លោក​ ហ៊ុន សែន នឹង​​ស្នើទៅ​​ព្រះមហាក្សត្រ​តែងតាំង​​លោក វេង សាខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកម្មវិធីប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ប្រភពរូបភាព៖ (ហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន )

ប្រមុខរដ្ឋាភិបាល​ នឹង​​ធ្វើលិខិតមួយ​ ​ថ្វាយទៅ​ព្រះមហាក្សត្រ ដើម្បីស្នើ​សុំតែង​តាំង​​លោក វេង សាខុន ជា​​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយថា បើទោះជា​មានការ​បញ្ចប់មុខតំណែង​ ប៉ុន្តែអតីតរដ្ឋមន្ត្រីក្រសួង​កសិកម្មរូប​នេះ មិនបានប្រព្រឹត្តកំហុស​ធ្ងន់ធ្ងរ។

កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ​ព្រះមហាក្សត្រ បាន​បញ្ចប់​​តំណែង ​លោក វេង សាខុន ពីរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោយ​មានការ​ស្នើពី​នាយករដ្ឋមន្ត្រី។

តែយ៉ាងណា ក្នុងពិធី​ចែក​សញ្ញាបត្រ​សញ្ញាបត្រ​ដល់និស្សិត​​សាកល​វិទ្យាល័យភ្នំពេញអន្តរជាតិ​ (PPIU) លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែងថា នៅ​ថ្ងៃអង្គារនេះ រូបលោក​នឹង​​ដាក់លិខិត​ទៅ​ព្រះ​បរម​រាជវាំង ទូល​​ថ្វាយ​ស្នើសុំ​​ព្រះ​មហាក្សត្រ តែង​តាំង​លោក វេង សាខុន ជា​រដ្ឋមន្រ្តីប្រតិភូអម​នាយក​រដ្ឋ​មន្ត្រី។ លោក​​បញ្ជាក់​ថា ការ​ស្នើនេះ ដោយ​សារ​​លោក វេង សាខុន ក៏ជា​មន្ត្រីរបស់​រដ្ឋាភិ​បាល​ និង​មិនបានប្រព្រឹត្តកំហុសធ្ងន់ធ្ងរ​​ហួសហេតុនោះដែរ។

លោក ហ៊ុន សែន ថ្លែងថា៖ «អត់ទាំង​ក្ដាប់រឿងអី​មិនជាប់ផង​មកលេង ប៉ុន្តែ​សួរថា វេង សាខុន ទៅណា​?​ បញ្ហា​​វា​មិន​ស្ថិត​ទៅ​​ដល់​ធ្ងន់​ធ្ងរ​ហួស​ហេតុ​ទេ ក៏ប៉ុ​ន្តែ​អ្វីដែល​ខ្ញុំ​​ចង់​បាន គឺវា​មិនបាន​ដូចបំណង​។ ថ្ងៃនេះ​ខ្ញុំធ្វើលិខិតចូល​ទៅព្រះបរមរាជវាំង តែងតាំង​ វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូ​អមនាយករដ្ឋមន្ត្រី​។ យ៉ាងណា​ក៏ជាសាច់ឈាម​របស់យើង​ ជាមន្ត្រីដែល​ធ្វើការជាមួយ​យើង​តាំងឆ្នាំ… ប៉ុន្តែ វេង សាខុន ​ជាប់​មហាវិទ្យាល័យ​​ហើយ​មក​ធ្វើការ ដូច្នេះយើង​អត់​បោះបង់​ចោល​ទៅណា​ទេ ប៉ុន្តែយើងត្រូវការ​ ការទទួលខុស​ត្រូវ​លើសពីនេះ ដើម្បីជំរុញ​វិស័យកសិកម្មឱ្យលឿនទៅមុខ»។

យ៉ាងណាក្រោយ​ពីបញ្ចប់តំណែងលោក វេង សាខុន ពីរដ្ឋមន្ត្រីក្រសួងកសិកម្មនោះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ស្នើ​ទៅ​​​​រដ្ឋសភា​​រៀបចំការ​​បោះឆ្នោត​​ផ្ដល់​សេចក្ដីទុក​ចិត្ត​ដល់​​​លោក ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ធ្វើជា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ឌិត ទីណា ជាកូនរបស់លោក ឌិត មន្ទី ជាប្រធានតុលាការ​កំពូល និង​ជាសមាជិកគណៈអចិន្ត្រៃយ​គណបក្សប្រជាជនកម្ពុជា​ដែល​កំពុង​គ្រប់គ្រង​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ