ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានសន្យាចំពោះប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកនឹងផ្ដល់ឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាសទំនើប បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលពីរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ។
លោក Biden បាននិយាយតាមទូរសព្ទជាមួយលោក Zelenskiy ដើម្បីធានាចំពោះការបន្តគាំទ្ររបស់អាមេរិកដល់អ៊ុយក្រែន និងថ្កោលទោសការវាយប្រហារពីប្រទេសរុស្ស៊ីលើជនស៊ីវិល។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន អំពីការសន្ទនាតាមទូរសព្ទនោះ បានឱ្យដឹងថា៖ «លោក Biden បានសន្យាថានឹងបន្តផ្ដល់ជំនួយដល់អ៊ុយក្រែន ដែលត្រូវការដើម្បីការពារខ្លួន រួមទាំងប្រព័ន្ធការពារដែនអាកាសទំនើប»។
សេតវិមានបាននិយាយថា លោក Biden ក៏បានប្រាប់លោក Zelenskiy ថាសហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត និងដៃគូរបស់ខ្លួន នឹងបន្តដាក់សម្ពាធលើប្រទេសរុស្ស៊ី ដោយឱ្យរុស្ស៊ីទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម និងអំពើឃោរឃៅរបស់ខ្លួន និងផ្តល់ឱ្យអ៊ុយក្រែននូវសន្តិសុខ សេដ្ឋកិច្ច និងជំនួយមនុស្សធម៌។
សហរដ្ឋអាមេរិកបានផ្តល់ជំនួយសន្តិសុខជាង១៦,៨ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើទីក្រុងម៉ូស្គូចំពោះសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន។
គួរបញ្ជាក់ថា ទីក្រុងជាច្រើនរបស់អ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវ ត្រូវបានរាយការណ៍ថា រងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី មួយថ្ងៃបន្ទាប់ពីរុស្ស៊ីចោទប្រកាន់ថា ហេតុការណ៍ផ្ទុះលើស្ពានគ្រីមេ គឺជាអំពើភេរវកម្មដែលបង្កឡើងដោយអ៊ុយក្រែន៕