លោក ហ៊ុន ម៉ានី ថា​កម្លាំង​អមិត្ត​នៅ​បន្ត​ធ្វើ​សកម្មភាព​ញុះញង់​និង​បង្កើត​ចលាចល​ក្នុង​សង្គម

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងអំឡុងពេលទៅជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅតាមកងពលប្រចាំទិសទាំង៣ នៃយោធភូមិភាគទី៥ និងកងពលអន្តរាគមន៍លេខ១៤ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Hun Many)

កូនប្រុសរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានលើកឡើងថា កម្លាំងអមិត្តនៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើសកម្មភាពញុះញង់ អុចអាល បង្កហេតុ បង្កើតចលាចល ដែលជាកត្តាបំផ្លាញសុខសន្តិភាព តែរដ្ឋាភិបាលនៅតែបន្តធានាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ​មណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បាន​សរសេរនៅលើទំព័រហ្វេស​ប៊ុករបស់លោក កាលពីថ្ងៃម្សិលមិញ ក្រោយ​​ជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅ​យោធភូមិភាគទី៥ និងកងពលអន្តរាគមន៍លេខ១៤ ចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក ថាសុខ​សន្តិភាពបាន​ប្រែក្លាយតំបន់ដែលធ្លាប់ជាគំនរផេះផង់នៃសង្រ្គាមរ៉ាំរ៉ៃ ហើយបង្កការភ័យ​ខ្លាចដល់ប្រជាពល​រដ្ឋ ទៅ​ជា​តំបន់​ដែល​មាន​ការអភិវឌ្ឍ មានផ្លូវគមនាគមន៍ ប្រជាពលរដ្ឋ​មានជីវភាពធូរធារ និងជាពិសេសមានសាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ពន្ធគ្រប់បែបយ៉ាង។

ទោះជាយ៉ាងណា​ លោកថា កម្លាំង​អមិត្តនៅតែចិញ្ចឹមមហិច្ឆតា និងបន្តធ្វើសកម្មភាពញុះញង់ អុចអាល បង្កហេតុ និង​បង្កើត​ចលាចលក្នុងសង្គម​ ដែលជាកត្តាបំផ្លាញសុខសន្តិភាព ប៉ុន្តែរដ្ឋាភិបាល​ធានាបន្តការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

លោកលើកឡើងថា៖ «ក្នុងន័យនេះ ការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ផ្សារភ្ជាប់នឹងជំហរដាច់ណាត់​​ក្នុងការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជាររបស់កងយោធពលខេមរភូមិន្ទ និងកងកម្លាំងប្រដាប់អាវុធគ្រប់មុខសញ្ញា គឺជាកត្តាកំណត់ដាច់ខាតនៃការធានាការពារសុខសន្តិភាព ស្ថិរភាព និងការអភិ​វឌ្ឍ»។

ដើម្បីទទួលបានសន្តិភាព និងនិរន្តរភាពនៃការអភិវឌ្ឍ លោក ហ៊ុន ម៉ានី ក៏បាន​អំពាវនាវទៅកងកម្លាំងប្រដាប់អាវុធ​គ្រប់មុខសញ្ញា ប្ដេជ្ញារួមគ្នាគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៅអាណត្តិបន្ត​​បន្ទាប់ និងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាថ្ងៃអនាគតផងដែរ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោកមិនបានដឹងថាតើការលើកឡើងរបស់លោក ហ៊ុន ម៉ានី សំដៅទៅលើបុគ្គលណាមួយនោះទេ។ លោកថា សម្រាប់គណបក្ស​ក្រៅរដ្ឋាភិបាល​មួយនេះ មិនដែលមានបំណងណាមួយក្នុងការញុះញង់ឬបង្កចលាចលក្នុងសង្គមនោះទេ ហើយ​​​រាល់​ការតស៊ូ​មតិ​កន្លង​មក គឺធ្វើឡើងដោយស្របច្បាប់។

លោកមានប្រសាសន៍ថា៖ «និយាយពីអមិត្ត យើង​មិនដឹងជាសំដៅលើក្រុមណា ប៉ុន្តែបើយើងមើលឃើញការបង្កឱ្យមានអសន្តិសុខ ឬចាប់ជំរិតអ្វីផ្សេងៗ ឃើញជាមិត្តដែកថែប [ជនជាតិចិន] ច្រើនជាង។ ពីមុនមកហៅថា “មិត្ត​ម៉ឺនឆ្នាំ” ដល់ឥឡូវ “មិត្តដែកថែប” ឃើញតែចាប់ជំរិត ឃើញតែបាញ់ ឃើញតែបោះទាំងអស់ ដែលបង្កអសន្តិសុខ សូមឱ្យងាកមើលទៅខាងណោះវិញ កុំសម្លឹងមើលឃើញតែខ្មែរគ្នាឯង[ថាជា]អមិត្ត។ ដូច្នេះ សូមឱ្យមើលឃើញអ្វីដែលកំពុង​កើតមាន អសន្តិសុខក្នុងប្រទេស រហូតដល់គេចាត់ចំណាត់ថ្នាក់ក្នុងរឿងរត់ពន្ធមនុស្ស ជួញដូរមនុស្ស រហូត​ដល់បញ្ជីខ្មៅលាងលុយលាងអី វាល្អជាង! កុំឱ្យគិតថាខ្មែរយើងអមិត្ត បង្កញុះញង់ ប៉ះ​ពាល់សន្តិភាព សុំឱ្យពិនិត្យជាក់ស្តែងវិញទៅ»។

នា​យកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន ម៉ានី នា​ពេលនេះ គ្រាន់តែជាសិទ្ធិក្នុងការបញ្ចេញមតិរបស់គាត់តែប៉ុណ្ណោះ។ តែយ៉ាងណា លោក​ថា នៅកម្ពុជាមិនទាន់មានសន្តិភាពពេញលេញនៅឡើយ​ ដោយសារតែលោកសង្កេតឃើញថា អ្នកដែល​ហ៊ានចេញមុខ​​​តស៊ូមតិនិងតវ៉ា​​ដោយ​​អហិង្សា​និងស្របតាមច្បាប់ បែរជាទទួលរងនូវភាពអយុត្តិធម៌ជាបន្តបន្ទាប់ទៅវិញ។  

លោកមានប្រសាសន៍ថា៖ «កម្ពុជាមិនទាន់មានសន្តិភាពត្រឹមត្រូវនៅឡើយទេ ដោយសារយើងមើលឃើញថា សន្តិភាពនេះគឺកើតមានតែលើក្រុមគណបក្សកាន់អំណាច ហើយគណបក្សនយោបាយដទៃផ្សេងទៀត ក៏ដូចជាសកម្មជនសង្គម និងសកម្មជនស៊ីវិលអ្វីផ្សេងៗនៅក្នុងអង្គការសង្គមស៊ីវិល យើងឃើញហើយ ពួកគាត់ជួបនូវវិបត្តិជាច្រើន ដែលនៅក្នុងសង្គមរបស់យើងបានបង្កើតឡើង ហើយមិនមានដំណោះស្រាយជូនពួកគាត់»។

លោកលើក​ជាឧទាហរណ៍ដូច្នេះថា៖ «ដូចជាក្រុមកូដករដែលគាត់នាំគ្នាធ្វើបាតុកម្មតស៊ូមតិដោយអហិង្សាជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ឬក៏យុវជនដទៃទៀតដែលគាត់ទាមទារឱ្យរដ្ឋាភិបាលធ្វើការពិចារណាទៅលើការផ្ដល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស ដូចជា បញ្ហាបរិស្ថាន បញ្ហាព្រៃឈើ យើងឃើញថា ពួកគាត់ជួបនូវបញ្ហាធ្ងន់ធ្ងរ តាមរយៈការគាបសង្កត់ ការបិទសិទ្ធិសេរីភាព [ជាដើម] យើងឃើញថា ការងារទាំងអស់ហ្នឹងនេះ វាមិនទាន់មានសន្តិភាព។ ដូច្នេះ ខ្ញុំគិតថា អ្នកដែលគេតស៊ូ គឺគេតស៊ូដើម្បីជំរុញបង្កើតឱ្យមានសន្តិភាពមួយរួមគ្នា»។

លោក សេក សុជាតិ អំពាវនាវទៅអ្នកនយោបាយ ជាពិសេសគណបក្សកាន់អំណាច យកបញ្ហាដាក់លើតុជជែក​គ្នារកដំណោះស្រាយ ជួយអ្នកដែលរងនូវភាពអយុត្តិធម៌សង្គម ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានលទ្ធិប្រជាធិបតេយ្យ សន្តិភាពពេញលេញ ស្របតាមច្បាប់ ទើបធ្វើឱ្យសង្គមនិងសេដ្ឋកិច្ចកាន់តែរីកចម្រើន ​នាំ​ឱ្យ​ប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ