បក្ស​ក្រៅ​រដ្ឋាភិបាល​ចង់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​ធ្វើ​នយោបាយ​ដើម្បី​ចូលរួម​ការ​បោះឆ្នោត​២០២៣

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សក្រៅរដ្ឋាភិបាលមួយចំនួន ជំរុញឱ្យមានការផ្ដល់សេរីភាពផ្នែកនយោបាយដល់លោក កឹម សុខា ឡើងវិញ មុនការបោះឆ្នោតជាតិ ឆ្នាំ២០២៣ មកដល់ ដោយពួកគេ​ចង់ឃើញការប្រកួតប្រជែងនយោបាយក្នុងពេលខាងមុខ ធ្វើឡើងដោយស្មើភាពគ្នា ក្រោមវត្តមានមេបក្សប្រឆាំងរូបនេះអាចចូលរួមបាន។ ​

ការជំរុញនេះធ្វើឡើង ខណៈសំណុំរឿងដែលរដ្ឋាភិបាលចោទប្រកាន់លោក កឹម សុខា ពីបទ«សន្ទិដ្ឋិភាព ​ឬត្រូវរ៉ូវ​​​ជាមួយ​បរទេស ​​ចង់​​​ផ្តួលរំលំ​​​រដ្ឋាភិ​​បា​​ល» នោះ បាន​អូសបន្លាយប្រមាណ៥ឆ្នាំ និងបានបើក​សវនាការ​​ចំនួនជិត៦០លើកទៅហើយ នៅមិនទាន់បញ្ចប់ ស្របពេលការបោះឆ្នោតតំណាងរាស្ត្រ អាណត្តិទី៧ ឆ្នាំ២០២៣ នៅសល់ប្រមាណ៨ខែទៀតប៉ុណ្ណោះ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ លើកឡើងថា បក្សលោកចង់ឃើញវត្តមានលោក កឹម សុខា ដឹកនាំគណបក្សនយោបាយចូលរួមប្រកួតប្រជែងជាមួយបក្សផ្សេងៗដោយស្មើភាព ក្នុងការបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខ។ បញ្ហានេះ​ទាមទារឱ្យមានការផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា ​ជាមុនសិន។

លោកថា ក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាលដូចគ្នា បក្សប្រជាធិបតេយ្យមូលដ្ឋានតែងតែលើកយកករណីលោក កឹម សុខា មកជជែក ដើម្បីជំរុញរកដំណោះស្រាយ នៅពេលជួបជាមួយស្ថានទូតនានាផងដែរ។

លោកថា៖ «យើងចង់ឃើញការកាត់ទោសលោក កឹម សុខា ហ្នឹងឱ្យបានរួចរាល់លឿនតាមដែលអាចធ្វើទៅបាន ធ្វើយ៉ាងម៉េចគឺដើម្បីធានាថា ២០២៣នេះ គឺឯកឧត្តម កឹម សុខា លោកនឹងមានវត្តមានចូលរួមក្នុងការបោះឆ្នោតប្រកួតប្រជែងជ្រើសរើសតំណាងរាស្រ្ត»។

យ៉ាងណា លោក ឡឹក សុធារ យល់ថា វត្តមានលោក កឹម សុខា សម្រាប់ការបោះឆ្នោតតំណាងរាស្ត្រនាឆ្នាំក្រោយនេះ ទំនងជាមិនអាចទៅរួចទេ ព្រោះល្បឿននៃការកាត់ទោសមើលទៅហាក់មិនអំណោយផលដល់លោក កឹម សុខា ទាល់តែសោះ។

លោក ឡឹក សុធារ បន្តថា៖ «ករណីរបស់ឯកឧត្តម កឹម សុខា គឺជាករណីល្បែងនយោបាយ ដែលអ្នកនយោបាយប្រើប្រាស់ ដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួន ដើម្បីរក្សាអំណាចរបស់ខ្លួន។ ដូច្នេះ រឿងនេះគឺមិនងាយទេ ទាល់តែមានការស្រុះស្រួលនយោបាយគ្នានៅកម្ពុជា ទើបមានដំណោះស្រាយហ្នឹងកើតឡើង ឬក៏ការកាត់ក្តីចំពោះលោក កឹម សុខា ហ្នឹងអាចធ្វើទៅរួចរាល់»។

សម្រាប់បក្សប្រជាធិបតេយ្យមូលដ្ឋាន ការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ប្រព្រឹត្តទៅបាន វាលុះណាតែអ្នកនយោបាយទាំងអស់មានសិទ្ធិពេញលេញ និងចូលរួមបានស្មើមុខស្មើមាត់ជាមុនសិន។

ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញប្ញទ្ធិ ដែលជាអតីតសហការីរបស់លោក កឹម សុខា កាលពី​បក្សសង្គ្រោះជាតិមិនទាន់រំលាយ ​ចង់ឃើញលោក កឹម សុខា និងអ្នកនយោបាយមួយចំនួនដែលកំពុងជាប់ពន្ធនាគារ ទទួលបានសេរីភាពពេញលេញ រួមទាំងសេរីភាពធ្វើនយោបាយផងដែរ។
ក្នុងនាមមេដឹកនាំបក្សក្រៅរដ្ឋាភិបាល លោក យ៉ែម បុញ្ញប្ញទ្ធិ ទាមទារឱ្យមានដំណោះស្រាយលើករណីលោក កឹម សុខា មុនការបោះឆ្នោតឆ្នាំ២០២៣មកដល់ ដោយថា សវនាការលើសំណុំរឿងនេះប្រព្រឹត្តទៅ​ជាង៥០ដងមកហើយ ប៉ុន្តែគេនៅតែ​ពិបាក​ស្មានថានឹងត្រូវអូសបន្លាយដល់ពេលណាប្រាកដ។

យ៉ាងណា លោកថា បើនិយាយពីដំណោះស្រាយនយោបាយតាមប្រព័ន្ធតុលាការជារឿងមួយ ប៉ុន្តែកត្តាសំខាន់គឺអាស្រ័យលើ​អ្នកនយោបាយបានជួបគ្នា ជជែកគ្នារកចំណុចរួមទៅវិញទេ។

លោក យ៉ែម បុញ្ញប្ញទ្ធិ ថា៖ «ជាការពិត យើងចង់ឃើញលោក [កឹម សុខា] ទទួលបានសិទ្ធិសេរីភាពពេញលេញ! [បើករណីសំណុំរឿងលោក កឹម សុខា បន្តអូសបន្លាយតទៅទៀត?] យើងពិតជាមានការសោកស្តាយ ពីព្រោះយើងចង់ឃើញការបោះឆ្នោតជាតិ២០២៣ខាងមុខហ្នឹង មានការចូលរួមពីឥស្សរជននយោបាយពីគ្រប់មជ្ឈដ្ឋាន ពីគ្រប់និន្នាការនយោបាយ។ [ចុះបើលោក កឹម សុខា មានសេរីភាពធ្វើនយោបាយក្នុងការបោះឆ្នោតឆ្នាំ២០២៣?] យើងយល់ឃើញថា វាជាឱកាសមួយដែលឱ្យទាំងមតិជាតិនិងមតិអន្តរជាតិ លោកឃើញពីការចូលរួមរបស់អ្នកនយោបាយ ដោយមិនមានរងសម្ពាធ ឬក៏ដោយមិនមានការគាបសង្កត់ដោយប្រការណាមួយ»។

ប្រធានគណបក្សខ្មែររួបរួមជាតិ ​លោក ញឹក ប៊ុនឆៃ ចាត់ទុកថា វត្តមាននៃការចូលរួមរបស់ លោក កឹម សុខា ក្នុងការប្រកួតប្រជែងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣ ថាជារឿងដែលគួរតែកើតឡើង។ 

លោក ញឹក ប៊ុនឆៃ ថា៖ «ធម្មតា ខ្ញុំចង់ឃើញអ្នកនយោបាយទាំងអស់នោះបានចូលប្រឡូកប្រកួតប្រជែងក្នុងការបោះឆ្នោត ជាពិសេសអា២០២៣ហ្នឹង ចង់ឃើញគ្រប់គ្នាបានចូលរួម»។

យ៉ាងណា លោក ញឹក ប៊ុនឆៃ មើលឃើញថា ករណីលោក កឹម សុខា ប្រឈមនឹងបញ្ហាស្មុគស្មាញដែលពិបាកដោះស្រាយ គឺដូចជាម្ខាងចោទប្រកាន់ដាក់បន្ទុក រីឯលោក កឹម សុខា ក្រាញននៀលមិនព្រមទទួលយកនូវរាល់ការចោទប្រកាន់ ដែលធ្វើឱ្យសវនាការបន្តអូសបន្លាយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា នៅកម្ពុជាគ្មានទេការរឹតត្បិតសេរីភាពនយោបាយ។ លោកថា ជាក់ស្តែង គណបក្សណាចង់រួបរួម ឬចង់បែកគ្នា ក៏គ្មានបុគ្គលណាមកបិទសិទ្ធិដែរ។ ចំណុចនេះ លោកថា បង្ហាញពីលំហនយោបាយធំទូលាយ និងល្អប្រសើរនៅកម្ពុជា។

ដោយឡែក លោក សុខ ឥសាន មានប្រសាសន៍ថា ករណីលោក កឹម សុខា ក៏គ្មាននរណាមករឹតត្បិតគាត់ដែរ ពោលគឺបណ្ដាលមកពីគាត់ប្រព្រឹត្តល្មើសដោយខ្លួនឯង។ ដូច្នេះ លោក កឹម សុខា ចាំបាច់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោក សុខ ឥសាន ថា៖ «រឿង កឹម សុខា ជារឿងល្មើសច្បាប់របស់គាត់ទេ គាត់បានប្រព្រឹត្តល្មើសច្បាប់។ អ៊ីចឹងមាននរណាទៅបិទសិទ្ធិគាត់? បើគាត់ជាអ្នកទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងនាមជាពលរដ្ឋម្នាក់ ឬក៏ជាអ្នកនយោបាយម្នាក់។ អត់មាននរណាទៅរឹតត្បិតអីគាត់ទេ»។

លោក សុខ ឥសាន ចាត់ទុកការដែលបក្សក្រៅរដ្ឋាភិបាលមួយចំនួនចង់ឃើញលោក កឹម សុខា មានសេរីភាពធ្វើនយោបាយ ថាគ្រាន់តែជាការ «ចង់ហូបគុយទាវ VIP តែគ្មានលុយគ្រប់»

លោកបន្តថា៖ «ការចង់របស់មនុស្ស វាចង់ តែលទ្ធភាពដែលចង់នោះ វាអត់មានតាមចង់ទេ។ អាហ្នឹងយើងចេះតែចង់ហើយ អ្នកនយោបាយ ឬមួយក៏បរទេសណាចេះតែចង់អញ្ចេះ ចង់អញ្ចុះហើយ ក៏ប៉ុន្តែវាមិនតាមគាត់ចង់ទេ វាមានកម្រិត! ហើយរឿង កឹម សុខា គឺកំពុងស្ថិតនៅក្នុងដៃតុលាការ ដែលគេធ្វើការរាល់ថ្ងៃនេះ»។

អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះក៏មិនដឹងដែរថា ពេលណាសំណុំរឿងលោក កឹម សុខា ត្រូវបញ្ចប់នោះ។

គ្រប់ពេលដែលមានវត្តមានចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ប្រធានគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ លោក កឹម សុខា តែងប្រកាសបដិសេធនូវរាល់ការចោទប្រកាន់លោកថាបានគប់គិតជាមួយរដ្ឋបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល។ លើសពីនេះ លោកតែងច្រានចោលការជាប់ពាក់ព័ន្ធ​រាល់អំពើហិង្សា ដែលខាងតុលាការព្យាយាមទាញភ្ជាប់មកករណីរបស់លោក។

កាលពីថ្ងៃទី២២ ខែកញ្ញា​ ​លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក ដោយប្រកាសពីភាពស្មោះត្រង់របស់ខ្លួនចំពោះជាតិ និងប្រជាជនខ្មែរ ដោយថា លោក​មិននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ ​ និងមិនកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរឡើយ។

ហ្វេសប៊ុកលោក កឹម សុខា សរសេរថា៖ «ស្មោះត្រង់ចំពោះប្រជាជាតិខ្មែរ មិននាំបរទេសណាមកឈ្លានពានទឹកដីខ្មែរ មិនបំផ្លិចបំផ្លាញធនធានទ្រព្យសម្បត្តិជាតិខ្មែរ មិនប្រទូសរ៉ាយ និងមិនកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរជាដាច់ខាត។ កតញ្ញូចំពោះមាតុភូមិកម្ពុជា ចំពោះអ្នកមានគុណ ទាំងព្រះរស់ ទាំងបុព្វការីជនដែលបានចែកឋានទៅ គឺជាគុណធម៌របស់មនុស្សដែលមានសីល»។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ បង្ហាញជំនឿចិត្តថា មិនមែនមានតែបក្សក្រៅរដ្ឋាភិបាលទេដែលចង់ឃើញមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា មានវត្តមានក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៧នេះ។ លោកថា ក្នុងនោះ សូម្បីយុវជន សង្គមស៊ីវិល និងអន្តរជាតិ ក៏ទាមទារដូច្នេះដែរ។

លោក សេក សុជាតិ ថា៖ «យើងមើលទៅថា លទ្ធផលដែលរដ្ឋាភិបាលអាចលើកលែង ឬក៏ផ្ដល់ឱកាសឱ្យលោក កឹម សុខា អាចចូលរួមប្រកួតប្រជែងហ្នឹង គឺមានកម្រិតតិចតួចមែនទែន ហើយខ្ញុំជឿជាក់ថា បញ្ហានេះ វានឹងអាចបន្តនៅក្នុងដំណើរការដោះស្រាយនៅក្នុងប្រព័ន្ធតុលាការហ្នឹងរហូតទៅដល់ចប់ ក្រោយការបោះឆ្នោត២០២៣។ ​ខ្ញុំមិនសង្ឃឹមថា គាត់នឹងមានឱកាសបានចូលរួមការធ្វើនយោបាយសម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុខនេះទេ»។

សម្រាប់លោក សេក សុជាតិ បើសិនជាលោក កឹម សុខា អាចចូលរួមក្នុងឆាកនយោបាយនាឆ្នាំ២០២៣នេះបាន បើទោះក្នុងរូបភាពមានឬគ្មានបក្សជារបស់ខ្លួនឯងក៏ដោយ នឹងបណ្តាលឱ្យខាតបង់សន្លឹកឆ្នោតរបស់បក្សកាន់អំណាចមិនខាន។

លោកពន្យល់ថា បើលោក កឹម សុខា ហ៊ានតែបោះដៃអំពាវនាវឱ្យមានការគាំទ្រលើបក្សក្រៅរដ្ឋាភិបាលណាមួយនោះ ​លទ្ធផលប្រែប្រួលយ៉ាងធំធេងមួយនឹងកើតឡើងនៅកម្ពុជា ដែលរឿងនេះហើយដែលរុញឱ្យបក្សកាន់អំណាចខ្លាចរអា ហើយក៏មិនចង់ផ្តល់ដង្ហើមនយោបាយឱ្យលោក កឹម សុខា សម្រាប់ឆ្នាំ២០២៣នោះដែរ។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា លោក កឹម សុខា ទំនងជាមិនទទួលបានសេរីភាពនយោបាយនាអំឡុងការបោះឆ្នោត២០២៣នេះទេ ពោលគឺលំហសម្រាប់មេបក្សប្រឆាំងរូបនេះអាចមានជាថ្មីក្នុងឆ្នាំ២០២៤ឯណោះ ដូចអ្វីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងកាលពីឆ្នាំមុន។

យ៉ាងណា លោកថា​ ស្ថានភាពនយោបាយនៅកម្ពុជាមានការប្រែប្រួលលឿន ប៉ុន្តែការរួចផុតពីការចោទប្រកាន់ឆាប់ៗនោះ គឺមិនមានសង្ឃឹមទេ។ ​

លោក ឯម សុវណ្ណរ៉ា ថា៖ «កាលណាបើគាត់ចេញធ្វើនយោបាយបាន គាត់មានឈ្មោះបោះសំឡេងអ៊ីចឹង គាត់ងាយនឹងទទួលបានអាសនៈ បានសំឡេងគាំទ្រពីប្រជាពលរដ្ឋ។ អ៊ីចឹងអាសនៈដែលបាត់បង់ គឺគណបក្សកាន់អំណាចកន្លងមកដែលទទួលបានច្រើន ហើយ២០១៨ហ្នឹង គឺ១២៥ទៀត។ អ៊ីចឹងយើងគិតថា ប្រហែលជាអស់ហើយ អស់មានបាន១២៥ទៀតហើយ មានតែធ្លាក់ចុះ។ នេះជាយន្តការមួយដែលគណបក្សកាន់អំណាចបារម្ភ»។

សំណុំរឿងលោក កឹម សុខា គិតមកដល់ពេលនេះ បាន​បន្តអូសបន្លាយប្រមាណ៥ឆ្នាំមកហើយ ក្រោ​​​​​យ​​លោក​ត្រូវបាន​សមត្ថកិច្ចចាប់ខ្លួន​ទាំងពាក់កណ្តាល​អធ្រាត្រ​ កាលពីដើមខែ​កញ្ញា ឆ្នាំ​​​២​០​​១​​៧​​។ លោកត្រូវបានចោទប្រកាន់​​​ក្នុង​​សំ​​ណុំ​រឿង «សន្ទិដ្ឋិភាព ឬ​ត្រូវរ៉ូវ​​​ជាមួយភ្នាក់ងារ​បរទេស ​​ចង់​​​ផ្តួលរំលំ​​​រដ្ឋាភិ​​បា​​ល» ខណៈ​ការសាកសួរ​ដេញដោល​លើអង្គហេតុមិនទាន់​បញ្ចប់ ទោះជារឿងនេះឈានដល់សវនាការ​​លើក​​​ទី៥៩ រួចទៅហើយក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ