ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថា បានរៀបចំការវាយប្រហារភេរវកម្មលើស្ពានដ៏សំខាន់មួយដែលតភ្ជាប់ពីទឹកដីរុស្ស៊ី ទៅកាន់តំបន់គ្រីមេ (Crimea) ខណៈលោកក៏នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខមួយនៅថ្ងៃចន្ទនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងវីដេអូមួយកាលពីថ្ងៃអាទិត្យម្សិលមិញ តាមរយៈប្រព័ន្ធតេឡេក្រាម (Telegram) របស់វិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ីរូបនេះបានលើកឡើងថា៖ «វាគ្មានអ្វីដែលគួរឱ្យសង្ស័យនោះទេ។ ករណីនេះ [ហេតុការណ៍ផ្ទុះលើស្ពានគ្រីមេ] គឺជាអំពើភេរវកម្មមួយដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ពន្ធស៊ីវិលដ៏សំខាន់»។
លោកបន្ថែមថា៖ «ហេតុការណ៍នេះត្រូវបានរៀបចំឡើង អនុវត្ត និងបញ្ជាដោយទីភ្នាក់ងារពិសេសរបស់អ៊ុយក្រែន»។
ថ្លែងមុនកិច្ចប្រជុំដែលនឹងធ្វើឡើងនៅថ្ងៃចន្ទនេះ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ក៏បានឱ្យដឹងដែរថា រុស្ស៊ីគួរតែសម្លាប់ភេរវករ ដែលទទួលខុសត្រូវចំពោះការវាយប្រហារមួយនេះ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានស្រង់សម្ដីអនុប្រធានក្រុមប្រឹក្សាសន្តិសុខរូបនេះ ដែលបានថ្លែងថា៖ «អ្វីដែលរុស្ស៊ីអាចឆ្លើយតបបានចំពោះឧក្រិដ្ឋកម្មនេះ គឺមានតែការសម្លាប់ភេរវករដែលពាក់ព័ន្ធតែប៉ុណ្ណោះ។ នេះជាអ្វីដែលពលរដ្ឋរុស្ស៊ីរំពឹង»។
គួរបញ្ជាក់ថា ស្ពានខាងលើនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនបរិក្ខារយោធា និងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៉ីដែលកំពុងធ្វើសង្រ្គាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី៧ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើងផងដែរ៕