ការស៊ើបអង្កេតបឋមរបស់នគរបាលថៃ បានបង្ហាញថា ឃាតកដែលបាញ់សម្លាប់រង្គាលនៅមណ្ឌលថែទាំកុមារ ឈ្មោះ ផាន់យ៉ា កាំរ៉ាប់ (Panya Kamrab) មានវិបត្តិផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ដោយសារតែបុរសរូបនោះមានជម្លោះខ្លាំងជាមួយប្រពន្ធ និងមានបញ្ហាហិរញ្ញវត្ថុបន្ទាប់ពីត្រូវបានព្យួរការងារជានគរបាល កាលពីខែមករា ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
ស្នងការនគរបាលក្នុងតំបន់ លោក ចក្រាផាត់ វីឈីតវេឌីយ៉ា (Chakkraphat Wichitvaidya) បានប្រាប់ Reuters កាលពីថ្ងៃទី៧ ខែតុលាថា៖ «គាត់ចង់បញ្ចេញកំហឹង។ យើងបានដឹងពីម្ដាយរបស់គាត់ថា នៅថ្ងៃកើតហេតុ គាត់ឈ្លោះជាមួយប្រពន្ធរបស់គាត់»។
សហសេវិកនៅក្នុងកងកម្លាំងនគរបាលក្នុងតំបន់ បាននិយាយថា ពេលខ្លះគាត់ឆេវឆាវនិងហិង្សា ខណៈគាត់ធ្វើការនៅទីនោះ។
នគរបាលបាននិយាយថា Panya ខឹងខ្លាំងនៅពេលដែលគាត់ចូលទៅក្នុងមណ្ឌលថែទាំកុមារ ប្រដាប់ដោយកាំភ្លើងខ្លី និងកាំបិតកោងធំមួយ។
សាក្សីបានរៀបរាប់ពីរបៀបដែលគាត់បានវាយប្រហាររយៈពេលពីរម៉ោង ដោយកាប់សម្លាប់កុមារចំនួន២២នាក់ ដែលមានអាយុចាប់ពី២ឆ្នាំដល់៥ឆ្នាំ ខណៈពួកគេកំពុងតែដេកថ្ងៃ និងបាញ់ទៅលើអ្នកឃើញព្រឹត្តិការណ៍ និងបើករថយន្តដេញបុកមនុស្ស។
កុមារសរុប២៤នាក់បានស្លាប់ ក្នុងចំណោមអ្នកស្លាប់ចំនួន៣៨នាក់។ ជនរងគ្រោះចុងក្រោយ គឺប្រពន្ធនិងកូនរបស់គាត់ មុនពេលដែលគាត់បាញ់សម្លាប់ខ្លួនឯងនៅផ្ទះរបស់គាត់ នៅក្នុងភូមិមួយ ចម្ងាយប្រមាណ៣គីឡូម៉ែត្រពីមណ្ឌលថែទាំកុមារ។
ចំនួនកុមារដែលបានស្លាប់ គឺជាចំនួនដ៏ច្រើនបំផុតមួយដែលប្រព្រឹត្តដោយមនុស្សតែម្នាក់ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ។
ប៉ុន្មានម៉ោងមុនការសម្លាប់រង្គាល លោក Panya បានឡើងតុលាការ ក្រោយរងការចោទថាបានប្រើប្រាស់គ្រឿងញៀន។ នគរបាលបាននិយាយថា បន្ទាប់ពីឡើងតុលាការ គាត់បានធ្វើដំណើរទៅកាន់មណ្ឌលថែទាំកុមារ ដើម្បីរកកូនប្រុសរបស់គាត់ ប៉ុន្តែកូនប្រុសរបស់គាត់មិនបានទៅរៀនទេ នៅថ្ងៃនោះ។
មិនមានភាពច្បាស់លាស់ថាតើ Panya នៅតែប្រើប្រាស់គ្រឿងញៀនឬយ៉ាងណា។
អគ្គស្នងការនគរបាលជាតិថៃ លោក ដាំរ៉ុងសាក់ គីតទីប្រាផាត់ (Damrongsak Kittipraphat) បាននិយាយថា របាយការណ៍ធ្វើកោសលវិច័យបង្ហាញថា លោក Panya មិនមានសារធាតុញៀនទេ នៅថ្ងៃកើតហេតុ។
លោក Damrongsak បានថ្លែងថា៖ «យើងមើលឃើញថា ជម្លោះជាមួយប្រពន្ធរបស់គាត់ គឺជាបញ្ហាចម្បង។ ពួកគេមានបញ្ហាជាយូរមកហើយ»។
លោកបន្តថា៖ «មូលហេតុអាចបណ្តាលមកពីការគ្មានការងារធ្វើ គ្មានប្រាក់ និងបញ្ហាគ្រួសារ»។
គួរបញ្ជាក់ថា កាលពី០៦ ខែតុលា ឆ្នាំ២០២២ មនុស្សជាង៣០នាក់ត្រូវបានសម្លាប់ ដែលភាគច្រើនជាកុមារ នៅឯមណ្ឌលថែទាំកុមារមួយក្នុងខេត្តភាគឦសាននៃប្រទេសថៃ៕














