លោក ញឹក ប៊ុនឆៃ៖ ការរួបរួម​ជាមួយ​បក្សកម្ពុជា​និយម ខុស​ពី​ការ​រួបរួម​ជាមួយ​បក្ស​ហ៊្វុនស៊ិនប៉ិច ដ្បិត​ឈរ​លើ​ប្រយោជន៍​ជាតិធំ​ជាង​ប្រយោជន៍​បុគ្គល

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ ផ្តល់សម្ភាសន៍ជាមួយ វីអូឌី បន្ទាប់ពីបញ្ចប់ សន្និសីទសារព័ត៌មាន​បញ្ជាក់ពី «ជំហរនៃការរួបរួមគ្នា» ដើម្បី​បង្កើតប៉ូលនយោបាយប្រជាធិបតេយ្យសេរីថ្មីមួយរវាងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ (រូបថត៖ ប៉ា សុខេង)

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ អះអាងថា ការរួបរួមជាមួយ​គណបក្សកម្ពុជានិយមរបស់លោក យ៉ែម បុញ្ញឫទ្ធិ គ្មាន​ការ​រៀបចំ​ពីបក្ស​កាន់​អំណាច​ឡើយ ប៉ុន្តែជា​ការឈរ​នៅលើផល​ប្រយោជន៍ជាតិជាធំ។ ការរួបរួមនេះ ត្រូវបាន​បញ្ជាក់ជំហរជាផ្លូវការ​នៅព្រឹកថ្ងៃចន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ ដោយ​ប្រធាន​គណបក្ស​ទាំងពីរ។

លោក ញឹក ប៊ុនឆៃ បញ្ជាក់ថា ការរួបរួមជាមួយ​គណបក្សកម្ពុជានិយមពេលនេះ ខុសពីការរួបរួមជាមួយ​គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដោយថា គណបក្សនេះ​គិតរឿង​ប្រយោជន៍បុគ្គល តំណែងតួនាទីជាធំ មិនដូចការរួបរួម​ជាមួយ​បក្សកម្ពុជានិយម​ពេលនេះឡើយ​។