ផ្ដើមចេញពីទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ បានជំរុញឱ្យប្រជាសហគមន៍មួយរូប វ័យ៧១ឆ្នាំ លោក សយ សាត បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន និងពេលវេលាប្រចាំថ្ងៃ ដើម្បីការពារ «ព្រៃសហគមន៍មេត្តាធម្មជាតិ» ឬ «ព្រៃឧត្ដមស្រែពស់» ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទោះបីជាធ្លាប់រងអំពើហិង្សាជាច្រើនដង និងកំពុងជាប់បណ្ដឹងចំនួន២នៅតុលាការ ដោយសារការរារាំងមិនឱ្យកាប់បំផ្លាញព្រៃសហគមន៍។
កំពុងឈរនៅក្នុងព្រៃមេត្តាធម្មជាតិ លោក សយ សាត ថ្លែងថា៖ «ខ្ញុំដឹងច្បាស់ណាស់ក្មួយ! ខ្ញុំមានតែ២មុខទេ! មានតែជាប់គុក ហើយនឹងស្លាប់ទេ រាល់ថ្ងៃនេះ»។
ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ ដើមឈើរាប់រយដើមក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ ត្រូវបានកាប់បំផ្លាញ បន្ទាប់ពីរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ កាត់ដីទំហំជាង២៦០ហិកតា (២៦២,២៤ហិកតា) ចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុងខេត្តកំពង់ស្ពឺ ដើម្បីចែកឱ្យគ្រួសារកងទ័ពនៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងពលរដ្ឋចំនួន៤១គ្រួសារ សម្រាប់ធ្វើលំនៅឋាន និងបង្កបង្កើនផល។
របងឈើមានលួសហ៊ុមព័ទ្ធ ប្រវែងជិត១ ០០០ម៉ែត្រ នៅខាងមុខព្រៃសហគមន៍មេត្តាធម្មជាតិ អមដោយរូបតារាចម្រៀង អ្នកនាង មាស សុខសោភា មានសរសេរអក្សរថា «ដើមឈើជាមាតាធម្មជាតិរបស់ពួកយើង» ប៉ុន្តែនៅផ្នែកខាងក្រោយព្រៃវិញ ដើមឈើប្រណិតៗ ដូចជា បេង នាងនួន គ្រញូង និងដើមធ្នុង ជាដើម ត្រូវបានកាប់បំផ្លាញសល់ត្រឹមគល់ប៉ុណ្ណោះ។
ស្លៀកខោជើងខ្លីត្រឹមជង្គង់ លោក សយ សាត បានដើរបង្ហាញទីតាំងដែលជនល្មើសកាប់បំផ្លាញព្រៃ ហើយរៀបរាប់ថា ក្រុមមនុស្សស្លៀកពាក់ស៊ីវិលបានចូលមកកាប់ដើមឈើស្ទើរតែរាល់ថ្ងៃ ដោយដឹកតាមគោយន្តឆ្នៃ និងមានអាជ្ញាធរនៅចាំទទួលយកលុយនៅខាងក្រៅ ដើម្បីបើកផ្លូវឱ្យក្រុមអ្នកកាប់ឈើដឹកចេញទៅ។
លោកថា អ្នកដែលចូលកាប់រុករានព្រៃសហគមន៍នេះមានកាំភ្លើងមកជាមួយផងដែរ ហើយលោកក៏តែងតែប៉ះទង្គិចជាមួយពួកគេ រហូតមានរបួសលើខ្លួនថែមទៀតផង។
លោកថា៖ «[រងហិង្សា] ច្រើនលើកច្រើនសា ណាស់ក្មួយ! វាយខ្ញុំឡើងហើមមុខហើមមាត់ណាស់ មិនធម្មតាទេ! បាញ់ [គំរាម] ក៏បាញ់ទៀត»។
សកម្មភាពដែលប្រឈមគ្រោះថ្នាក់ដល់ជីវិតបែបនេះ បានបង្ខំឱ្យភរិយារបស់លោក សយ សាត សម្រេចចិត្តលែងលះគ្នាជាមួយលោក ចំណែកកូនៗវិញ គឺមិនមាននរណាម្នាក់គាំទ្រលោកនោះទេ។
លោកថា៖ «កូនៗអត់មានឱ្យខ្ញុំមកចូលរួមកិច្ចការសង្គមដែរ មិនដែលគាំទ្រខ្ញុំរឿងកិច្ចការសង្គមហ្នឹងទេ ប៉ុន្តែអ្វីក៏ដោយ ខ្ញុំធ្វើដោយមនសិការចិត្តខ្លួនឯង»។
លោក សយ សាត បានរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ១៩៧៤ ដោយមានកូនចំនួន៦នាក់ ក្នុងនោះមានកូនស្រីចំនួន៤នាក់ និងកូនប្រុស២នាក់។ លោកថា កូនៗរបស់លោកបានរៀបការរៀងៗខ្លួន និងមិនដែលមកសួរសុខទុក្ខលោកនោះដែរ។ លោកមានស្រុកកំណើតនៅភូមិសំរោង ឃុំឈើទាល ស្រុកស្វាយរៀង ខេត្តស្វាយរៀង ប៉ុន្តែមកដល់ឆ្នាំ១៩៨១ បានប្ដូរលំនៅមកធ្វើមន្រ្តីនគរបាលក្នុងខេត្តកំពង់ឆ្នាំងវិញ។
បច្ចុប្បន្ននេះ លោក សយ សាត កំពុងរស់នៅជាមួយព្រះសង្ឃក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ ស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកធ្លាប់បានបួសជាព្រះសង្ឃនៅវត្តទួលទំពូង រាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៧ និងបានចែកផ្លូវជាមួយភរិយាអំឡុងពេលជាព្រះសង្ឃនោះ។ ក្រោយមក លោកក៏បានមករស់នៅក្នុងអាស្រមមេត្តាធម្មជាតិ ដើម្បីធ្វើសកម្មភាពការពារព្រៃឈើ ជាមួយសកម្មជនបរិស្ថានមួយរូបគឺលោក ឈុត វុទ្ធី។ លុះក្រោយមកទៀត លោកសម្រេចចិត្តលាចាកសិក្ខាបទក្នុងឆ្នាំ២០១១។
លោក សយ សាត ពន្យល់ថា ការលាចាកសិក្ខាបទនេះ គឺដើម្បីងាយស្រួលចូលរួមសកម្មភាពការពារព្រៃឈើពេញលេញជាងមុន ជាមួយអង្គការក្រៅរដ្ឋាភិបាលនានា និងសកម្មជនការពារព្រៃឈើផ្សេងទៀត។
ក្នុងពេលបច្ចុប្បន្ន អតីតព្រះសង្ឃរូបនេះកំពុងជាប់បណ្ដឹងចំនួន២នៅតុលាការ ក្នុងនោះ ទី១ គឺពាក់ព័ន្ធករណីលោកបានរុះរើរោងឈើប្រក់ស័ង្កសី មានបណ្ដោយ៤ម៉ែត្រ និងទទឹង៥ម៉ែត្រ ក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ។
លោកអះអាងថា រោងនោះជារបស់មន្រ្តីយោធា២រូបបានសាងសង់ ហើយពួកគេប្ដឹងលោកពីបទបំផ្លាញទ្រព្យសម្បត្តិឯកជន ចំណែកបណ្ដឹងទី២ គឺរបស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ប្ដឹងពីបទកាន់កាប់ដីរដ្ឋខុសច្បាប់មួយកន្លែងទំហំ៥ហិកតា ស្ថិតក្នុងស្រុកឱរ៉ាល់ ដែលលោកបានអាស្រ័យផល ដាំដើមត្របែក ស្វាយ និងដើមពុទ្រា ជាង២០ឆ្នាំមកហើយ។
លោកថា៖ «ប្ដឹងបញ្ហានេះ ដើម្បីឱ្យខ្ញុំដកខ្លួនចេញពីព្រៃសហគមន៍ឧត្ដមស្រែពស់ គេ[នឹង]ឱ្យដីហ្នឹងវិញ។ តែខ្ញុំមិនព្រម! ដល់ខ្ញុំមិនព្រម គេដាក់បណ្ដឹង២នេះទៅតុលាការ»។
ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឱម ម៉ាក់ធារី បានឆ្លើយតបជុំវិញពាក្យបណ្ដឹងនេះថា លោកពិតជាបានប្ដឹងលោក សយ សាត ពីបទកាន់កាប់ដីរដ្ឋខុសច្បាប់ពិតមែន ប៉ុន្តែលោកថា មិនបានគំរាមឱ្យលោក សយ សាត បញ្ឈប់សកម្មភាពការពារព្រៃឈើ ជាថ្នូរនឹងការដកពាក្យប្ដឹងនោះឡើយ។
លោកថា៖ «ខ្ញុំអត់មានរឿងដាក់លក្ខខណ្ឌជាមួយគាត់ទេ ខ្ញុំអត់ដែលជជែកទេ! តែធ្វើខុស ខ្ញុំប្ដឹងទៅតុលាការហើយ។ ខ្ញុំអត់មានរឿងអីដាក់លក្ខខណ្ឌមិនឱ្យ [បន្តសកម្មភាពការពារព្រៃ] ធ្វើអីធ្វើទៅ រឿងគាត់! ខ្ញុំមន្រ្តីរដ្ឋាភិបាល រឿងអីទៅដាក់លក្ខខណ្ឌជាមួយអ៊ីចឹងៗ? តែធ្វើខុស អនុវត្តតាមនីតិវិធី ចាត់ការផ្លូវច្បាប់»។
យ៉ាងណាក្ដី លោក សយ សាត ឱ្យដឹងថា តុលាការបានសម្រេចកោះហៅឱ្យលោកចូលបំភ្លឺ២ដងរួចមកហើយ និងសម្រចឱ្យលោកនៅក្រៅឃុំ ហើយតុលាការកំពុងដំណើរការស៊ើបអង្កេតក្ដីនេះបន្តទៀត។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោកស្រី ចក់ សុភាព សង្កេតឃើញថា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋដែលសកម្មក្នុងការការពារធនធានធម្មជាតិ កំពុងរងការរឹតត្បិត ក្រោមរូបភាពនៃការចោទប្រកាន់ផ្លូវច្បាប់ រហូតមានការចាប់ឃុំខ្លួន ការរើសអើងពួកគេក្នុងសង្គម និងការប្រើហិង្សាជាដើម។
លោកស្រី ចក់ សុភាព ថ្លែងថា៖ «ពួកគាត់រងការរឹតត្បិត [សេរីភាព] ពីសំណាក់រដ្ឋាភិបាលផង ទាំងពីបុគ្គលឯកជនផង»។
លោកស្រី ចក់ សុភាព បន្តថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីការពារ និងគាំទ្រនូវសកម្មភាពរបស់ពលរដ្ឋដែលបានចូលរួមការពារព្រៃឈើនាពេលកន្លងមក ដោយស្របទៅតាមច្បាប់ដែលបានចែងពីសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការថែរក្សាធនធានធម្មជាតិ។
លោកស្រី ចក់ សុភាព ថា៖ «យើងមានច្បាប់ពាក់ព័ន្ធមួយចំនួនក៏បានចែងច្បាស់ដែរថា ប្រជាពលរដ្ឋទាំងអស់មានកាតព្វកិច្ចក្នុងការចូលរួមថែរក្សាបរិស្ថាន និងធនធានធម្មជាតិ។ បើយើងដើរទៅតាមគោលការណ៍ច្បាប់ហ្នឹង គឺពលរដ្ឋដែលគាត់សកម្មហ្នឹង គួរតែត្រូវបានសាទរទៅវិញទេ មិនមែនត្រូវរងនូវការគំរាមកំហែង ការចោទប្រកាន់ ឬក៏ការលាបពណ៌ ឬក៏ការមាក់ងាយណាមួយ ឬបែងចែកក្រុមឬក៏បក្ខពួកអីនោះទេ»។
ព្រះសង្ឃមួយអង្គគង់នៅវត្តក្នុងព្រៃមេត្តាធម្មជាតិ ព្រះតេជព្រះគុណ ព្រំ សុជាតិ មានថេរដីកាថា លោក សយ សាត ជាមនុស្សក្លាហាន ហើយសកម្មភាពរបស់គាត់ គឺជាផ្នែកមួយក្នុងការចូលរួមទប់ស្កាត់ជនល្មើសដែលតែងតែមកកាប់បំផ្លាញព្រៃសហគមន៍មេត្តាធម្មជាតិ។
ព្រះអង្គមានថេរដីកាថា៖ «អ៊ុំសាត [លោក សយ សាត] គាត់មានសេចក្ដីក្លាហានមួយ។ គាត់មានសេចក្ដីក្លាហាន តែទស្សនវិស័យអីៗ រឿងចាញ់ឈ្នះ ឱ្យគាត់ចេះមើលខ្លួនឯង។ ទស្សនវិស័យ វែកទៅ! តែបើសេចក្ដីក្លាហាន បើធ្វើមេទាហានបោះដាវឱ្យគាត់ គាត់រត់ចេញទៅមុខហើយ ទៅចេញច្បាំងហើយ»។
ទោះជាយ៉ាងណាក្ដី មេឃុំត្រពាំងជោ លោក ទេព ណែម និយាយថា លោកមិនបានដឹងពីការកាប់បំផ្លាញព្រៃសហគមន៍មេត្តាធម្មជាតិនេះទេ ដោយថាលោកមិនដែលទទួលបានការរាយការណ៍ពីករណីកាប់ឈើនេះទេ នាពេលកន្លងមក។
លោក ទេព ណែម និយាយថា៖ «អត់ដឹងផង! ខ្ញុំអត់ដែលដឹងរឿងហ្នឹងផង។ ដឹងគេកាប់ពីពេលណា? អត់ដែលរាយការណ៍ផង»។
ប៉ុន្តែសម្រាប់ប្រជាសហគមន៍ការពារព្រៃមេត្តាធម្មជាតិ លោក សយ សាត វិញ ប្រាប់ថា លោកត្រូវប្រឈមមុខស្ទើរតែរាល់ថ្ងៃជាមួយជនល្មើសដែលកកកាប់ដើមឈើប្រណិតៗក្នុងព្រៃសហគមន៍នេះ។ លោកបន្តថា ទោះបីកំពុងជាប់បណ្ដឹងនៅតុលាការក្ដី ប៉ុន្តែលោកប្ដេជ្ញាថា នឹងបន្តសកម្មភាពការពារធនធានធម្មជាតិបន្តទៀត ដោយមិនបោះបង់នោះទេ។
លោក សយ សាត ថ្លែងថា៖ «គ្មានចិត្តចង់គេចទេ ក្មួយ! អ្នកឯងជំរុញខ្ញុំ ខ្ញុំក៏ជំរុញអ្នកឯងដែរ អត់ដកឃ្លាថយទេ»។
បុរសមាឌតូចល្អិត វ័យ៧១ឆ្នាំ រូបនេះ បានបន្ថែមថា ទោះបីត្រូវលះបង់ជីវិត ក៏លោកពេញចិត្តដែរ នាជីវិតចុងក្រោយរបស់លោក។
លោក សយ សាត និយាយថា៖ «ខ្ញុំហ៊ាន [ពលីជិវិត] ខ្លាំងជាងគេទៀត ក្មួយចាំមើល! សកម្មភាពខ្ញុំពេលខាងមុខ ខ្ញុំនឹងធ្វើអ្វីដើម្បីជាតិខ្ញុំ ដើម្បីប្រទេសខ្ញុំ មិនឱ្យគេមើលងាយ នឹងខ្លាំងជាង ឈុត វុទ្ធី [និង] កែម ឡី ទៀត។ ខ្លួនខ្ញុំ ធ្វើមិនមែនថាអស្ចារ្យទេ។ ខ្ញុំជឿថា ខ្ញុំមានលទ្ធភាពច្រើនណាស់ មុននឹងខ្ញុំស្លាប់»៕