កម្ពុជា​ទទួលបាន​ចំណូល​ជាង​១៤​លាន​ដុល្លារ​ពី​ការ​លក់​ប្រេងឆៅ​ដែល​ធ្លាប់​បាត់ ក្រោយ​ពី​តស៊ូ​មតិ​តាមច្បាប់

«ពិធីប្រគល់-ទទួលកែវផ្ទុកដំណក់ប្រេងដំបូងរបស់កម្ពុជា សមិទ្ធផលនៃនយោបាយឈ្នះឈ្នះ» ដើម្បីតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ)

មន្ត្រីជាន់​ខ្ពស់​ក្រសួង​រ៉ែ និងថាមពល បានឱ្យដឹងថា រដ្ឋាភិបាលទទួលបានចំណូលពីការលក់​ប្រេង​ឆៅ​ចំនួនជាង១៤លានដុល្លារ ក្នុងចំណោមជាង២៥លានដុល្លារមេរិក បន្ទាប់ពីតស៊ូតាមច្បាប់ជាតិ អន្តរជាតិ និងការចរចាពាណិជ្ជកម្មដ៏ស្វិតស្វាញ ក្នុងនាមជាម្ចាស់ធនធាននេះ។

នៅលើទំព័រហ្វេសប៊ុករបស់រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ម៉េង សក្តិ​ធារ៉ា បាន​​ឱ្យដឹង​នៅ​ថ្ងៃអង្គារនេះ​ថា បន្ទាប់ពីការប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy និងការចាកចេញរបស់កប៉ាល់ផ្ទុកប្រេងពីកម្ពុជា កាលពីឆ្នាំមុននេះ ដំណក់ប្រេងឆៅដំបូងរបស់កម្ពុជា ដែល​​​​​បា​​​​ត់​​​ជិត៣០ម៉ឺនបារ៉ែល នា​ពេល​កន្លងទៅ ត្រូវបានមតិភាគច្រើនចាត់ទុកថាជាបរាជ័យរបស់កម្ពុជា នៅក្នុងដំណើរផលិតកម្មប្រេងរបស់ខ្លួន ហើយ​បានបាត់​បង់​ធនធាននោះទាំងស្រុងផងដែរ។ ប៉ុន្តែលោកថា ដោយសាររដ្ឋាភិបាលមានការតស៊ូតាមច្បាប់ជាតិ អន្តរជាតិ និងការចរចា​ពាណិជ្ជកម្មដ៏ស្វិតស្វាញ ទើបរក្សា​ការពារបាននូវកម្មសិទ្ធិ និងផលប្រយោជន៍សេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងពេញលេញ ក្នុងនាមជាម្ចាស់ធនធាននេះ ដោយរកឃើញប្រេងឆៅដែលបាត់ជិត៣០ម៉ឺនបារ៉ែលនោះត្រលប់មកវិញ ។

ប្រភពដដែលបន្តថា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២២នេះ កម្ពុជាបានបិទបញ្ចប់ដោយជោគជ័យក្នុងការលក់ប្រេងឆៅរបស់កម្ពុជា បានចំនួនទឹកប្រាក់សរុបជាង២៥លានដុល្លារ (២៥ ២២២ ៥៥៤,៧២ដុល្លារ) ដោយ​ទឹកប្រាក់លក់បាននេះ ត្រូវកាត់​កង​ថ្លៃ​ឈ្នួលទីផ្សារ និងការបញ្ចុះថ្លៃតាមគុណភាពប្រេង ១១,៤៥ដុល្លារ​ក្នុង​មួយ​​បារែល ស្មើនឹងជាង ៣លានដុល្លារ (៣ ២១៣ ៥១១,២០ដុល្លារ) ចំណាយលើការ​ដឹក​ជញ្ជូន ការ​បង់​ថ្លៃធានា​រ៉ាប់​រង ថ្លៃសេ​វា​ផ្ទេរ​ផ្ទុក និង​សេវាជំនាញការអន្តរជាតិផ្សេងៗ​ចំនួនជិត២លានដុល្លារ (១ ៧១៥ ៣០៦ដុល្លារ) ហើយក្រោយការទូទាត់ថ្លៃទាំងនេះ ចំណូលលក់នៅសល់សម្រាប់ការបែងចែកដល់ភាគីពាក់ព័ន្ធមានចំនួនជាង ២០លានដុល្លារ (២០ ២៩៣ ៧៣៧,៥២ដុល្លារ)។

ចំណែកភាគីរដ្ឋាភិបាលកម្ពុជា ត្រូវ​ទទួល​បាន ៧០% នៃចំណូលលក់នៅសល់ជាង២០លានដុល្លារនេះ គឺ​​ស្មើនឹងជាង ១៤លានដុល្លារ (១៤ ២០៥ ៦១៦,២៦ដុល្លារ)។ លោក ម៉េង សក្តិធារ៉ា បញ្ជាក់បន្ថែមថា ក្រៅពីចំណែក​សាច់ប្រាក់ដែលរដ្ឋបានទទួល​ពីការលក់ប្រេងឆៅនេះ ភាគី​រដ្ឋាភិបាលក៏ទទួល​បាន​បន្ថែមនូវ​ចំណូលថវិកាចំនួន ៥លាន​ដុល្លារ​ ពីការរឹបអូសប្រាក់តម្កល់ធានាកាតព្វកិច្ចរបស់ក្រុមហ៊ុន KrisEnergy ដែលបានតម្កល់​នៅ​មុនពេលប្រកាសក្ស័យធន និង​ស្ថាបន​ភ័ណ្ឌ និងកប៉ាល់ផលិតកម្មប្រេងដែលមានស្រាប់​​នៅទីតាំងផលិតកម្ម ស្ថិតក្នុងតំបន់ផ្លាតហ្វម A នៅប្លុក A នាពេលបច្ចុប្បន្ននេះថែមទៀតផង។

បន្ថែមពីនេះ លោក  ម៉េង សក្តិធារ៉ា អះអាងថា ដំណើរផលិតកម្មប្រេងរបស់កម្ពុជា មិនបញ្ចប់ដោយការក្ស័យធន​របស់ក្រុមហ៊ុន KrisEnergy នោះ​ទេ។ ជាមួយប្រព័ន្ធស្ថាបនភ័ណ្ឌដែលមានរួចហើយ និងទុនដំបូងដែលបាន​ពីការលក់ប្រេងនេះ រដ្ឋ​អាច​បន្តដំណើរការផលិតប្រេងដែលនៅសល់តាមអណ្តូងប្រេងទាំង៥ ប្រមាណ ជាង ១០​ម៉ឺន​បារ៉ែល​បន្ត​ទៀត និង​អាច​ខួង​អណ្តូង​ប្រេង​កាត​បន្ថែម ដើម្បីផលិតប្រេងនៅតំបន់មួយចំនួនទៀត ក្រៅពីតំបន់ផ្លាតហ្វម A នោះផងដែរ។

លោក ម៉េង សក្តិធារ៉ា មានប្រសាសន៍បន្ថែមថា ក្រសួងបានផ្ញើកុងធនាគារ ដើម្បីឱ្យក្រុមហ៊ុនទិញប្រេងឆៅពីកម្ពុជារួចហើយ ប៉ុន្តែលោកថា មិនទាន់ឃើញខាងក្រុមហ៊ុនផ្ញើនៅឡើយ។ លោកបន្តថា ថវិកាដែលរដ្ឋាភិបាលទទួល​បាន​ពី​ការលក់ប្រេងឆៅនេះ ក្រសួងនឹងធ្វើរបាយការណ៍តាមនីតិវិធីស្របតាមច្បាប់ហិរញ្ញវត្ថុដែលរដ្ឋសភា​បាន​អនុ​ម័ត និង​បញ្ជូន​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យកទៅទុកសម្រាប់ចាត់ចែង​ប្រើប្រាស់​ថវិកានោះឱ្យមាន​តម្លាភា​ព។

លោកបន្ថែមថា បញ្ហាប្រឈមនាំឱ្យមានការលួចនាំយកប្រេងឆៅចេញពីកម្ពុជានោះ  ដោយសារក្រុមហ៊ុនអន្តរជាតិ​ក្ស័យ​ធន ដែលធ្វើឱ្យ​​រដ្ឋាភិបាលពិបាកក្នុងការគ្រប់គ្រង និងទប់ស្កាត់ឱ្យបានទាន់ពេល។

លោកមានប្រសាសន៍ថា៖ «អ្វីដែលយើងអាចធ្វើបាន មានតែកសាងកម្លាំងច្បាប់យើង ដូចយើងធ្វើអ៊ីចឹង បើករណី​ហ្នឹង​កើត​ឡើង ត្រូវអនុវត្តតាមគោលការណ៍ច្បាប់ ហើយប្រើសិទ្ធិជាម្ចាស់ធនធាន ដើម្បីការពារប្រយោជន៍ធនធានយើង ស្របតាមច្បាប់អន្តរជាតិ»។

ទាក់ទិននឹងបញ្ហានេះ ស្ថាបនិក​អង្គការអភិវឌ្ឍន៍ផ្នត់​គំនិត លោក សេក សុជាតិ សាទរចំពោះចំណាត់ការ​របស់រដ្ឋាភិបាល ​ក្នុងការស្វែងរកប្រេងឆៅដែលបាត់ និងទទួលបានចំណូលពីការលក់ប្រេងឆៅ​​​នេះ។ ប៉ុន្តែលោកថា រដ្ឋាភិបាលត្រូវចាត់ចែងថវិកាដែលប្រមូលបាននោះ​ឱ្យមានតម្លាភាព ឬយកទៅចំណាយទៅលើផ្នែកណាមួយ ត្រូវ​បង្ហាញ​ជា​សាធារណៈ ដើម្បីកុំឱ្យប្រជាពលរដ្ឋមានមន្ទិលសង្ស័យលើការចាត់ចែងថវិកានោះ ដែលនាំឱ្យ​មាន​​ការ​រិះគន់ថាមានអំពើពុករលួយជាដើម។

យ៉ាងណា លោក សេក សុជាតិ បន្ថែមថា បើថ្ងៃក្រោយ មានក្រុមហ៊ុនថ្មីមកវិនិយោគប្រេងនៅកម្ពុជា រដ្ឋាភិបាលគួ​រ​​ដាក់ដេញថ្លៃឱ្យមានតម្លាភាព និងត្រូវមានការប្រុងប្រយ័ត្នកុំឱ្យមានបញ្ហាលួចប្រេងឆៅចេញពីកម្ពុជាដូចពេលកន្លងមកផងដែរ។

លោកមានប្រសាសន៍ថា៖ «ថ្ងៃក្រោយអាចនឹងមានការវិនិយោគបន្ថែមទៀតទៅលើវិស័យ​នេះ អាច​ថា​នៅក្នុងប្លុក B, C, D, E បន្តបន្ទាប់ទៀត ប៉ុន្តែខ្ញុំគិតថា រដ្ឋាភិបាលគួរតែធ្វើឱ្យមានតម្លាភាពជាងពេលបច្ចុប្បន្ន។ ជាទូទៅ គួរ​តែធ្វើឱ្យមានការប្រកួតប្រជែង ការដេញថ្លៃ ជាសាធារណៈ ហើយធ្វើឱ្យកម្ពុជាកុំឱ្យទទួលរងនូវការគប់គិតផ្ទៃក្នុងណាមួយ ដែលធ្វើឱ្យកម្ពុជាខូចមុខមាត់ដូចពេលនេះអ៊ីចឹង»។

សូមរំឭកថា ដំណក់ប្រេងឆៅ ត្រូវបានបូមចេញពីប្លុក A ដោយក្រុមហ៊ុន គ្រីសអិនណឺជី (KrisEnergy) ចេញ​ពីដែនសមុទ្រ​​កម្ពុ​​ជាជាលើកដំបូង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ក្រុមហ៊ុនរបស់សិង្ហបុរីមួយ​នេះ ជា​​​ប្រ​​តិបត្តិករទទួ​​ល​​​​បានសិទ្ធិធ្វើអាជីវកម្មបូមប្រេងឆៅនេះ។ ក៏ប៉ុន្តែក្រុមហ៊ុនមេរបស់ក្រុមហ៊ុន គ្រី​​ស​​​អិនណឺជី​​ បានប្រកាសក្ស័យ​​ធន​ នៅអំឡុងពេលប្រតិបត្តិការ ដែលមិនអាច​​បន្តអាជីវ​​កម្ម​​របស់​ខ្លួនបានដូច​​ផែន​​​​ការដែល​​បាន​​គ្រោង​​ទុក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ