្រ ប៉ុន្តែពួកយើងមិនព្រមទទួលយក ព្រោះដីយើងធំជាង»

ពលរដ្ឋនៅភូមិក្រោមម្នាក់ទៀត លោក ពេជ្រ សុខុម និយាយថា អ្នកភូមិកំពុងមានជម្លោះដីធ្លីនេះ ​ភាគច្រើនជាពលរដ្ឋក្រីក្រ និងមានកូនច្រើន ហើយពួកគាត់មិនអាចទទួលយកការដោះដូរទៅកន្លែងផ្សេង ដោយយកដីត្រឹមតែ៧ម៉ែត្រគុណ២០ម៉ែត្របាននោះទេ។

លោក​បន្តថា វាជារឿងអយុត្តិធម៌មួយដែលទាហានយកដី​ពួកគាត់ហើយ និង​មានសិទ្ធិលក់ដីនោះបន្តទៅឱ្យឈ្មួញបាន ខណៈ​ពួកគាត់ដែលជាម្ចាស់ដើម បែរ​ជាអាជ្ញាធរមិនដោះស្រាយនិងចេញបណ្ណសិទ្ធិឱ្យទៅវិញ។

ពលរដ្ឋរូបនេះអះអាងថា កន្លងមក ពេលដែលពលរដ្ឋសាងសង់លំនៅឋាន និងជួសជុលផ្ទះសម្បែងឡើងវិញ តែងតែរងការគំរាមកំហែងពីសំណាក់ទាហានផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំសូមសំណូម​ពរដល់សម្តេចតេជោ ហ៊ុន សែន ជួយរកដំណោះស្រាយដល់ពួកខ្ញុំផង កុំឱ្យនៅយូរពេកព្រោះប្រជាពលរដ្ឋមានជីវភាពលំបាកណាស់ យើងបារម្ភខ្លាច​ពេលដែលសាងសង់ផ្ទះ ឬសាងសង់អីផ្សេងៗ ចេះតែមានរឿងមិនចេះអស់ ​មិនចេះហើយ ហើយយើងទៅរកស៊ីកន្លែងណាក៏មិនបាន ដោយសារតែរឿងដីធ្លីនេះឯង»

វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាងទាហានទីបញ្ជាការកងអនុសេនាធំលេខ៣ប្រចាំតំបន់នោះបាន​ទេ នៅថ្ងៃចន្ទនេះ។

ប៉ុន្តែចៅសង្កាត់សៀមរាប​ លោក ម៉ៃ សាម៉េត មានប្រសាសន៍ថា អាជ្ញាធរមិនអាចចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ រួមទាំងទាហានផង​ដែរ ដោយ​ថា ដី​តំបន់​នោះត្រូវបានរដ្ឋាភិបាលដកហូត និងដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅហើយ។

លោកបន្ថែមថា៖ «ឥលូវនេះ គេបិទទាំងអស់ បិទទាំងទាហាន ទាំងស្អីក៏ដោយ មិនអាចលក់ដូរបានទេ។ អាជ្ញាធរបិទយូរហើយ លោកអភិបាលខេត្តគាត់​ថា តំបន់នេះ​ជាតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ គាត់ឈប់ឱ្យមានការផ្ទេរផ្ទួរទៅ​ហើយ»

គួររំឭកថា តំបន់រមណីយដ្ឋាន​​អង្គរ ដែល​ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បច្ចុប្បន្ន ត្រូវបាន​រដ្ឋាភិបាល​កំពុង​រៀងចំឡើងវិញ ដោយប្រកាសឱ្យប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលនៅតំបន់ការពារមួយនេះ ស្ម័គ្រ​ចិត្ត​ដោះដូរលំនៅឋានទៅនៅទីតាំងថ្មីដែលរៀបចំដោយអាជ្ញាធរ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅស្រុកបន្ទាយ​ស្រី និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងស្រុកអង្គរធំ ខេត្ត​សៀម​រាប ដោយ​ក្នុង១គ្រួសារទទួលបានដីឡូត៍ ២០ម៉ែត្រគុណ៣០ម៉ែត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ