ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានឱ្យដឹងថា ទីក្រុងជាច្រើននៅក្នុងប្រទេស ដែលរួមទាំងរដ្ឋធានីកៀវ ត្រូវបានរាយការណ៍ថា រងការវាយប្រហារដោយការផ្ទុះជាច្រើនទីតាំង ខណៈករណីនេះកើតឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ីចោទប្រកាន់ថា ហេតុការណ៍ផ្ទុះលើស្ពានគ្រីមេ គឺជាអំពើភេរវកម្មដែលបង្កឡើងដោយអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera។
តាមរយៈការបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម អនុប្រធានការិយាល័យប្រធានាធិបតី លោក គីរីឡូ ទីម៉ូហ្សេនកូ (Kyrylo Tymoshenko) បានលើកឡើងថា៖ «អ៊ុយក្រែនកំពុងតែស្ថិតនៅក្រោមការវាយប្រហារដោយគ្រាប់មីស៊ីល ខណៈទីក្រុងជាច្រើនក្នុងប្រទេសត្រូវបានរាយការណ៍ថាមានករណីផ្ទុះ»។
ទាក់ទិននឹងករណីនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងស្នាក់នៅក្នុងទីតាំងដែលមានសុវត្ថិភាព ដោយមិនត្រូវធ្វើការបម្លាស់ទីផ្ដេសផ្ដាសឡើយ។
យោងតាមអ្នកនាំពាក្យភ្នាក់ងារសង្គ្រោះបន្ទាន់ប្រចាំនៅទីក្រុងកៀវ ក៏បានរាយការណ៍ប្រាប់សារព័ត៌មាន AP ឱ្យដឹងផងដែរថា ករណីវាយប្រហារនេះ ក៏បានបង្កឱ្យមានអ្នកស្លាប់និងរបួសផងដែរ។
ទោះជាយ៉ាងណា ប្រភពខាងលើនេះនៅពុំអាចបញ្ជាក់ពីតួលេខច្បាស់លាស់នៅឡើយទេ ខណៈអ្នកជួយសង្គ្រោះកំពុងតែបញ្ជូននៅកាន់ទីតាំងផ្សេងៗគ្នា។
ក្រៅពីរដ្ឋធានីកៀវ ហេតុការណ៍ផ្ទុះដូចគ្នានេះក៏ត្រូវបានរាយការណ៍កើតឡើងនៅទីក្រុងលីវ (Lviv), ធើណូពីល (Ternopil) និងហ្ស៉ីតូមៀ (Zhytomyr) ក្នុងតំបន់ភាគខាងលិចអ៊ុយក្រែន និងទីក្រុងឌីនីប្រូ (Dnipro) នៃតំបន់ភាគកណ្តាលប្រទេសផងដែរ។
ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ បានចាប់ផ្ដើមកើនឡើងខ្លាំង បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់ពីការប្រកាសសង្រ្គាមមួយដោយប្រធានាធិបតី លោក វ្លាឌីមៀរ ពូទីន៕














