UN នឹង​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ថ្កោលទោស​រុស្ស៊ី ករណី​ភ្ជាប់​តំបន់​ចំនួន​៤​របស់​អ៊ុយក្រែន​ជា​ទឹកដី​របស់​ខ្លួន

ទិដ្ឋភាព​បង្ហាញ​ពី​អគារ​លំនៅឋាន​មួយ​ដែល​រង​ការ​ខូច​ខាត​យ៉ាង​ខ្លាំង​ដោយ​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី ចំ​ពេល​ដែល​រុស្ស៊ី​វាយ​ប្រហារ​លើ​អ៊ុយក្រែន នៅ​ក្នុង​ក្រុង Zaporizhzhia ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី៩ ខែ​តុលា ឆ្នាំ​២០២២។ (REUTERS/Stringer)

មហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទនេះ នឹងពិភាក្សាលើសេចក្ដីព្រាងសេចក្ដីសម្រេច​ក្នុងការថ្កោលទោសរុស្ស៊ី ចំពោះការដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់​ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នេះ។

សមាជិកអង្គការសហប្រជាជាតិ ទាំង១៩៣ប្រទេស អាចបោះឆ្នោតបានមួយសំឡេងក្នុងមួយប្រទេស។

លោក អូឡូវ ស្កូគ (Olof Skoog) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ ដែល​បានធ្វើសេចក្ដីព្រាងលើសេចក្ដីសម្រេចនោះ​ ដោយសហការជាមួយអ៊ុយក្រែន និងប្រទេស​ដទៃ​ទៀត បាននិយាយថា៖ «សេចក្តីសម្រេចនោះមានសារៈសំខាន់ណាស់»។

អ្នកការទូតស៊ុយអែត បានប្រាប់អ្នករាយការណ៍ព័ត៌មានថា៖ «នៅពេលដែលប្រព័ន្ធអង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ តាមរយៈមហាសន្និបាតអង្គការសហប្រជាជាតិ មានប្រតិកម្មចំពោះការប៉ុនប៉ងខុសច្បាប់បែប​នេះ នោះយើងកំពុងស្ថិតក្នុងស្ថានភាពមិនល្អទេ»។

ការ​បោះ​ឆ្នោត​ត្រូវ​បាន​​រំពឹង​ថានឹងបញ្ចប់ត្រឹមថ្ងៃ​ពុធ​សប្តាហ៍នេះ។ លោក​បន្ថែមថា ការ​បរាជ័យរបស់​អង្គការសហប្រជាជាតិ ក្នុងការចាត់វិធានការ នឹងធ្វើឱ្យប្រទេសផ្សេងទៀតធ្វើអ្វីតា​ម​អំពើចិត្ត ឬទទួលស្គាល់នូវអ្វីដែលរុស្ស៊ីបានធ្វើ។

សេចក្តីព្រាងនៃសេចក្តីសម្រេចនោះ ដែលទីភ្នាក់ងារសារព័ត៌មាន AFP ទទួលបាន គឺថ្កោលទោសរុស្ស៊ី ចំពោះការដាក់បញ្ចូលតំបន់ចំនួន៤របស់អ៊ុយក្រែន ជាទឹកដីរបស់ខ្លួនដោយខុសច្បាប់ ​ដែល​បណ្តាប្រ​ទេស​លោក​ខាងលិច ហៅថា​ ជាការធ្វើប្រជាមតិក្លែងក្លាយ មាន​ការ​បង្ខិតបង្ខំ និងរំលោភច្បាប់អន្តរជាតិ។

សេចក្តីសម្រេចនោះអំពាវនាវឱ្យរដ្ឋ អង្គការអន្តរជាតិ និងទីភ្នាក់ងារទាំងអស់ មិនត្រូវទទួលស្គាល់​ការដាក់បញ្ចូលនេះឡើយ និងទាមទារឱ្យរុស្ស៊ីដកទ័ពជាបន្ទាន់ចេញពីអ៊ុយក្រែន។

ជាការឆ្លើយតប រុស្ស៊ីបានផ្ញើលិខិតមួយទៅកាន់រដ្ឋសមាជិកទាំងអស់។

នៅក្នុងលិខិត​ដែល​ចុះហត្ថលេខា​ដោយ​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ លោក វ៉ាស៊ីលី ណេប៉ែនហ្សៀរ (Vassily Nebenzia) បានសរសេរថា៖​ «​ពួកគេ​គ្រាន់តែ​ចង់សម្រេចបាននូវ​ភូមិសាស្ត្រ​នយោបាយ​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​»​។

លោក​បាន​លើកឡើងថា សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ កំពុង​ដាក់​សម្ពាធលើ​រដ្ឋ​សមាជិក​ផ្សេង​​ទៀត។

លោក Nebenzia បាននិយាយថា ដោយហេតុនេះ អង្គការសហប្រជាជាតិគួរតែរៀបចំការបោះឆ្នោតជាសម្ងាត់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) បានសម្រេចដាក់បញ្ចូលទឹកដីអ៊ុយក្រែនជាង១៥ភាគរយ មក​ជា​ទឹកដី​របស់​​ខ្លួន​​ជា​​ផ្លូវការ​ ដែលក្នុងនោះមានតំបន់ចំនួន៤ រួមមាន ដូណេតស្ក៍ (Donetsk) លូហាន់ស៍ (Luhansk) ខឺសុន (Kherson) និង ​ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ