រដ្ឋាភិបាល​ស្នើ​រដ្ឋសភា​បោះឆ្នោត​តែងតាំង​លោក ឌិត ទីណា ជា​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម

លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ថ្លែងក្នុងវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការស្នើសុំធ្វើអាជីវកម្មខ្សាច់សំណង់ និងដីល្បាយខ្សាច់នៅ តាមដងទន្លេបាសាក់ ស្ថិតក្នុងឃុំខ្ពប នៃស្រុកស្អាង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ (ក្រសួងមហាផ្ទៃ)

រដ្ឋាភិបាលស្នើទៅ​​រដ្ឋសភា​រៀបចំការ​​បោះឆ្នោត​ផ្ដល់​សេចក្ដីទុក​ចិត្ត​ដល់​​លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំនួសលោក វេង សាខុន ដែលត្រូវបានបញ្ចប់ពីមុខ​តំណែង។

ក្នុង​លិខិតមួយច្បាប់របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដែល​ត្រូវបានផ្សព្វផ្សាយនៅថ្ងៃចន្ទនេះ បាន​លើកឡើង​ថា ​យោងតាមរដ្ឋធម្មនុញ្ញ ​ច្បាប់​​ស្តីពី​ការ​រៀប​ចំ​​និង​ការប្រព្រឹត្តទៅ​នៃគណៈរដ្ឋមន្ត្រី និងព្រះរាជក្រឹត្យ​ស្ដីពី​ការចាត់តាំងនាយករដ្ឋមន្ត្រី​​នៃ​ព្រះរាជាណាចក្រកម្ពុជា និងដោយយោងតាម​តម្រូវ​ការ​ចាំ​បាច់របស់​​រដ្ឋាភិបាល ក្នុង​នាមជានាយករដ្ឋមន្ត្រី លោក​ស្នើ​ប្រធាន​រដ្ឋ​សភារៀប​ចំ​ការបោះ​​ឆ្នោត​ផ្តល់​សេចក្តីទុក​ចិត្តលើ​កា​រ​បំពេញ​បន្ថែម​សមាស​ភាព​សមាជិក​រដ្ឋាភិបាល​​ដល់លោក ​ឌិត ទីណា ធ្វើជា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា ដែលបច្ចុប្បន្ន​មានតួនាទីជារដ្ឋលេខាធិការក្រសួង​រ៉ែ និងថាមពល ត្រូវបាន​គេ​ស្គាល់ថាជាកូនរបស់លោក ឌិត មុន្ទី ប្រធានតុលាការ​កំពូល។

ការស្នើរបស់ប្រមុខរដ្ឋាភិបាលបានធ្វើឡើង​ក្រោយពី​​​ព្រះមហាក្សត្រ​ ព្រះករុណា សម្តេចព្រះ​បាទ ព្រះ​បរមនាថ នរោត្តម សីហមុនី ​​កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ បាន​​ចេ​ញ​​​ព្រះ​រាជ​ក្រឹត្យ​បញ្ចប់​មុខ​តំណែងលោក​ វេង សាខុន ពីរដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ការបញ្ចប់មុខតំណែង​លោក វេង សាខុន ធ្វើឡើង​ប្រមាណ៨ខែ ក្រោយពេលដែលលោកធ្លាប់ត្រូវបានលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីបន្ទោសខ្លាំងៗថា ជារដ្ឋមន្ត្រីដែលមិនចេះសហការជាមួយ​មន្ត្រីដទៃ។ បន្ថែមពីនេះ លោក ហ៊ុន សែន ក៏ធ្លាប់ព្រលយម្តងរួចមកហើយនៅមុខលោក វេង សាខុន ចំពោះ​ការដករដ្ឋមន្ត្រីណាមួយចេញពីតំណែង ដោយថា លោកត្រូវការពេលត្រឹមតែ២៤ម៉ោងប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ