ក្រោយពីមានការចុះផ្សាយពីការដាក់ញត្ដិទៅក្រសួងអប់រំ យុវជន និងកីឡា របស់គ្រូបង្រៀននៅវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ រួចមក មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានចុះទៅស៊ើបអង្កេតស្វែងរកការពិត កាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែគ្រូបង្រៀនមួយចំនួននៅសាលានោះ យល់ថា ការពិតនឹងមិនអាចរកឃើញឡើយ បើគ្មានការចូលរួមបំភ្លឺឱ្យបានទូលំទូលាយពីលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី១០ ខែតុលានេះថា កាលពីថ្ងៃទី៧ ខែតុលា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកនិងសហការីបានចុះទៅស៊ើបអង្កេតនិងសាកសួរ ក៏ដូចជាប្រមូលព័ត៌មានមួយចំនួនតាមបណ្ដឹងរបស់លោកគ្រូ-អ្នកគ្រូ។ ប៉ុន្ដែលោកថា មិនបានហៅគ្រូបង្រៀនទាំងអស់ឱ្យចូលរួមនោះទេ ពីព្រោះពុំមែនជាការចុះដោះស្រាយបញ្ហាដើមបណ្ដឹង ឬក៏ចុងបណ្ដឹងទេ។
ប្រធានមន្ទីរអប់រំបន្ដថា៖ «ករណីនេះ ខ្ញុំអត់ទាន់ឆ្លើយថាយ៉ាងម៉េចទេ! កាលក្រុមការងារខាងមន្ទីរចុះទៅ មិនមែនទៅជួបចុងបណ្ដឹងឬដើមបណ្ដឹងទេ គឺមន្ទីរបានយកខ្លឹមសារនិងចំណុចដែលក្រុមគ្រូដែលគាត់មិនពេញចិត្ដប្ដឹងហ្នឹង មានចំណុចអីៗ គឺយើងបានដាក់មន្ដ្រីតាមការិយាល័យជំនាញពាក់ព័ន្ធហ្នឹង គាត់ចុះទៅស្រាវជ្រាវកន្លែងហ្នឹង ដូចជា ពាក់ព័ន្ធថវិកា ពាក់ព័ន្ធការលាក់បុគ្គលិក គឺយើងចាត់ចែងនិងចុះធ្វើការងារអស់ហើយ! ប៉ុន្ដែយើងមិនទាន់បានបូកសរុបថានឹងសម្រេចបែបណានោះទេ»។
លោក ស៊ីណារ៉េត បន្ដថា ការសម្រេចយ៉ាងណា គឺនៅមិនទាន់ដឹងនៅឡើយទេ ហើយលោកបានស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធរង់ចាំមើលលទ្ធផលទាំងអស់គ្នា។ លោកថា ករណីនេះត្រូវការពេលវេលាក្នុងការស៊ើបអង្កេតសិន ទើបមិនទាន់មានការសម្រេចជាផ្លូវការ។
នៅពេលសួរថា តើមូលហេតុអ្វីបានជាខាងមន្ទីរមិនកោះហៅលោកគ្រូ-អ្នកគ្រូដែលជាដើមបណ្ដឹងមកសួរនាំផងនោះ? លោកបាននិយាយថា ខាងលោកធ្វើតាមជំហាន ដើម្បីកំណត់បញ្ហានីមួយៗឱ្យបានច្បាស់លាស់និងស៊ីជម្រៅ ជាពិសេសលោកថា រាល់ការចោទប្រកាន់បានត្រឹមត្រូវឬមិនត្រឹមត្រូវ គឺសម្អាងលើឯកសារបច្ចេកទេស។ លោកថា មិនមែនយកទៅសួរក្រុមគាំទ្រ ឬក្រុមមនុស្សប្រឆាំងនោះទេ។
ប្រធានមន្ទីរអប់រំរូបនេះបានឱ្យដឹងទៀតថា៖ «នៅពេលដែលយើងបានដំណាក់កាលទី១ យើងអីយ៉ាងម៉េច! យើងនឹងពិចារណាថាតើយើងអាចចាំបាច់ទៅជួបអីរួមអី ចាំយើងគិតទៀត! មិនមែនក្រុមនោះថាអ៊ីចឹង យើងទៅសួរក្រុមហ្នឹងថាអ៊ីចឹង គឺអត់មានមូលដ្ឋានច្បាស់លាស់ គឺការងារដោះស្រាយបច្ចេកទេស គឺសម្អាងទៅលើឯកសារហ្នឹងឯង»។
នៅក្នុងសារសំឡេងបែកធ្លាយមួយដែលពលរដ្ឋអ្នកសារព័ត៌មានយើងទទួលបាន ដោយខាងមន្ទីរបានហៅខាងនាយកវិទ្យាល័យទួលប្រាសាទសែនសុខ និងសិស្សមួយចំនួនទៅសាកសួរ ពេលដែលមានការសាកសួរ គឺបានសួរនាំសិស្សមួយចំនួនអំពីការយកប្រាក់១០០ដុល្លារ ជាថ្នូរនឹងការផ្លាស់ប្ដូរពីសាលារៀននៅខេត្ដកំពត មករៀននៅវិទ្យាល័យទួលប្រាសាទសែនសុខនេះ គឺខាងនាយកសាលាបានទារថ្លៃប្ដូរ១០០ដុល្លារ តែសិស្សបានស្នើសុំឱ្យយកតម្លៃទាបជាងហ្នឹង ប៉ុន្ដែខាងនាយកសាលាមិនព្រម។ រីឯករណីមួយទៀត គឺសិស្សសាលាទាំងនោះបាននិយាយថា ពេលដែលត្រូវការដកសញ្ញាបត្រ គឺខាងនាយកសាលាបានទារប្រាក់ក្នុងម្នាក់ៗអាចចាប់២ពាន់រៀលទៅ១ម៉ឺនរៀល ទាំងដែលខាងក្រសួងអប់រំមិនតម្រូវឱ្យយកក៏ដោយ។
សិស្សវិទ្យាល័យទាំងនោះបានអះអាងថា៖ «គាត់ [នាយកសាលា] អ្នកទារ! គាត់ថាបើអត់ឱ្យលុយគាត់ អត់ឱ្យក្រដាសហ្នឹងទេ គាត់និយាយច្បាស់ៗអ៊ីចឹង»។
សិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខទាំងនោះសង្ឃឹមថា ក្រោយពីមន្ទីរអប់រំបានចុះផ្ទាល់និងស៊ើបអង្កេតលើករណីទាំងនេះ អាចនឹងធ្វើឱ្យសាលានេះវិលមករកភាពល្អប្រសើរជាងមុន និងអាចអនុវត្ដទៅតាមការណែនាំរបស់ក្រសួងអប់រំ។
សិស្សដែលកំពុងស្ថិតក្នុងការសាកសួររបស់មន្ទីរអប់រំរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា សាលាខ្ញុំអាចអនុវត្ដកាន់តែខ្លាំងឡើងៗ កុំឱ្យដូចឥលូវ! ព្រោះអីខ្ញុំទី១២ [ថ្នាក់ទី១២] ខ្ញុំសុខចិត្តមកចូលរួមដើម្បីឱ្យសិស្សប្អូនខ្ញុំបានរៀនតទៅមុខទៀត គឺស្រួល! ខ្ញុំអត់ចង់ឱ្យពិបាកដូចខ្ញុំទេ»។
នៅក្នុងសារសំឡេងដដែល ខាងមន្ទីរអប់រំក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពេលដកសញ្ញាបត្រអត់មានតម្រូវឱ្យសិស្សបង់លុយនោះទេ។ លោកថា ពេលទៅដកហើយ ខាងនាយកសាលាទារលុយ អាចប្រាប់ខាងមន្ទីរភ្លាម ខាងមន្ទីរនឹងធ្វើការណែនាំ។
លោកថា៖ «កុំថាឡើយឱ្យ១ម៉ឺន ១ពាន់រៀល ក៏មិនអស់ដែរ ពេលគាត់យក ប្រាប់មកខាងមន្ទីរមក»។
បើតាមលោកគ្រូ-អ្នកគ្រូដែលជាដើមបណ្ដឹង បានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថាពួកគាត់ចង់បានដំណោះស្រាយសមស្របមួយ ហើយក៏ចង់ដឹងអំពីដំណោះស្រាយដែលបានចេញពីខាងមន្ទីរអប់រំរាជធានីភ្នំពេញ ក្រោយពីការចុះទៅស៊ើបអង្កេតនេះដែរ ថាអាចទទួលយកបានឬអត់។
ពួកគាត់ថ្លែងថា៖ «ពួកខ្ញុំអត់ចង់ទាមទារទេ គ្រាន់តែចង់ដឹងពីដំណោះស្រាយពីខាងមន្ទីរអប់រំ»។
យ៉ាងណាក្ដី ពួកគាត់បានសង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយសមស្របណាមួយពីមន្ទីរអប់រំទេ ពួកគាត់នឹងបន្ដឡើងទៅតវ៉ាដល់ក្រសួងអប់រំ យុវជន និងកីឡា ផ្ទាល់តែម្ដង។
ពួកគាត់បន្ដថា៖ «បើអត់មានដោះស្រាយទេ ពួកខ្ញុំនឹងឡើងទាមទារដល់ក្រសួងតែម្ដង»។
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ គ្រូបង្រៀននិងសិស្សានុសិស្សមួយចំនួននៃវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាក់ញត្ដិទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យក្រសួងដកនាយកសាលាឈ្មោះ អ៊ុំ សុកំ ចេញ ក្រោយពីនាយកសាលារូបនេះបានប្រព្រឹត្ដអំពើពុករលួយ និងភាពមិនប្រក្រតីជាច្រើន។
ក្នុងញត្តិដាក់ទៅកាន់ក្រសួងអប់រំ គ្រូបង្រៀនបានលើកឡើងពីភាពមិនប្រក្រតីជាច្រើន រួមមាន ការមិនបង្ហាញតម្លាភាពក្នុងការចាយវាយថវិកាដំណើរការ សាលារៀន (SOB) និងថវិកាគម្រោង (SIEP ឬ GIEP) ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍការបង្រៀននិងរៀន, ការមិនប្រកាសពីតម្លាភាពថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃ ភាស៊ីកង់ និងតូបផ្សារ នៅក្នុងសាលារៀន, ការគប់គិតលាក់បុគ្គលិកអសកម្ម ដែលមិនបានមកបំពេញការងារ ដោយប្រើពាក្យសម្ដីថាខ្លួនជាអ្នកមានឆន្ទានុសិទ្ធិ, ការអនុញ្ញាតឱ្យកូនប្រុសរបស់ខ្លួនដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសបុគ្គលិកអសកម្ម ជាថ្នូរការបើកយកប្រាក់បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះ, ការតម្រូវឱ្យលោកគ្រូ-អ្នកគ្រូបង់ប្រាក់លើការបង់ថ្លៃជួលអ្នកយាមសាលា ១០ ០០០រៀលក្នុងមួយខែ និងការចំណាយលើការធ្វើឯកសារផ្សេងៗ ដូចជា ការទិញសម្ភារសិក្សា ដូចជា ហ្វឺត និងទឹកហ្វឺត ជាដើម។
ក្រៅពីនេះ ក្នុងពាក្យបណ្ដឹងនេះក៏បានលើកឡើងដែរថា សាលាបានទារប្រាក់ពីអាណាព្យាបាលសិស្សដែលសុំផ្ទេរការសិក្សា ការទារប្រាក់ពីការស្នើសុំដកសញ្ញាបត្រប្រឡង និងការកាត់យកប្រាក់ពីគណៈកម្មការមេប្រយោគពេលចេញបេសកកម្មប្រឡង រួមទាំងការប្រើប្រាស់អំណាចគាបសង្កត់ គំរាមកំហែង អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍លោកគ្រូ-អ្នកគ្រូដែលកំពុងបំពេញការងារបង្រៀនដល់សិស្សានុសិស្ស ជាដើម។
កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់បានអញ្ជើញដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួនទៅតាមការចោទប្រកាន់បណ្ដឹងរបស់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខផងដែរ។ ប៉ុន្ដែនៅមិនទាន់បានសម្រេចជាផ្លូវការណាមួយ ទើបលោកគ្រូ-អ្នកគ្រូបន្ដប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំបន្ថែមទៀត។
ជុំវិញរឿងនេះ នាយកវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ។ លោកឆ្លើយបំភ្លឺប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថារឿងរបស់លោក គឺកំពុងស្ថិតនៅដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលក្នុងសេចក្ដីប្រកាសគឺបានបិទពេញក្នុងសាលាទៅហើយ។ លោកថាមិនទាន់បានដល់ការសម្រេចរបស់ ACU ផង បែរជាលោកគ្រូ-អ្នកគ្រូដើរប្ដឹងរូបលោកនៅគ្រប់កន្លែង តាំងពីទៅសាលាក្រុង ក្រសួងអប់រំ និងមន្ទីរអប់រំផងដែរ។
លោកបន្ដថា៖ «ខ្ញុំបានឆ្លើយបំភ្លឺនៅ ACU ហើយ ហើយបិទសេចក្ដីប្រកាសពេញសាលា តែពួកគាត់មិនមើល ហើយចេះតែដើរប្ដឹងខ្ញុំ វាអាចខូចកិត្ដិយសខ្ញុំដែរបង! ទម្រាំរកខុសរកត្រូវឃើញ បានត្រឹមតែមួយស្អុយឈ្មោះ ធ្វើឱ្យអង្គភាពខ្ញុំ វាអាក្រក់ឈ្មោះអ៊ីចឹងឯង»។
យ៉ាងណា គ្រូបង្រៀនបានស្នើទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន ជួយត្រួតពិនិត្យនិងធ្វើការសម្រេចករណីខាងលើជូនពួកគាត់ ពីព្រោះពួកគាត់ថាមិនអាចធ្វើការងារក្រោមការគាបសង្កត់ផ្លូវចិត្តពីលោក អ៊ុំ សុកំ បន្ដទៀតបានឡើយ៕
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន